ប្រជា​សហគមន៍​ជាង ២០០នាក់ តវ៉ា​នៅ​មុខ​ក្រសួងមហាផ្ទៃ​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹក​នាំ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា

ដោយ យ៉ង ចាន់តារា
2023.05.19
ប្រជា​សហគមន៍​ជាង ២០០នាក់ តវ៉ា​នៅ​មុខ​ក្រសួងមហាផ្ទៃ​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹក​នាំ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ផ្សេង​ទៀត ជាង ២០០នាក់ តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២៣ ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច់ ដែល​ជា​ប្រធាន និង​មន្ត្រី​នៃ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។
រូបពីពលរដ្ឋ

ក្រោយ​សមត្ថកិច្ច​​ចាប់​ខ្លួន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) កសិករ​កម្ពុជា​លោក​ ថេង សាវឿន​ និង​សហការី​​របស់​លោក​ពី​រូប​ទៀត នៅ​ថ្ងៃ​សុក្រ ទី១៩ ខែឧសភា ប្រជា​សហគមន៍​ចំនួន​បី​ខេត្ត​​ជាង២០០នាក់ ​តវ៉ា​នៅមុខ​ក្រសួង​មហាផ្ទៃ​ដើម្បី​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ផ្សេងៗ ទៀត ប្រមាណ​ជាង ២០០នាក់ បាន​មក​តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា​នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ដោះ​លែង លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច់ ដែល​ជា​ប្រធាន និង​មន្ត្រី​នៃ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជាង​ពីរ​ថ្ងៃ​មក​ហើយ។

តំណាង​​​​សហគមន៍​សាមគ្គី​រមាស​ហែក ស្វាយរៀង លោកស្រី គៀង សារ៉ុន​ រៀប​រាប់​ថា សហគមន៍​លោក​ស្រី​ ឡើង​មក​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ​នេះ​ដើម្បី​ស្នើ​សុំ​រដ្ឋាភិបាល​ដោះ​លែង លោក ថេង សាវឿន និង​មន្រ្តីនៃ​សមាគម​ពីរ​រូប​ទៀត ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ លោកស្រី​ ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​ពួក​គេ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​ ព្រោះ​សកម្មភាព​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​ (CCFC) ធ្វើ​កន្លង​មក​ដើម្បី​ កម្មករ​ និង​កសិករ​ឱ្យ​មាន​ជីវភាព​សមរម្យ​តាមរយៈ​ការចូលរួម​វគ្គ​បង្រៀន​បច្ចេកទេស​ឱ្យ​ពលរដ្ឋ​ចេះ​ធ្វើ​កសិកម្ម​បាន​ទិន្នផល​ខ្ពស់។

លោកស្រី គៀង សារ៉ុន៖ «និយាយ​មែន​ទែន​ទៅ​ ដោយ​សារ​លោក ថេង សាវឿន គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ភាព​ក្លាហាន ហើយ​គាត់​ហ៊ាន​លះបង់​ច្រើន​សម្រាប់​កសិករ បើ​ទោះ​បី​ជា​ការ​ប្រព្រឹត្តិ​របស់​គាត់ ហ្នឹង​មិនមែន​ជា​ផល​ប្រយោជន៍​របស់​គាត់​ក៏ដោយ​ ក៏​គាត់​លះ​បង់​ចំពោះ​កសិករ មិនមែន​ត្រឹម​តែ​កសិករ​នោះ​ទេ​ ជាមួយ​កម្មករ​ក៏​គាត់​ទាមទារ​តម្កើង​ប្រាក់​ខែ​ដល់​កម្មករ​នោះ​ដែរ»

លោកស្រី​បន្ថែម​ថា លោក ថេង សាវឿន និង​ក្រុម​មន្ត្រី​របស់ លោក​គឺ​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ចង​ក្រង​សហគមន៍ ជាពិសេស សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ឱ្យ​ពួក​គេ​ចេះ​យល់​ដឹង​ពី​សិទ្ធិ​ និង​ទាមទារ​សិទ្ធ​ពី​ក្រុម​ក្រុម​ឧកញ៉ា និង​អ្នក​មាន​អំណាច។

ពលរដ្ឋ​មួយ​រូប​ទៀត ដែល​ជា​ជន​រងគ្រោះ​បាត់​បង់​ដីធ្លី​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន អាយុ ៦៥ឆ្នាំ ថ្លែង​ថា លោក​ស្រី​ឡើង​មក​នេះ ដើម្បី​ទាម​ទារ​ដោះ​លែង​លោក ថេង សាវឿន និង​បុគ្គលិក​ពីរ​រូប​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​យ៉ាង​អយុត្តិធម៌។ លោកស្រី​យល់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ពួក​គាត់​គឺ​ជា​អ្នក​ជួយ​ប្រជាពលរដ្ឋ ចំណែក​អ្នក​យក​ដី​ពលរដ្ឋ​ ប្រើ​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​បែរ​ជា​គ្មាន​ការ​អនុវត្ត​ច្បាប់​លើ​ពួកគេ​ទៅ​វិញ។

