អាជ្ញាធរ​ខេត្ត​បាត់ដំបង​ស្វែងរក​ប្រភព​ទឹក​ជួយ​ពលរដ្ឋ​ ៦​ឃុំ​ ដែល​​ខ្វះ​​ទឹក​​ស្រោចស្រព​​នៅ​​ស្រុក​​គាស់​ក្រឡ

ដោយ ទីន ហ្សាការីយ៉ា
2018-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ដើរ​មើល​ស្រូវ​ខ្វះ​ទឹក​នៅ​ភូមិ​ប៉ោយស្វាយ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។
ពលរដ្ឋ​ដើរ​មើល​ស្រូវ​ខ្វះ​ទឹក​នៅ​ភូមិ​ប៉ោយស្វាយ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ស្វែងរក​ប្រភព​ទឹក​ដើម្បី​ធ្វើ​ប្រឡាយ​បង្ហូរទឹក​បញ្ជូន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៦​ឃុំ​នៅ​ស្រុក​គាស់ក្រឡ​ប្រើប្រាស់​និង​ស្រោចស្រព​ផល​ដំណាំ។ ការ​រក​ប្រភព​ទឹក​នេះ ដោយសារតែ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ​នៅ​ស្រុក​គាស់ក្រឡ​ក្រៀម​ស្វិត​ខូច ដោយសារ​ជួប​គ្រោះ​រាំងស្ងួត ហើយ​គ្មាន​ទឹក​ស្រោចស្រព។

អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២ ធ្នូ ថា ក្រសួង​ធនធាន​ទឹក​និង​អាជ្ញាធរ​ខេត្ត​រួមគ្នា​ស្វែង​រក​ឃើញ​ប្រភព​ទឹក​បាន​​មួយ​កន្លែង​នៅ​អាងទឹក​បាសាក់​ស្រុក​មោងឬស្សី ដើម្បី​ត្រៀម​ធ្វើ​ប្រឡាយ​បង្ហូរទឹក​ចែកចាយ​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ​ប្រើប្រាស់ ព្រោះ​ពលរដ្ឋ​ស្រុក​គាស់​ក្រឡ​​ជាច្រើន​គ្រួសារ​ ខ្វះខាត​ទឹក​ប្រើប្រាស់​និង​ទឹក​ស្រោចស្រព​ផលដំណាំ​ជាពិសេស​ដំណាំ​ស្រូវ។ លោក ងួន រតនៈ​បន្ថែមទៀត​ថា ឆ្នាំនេះ​អាជ្ញាធរ​មិន​អាច​ជួយសង្គ្រោះ​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ចំនួន ​៦​ឃុំ​ក្នុងស្រុក​គាស់ក្រឡ​បានទេ ព្រោះ​នៅ​ទីនោះ​គ្មាន​ប្រភពទឹក ដូច្នេះ​ហើយ​បានជា​សហការ​ជាមួយ​មន្ត្រី​ក្រសួង​​ធនធាន​ទឹក​ធ្វើ​ប្រឡាយ​ទឹក​ចេញពី​ស្រុក​មោងឬស្សី​សម្រាប់​ឲ្យ​កសិករ​ស្រោចស្រព​ដំណាំ​ស្រូវ​នៅ​ឆ្នាំក្រោយ ដើម្បី​កុំ​ឲ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀត៖ «ដោយឡែក​ក្នុង​ភូមិ​សាស្ត្រ​នោះ​យើង​បាន​សិក្សា​មួយទៀត នៅ​ចំណុច​ខ្ពស់​មួយទៀត ដែល​អភិបាលស្រុក និង​ក្រសួង​ធនធាន​ទឹកបាន​ទៅ​សិក្សា​ព្រឹក​មិញ​ទៀត ដើម្បី​ឲ្យ​ដឹង​ភូមិសាស្ត្រ ហើយ​បើ​បាន​ក្រសួង​និង​សិក្សា​ចំណុច​នឹង​មួយទៀត ហើយ​បើសិនជា​យើង​ធ្វើ​ប្រឡាយ​បាន​ទាំង​២​នេះ​យើង​អាច​ជួយ​ស្រុក​គាស់ក្រឡ​បាន​ទាំងស្រុង​ហើយ»

