មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​ដោះលែង​ពលរដ្ឋ​ម្នាក់​វិញ ក្រោយពី​ជនជាតិ​ដើម​ភាគតិច​ព្នង​លើកគ្នា​តវ៉ា

ដោយ សេក បណ្ឌិត
2024.05.03
មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​ដោះលែង​ពលរដ្ឋ​ម្នាក់​វិញ ក្រោយពី​ជនជាតិ​ដើម​ភាគតិច​ព្នង​លើកគ្នា​តវ៉ា មន្ត្រី​បរិស្ថាន​ឃាត់​ខ្លួន​ជនជាតិដើម​ភាគ​តិច (រូប​ស្ដាំ​បិទ​មុខ) ដោយ​ចោទ​ថា កាប់​រាន​ព្រៃ​ខុស​ច្បាប់ ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី១ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្តល់ឱ្យ

មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី២ ខែឧសភា បាន​ដោះលែង​ពលរដ្ឋ​ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយពី​ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់​រយ​នាក់ បាន​លើកគ្នា​តវ៉ា ២​ថ្ងៃ​ជាប់​គ្នា នៅមុខ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ​ម្នាក់​នោះ។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ឧសភា ថា ទង្វើ​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ ហាក់​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ព្រោះ​ពលរដ្ឋ​បាន​ទៅ​អាស្រ័យ​ផល លើ​ដី​ចម្ការ​វិល​ជុំ របស់​ខ្លួន​បែប​ប្រពៃណី​ទំនៀមទម្លាប់​ជាង ៣០​ឆ្នាំ​មក​ហើយ។

លោក​ថា មន្ត្រី​បរិស្ថាន​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់ នៅ​ចំណុច​ចម្ការ​ចាស់ ហើយ​បញ្ជូន​ទៅ​ថតរូប​ទុកជា​ភស្តុតាង នៅ​កន្លែង​កាប់​ទន្ទ្រាន​ព្រៃឈើ​ថ្មីៗ ទើប​ពលរដ្ឋ​ខឹង​សម្បារ ហើយ​លើក​គ្នា​តវ៉ា។

លោក គ្រើង តុលា៖ «ចម្ការ​ធ្លាប់​អាស្រ័យ​ផល ២០ ទៅ ៣០ ឆ្នាំ បាន​យើង​ទៅ​ជួយ បើសិន​គាត់​ចាប់​ពេល​គាត់​កាប់​ព្រៃ យើង​អត់​ជួយ​ទេ អាហ្នឹង​ជា​បទល្មើស​។ យើង​កំពុង​រិះគន់​អាជ្ញាធរ​បណ្តែតបណ្តោយ​ឱ្យ មានការ​កាប់​បំផ្លាញ​ព្រៃឈើ តែ​ជាក់ស្តែង​កា​អនុវត្ត​ច្បាប់​អត់​ត្រូវ មាន​ន័យថា គាត់​ចាប់​ដើម្បី​បាន​ស្នាដៃ​។ បើសិនជា​យើង​មិនដឹង​ថា ចាប់​មនុស្ស​ហ្នឹង​របៀប​ម៉េច គាត់​ចាប់​ដាក់​ទោស​មែនទែន ហើយ​ចាប់​សុទ្ធ​អ្នកក្រ អ្នកមានៗ អត់​ហ៊ាន​ចាប់​ទេ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឆៅ ប៊ុនធឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២ ឧសភា។

កាល​ថ្ងៃទី​៣០ ខែ​មេសា មន្ត្រី​បរិស្ថាន ៤​ក្រុម​បាន​ទៅ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ព្រឺត យ៉ប វ័យ ៣០ ឆ្នាំ ដែល​កំពុង​បញ្ចុក​បាយ​កូន ក្នុង​ខ្ទម​ស្រែ​មួយ​កន្លែង ក្នុង​ភូមិ​ពូហ្យាម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ពាក់ព័ន្ធ​នឹង​រឿង​បទល្មើស​ព្រៃឈើ។

តែ​ទោះជា​យ៉ាងណា ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​បង្ក្រាប​បទល្មើស​ព្រៃឈើ បានតែ​លើ​ពលរដ្ឋ​តូចតាច តែ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា មន្ត្រី​ខិលខូច និង​ក្រុម​អ្នក​មានអំណាច​ដែល​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។