លោកស្រី ឃន ខន៖ «បាន​ថា អយុត្តិធម៌​ប្រជា​ពលរដ្ឋ​យើង​ខ្ញុំ​រក​ដំណោះ​ស្រាយ​ប៉ុន្មាន​ឆ្នាំ​ហើយ​ អត់​ដោះ​ស្រាយ​ឱ្យ​ខ្ញុំ​ទេ ថា​តែ​ពួក​ខ្ញុំ​អបគមន៍ ចោទ​តែ​ពួក​ខ្ញុំ​នឹង​ខុស​ច្បាប់​ ហើយ​អ្នក​រំលោភ​ដី​ អ្នក​ដែល​យក​ដី​ពួក​ខ្ញុំ ឱ្យ​ខ្ញុំ​ក្រ​ដល់​សព្វ​ថ្ងៃនេះ រហេម រហាម​ដល់​សព្វថ្ងៃ​នេះ​អត់​មាន​ចាប់​ អត់មាន​ឃាត់​ខ្លួន​ ឃាត់​តែ​អ្នក​ត្រឹម​ត្រូវ​ អ្នកជួយ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ ព្រោះ​ខ្ញុំ​តូច​ចិត្ត​អ៊ីចឹង​បាន​នាំគ្នា​មក»

ទាក់ទង​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ពុំបាន​ដឹង​ជុំវិញ​ ការ​ចាប់​ខ្លួន​នេះ​ទេ ដោយ​លោក​បង្វែរ​សំនួរ​ទៅ​កាន់ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង ថ្លែង​ថា ជាង​ពីរ​ថ្ងៃ​មក​ហើយដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ប្រធាន​ និង​បុគ្គលិក សង្គម​ស៊ីវិល​ ដោយ​គ្មាន​មូល​ហេតុ។ លោក​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួននេះ​​​មិន​សម​ហេតុ​ផល​ និង​ខុស​​នីតិវិធី​ច្បាប់​ ហេតុ​ដូច​នេះ​ហើយ​ទើប​ពួកគាត់​មក​ទាមទារ​តវ៉ា​ដូច្នេះ។

លោក ហេង គឹមហុង៖ «ខណៈ​ដែល​លោក ថេង សាវឿន ត្រូវ​បាន​ពលរដ្ឋ​ជា​ច្រើន​ចូល​ចិត្ត​លោក​ ដោយ​សារ​តែ​លោក​បាន​ធ្វើ​ការ​ងារ​ច្រើន ដើម្បី​បុព្វហេតុ​កសិករ​កម្ពុជា ការ​ចូល​រួម​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ដែល​លើក​កម្ពស់​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហេតុ​ដូច្នេះ​នៅ​ពេល​អ្នក​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ការ​សង្គម​ត្រូវ​បាន​ឃាត់​ខ្លួន ចាប់​ខ្លួន​យ៉ាង​ដូច​ច្នេះ​ត្រូវ​បាន​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​គាំទ្រ​សិទ្ធិមនុស្ស​ក៏​សម្ដែង​នូវ​ក្ដី​មិន​ពេញចិត្ត»

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ហៅ​កាត់​ថា (CCFC) ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១១ ដោយ​សហគមន៍​កសិករ​ចំនួន១០ ដែល​រង​ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី។ គិត​ត្រឹម​ឆ្នាំ២០២៣ សមាគម​នេះ​មាន​សមាជិក ដែល​ជា​កសិករ​ជិត ១ម៉ឺន ៨ពាន់​នាក់ (១៧.៩០០) មក​ពី​បណ្ដា​ខេត្ត​ចំនួន១០ នៅ​ទូទាំង​ប្រទេស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក គឺ​បណ្ដាល​មក​ពី​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​សិទ្ធិ​អំណាច​កសិករ ដែល​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ដីធ្លី​ឱ្យ​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ​របស់​ពួក​គេ៕

1_Farmers_protest_for_Theng_Savoeun_2023-05-19_05.jpeg
ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ផ្សេង​ទៀត ជាង ២០០នាក់ តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២៣ ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច់ ដែល​ជា​ប្រធាន និង​មន្ត្រី​នៃ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ រូបពីពលរដ្ឋ 2023-05-19

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។