សង្គម​ស៊ីវិល​ថា បើ​ក្រសួង​បរិស្ថាន​ឆ្វៀល​ដី​អភិ​រក្ស​ជិត ៣រយ​ហិកតារ​ក្នុង​ខេត្ត​មណ្ឌលគិរី​ឱ្យ​ឧកញ៉ា​ជា​ទង្វើ​ខុស​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2021-02-24
Share
សង្គម​ស៊ីវិល​ថា បើ​ក្រសួង​បរិស្ថាន​ឆ្វៀល​ដី​អភិ​រក្ស​ជិត ៣រយ​ហិកតារ​ក្នុង​ខេត្ត​មណ្ឌលគិរី​ឱ្យ​ឧកញ៉ា​ជា​ទង្វើ​ខុស​ច្បាប់ រូបសំណាក​តំណាង​ខេត្ត​មណ្ឌលគិរី នៅរង្វង់មូល​មួយ​​ក្នុង​ខេត្ត​នេះ។
រូប៖ ពលរដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ដែល​ក្រសួង​បរិស្ថាន​ពិចារណា​កាត់​ឆ្វៀល​តំបន់​អភិ​រក្ស​ទំហំ ២៧២ហិកតារ នៅ​ខេត្ត​មណ្ឌលគិរី​ ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឱ្យ​បុគ្គល​ឯកជន​តាម​សំណើ​របស់​អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) ឧកញ៉ា ថៃ ម៉េងលី គឺ​ជា​ទង្វើ​បំពាន​ច្បាប់។ ពួកគេ​អះអាង​ថា តំបន់​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​នៃ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ជា​បណ្តុំ​នៃ​ធនធាន​ធម្មជាតិ​មាន​ព្រៃ​ឈើ​ដុះ​តាម​ជម្រាល​ភ្នំ និង​ជា​ជម្រក​សត្វព្រៃ​រស់​នៅ ពុំគួរ​ជា​កម្មវត្ថុ​កាត់​ឆ្វៀល​ផ្តល់​កម្មសិទ្ធិ​ឱ្យ​បុគ្គល​មាន​លុយ​មានអំណាច​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​មិន​គាំទ្រ​ចំពោះ​សំណើ​កាត់​ឆ្វៀល​ដី​ព្រៃ​អភិ​រក្ស​ជិត ៣រយ​ហិកតារ​ ​ផ្តល់​ជា​កម្មសិទ្ធិ​ ​ឯកជន​នោះ​ទេ​ ​ព្រោះ​ប៉ះពាល់​ព្រៃឈើ​អភិ​រក្ស និង​រំខាន​ជីវិត​សត្វព្រៃ​ជាច្រើន​ប្រភេទ​ ​ដែល​កំពុង​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា។ ពួក​គេ​ជំរុញ​ ឱ្យ​ក្រសួង​បរិស្ថាន ផ្តល់​សិទ្ធិ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ ​ចូលរួម​សម្រេច​ចិត្ត​លើ​បញ្ហា​នេះ​ឱ្យ​ទូលំទូលាយ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា តំបន់​អភិ​រក្ស​មិន​អាច​ទិញ​លក់​ដូរ និង​ផ្ទេរ​កម្មសិទ្ធិ​បាន​ទេ ហេតុនេះ​ក្រសួង​បរិស្ថាន ត្រូវតែ​ស៊ើប​អង្កេត​រឿង​នេះ​ ឱ្យ​ច្បាស់លាស់​ ​និង​ផ្តល់​ព័ត៌មាន​លម្អិត​ពី​បញ្ហា​នេះ។ លោក​ថា កន្លង​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋ​ ​តែង​ព្រមាន​ថា​ ​មិន​អនុញ្ញាត​ឱ្យ​ទិញ​និង​លក់​ដី​ព្រៃ​អភិ​រក្ស​បាន​នោះ​ទេ ដូច្នេះ​ប្រសិន​បើ​ក្រសួង​បរិស្ថាន​ ​កាត់​ឆ្វៀល​ដី​ព្រៃ​អភិ​រក្ស​នោះ​មែន​ជា​ទង្វើ​រំលោភ​ច្បាប់ និង​បំពាន​បទ​បញ្ជា​របស់​រដ្ឋាភិបាល​កន្លង​មក៖ «រដ្ឋមន្ត្រី​ផង​រដ្ឋលេខាធិការ​ផង ប្រាប់​ហើយ​ប្រាប់​ទៀត ទៅ​មន្ត្រី​ទាំង​អស់​ហ្នឹង​ថា កា​រលក់​ទិញ​ដី​ក្នុង​តំបន់​ធនធានធម្មជាតិ​ហ្នឹង គឺ​ផ្ទុយពី​ច្បាប់​ហើយ ហើយ​ត្រូវ​មានទោស​ទៀត ហើយ​ប្រសិនបើ​មាន​ការ​សម្រេច​បែប​ហ្នឹង មិន​ដឹង​ថា យក​មុខ​ទុក​នៅ​ណា​ទេ ហើយ​ប្រវត្តិសាស្ត្រ​នឹង​ចារ​ពី​អ្នក​ដែល​និយាយ​ពី​ច្បាប់​ហើយ​បែរជា​មិន​គោរព​ច្បាប់។ អ៊ីចឹង​មានន័យ​ថា អ្នក​ទាំងអស់​នោះ កំពុង​អង្គុយ​លើ​ច្បាប់»

