មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង​ស្នើ​ស៊ើប​អង្កេត​ពី​ការ​គ្រប់គ្រង​ដី​មន្ទីរ​អប់រំ

ដោយ ម៉ែន សុធីរ
2017-03-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក តុ ស៊ីសំបុត្រ បង្ហាញ​ដី​ដែល​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង ធ្វើ​របង​ឲ្យ​ឋិត​នៅ​ក្រៅ​បរិវេណ​មន្ទីរ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក តុ ស៊ីសំបុត្រ បង្ហាញ​ដី​ដែល​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង ធ្វើ​របង​ឲ្យ​ឋិត​នៅ​ក្រៅ​បរិវេណ​មន្ទីរ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Men Sothyr

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់គ្រង​ដី​ឯកជន​របស់​រដ្ឋ ឋិត​នៅ​ជាប់​របង​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង។ កាល​ពី​ចុង​ឆ្នាំ​២០១៦ មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង បាន​ធ្វើ​របង​ស៊ីម៉ងត៍​ខាង​ក្រោយ​មន្ទីរ​អប់រំ ខុស​ទម្រង់​ដើម បណ្ដាល​ឲ្យ​ដី​មួយ​ផ្នែក​របស់​មន្ទីរ​ឋិត​នៅ​ក្រៅ​របង។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​តែ​មាន​មន្ទិល និង​អំពាវនាវ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ជុំវិញ​ដី​មួយ​ផ្នែក​របស់​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​គេ​ធ្វើ​របង​ឲ្យ​ដី​នោះ​ឋិត​នៅ​ក្រៅ​បរិវេណ​មន្ទីរ។ បញ្ហា​នេះ ពួក​គេ​សង្ស័យ​ថា អាច​ជា​ចេតនា​លួច​ទ្រព្យ​សម្បត្តិ​រដ្ឋ​លក់​ជា​សម្បត្តិ​ឯកជន ក្រោម​រូបភាព​ស្ថាបនា​របង។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ស្ទឹងត្រែង លោក តុ ស៊ីសំបុត្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ថា ដី​មួយ​ផ្នែក​ឋិត​នៅ​ជាប់​របង​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង គឺ​ជា​ដី​ឯកជន​របស់​រដ្ឋ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ការ​ធ្វើ​របង​ស៊ីម៉ងត៍ ធ្វើ​ឲ្យ​ដី​ដែល​មាន​ទំហំ​ទទឹង​ពី ២០​ម៉ែត្រ​ដល់ ៣០​ម៉ែត្រ បណ្តោយ ៤០​ម៉ែត្រ​ឋិត​នៅ​ខាង​ក្រៅ​បរិវេណ​មន្ទីរ​អប់រំ​ទៅ​វិញ។ បញ្ហា​នេះ លោក​បារម្ភ​ខ្លាច​ក្រែង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ នឹង​ធ្លាក់​ទៅ​បុគ្គល​ឯកជន។ លោក​ចង់​ឃើញ​មន្ទីរ​អប់រំ​ខែត្រ និង​ក្រសួង​អប់រំ ស្រាយ​បំភ្លឺ​បញ្ហា​នេះ​ឲ្យ​ច្បាស់លាស់៖ «ក្នុង​នាម​ពលរដ្ឋ ចង់​ឲ្យ​អាជ្ញាធរ​ស្រាយ​បំភ្លឺ​ឲ្យ​ពលរដ្ឋ​ដឹង​ថា ដែល​សល់​ពី​របង​នេះ តើ​គាត់​មាន​បំណង​យក​ទៅ​ណា? គាត់​លក់​ឬ​ធ្វើ​អី? ពលរដ្ឋ​ចង់​ដឹង​ណាស់​រឿង​ហ្នឹង។ ក្នុង​នាម​ខ្ញុំ​ពលរដ្ឋ​បារម្ភ​ខ្លាច​បាត់​ដី​រដ្ឋ​បន្ត​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី និង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ មីនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា ដី​មួយ​ផ្នែក​នេះ​ត្រូវ​បាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង ធ្វើ​ការ​ដោះដូរ​ជាមួយ​បុគ្គល​ឯកជន។ ការ​ដោះដូរ​នេះ គឺ​ឈ្មួញ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​មន្ទីរ និង​កសាង​រូប​សំណាក​សម្ដេច​សង្ឃ ជួន ណាត ក្នុង​បរិវេណ​មន្ទីរ ក៏ប៉ុន្តែ​លោក​ពុំ​ដឹង​ប្រាកដ​ថា ការ​ដោះដូរ​នេះ​មាន​ការ​ឯកភាព​ពី​ក្រសួង​សាមី​ឬ​ទេ?

មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា កន្លង​ទៅ ទ្រព្យ​សម្បត្តិ​រដ្ឋ​រួម​មាន​មន្ទីរពេទ្យ និង​សាលារៀន​ជាដើម មន្ត្រី​រដ្ឋាភិបាល​បាន​ឃុបឃិត​គ្នា​លក់ និង​ដោះដូរ ហើយ​យក​ប្រាក់​ចែក​បុគ្គលិក​ក្រោម​ឱវាទ​ខុស​នីតិវិធី។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា ពន្យល់​ថា ការ​ដោះដូរ​ដី​ឯកជន​របស់​រដ្ឋ​អាច​ធ្វើ​ទៅ​បាន លុះត្រា​មាន​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកភាព​ពី​ក្រសួង​សាមី ព្រម​ទាំង​ត្រូវ​បើក​ចំហ​ព័ត៌មាន​ស្ដីពី​ការ​ដោះដូរ​នេះ មិន​ត្រូវ​មាន​ការ​ដោះដូរ​ស្ងាត់ៗ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ដោះដូរ​ដី​ឯកជន​របស់​រដ្ឋ ត្រូវ​ប្រកាស​ជា​សាធារណៈ និង​បញ្ជាក់​ពី​វត្ថុ​បំណង​នៃ​ការ​ដោះដូរ​ច្បាស់លាស់៖ «ខ្ញុំ​យល់​ថា ដើម្បី​បញ្ចៀស​ការ​រិះគន់ មន្ទីរ​អប់រំ គួរ​តែ​បញ្ចេញ​ភស្តុតាង ឬ​មួយ​ឲ្យ​មហាជន​បាន​ដឹង ជាពិសេស​បុគ្គលិក​ក្រោម​ឱវាទ»

ដី​ដែល​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង ទុក​នៅ​ក្រៅ​បរិវេណ​មន្ទីរ ឋិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង មាន​ទំហំ​ក្បាល ២០​ម៉ែត្រ បណ្តោយ​ជាង ៤០​ម៉ែត្រ រាង​ត្រីកោណ។ អ្នក​ភូមិ​ប៉ាន់ស្មាន​ថា ដី​នេះ​មាន​តម្លៃ ៥​ម៉ឺន​ទៅ ៦​ម៉ឺន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល