ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្តព្រះវិហារ​តវ៉ា​ប្រឆាំង​អាជ្ញាធរ​លួច​ធ្វើ​ប្លង់​ដី​ពួកគាត់​លក់

ដោយ ទីន ហ្សាការីយ៉ា
2024.03.01
ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្តព្រះវិហារ​តវ៉ា​ប្រឆាំង​អាជ្ញាធរ​លួច​ធ្វើ​ប្លង់​ដី​ពួកគាត់​លក់ ជនជាតិភាគតិចកួយ នៅឃុំប្រមេរ បាននាំគ្នាឡើងតវ៉ា នៅមុខ​សាលាស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្តព្រះវិហារ ជាង​៣០​នាក់ នាំគ្នា​តវ៉ា​ប្រឆាំង នឹង​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ដោយ​ចោទ​ថា បាន​លួច​ធ្វើ​ប្លង់ដី​ពួកគាត់ លក់​ឱ្យ​អ្នក​ផ្សេង​។ ពួកគាត់​ចាត់ទុក ករណី​នេះ គឺជា​ការ​រំលោភ​សិទ្ធិ​ដីធ្លី ពលរដ្ឋ។

ជនជាតិភាគតិច​កួយ នៅ​ឃុំ​ប្រមេរ បាន​នាំ​គ្នា​ឡើង​តវ៉ា នៅមុខ​សាលាស្រុក​ត្បែងមានជ័យ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ដើម្បី​ស្វែងរក​ដំណោះស្រាយ ពាក់ព័ន្ធ​វិវាទ​ដីធ្លី​។ ការ​ឡើង​មក​តវ៉ា​នេះ ស្រប​ពេល​ដែល​អភិបាល​រង​ស្រុក លោក ខឹម សិត បាន​កោះហៅ​ពលរដ្ឋ​ទាំងនោះ​ឱ្យ​ចូល​បំភ្លឺ ផង​ដែរ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ លោក ឈឿន ធី នៅ​ភូមិ​ស្រែព្រាង ស្រុក​ត្បែង​មានន័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពួក​លោក​បាន​នាំ​គ្នា​ជាង​៣០​នាក់ មក​តវ៉ា រក​ដំណោះស្រាយ រឿង​ដីធ្លី​។ បន្ទាប់​ពី​ថ្មីៗ​នេះ ដីស្រែ​របស់​លោក​ជាង​៣​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន លួច​ធ្វើ​ប្លង់​លក់​ឱ្យទៅ​បុគ្គល​ឈ្មោះ លឿង ខឿន ដោយ​គ្មាន ការ​ជូន​ដំណឹង​ដល់​ពួក​លោក​ជាមុន។

លោក ឈឿន ធី បាន​អាស្រ័យ​ផល​លើ​ដី​នោះ តាំងពី​ឆ្នាំ​២០០០ រហូត​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក​ទើប​ទទួល​ដំណឹង​ថា ដី​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​លួច​ធ្វើ​ប្លង់​កាល​ឆ្នាំ​២០១៦ ហើយ​ប្រាប់​ឱ្យ​លោក លែង​អាស្រ័យ​លើ​ដី​នោះ​ទៀត​។ លោក​ថា អាជ្ញាធរ​លួច​ធ្វើ​ប្លង់ដី លក់​ឱ្យទៅ​បុគ្គល​ឯកជន បែបនេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

លោក ឈឿន ធី៖ «សម្រាប់​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគតិច ក្រុម​អាជ្ញាធរ ដែល​លួច​ធ្វើ​ប្លង់​លក់​ទៅ​ឱ្យ​បុគ្គល​ផ្សេងទៀត ទាំង​ខ្ញុំ​មិនដឹង​ខ្លួន ហើយ​សុខៗ​ស្រាប​តែ​មាន​ដីកា​កោះហៅ​ឡើង​ទៅ​សាលាស្រុក។ នេះ​ពិតជា​អំពើ​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ ជា​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រង់ចាំ​ការ​ចុះបញ្ជី​ដី​ជា​សមូហភាព តែ​អាជ្ញាធរ​មិន​ព្រម​ធ្វើ​ប្លង់​សមូហភាព​សម្រាប់​ខ្ញុំ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ស្រុក​ត្បែងមានជ័យ លោក ខឹម សិត ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៩ ខែ​កុម្ភៈ ដោយ​លោក​ប្រាប់​ថា ជាប់​រល់​ប្រជុំ។