កាលពី​ចុងខែ​មករា ឆ្នាំ២០២១ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ ឱ្យ​ដឹង​ថា ក្រសួង​នឹង​ពិនិត្យ​តាម​សំណើ​របស់​ឈ្មោះ ថៃ ម៉េងលី ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ​ជិត ៣រយ​ហិកតារ​ចេញពី​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ ស្ថិតនៅ​ភូមិ​ពូ​លុង សង្កាត់​រមនា និង​ភូមិ​ឡៅកា សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី។ លើស​ពី​នេះ ក្រសួង​បន្ថែម​ថា ការ​ចុះ​ពិនិត្យ​នេះ​តប​តាម​សំណើ​អភិបាល​ខេត្ត​មណ្ឌលគិរី និង​ភាគី​ពាក់ព័ន្ធ។

អាស៊ី​សេរី​ពុំទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២២ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ លោក នេត្រ ភក្ត្រា បាន​ប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) កាលពី​ស​ប្តាហ៍​មុន​ថា ក្រសួង​ពុំទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ ទាក់ទិន​ករណី​នេះ ហើយ​កំពុង​ពិចារណា​តាម​សំណើ​នោះ ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​រួចរាល់​ហើយ៖ «ការ​ចុះ​ពិនិត្យ​មើល​ថា តើ​គួរ​ផ្តល់​ឱ្យ ឬ​មិន​ផ្តល់​ឱ្យ​រហូត​មក​ទល់​ពេល​នេះ យើង​មិនទាន់​សម្រេច​នៅឡើយ​ទេ»

ជន​ជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ខេត្ត​មណ្ឌលគិរី លោក ក្លាន ថូល បារម្ភ​ថា តំបន់​អភិ​រក្ស​ដែល​ក្រសួង​ពិចារណា​កាត់​ឆ្វៀល​ចេញ​ជា​កន្លែង​ឆ្លងកាត់​យ៉ាងសំខាន់​របស់​ដំរី​ព្រៃ​ ​មាន​ទឹក​ជ្រោះ ព្រៃ​ស្រោង និង​ប្រជុំ​កូនភ្នំ​ជាច្រើន​ហ៊ុមព័ទ្ធ​ ​មិនគួរ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​ទេ។ លោក​ថា ប្រសិន​បើ​តំបន់​នោះ​គ្រប់គ្រង​ដោយ​បុគ្គល​ឯកជន​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុវត្ថិភាព​បរិស្ថាន​ជម្រក​សត្វព្រៃ និង​ព្រៃឈើ​ជា​ដើម។ លើស​ពី​នេះ នឹង​ប៉ះពាល់​ទីកន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «បរិស្ថាន​កាត់​ឱ្យ​ក្រុមហ៊ុន​អ៊ីចឹង គ្រោះថ្នាក់​ដល់​ជីវិត​សត្វ​ជ្រូក​ព្រៃ ឈ្លូស គ្រប់​បែប​គ្រប់​យ៉ាង​នៅ​ក្នុង​ព្រៃ​ហ្នឹង វា​រស់​នៅ​ណា? វារ​ត់​ហើយ ហើយ​ជូន​កាល​អត់មាន​កន្លែងជ្រក​ទៅ​វា​ងាប់។ ក្រសួង​បរិស្ថាន​កាត់​ឱ្យ​ក្រុមហ៊ុន​ហ្នឹង គាត់​យល់​ថា ចង់បាន​លុយ​អ៊ីចឹង ចង់​ឱ្យ​គាត់​គិត​ពិចារណា​ឡើង​វិញ វា​ល្អ​ជាង»

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) ឧកញ៉ា ថៃ ម៉េងលី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២២ កុម្ភៈ។