ចំណែក​ពលរដ្ឋ​នៅ​ឃុំ​ព្រះ​ផុស​ស្រុក​គាស់ក្រឡ លោក យួម យឿប ថ្លែងប្រាប់​អាស៊ីសេរី​ថា ដំណាំ​ស្រូវ​តំបន់​ពួកគាត់​រស់នៅ​ឆ្នាំនេះ​ជួប​គ្រោះ​រាំងស្ងួត​តាំងពី​ចុង​ខែ​​សីហា​មក បណ្ដាល​ឲ្យ​ដើម​ស្រូវ​របស់​ពួកគាត់​រាប់​រយ​គ្រួសារ​ក្រហម​ស្វិត​ខូច​អស់​គ្មាន​សល់ ដោយ​គ្មាន​គ្រួសារ​ណា​ទទួល​បាន​ផល​នោះ​ឡើយ។ពលរដ្ឋ​រូប​នេះ​​បន្ថែម​ទៀត​ថា ក្រៅ​អំពី​ដំណាំ​ស្រូវ​ខូច​អស់ហើយ សព្វថ្ងៃ​ពួកគាត់​នៅ​ភូមិ​តានួត ឃុំ​ព្រះ​ផុស ​ក៏​ចាប់ផ្ដើម​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ រីឯ​អាជ្ញាធរ​ស្រុក​កាលពី​ថ្ងៃ​ទី​១ ធ្នូ បាន​ត្រឹមតែ​ចុះ​ពិនិត្យមើល​តំបន់​ពួកគាត់​រស់នៅ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់ការ​យ៉ាងណា​ដើម្បី​ជួយ​ពួកគាត់​នៅឡើយ​ទេ៖ «តំបន់​ដែល​ខ្ញុំ​នៅ​នេះ​គឺ​ដី​ប្រហែល​ ១៣​គីឡូម៉ែត្រ​ពី​សាលាឃុំ​ព្រះ​ផុស ប៉ុន្តែ​គ្មាន​ទឹក​ប្រើ​ទេ ទឹក​គោក្របី​ក៏​វា​វេទនា បើ​គិត​ឲ្យ​ដល់​ទៅ​ដើរ​ទៅ​ស្រះ​និមួយៗ គេ​ហៅថា​ត្រង់ណា​មាន​ស្រះ​ចេះ​តែ​​ដើរ​​ដឹក​គោ​ឲ្យ​ផឹកទឹក​ទៅ និង​ដងទឹក​យក​មក​ប្រើ​ឲ្យ​ផុត​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ។ ធម្មតា​មនុស្ស​យើង​អត់​ទឹក​ចេះតែ​ដើរ​រក​ភូមិ​គេ​ស្រុក​គេ​ត្រង់ណា​មាន​ទឹក​ចេះតែ​នាំគ្នា​ទៅ​ដឹក​តាម​គោយន្ត​និង​តាម​ម៉ូតូ​មក​ប្រើ​ទៅ»

អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ក្នុងស្រុក​គាស់ក្រឡ​ជិត​ ១​ម៉ឺន​ហិកតារ ជួប​គ្រោះ​រាំងស្ងួត​ខូចខាត ហើយ​រហូត​មក​ទល់​ពេល​នេះ​មិនទាន់​អាច​ជួយ​សង្គ្រោះ​បាន​នៅឡើយ​ទេ ព្រោះ​គ្មាន​ប្រភព​ទឹក​ទើប​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​។​លោក​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​មាន​គ្រោះ​រាំងស្ងួត​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ មិន​ខ្វះ​ស្បៀង​នោះ​ទេ ព្រោះ​ឆ្នាំនេះ​កសិករ​ដាំ​ដុះ​បាន​ជាង ៣៦​ម៉ឺន​ហិកតារ ឯណោះ ក្នុង​នោះ​ផ្ទៃដី​ដែល​មាន​គ្រោះ​រាំងស្ងួត​ជាង​២​ម៉ឺន​ហិកតារ។ អភិបាល​រូប​នេះ​អះអាង​ទៀត​ថា ក្នុងចំណោម​ដំណាំ​ស្រូវ​ជាង​២​ម៉ឺន​ហិកតារ​នោះ នៅ​​ស្រុក​បវេល និង​ស្រុក​ថ្មគោល អាជ្ញាធរ​បាន​ដាក់​ម៉ាស៊ីន​បូមទឹក​ដាក់​ស្រែ​ជួយសង្គ្រោះ​បាន​ជាង​ ១​ម៉ឺន​​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល