ម្ដាយរបស់លោក កើត សារ៉ាយ កត់ស្លុតនៅពេលតុលាការបញ្ចូនខ្លួនលោក កើត សារ៉ាយ ទៅឃុំក្នុងពន្ធនាគារ នៅថ្ងៃនេះ។ សង្គមស៊ីវិលសោកស្ដាយចំពោះការឃុំខ្លួនលោក កើត សារ៉ាយ និងបារម្ភអំពីសេរីភាពបញ្ចេញមតិ និងការងាររបស់សង្គមស៊ីវិល។
បងស្រីរបស់លោក កើត សារ៉ាយ គឺលោកស្រី កើត យី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៧ ខែមេសា ថា លោកស្រីបានស្នើសុំជួបប្អូនប្រុសដែរ ប៉ុន្តែតុលាការ មិនអនុញ្ញាតឱ្យគ្រួសារជួបនោះទេ។ លោកស្រីថា ការចាប់លោក កើត សារ៉ាយ និង បញ្ជូនលោកទៅដាក់ពន្ធនាកគារនៅថ្ងៃនេះ ធ្វើឱ្យម្ដាយរបស់គាត់តក់ស្លុតយ៉ាងខ្លាំង។
លោកស្រី កើត យី៖ «ចាសៗ ខ្ញុំសំណូមពរឱ្យតុលាការ រដ្ឋាភិបាលដោះលែងប្អូនខ្ញុំ ព្រោះគាត់មិនមានទោសកំហុសអីទេ។ គេមិនឱ្យប្អូនសាច់ ញាតិចូលជួប ម្ដាយគាត់បារម្ភខ្លាំង គាត់តក់ស្លុតខ្លាំង»។
អង្គការលីកាដូបានចេញអត្ថបទខ្លីមួយថា នៅថ្ងៃនេះ លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួន ទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម១) ក្រោមបទចោទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
លីកាដូបានបញ្ជាក់ថា ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយ ដែលកំពុងកើតមានឡើងនៅខេត្តព្រះវិហារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា តុលាការចោទថា លោក កើត សារ៉ាយ និងគូកន បានរៀបចំផែនការអូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច។
តុលាការក៏ចោទដែរថា លោក កើត សារ៉ាយ និងគូកន បំផុសឱ្យប្រជាពលរដ្ឋភ័យខ្លាចរត់ភៀសខ្លួនចូលព្រៃ និងរៀបចំរូបភាព ជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកការបញ្ជូនរូបភាពប្រជាពលរដ្ឋរងគ្រោះដីធ្លី ឱ្យបណ្ដាញផ្សព្វផ្សាយនៅក្រៅប្រទេសថា ជាការធ្វើឱ្យសាធារណជនក្នុង និងក្រៅប្រទេស ភ័ន្តច្រឡំ ចំពោះការដឹកនាំរបស់រដ្ឋាភិបាល និងជាការចូលរួមប្រឆាំងរដ្ឋាភិបាល។
ថ្មីៗ នេះ លោក កើត សារ៉ាយ បានចុះជួបប្រជាពលរដ្ឋខេត្តព្រះវិហារ និងផ្សព្វផ្សាយព័ត៌មាន ក្រោយពីកម្លាំងចម្រុះរបស់រដ្ឋាភិបាលចុះបង្ក្រាប និងដុតកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារ កាលពីដើមខែមីនា។ ពលរដ្ឋរត់ចូលព្រៃ ព្រោះខ្លាចកម្លាំងអាជ្ញាធរមានទាំងក្មេងតូចៗ ដែលឪពុកម្ដាយរបស់ពួកគេ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ។ ក្មេងតូចៗ ទាំងនោះ កំពុងរស់នៅខ្វះអាហារបរិភោគ ប្រឈមជំងឺឆ្លង និងគ្មានជម្រកត្រឹមត្រូវ។
លោក កើត សារ៉ាយ បានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អំពីស្ថានភាពវេទនារបស់ប្រជាពលរដ្ឋ ដែលរត់ចូលព្រៃនៅខេត្តព្រះវិហារនោះ។ ប៉ុន្តែតុលាការចាត់ទុកសកម្មភាពផ្សព្វផ្សាយជាសាធារណៈនេះរបស់លោក កើត សារ៉ាយ ថា បំភ្លៃព័ត៌មាន ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល។
