ជនជាតិ​ដើម​ព្នង ៣​ភូមិ ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​សាលា​ខេត្ត​មណ្ឌលគិរី បើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សហគមន៍​ជូន​ពួកគាត់​វិញ​ទេ

ដោយ សុជីវី
2024.03.28
ជនជាតិ​ដើម​ព្នង ៣​ភូមិ ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​សាលា​ខេត្ត​មណ្ឌលគិរី បើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សហគមន៍​ជូន​ពួកគាត់​វិញ​ទេ ជនជាតិដើម​ភាគតិច​ជួបជុំគ្នា ជជែក​ពិភាក្សា​រឿង​អាជ្ញាធរ​ដកហូត​ដីចម្ការ​វិលជុំ កាលពី​ថ្ងៃទី ២៤ មីនា ២០២៤។
រូប​៖ ​សហគមន៍​ផ្តល់ឱ្យ

ជនជាតិ​ដើម​ភាគតិច​ព្នង ៣ ភូមិ​ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​ខាងមុខ សាលាខេត្ត​មណ្ឌលគិរី ប្រសិនបើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សមូហភាព​សហគមន៍​ជូន​ពួកគាត់​ធ្វើ​ចម្ការ​វិល​ជុំ​ចិញ្ចឹម​ជីវិត និង​អាស្រ័យ​ផល​បែប​ប្រពៃណី​វិញ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ឡាំម៉េះ ភូមិ​ពូចារ និង​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្នើសុំ​ដី​ធ្វើ​កសិកម្ម​ប្រពៃណី​ចិញ្ចឹម​ជីវិត ដែល​ឋិត​ក្នុង​ផែនទី​បឋម​សហគមន៍។

សំណើ​នេះ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ក្រសួងបរិស្ថាន​ថ្មីៗ​នេះ បាន​ដកហូត​ដីចម្ការ​វិល​ជុំ និង​ដី​អាស្រ័យ​ផល របស់​ពួកគាត់​អស់​រាប់ពាន់​ហិកតារ និង​បាន​ហាមប្រាម​មិន​ឱ្យ​ប្រជា​សហគមន៍​ធ្វើ​ចម្ការ​វិល​ជុំ តាម​បែប​ប្រពៃណី​តាំងពី​បុរាណកាល​មក។

តំណាង​សហគមន៍​ជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ពូលុ លោក ក្លាង ថូល ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ជា​ការ​កាត់​ផ្តាច់​ឆ្នាំងបាយ​ពួក​លោក ដែល​មាន​ជីវភាព​ពឹងផ្អែក​ធ្វើ​ចម្ការ​ចិញ្ចឹមជីវិត។

លោក​ថា ប្រជា​សហគមន៍ រស់នៅ​ភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ មាន​ដីចម្ការ​ប្រើប្រាស់​ជាក់ស្តែង​ជិត ៤០០ គ្រួសារ (៣៩៥) ឋិត​ក្នុង​ព្រៃ​សហគមន៍​អាជ្ញាធរ​បែរជា​ហាមឃាត់​មិន​ឱ្យធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​។ រីឯ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ពូចារ ជាច្រើន​គ្រួសារ​ទៀត​ក៏​កំពុង​ប្រឈម​បញ្ហា​ដូចគ្នា​ដែរ។

លោក ក្លាង ថូល៖ «ត្រៀម​តវ៉ា​បើ​ខាង​អាជ្ញាធរ​មិន​ដោះស្រាយ ជូន​ពលរដ្ឋ​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ​បែប​ប្រពៃណី អាជ្ញាធរ​រក​ហូត​ពួកគាត់​មិន​សប្បាយចិត្ត​ទេ​។ ត្រៀម​តវ៉ា​ដេក​នៅ​សាលាខេត្ត យើង​ប្រជុំ​ព្រឹក​មិញ យើង​លើក​ដែរ»

កាលពី​ថ្ងៃទី១១ មីនា តំណាង​គណៈកម្មការ​សហគមន៍​ភូមិ​ពូលុ និង​ភូមិ​ឡាម៉េះ ២២​នាក់ បាន​ផ្ដិតមេដៃ ដាក់​ញត្តិ​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រុក​ពេជ្រាដា និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រគល់​ដី​សម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ​ឋិត​ក្នុង​ដី​សមូហភាព​សហគមន៍ ស្របតាម​វិធាន​ប្រពៃណី​គ្រប់គ្រង​សហគមន៍​របស់​ខ្លួន មាន​ចែង​នៅ​មាត្រា ២៣ នៃ​ច្បាប់​ភូមិបាល។

