មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​ទទួល​ការ​គំរាម​សម្លាប់​ពេល​បំពេញ​ការងារ

ដោយ វោហារ ជាតិ
2014.05.12
វណ្ណ សូផាត ៦១០ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​រង​ការ​គំរាម​សម្លាប់ លោក វណ្ណ សូផាត។
CCHR Photo

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត ចោទថា ​កងសន្តិសុខ​​ក្រុមហ៊ុន ​ឃុន សៀ ​​បាន​គំរាម​សម្លាប់ ក្នុង​ពេល​លោក​ចុះបំពេញ​ការងារ​នៅ​ភូមិ​បឹងកក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ជាមួយ​ក្រុមការងារ​ កាល​ពី​ថ្ងៃ​ទី៩ ឧសភា ឆ្នាំ ២០១៤។

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះ​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា លោក វណ្ណ សូផាត ត្រូវ​បាន​ក្រុម​បុរស​ស្លៀកពាក់​ស៊ីវិល​​មានគ្នា​ប្រហែល ១០ នាក់ ដែល​គេ​ជឿ​ថា ជា​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ឃុន សៀ គំរាម​សម្លាប់​ ដោយសារលោក វណ្ណ សូផាត បាន​ចុះ​ទៅ​ថត​វីដេអូ អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​ ឃុន សៀ ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួនបីគ្រួសារ ដើម្បី​ធ្វើ​ជា​ឯកសារ​ ស្ដីពី​ការ​រំលោភ​យក​ដីធ្លី និង​ការបណ្ដេញ​ចេញ​ប្រជាពលរដ្ឋ ពីលំនៅស្ថាន​ដោយ​បង្ខំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បញ្ជាក់​ថា កង​សន្ដិ​សុខ​ម្នាក់ ប្រើ​ពាក្យ​គំរាម​ថា ៖ «អា​ចម្កួត! អញ​មិន​ឲ្យ​ឯង​រួច​ខ្លួន​ទេ»។ បន្ទាប់​មក​កង​សន្តិសុខ ដែល​ប្រើ​ពាក្យ​គំរាម​នោះ បញ្ជា​ឲ្យ​កង​សន្តិសុខ​ម្នាក់​ទៀត​ថត​រូប​លោក វណ្ណ សូផាត និង​ស្លាកលេខឡាន​លោកទុក។

លោក វណ្ណ សូផាត ចុះ​ទៅ​ភូមិបឹងកក់១ ដើម្បី​តាម​ដាន​ជម្លោះ​ដីលំនៅស្ថាន​​របស់​ប្រជាពលរដ្ឋ​ទាំង ៣ គ្រូសារ មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ដែល​ក្រុមហ៊ុន​នេះ បាន​យក​គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ៣ គ្រួសារ ដើម្បី​យកដី។ ក្នុង​ចំណោម ប្រជាពលរដ្ឋរងគ្រោះ​ទាំងបីគ្រួសារ​នោះ មាន​គ្រួសារ​ឈ្មោះ លី ស៊្រាខេង ផង ដែល​ត្រូវ​បាន​គេ​​ធ្វើ​ទុក្ខបុកម្នេញ​ វាយ​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើនដង និង​លួច​ដាក់​ពស់វែក​ក្នុង​ផ្ទះពេលយប់ ដើម្បីបង្ខំ​ឲ្យ​​គ្រួសារ​ទាំង​នោះ​ចាក​​ចេញ​ពី​លំនៅ​ស្ថានរបស់​ខ្លួន។ ក៏ប៉ុន្តែ ប្រជាពល​ទាំង​នោះ ​នៅ​តស៊ូក្រាញននៀលមិនព្រមចាកចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។