ជនជាតិ​ដើម​ភាគ​តិច​ព្នង​មួយ​ក្រុម​តវ៉ា​មុខ​សាលា​ខេត្ត​មណ្ឌលគិរី​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ដោយ រដ្ឋា វិសាល
2016.05.31
ជម្លោះ​ដីធ្លី មណ្ឌលគិរី ២០១៦ ៨៥៥ ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ដាក់​ញត្តិ​តវ៉ា​រឿង​ដីធ្លី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

ជនជាតិ​ដើម​ភាគ​តិច​ព្នង ជិត ៦០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ២១១​គ្រួសារ​រស់នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​មណ្ឌលគិរី សុំ​ជួប​អភិបាល​ខេត្ត ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ការ​តវ៉ា​ទាមទារ​ដី​ជិត ៤០០​ហិកតារ ដែល​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈូស​ឆាយ​យក និង​រំលោភ​កិច្ចព្រមព្រៀង​ដែល​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត សម្រេច​កាត់​ចេញ​ពី​ក្រុមហ៊ុន​ប្រគល់​ជូន​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ជាង ៦០​នាក់ បាន​សម្រេច​ចិត្ត​វិល​ទៅ​លំនៅឋាន​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សន្យា​ចុះ​ដោះស្រាយ​ការ​តវ៉ា​ទាមទារ​ដី​ពី​សំណាក់​ពួក​គាត់។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ បាន​នាំ​គ្នា​មក​សាលា​ខេត្ត​មណ្ឌលគិរី សុំ​ជួប​អភិបាល​ខេត្ត ដាក់​ញត្តិ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​កាត់​យក​ដី ៣៧៥​ហិកតារ​ពី​ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ (Binh Phuoc Kratie Rubber 1 Company Limited)។ អ្នក​ភូមិ​បាន​រង់ចាំ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល ទើប​មន្ត្រី​អាជ្ញាធរ​ចេញ​មក​ជួប​ពិភាក្សា ហើយ​សន្យា​ថា​នឹង​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ។

អ្នក​តវ៉ា​មួយ​រូប គឺ​លោកស្រី ស្រួច ថែវ មាន​ប្រសាសន៍​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ភូមិ​រងគ្រោះ​ព្រោះ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ ដោយសារ​តែ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​ជនជាតិ​ដើម​ភាគ​តិច យក​ជា​ដី​សម្បទាន។ លើស​ពី​នេះ​ទៀត រោង​ស្នាក់នៅ​របស់​អ្នក​ភូមិ ត្រូវ​បាន​សមត្ថកិច្ច​រុះរើ​ដុត​បំផ្លាញ​ចោល ដោយ​ចោទ​ថា អ្នក​ភូមិ​មក​សង់​រោង​ស្នាក់នៅ​លើ​ដី​រដ្ឋ​ដែល​បាន​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន៖ «តាំង​ពី​ឆ្នាំ​២០១៤ ស្រាប់​តែ​ពួក​គាត់​មក​ដុត​ផ្ទះ លើក​ដំឡូង​ពួក​ខ្ញុំ​ខ្ទេចខ្ទី​អស់ ថា​សុំ​ដី​ប្រជាពលរដ្ឋ​ដី​សហគមន៍​ចែក​ព្រំប្រទល់​ដាច់​ជាមួយ​ក្រុមហ៊ុន​ចំណុច​នេះ​ចំណុច​នោះ គេ​នៅ​តែ​ដុត​នៅ​តែ​ឈូស​គំរាម​កំហែង​ពួក​ខ្ញុំ រហូត​ដល់​ឥឡូវ​មាន​ឈប់​ឯណា»

ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ តវ៉ា​តាំង​ពី​ឆ្នាំ​២០១២ ទាមទារ​ដី ៥០០​ហិកតារ បន្ទាប់​ពី​ក្រុមហ៊ុន ប៊ិញ ភឿក ទទួល​បាន​ដី​សម្បទាន​ជាង ៥​ពាន់​ហិកតារ​នៅ​តំបន់​ឃុំ​ស្រែឈូក ហើយ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​បង្ក​ផល​ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​អភិរក្ស​សម្រាប់​ធ្វើ​កសិកម្ម។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ព្នង មួយ​រូប​ទៀត​ដែល​បាន​តវ៉ា​រឿង​នេះ​ដែរ គឺ​លោក យិន សឹង បញ្ជាក់​ថា អ្នក​ភូមិ​តវ៉ា​ជាច្រើន​លើក​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ បាន​សន្យា​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ក៏ប៉ុន្តែ​ការ​សន្យា​បាន​អូស​បន្លាយ​ពេល​រហូត​បច្ចុប្បន្ន ទើប​អ្នក​ភូមិ​នាំ​គ្នា​មក​សាលា​ខេត្ត​ដើម្បី​តវ៉ា​ជា​ថ្មី ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ពិត​ប្រាកដ។ លោក​ថា មន្ត្រី​ខេត្ត​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ​វិល​ទៅ​ផ្ទះ​វិញ ហើយ​សន្យា​ចុះ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា៖ «ពី​មុន​មាន​ដំណាំ​ចម្ការ​វិល​ជុំ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង មាន​ដំឡូង ដាំ​ស្រូវ ចេក ល្ពៅ ពោត អ៊ីចឹង​ទៅ»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​មណ្ឌលគិរី ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត លោក យឹម លុច បាន​សម្របសម្រួល​កាត់​ដី ១២៥​ហិកតារ​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​រួច ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន។ ចំណែក​ដី ៣៧៥​ហិកតារ​ដែល​ក្រុមហ៊ុន​មិន​ទាន់​ឈូស​ឆាយ ត្រូវ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់គ្រង​វិញ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន អ្នក​ភូមិ​អះអាង​ថា លទ្ធផល​នៃ​ការ​ដោះស្រាយ​នោះ ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​បន្ត ហើយ​ដាំ​កៅស៊ូ​លើ​ដី​ទាំងអស់​ជា​ចំណែក​ប្រជាពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។ រីឯ​នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សារ៉ា ថ្លែង​បដិសេធ​ថា អាជ្ញាធរ​ខេត្ត​បាន​ដោះស្រាយ​កាត់​ដី ៣៧៥​ហិកតារ​នោះ​ជូន​ប្រជាពលរដ្ឋ​ដែល​តវ៉ា​អស់​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ករណី​នេះ​ឡើង​វិញ​តាម​ការ​សន្យា ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​ពេល​នេះ ពីព្រោះ​លោក​មន្ទិល​ថា តួលេខ​ក្រុម​អ្នក​តវ៉ា​ដែល​អាជ្ញាធរ​បាន​ដោះស្រាយ​ដី​ជូន​មាន​ចំនួន ១៩១​គ្រួសារ ប៉ុន្តែ​តួលេខ​ប្រជាពលរដ្ឋ​មក​តវ៉ា​ថ្មី​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ ២១១​គ្រួសារ៖ «ខេត្ត​ក៏​មិន​ទាន់​បដិសេធ​ដែរ។ យើង​ឲ្យ​ទៅ​ស្រុក ដើម្បី​ត្រួត​ពិនិត្យ​ដី ត្រួត​ពិនិត្យ​ប្រជាពលរដ្ឋ ហៅ​មេ​ឃុំ ប្រធាន​សហគមន៍ តំណាង​ចាស់​ទុំ ឲ្យ​មក​ចូលរួម ហើយ​បើ​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​មែន យើង​នឹង​ពិនិត្យ​ឡើង​វិញ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ជម្លោះ​ដីធ្លី​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ កើត​មាន​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ រហូត​បច្ចុប្បន្ន ជម្លោះ​តវ៉ា​ទាមទារ​ដី​នេះ​កាន់​តែ​រីក​ធំ​ឡើង ប្រសិន​ការ​ដោះស្រាយ​អូស​បន្លាយ​យូរ​ទៀត។ លោក​ថា ប្រសិន​អាជ្ញាធរ​រក​ឃើញ​ថា ក្រុមហ៊ុន​ពិត​ជា​បាន​បំពាន​ទៅ​លើ​លទ្ធផល​ដែល​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត សម្រេច​កាត់​ដី ៣៧០​ហិកតារ​ប្រគល់​មក​ប្រជាពលរដ្ឋ​មែន អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​កាត់​ដី​ប្រគល់​ឲ្យ​អ្នក​ភូមិ​វិញ។ បន្ថែម​លើ​នេះ ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ដែល​រំលោភ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច៖ «គាត់​អត់​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​របស់​អាជ្ញាធរ។ ចំណុច​ហ្នឹង​ជា​កំហុស​ឆ្គង។ ឥឡូវ​នេះ មាន​ប្រជាពលរដ្ឋ​មក​តវ៉ា​ទៀត កាល​ណា​មាន​ការ​ឈឺ​ឆាប់ គឺ​មាន​ការ​តវ៉ា​ហើយ បើ​គ្មាន​ដំណោះស្រាយ​ទេ ខ្ញុំ​ជឿ​ថា ការ​តវ៉ា​របស់​គាត់​ចេះ​តែ​បន្ត»

ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ បញ្ជាក់​ថា ប្រធាន​ភូមិ និង​មេ​ឃុំ​ចក់ចារ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ បាន​ចេញ​លិខិត​ទទួល​ស្គាល់​ដី​ដែល​អ្នក​ភូមិ​តវ៉ា ថា​ពិត​ជា​ដី​ចម្ការ​វិល​ជុំ​ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ធ្វើ​ស្រែ​ចម្ការ ជា​ព្រៃ​ឈើ​ផលិត​ជ័រ​ទឹក និង​មាន​ខ្ទម​អ្នក​តា កន្លែង​អ្នក​ភូមិ​គោរព​បូជា​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ បញ្ជាក់​ថា ប្រសិន​អាជ្ញាធរ​មិន​គោរព​ពាក្យ​សន្យា​ចុះ​ដោះស្រាយ​បញ្ហា​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា តាម​ការ​កំណត់​ទេ អ្នក​ភូមិ​នឹង​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ដី​ដែល​ក្រុមហ៊ុន​បាន​ដាំ​ដុះ​នោះ​ឡើង​វិញ បើ​ទោះ​បី​ត្រូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង និង​បណ្ដេញ​ចេញ​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។