សមត្ថកិច្ច​បន្ត​ឃុំខ្លួន​និង​សាកសួរ​ពលរដ្ឋ​​៣៦​នាក់​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ស្នងការ​ព្រះវិហារ

ដោយ សេក បណ្ឌិត
2024.03.07
សមត្ថកិច្ច​បន្ត​ឃុំខ្លួន​និង​សាកសួរ​ពលរដ្ឋ​​៣៦​នាក់​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ស្នងការ​ព្រះវិហារ ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា ចូលរួមកិច្ច​ប្រជុំបូកសរុបលទ្ធផលកិច្ច​ប្រតិបត្តិការប្រចាំត្រីមាសទី១​ និង​លេីកទិសដៅការងារបន្ត​ និង​រៀបចំ​មិទិ្ទញអបអរ​សាទរខួបលេីក​ទី១១៣​ ទិវាអន្ត​រជាតិ៨​ មីនា កាលពីថ្ងៃទី៥ មីនា ២០២៤។
រូប​៖ ហ្វេសប៊ុកស្នងការខេត្តព្រះវិហារ

មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​កំពុង​ឃុំខ្លួន និង​សាកសួរ​ប្រជាពលរដ្ឋ​ចំនួន ៣៦​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ជុំវិញ​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលាដាម៉ិច ខូអិលធីឌី (Seila Damex CO., LTD)។ ពលរដ្ឋ​ថា អាជ្ញាធរ​នៅតែ​បន្ត​តាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ ដែល​បាន​ចេញ​មុខ​តវ៉ា​កាលពី​ថ្ងៃទី​៦ ខែ​មីនា។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​៧ ខែមីនា​ថា សមត្ថកិច្ច​ខេត្ត​ព្រះវិហារ បាន​ចាប់​ឃុំខ្លួន​និង​កំពុង​សាកសួរ​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន ៣៦​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ និង​មាន​រថយន្ត​ជាច្រើន​គ្រឿង​បន្ត​ទៅ​ចាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ​លោក​ថា នេះ​ជា​ករណី​ធំ​មួយ​ និង​ជា​លើ​ដំបូង​ ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ខេត្តព្រះវិហារ។ លោក​សង្ឃឹមថា អាជ្ញាធរ​ខេត្ត​នឹង​រក​ដំណោះស្រាយ​សមរម្យ និង​ឈប់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​បន្ថែម​ទៀត។

លោក ប៉ឹក សោភ័ណ៖ «ខ្ញុំ​សុំ​សំណូមពរ អង្វរ​យ៉ាង​ទទូច​ទៀត​ថា សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បណ្ដុះ​មនសិការ​ដើម្បី​សម្របសម្រួល​ដោះស្រាយ​វិវាទ​ករណី​ដីធ្លី​នៅ​ឃុំ​ស្រយង់ ដោយ​សន្តិវិធី ហើយ​កុំ​ឲ្យ​មាន​ប្រើ​អំពើ​ហិង្សា​ជាង​នេះ​ទៅ​ទៀត ហើយក៏​ស្នើសុំ​ឲ្យ​មានការ​យោគយល់​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់​ឃុំខ្លួន​ពួក​គាត់»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា និង​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី៧​ ខែមីនា ដោយ​សារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ លោកស្រី លួត សាលា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅតែ​បង្ខំ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះសម្បែង​ចេញ និង​បន្ត​តាម​ចាប់​ពលរដ្ឋ​ដែល​បាន​ចេញ​តវ៉ា​ កាលពី​ម្សិលមិញ និង​គំរាមកំហែង​ចាប់ខ្លួន​ពលរដ្ឋ​ណា ​ដែល​ហាម​លាក់​ពលរដ្ឋ​តវ៉ា​ទាំងអស់​នោះ ។ លោកស្រី​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ស្រយង់ កំពុង​រត់​ពួន និង​បោះតង់ ចង​អង្រឹង​ដេក​នៅក្នុង​ព្រៃ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​អាជ្ញាធរ​បន្ត​តាម​ចាប់​ពលរដ្ឋ​បន្ថែម​ទៀត។