ទោះយ៉ាងណា លោក ខឹម សិត បាន​ប្រាប់​ពលរដ្ឋ​អំឡុង​ពេល​ជួយ​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​ឯ​សាលាស្រុក នៅ​ថ្ងៃទី​២៩ ខែ​កុម្ភៈ ថា អាជ្ញាធរ​កំពុង​ព្យាយាម ដោះស្រាយ ប៉ុន្តែ បើ​ដោះស្រាយ​មិន​ចេញ​អាជ្ញាធរ នឹង​ដក​ហូត​យក​ដី​នោះ ធ្វើជា​ដី​រដ្ឋ វិញ​។ តែ​ពលរដ្ឋ​ទាំងនោះ ពុំ​មាន​នរណា​ព្រម ឡើយ។

តវ៉ា១.jpg
ជនជាតិភាគតិចកួយ នៅឃុំប្រមេរ បាននាំគ្នាឡើងតវ៉ា នៅមុខ​សាលាស្រុកត្បែងមានជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ​២០២៤។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ទាក់ទិន​រឿង​នេះ អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ដែល​បាន​ចុះ​ឃ្លាំមើល​រឿង​នេះ​ដោយ​ផ្ទាល់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​ដែល​អាជ្ញាធរ​លួច​ធ្វើ​ប្លង់ដី​លក់​ឱ្យទៅ​បុគ្គល​ឯទៀត ដោយ​ខ្វះ​ការសិក្សា​បាន​ច្បាស់លាស់ គឺជា​គំរូ​ដ៏​អាក្រក់ ហើយ ផ្ដល់​នូវ​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ។

លោក ម៉ា ចិត្រា៖ «ខ្ញុំ​គិតថា​អាជ្ញាធរ​គួរតែ​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ធ្វើ​ប្លង់​កម្មសិទ្ធិ ព្រោះ​អី​កន្លង​មក ជម្លោះដីធ្លី​កើតឡើង ដោយសារ​ភាព​មិន​ច្បាស់លាស់​របស់​អាជ្ញាធរ​ហ្នឹងឯង​។ ជួនណា​ទៅៗ​ធ្វើ​ប្លង់​លើ​ដី​គេ​ក៏​មាន​។ អ្នកខ្លះ​មាន​ដី​អត់​ប្លង់ មាន​ប្លង់​អត់​ដី​។ អ៊ីចឹង ខ្ញុំ​មើលទៅ​វា​អាច​ជាប់​ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ បក្ខពួក​និយម»

ជនជាតិភាគតិច​កួយ លើកឡើង​ថា ដី​ដែល​កំពុង​មាន​ជម្លោះ​នេះ ធ្លាប់​ត្រូវ​បាន ក្រុមហ៊ុន​ស្ករអំពៅ ចិន ឈ្មោះ ហេងហ្វូ (Hengfu Group Sugar Industry) រំលោភ​យក​កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ ក្រោយ​មក ក្រុមហ៊ុន​នេះ ក៏​ក្ស័យធន ហើយ​ពលរដ្ឋ​ក៏​ចាប់ផ្ដើម អាស្រ័យ​ផល​ឡើងវិញ​។ តែ​យ៉ាងណា អស់​រយៈពេល​៤ ទៅ ៥​ឆ្នាំ​ចុង​ក្រោយនេះ​គេ​ឃើញថា អាជ្ញាធរ​មូលដ្ឋាន បែរ​ជា​យក​ដី​នោះ លក់​ឱ្យទៅ​បុគ្គល​ឯកជន​ខ្លះ និង​ដាក់​ជួល​ខ្លះ តាមតែ​អំពើ​ចិត្ត​។ យ៉ាងណា ពលរដ្ឋ​ទាំងនោះ ប្ដេជ្ញា​ថា​នឹង​បន្ត​ទាមទារ រហូត​ទាល់តែ មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។