ចំណែក​ប្រធាន​ផ្នែក​កិច្ច​ការសាធារណៈ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) លោក ចាន់ រដ្ឋា វិញ លោក​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ដី​ជាង ៣០០ហិកតា នៅ​តំបន់​នោះ ជា​ដី​ផ្ទាល់ខ្លួន​របស់​ឧកញ៉ា ថៃ ម៉េងលី ពុំមែន​ជា​ដី​របស់​ក្រុមហ៊ុន​នោះ​ទេ។ លោក​បញ្ជាក់​ថា ដី​នោះ ឧកញ៉ា ថៃ ម៉េងលី បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ជា​យូរឆ្នាំ​មក​ហើយ ដើម្បី​រៀបចំ​ជា​ទីតាំង​ក​ម្សាន្ត​លំហែ​កាយ​បែប​ធម្មជាតិ ឬ Resort

ទោះ​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា មិន​ជឿ​ថា ឧកញ៉ា​រូប​នេះ បាន​ទិញ​ដី​ពី​ពលរដ្ឋ​នោះ​ទេ ព្រោះ​ពុំ​មាន​ពលរដ្ឋ​ណា​មួយ​មាន​សិទ្ធិ​កាន់កាប់​ដី​ក្នុង​តំបន់​អភិ​រក្ស​របស់​ក្រសួង​បរិស្ថាន​បាន​ឡើយ។ លោក​ថា រូបភាព​យក​ពលរដ្ឋ​ជា​ខែល ដើម្បី​រំលោភ​ដី​ព្រៃ​អភិរក្ស និង​ដី​សាធារណៈ​របស់​រដ្ឋ​នៅតែ​កើត​មាន​ច្រើន​ហេតុ​នេះ​លោក​ទាមទារ​ឱ្យ​ក្រសួង​សាមី​ត្រូវ​ផ្តល់​ព័ត៌មាន​នេះ​ ឱ្យ​ច្បាស់លាស់។ លោក​សង្ស័យ​ថា គម្រោង​កាត់​ឆ្វៀល​ដី​អភិ​រក្ស​ដ៏​ធំសម្បើម​នេះ​ ​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «ចំណុច​ហ្នឹង​ខ្ញុំ​គិត​ថា គ្រាន់តែ​ជា​លេស​របស់​គាត់។ វា​មិន​ដែល​ដី​ឯកជន​ ​នៅ​ក្នុង​គម្រប​ព្រៃ​ការពារ​ទេ។ ចំណុច​ហ្នឹង​ខ្ញុំ​គិតថា​ ​វា​មិន​ប្រក្រតី​កន្លង​មក​ហ្នឹង​ ​ដោយសារ​អ្នកមាន​លុយ​ ​គឺ​មានអំណាច​អាច​ធ្វើ​អី​បាន​ទាំង​អស់។ ខ្ញុំ​គិត​ថា​ ​នៅពេលដែល​កាត់​ឱ្យ​មួយ​ ​ច្បាស់​ជា​មាន​ពីរ មាន​ពីរ​ច្បាស់ជា​មាន​បី​អ៊ីចឹង​មាន​ន័យ​ថា​ ​ដី​នៅ​ដែន​ជម្រក គឺ​ត្រូវ​អស់​តែម្តង»

កន្លងទៅ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញ​ថា លោក​រងកម្ម​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​ក្នុង​ខេត្ត​មណ្ឌលគិរី ​ដោយសារ​តែ​មន្ត្រី​ធំៗ បាន​ប្រជែង​គ្នា ​ទៅ​ចាប់​ដី​នៅ​ទី​នោះ និង​មាន​ជម្លោះ​ដីធ្លី​ជា​ច្រើន​ទៀត ​មិន​ទាន់​ដោះ​ស្រាយ​រួច។ លោក​ថា ជម្លោះ​ដីធ្លី​តែង​​កើតឡើង​ជា​ហូរហែ ហើយ​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ​នោះ​គឺ​ដោយសារ​តែ​មិន​មាន​ប្លង់​មេ ឬ​ប្លង់​គោល និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​គ្រាក់ៗ ​របស់​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាងណា លោក ​ស ខេង ​មិន​ប្រាប់​ឈ្មោះ​អ្នក​ធំ​ណា​ខ្លះ​នោះ​ទេ​ ក៏ប៉ុន្តែ​លោក​បង្ហើប​ថា ​មាន​អ្នក​ធំ​ខ្លះ​មាន​ងារ​ជា​ឧបនាយករដ្ឋមន្ត្រី៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល