សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចុះបញ្ជីនិងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានលឿន
2014.12.24

សមាជិកអង្គការសង្គមស៊ីវិលកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលចុះបញ្ជីដីធ្លីឲ្យបានកាន់តែច្រើនថែមទៀត និងចេញប័ណ្ណកម្មសិទ្ធិឲ្យលឿនដល់ប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយ និងដោះស្រាយទំនាស់ដីធ្លីដែលកំពុងកើតមានជាច្រើនកន្លែងនៅកម្ពុជា។
តំណាងសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋមានទំនាស់ដីប្រមាណ ២០០នាក់ បានជួបប្រជុំគ្នានៅថ្ងៃទី២៤ ធ្នូ ទាមទារឲ្យអាជ្ញាធរ និងមន្ត្រីតុលាការ ដោះស្រាយទំនាស់ដីឲ្យបានត្រឹមត្រូវ នោះបញ្ហាទំនាស់ដីអាចកាត់បន្ថយ ហើយប្រជាពលរដ្ឋម្ចាស់ដីអាចទទួលយុត្តិធម៌ពីការកាត់ក្តីរឿងទំនាស់ដីបាន។
អ្នកស្រី ជេត ចរិយា នាយិកាអង្គការស្ដារកម្ពុជា មានប្រសាសន៍ក្នុងវេទិកាថ្នាក់ជាតិស្ដីពីការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិថា អាជ្ញាធរត្រូវពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីផ្តល់ភាពជាម្ចាស់ឲ្យទៅប្រជាពលរដ្ឋជាម្ចាស់ដីទាំងឡាយ បានទទួលកម្មសិទ្ធិស្របច្បាប់ ដើម្បីជួយកាត់បន្ថយការរំលោភយកដី។ រដ្ឋផ្តល់ដីទៅក្រុមហ៊ុននានាជាដីសម្បទានសេដ្ឋកិច្ច ត្រូវមានការពិភាក្សាជាមួយប្រជាពលរដ្ឋរស់នៅផ្ទាល់កន្លែងផ្តល់ដីនោះ ដើម្បីចៀសវាងបានការប៉ះពាល់ដីប្រជាពលរដ្ឋនៅមូលដ្ឋាន និងបង្កើតឲ្យមានជាទំនាស់។ លោកស្រីមានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លី បើមើលពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ហាក់នៅទ្រឹងមិនកើនច្រើនជាងមុន ឬថយជាងមុនទេ ប៉ុន្តែការដោះស្រាយបញ្ហា ហាក់មានការយកចិត្តទុកដាក់ចូលរួមដោះស្រាយពីសំណាក់អាជ្ញាធរគ្រាន់បើជាងមុន។
អ្នកស្រី ជេត ចរិយា បានឲ្យដឹងបន្ថែមថា ការដោះស្រាយទំនាស់ដីនៅកម្ពុជា បច្ចុប្បន្ន នៅមានកម្រិត ដូច្នេះហើយទំនាស់ដីនៅតែកើតមាន ជាពិសេសការដោះស្រាយទំនាស់ដីក្រៅប្រព័ន្ធតុលាការ មិនសូវមានប្រសិទ្ធភាពទេ។ អ្នកស្រីមានប្រសាសន៍ថា នៅប្រទេសខ្មែរយើង បើតាមអ្នកស្រីកត់សម្គាល់ នៅពេលក្រុមហ៊ុនវិនិយោគចាប់ផ្តើមអនុវត្តធ្វើសកម្មភាពការងាររបស់គេ ហើយពេលនោះហើយ ប្រជាពលរដ្ឋដែលមិនសូវទទួលបានព័ត៌មានអំពីការអភិវឌ្ឍនោះ ធ្វើឲ្យប៉ះពាល់ដល់ដីរបស់គាត់រស់នៅប្រចាំថ្ងៃ។
ប្រភពមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ឡាត់ គី បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ខែឆ្នាំ២០១៤ នេះ នៅទូទាំងប្រទេសមានទំនាស់ដីធ្លីចំនួន ១៣៦ករណីកើតមានឡើង។ ក្នុងនោះ ការទំនាស់ដណ្ដើមដីគ្នាមាន ៦៨ករណី ទំនាស់ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចមាន ២៦ករណី ទំនាស់ដោយសារការបណ្ដេញចេញមាន ១៧ករណី និងទំនាស់ដោយសារការរុករានធនធានធម្មជាតិមាន ៨ករណី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំការអត្ថាធិប្បាយលើការដោះស្រាយទំនាស់ដីនៅកម្ពុជា បានទេ។ ប៉ុន្តែនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងនៅខែវិច្ឆិកា បានឲ្យដឹងថា គិតមកទល់ថ្ងៃទី៣១ តុលា ក្រសួងបានចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជាង ៣លាន ៧សែនប័ណ្ណហើយ។
អ្នកស្រី ជេត ចរិយា នាយិកាអង្គការស្ដារកម្ពុជា មានប្រសាសន៍ទាក់ទងក្រុមយុវជនវាស់ដីតាមខេត្តនានាកន្លងមកថា សកម្មភាពចុះវាស់ដីចែកប័ណ្ណកម្មសិទ្ធិនោះ បានរួមចំណែកកាត់បន្ថយទំនាស់ដីបានមួយចំនួនដែរ ប៉ុន្តែមានកន្លែងខ្លះមានការតវ៉ាពីប្រជាពលរដ្ឋថា ការផ្តល់ប័ណ្ណនោះមិនបានចំឈ្មោះម្ចាស់ដីពិតប្រាកដទេ៕