លោកស្រី លួត សាលា៖ «នៅ​មួយឆ្នាំៗ​ យើង​ខំ​វេទនា​ណាស់​។ អ្នកស្រែ​អ្នកចម្ការ​ទម្រាំ​បាន​ដំឡូង​មួយ​គោយន្ត​ពីរ​គោយន្ត​ដឹក​យក​ទៅ​លក់​ ដើម្បី​ចិញ្ចឹម​កូន ចិញ្ចឹម​ជីវិត ដោយសារ​ខ្ញុំ​អត់ ខ្ញុំ​ក្រ សូម្បី​កូនចៅ​ខ្ញុំ​ ក៏​មិនដែល​បាន​រៀន​បាន​សូត្រ​ទេ ដោយសារតែ​ជីវភាព​ខ្ញុំ​វា​ខ្វះខាត។ គ្រាន់តែ​ខ្ញុំ​សុំ​រស់នៅ​ ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​ខ្ញុំ​ខ្មែរ​សុំ​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ ដើម្បី​ចិញ្ចឹមជីវិត​រស់​លើ​ដី​ខ្មែរ ដេញ​ចាប់​ពួក​ខ្ញុំ​ដូច​ឆ្កែ​ ដូច​ឆ្មា ដេញ​បាញ់​តាម​ចាប់​ពួក​ខ្ញុំ​វ៉ៃ​ពួក​ខ្ញុំ​ ចាប់​វាយ​ខ្នោះ​ដូច​ឆ្កែ​ ដូច​ឆ្មា»

កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​មីនា ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ជាង​ ១០០​នាក់ បាន​នាំគ្នា​រារាំង​សមត្ថកិច្ច មិន​ឲ្យ​ចុះ​រុះរើ និង​ដុត​ផ្ទះសម្បែង​របស់​ពួកគេ ក៏ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​បង្ក្រាប ដោយ​បាន​បាញ់កាំភ្លើង​រះ​ឡើងលើ និង​គប់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​ប្រជាពលរដ្ឋ និង​ចាប់ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​។ ពលរដ្ឋ​នៅ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែង​ពីរ ជាង ​៣០០​គ្រួសារ​កំពុង​មាន​ជម្លោះដីធ្លី​ដ៏​រាំ​រ៉ៃ ជាមួយ​ក្រុមហ៊ុនដី​សម្បទាន​សេដ្ឋកិច្ច សិលាដាម៉ិច ខូអិលធីឌី។

ក្រុមហ៊ុន សិលាដាម៉ិច ខូអិលធីឌី (Seila Damex CO., LTD) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល នៅ​ឆ្នាំ​២០០៩ លើ​ផ្ទៃដី​ ៩​ពាន់​ហិកតារ ក្រោម​ហេតុផល ធ្វើការ​អភិវឌ្ឍ​ដាំ​ដំណាំ​កៅស៊ូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ស្រុក​គូលែន ខេត្តព្រះវិហារ និង​បាន​បោះបង្គោល​នៅ​ឆ្នាំ​២០១១ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ជិត​១​ពាន់​គ្រួសារ។ ក្រុមហ៊ុន​មួយ​នេះ​ក៏បាន​ផ្អាក​សកម្មភាព​មួយ​រយៈ ប៉ុន្តែ​នៅ​ឆ្នាំ​២០២២ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឲ្យ​ក្រុមហ៊ុន សិលាដាម៉ិច លើ​ផ្ទៃដី ជាង ៦​ពាន់ (៦៣៧៨.៤៦) ហិកតារ និង​បន្ត​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​ដល់​បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ស្នើ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ទុក​អាស្រ័យ​ផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ដោះស្រាយ​ឱ្យ​ពួកគេ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។