ខ្លឹមសារ​ញត្តិ​បន្ថែម​ថា ភាព​យឺតយ៉ាវ​ចុះបញ្ជី​សមូហភាព ជា​ឱកាស​ឱ្យ​អ្នក​ខាងក្រៅ​ចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឯកភាព​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ និង នីតិបុគ្គល​ជូន​ប្រជា​សហគមន៍​រួចរាល់​ហើយ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី លោក សុង គឹមហេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ មីនា។

ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូនដំណឹង​ស្ដីពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ ដោយ​គ្មាន​ការលើកលែង​។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

តែ​ទោះជា​យ៉ាងណា​ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ យល់​ថា ទង្វើ​របស់​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មាន​ភាព​មិន​ប្រក្រតី​ច្រើន ក្នុង​ការ​អនុវត្ត​ច្បាប់​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជួប​រឿង​អយុត្តិធម៌​ជា​ថ្មី​ទៀត។

លោកស្រី​ថា ជនជាតិ​ដើម​ភាគតិច​ធ្វើ​ចម្ការ​វិល​ជុំ​ក្នុង​ព្រៃ​សហគមន៍​តាំងពី​បុរាណកាល​មក ដែល​ឋិត​ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព។

លោកស្រី ភ្លឹក ភីរុំ៖ «គេ​មិន​អនុវត្ត​ច្បាប់​នៅ​កន្លែង​ផ្សេង គេ​អនុវត្ត​តែ​កន្លែង​ជនជាតិ​ដើម​ភាគតិច។ ខ្ញុំ​មិនបាន​ទុកចិត្ត​អាជ្ញាធរ​បរិស្ថាន ក្នុង​ការ​ការពារ​ព្រៃឈើ​ទេ មានតែ​ជនជាតិ​ដើម​ភាគតិច អាហ្នឹង​ហាក់ដូចជា ឱ្យ​យើង​មាន​បញ្ហា»

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា ច្បាប់​ភូមិបាល​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ដើម​ភាគតិច​បន្ត​ប្រើប្រាស់​ដី​របស់​ខ្លួន​ក្នុង​ពេល​រង់ចាំ​ចុះបញ្ជី​សមូហភាព។

លោក​ថា អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​គួរ​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​តំណាង​សហគមន៍ ដើម្បី​រក​ដំណោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគតិច។

លោក ប៊ី វ៉ាន់នី៖ «កាលណា​វិធានការ​របស់​យើង ទៅ​ធ្វើ​ពេល​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត ប៉ះពាល់​ប្រពៃណី សហគមន៍​ជនជាតិ​ដើម​ភាគតិច គ្មាន​ទៅ​ដាំ​ស្រូវ និង​ធ្វើ​ចម្ការ​ទេ។ បើសិន​គាត់ ដកហូត​ធ្វើ​ឱ្យ​គាត់​មិនមាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ»

ប្រជា​សហគមន៍​ភូមិ​ពូលុ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ដី​សមូហភាព មាន​ទំហំ​ជាង ៨​ពាន់​ហិកតារ (.០០០) កាលពី​ឆ្នាំ ២០១៣ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ដី​ព្រៃ​សមូហភាព​នៅសល់​ជាក់ស្តែង ជិត ១​ពាន់​ហិកតារ (.០០០) ប៉ុណ្ណោះ​។ រីឯ​ដី​ព្រៃ​សហគមន៍ ភូមិ​ឡាំម៉េះ មាន​ទំហំ​ជាង ៩​ពាន់​ហិកតារ (.០០០) មក​ទល់​ពេល​នេះ​នៅ​សល់​ជាង ១​ពាន់​ហិកតារ។

ប្រជា​សហគមន៍​អះអាង​ថា ការ​រួម​តូច​ព្រៃ​អភិរក្ស​ទាំងនេះ​ដោយសារ​ភាព​ធូររលុង​នៃ​ការអនុវត្ត​ច្បាប់ និង​អំពើពុករលួយ បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ព្រៃ​សហគមន៍ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច និង​ពលរដ្ឋ​ចំណូលស្រុក​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៣។

ព្រៃ​សហគមន៍​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។