អំឡុងពេលសាកសួរ លោក កើត សារ៉ាយ តុលាការបានដាក់ពង្រាយកម្លាំងសន្តិសុខប្រមាណ ៥០នាក់ និងដាក់របាំងបិទផ្លូវចម្ងាយប្រមាណ ២០០ម៉ែត្រ នៅសងខាងច្រកចូលអាគារតុលាការ ដើម្បីរារាំងក្រុមយុវជន ព្រះសង្ឃ រួមទាំងសង្គមស៊ីវិល ដែលតាមឃ្លាំមើលសំណុំរឿងនេះ មិនឱ្យមានវត្តមានចូលទៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញបាន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា ជាការចំណេញជាង ប្រសិនបើរដ្ឋាភិបាលដោះស្រាយបញ្ហានីមួយៗ ដោយតម្លាភាព ហើយលើកទឹកចិត្ត ដល់អ្នកដែលស្វែងរកការពិតយុត្តិធម៌។
ដើម្បីអាចចោទប្រកាន់លោក កើត សារ៉ាយ ឱ្យត្រូវខ្លឹមសារច្បាប់ លោក វ៉ន ចាន់ឡូត ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីថា គួរមានការស៊ើបអង្កេតរកភស្តុតាងឱ្យរឹងមាំ និងសួរដេញដោលឱ្យបានច្បាស់ លើភាគីចំនួន ៣ រួមមានអាជ្ញាធរខេត្តព្រះវិហារ ភាគីលោក កើត សារ៉ាយ និងប្រជាពលរដ្ឋ ដែលរត់គេចខ្លួនចូលព្រៃ។
លោក វ៉ន ចាន់ឡូត៖ «អាហ្នឹងបើសិនជាភស្តុតាង ភាគីទាំងអស់ហ្នឹងមានហើយ វាមិនដូចការពិត អាហ្នឹងការចោទប្រកាន់ពាក់ព័ន្ធហ្នឹងបទញុះញង់វាសមគួរធ្វើការចោទប្រកាន់។ ក៏ប៉ុន្តែបើសិនជា រឿងហ្នឹង ជារឿងការពិត អាជ្ញាធរមិនអាចប្រើប្រាស់នៅការចោទប្រកាន់ពាក់ព័ន្ធនឹងបទញុះញង់បានទេ ព្រោះវាជាទិដ្ឋភាពជាក់ស្ដែង។ ជាគោលការណ៍សិទ្ធិមនុស្សអន្តរជាតិអីហ្នឹង នៅពេលបញ្ហាសង្គមត្រូវបានលើក បើកកកាយបើកបង្ហាញ ការពិតជាសាធារណៈ។ ដូច្នេះ បញ្ហានេះ អ្នកនយោបាយមិនត្រូវយកមក ធ្វើជាការចោទប្រកាន់ទៅនឹងបទល្មើសបានទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បារម្ភថា ការចាប់ និងឃុំខ្លួនលោក កើត សារ៉ាយ អាចនាំឱ្យមានការរិះគន់អំពីការរឹតត្បិត ទាក់ទងនឹងបញ្ហាសេរីភាពបញ្ចេញមតិ និងការងាររបស់សង្គមស៊ីវិល។
លោក អំ សំអាត៖ «យើងមើលទៅ អាហ្នឹងក៏ជាសារមិនល្អដែរ ដែលធ្វើឱ្យអាច នឹងគេយល់ថា ជាករណីមួយ ដែលអាចធ្វើឱ្យមានការភិតភ័យទៅយុវជន សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម ដែលធ្វើការ ជាក្រុមយុវជនក្ដី ជាសកម្មជនបរិស្ថាន សិទ្ធិមនុស្សឬសកម្មជនសង្គមដែលធ្វើការ កន្លងមក ឬទៅមុខទៀត»។
លោក កើត សារ៉ាយ គឺជាអតីតសង្ឃ ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ២ខែ ពីបទ «ញុះញង់» ម្ដងរួចមកហើយ ដោយសារលោកគ្រោងតវ៉ាអហិង្សាប្រឆាំងនឹងការចាប់ខ្លួន លោក រ៉ុង ឈុន កាលពីខែកញ្ញា ឆ្នាំ២០២០។ លោកត្រូវបានសមត្ថកិច្ចដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីចុងឆ្នាំ២០២១។
ក្រោយពេលចេញពីពន្ធនាគារ លោក កើត សារ៉ាយ មិនបោះបង់ចោលការងារសង្គមឡើយ ហើយធ្វើពហិការមិនពាក់ស្បែកជើង ដរាបណាសង្គមនៅតែសម្បូររឿងអយុត្តិធម៌៕
សម្រាប់លោកអ្នកនាង ដែលចង់អានអត្ថបទទាក់ទងនឹងរឿងនេះជាភាសាអង់គ្លេស សូមចុចតំណភ្ឃាប់នេះ៖ Student leader who had spoken up in land dispute detained
In two separate incidents, Cambodian police on Friday arrested the leader of a student organization and a senior opposition party activist in the latest examples of clampdowns on critics of the government or official policies.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។