អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ពន្លឿន​ការ​ផ្លាស់ទី​ពលរដ្ឋ​ជាង​២០០​គ្រួសារ​ដើម្បី​អភិវឌ្ឍ​ច្រាំង​ទន្លេ

ដោយ ជិន ជេដ្ឋា
2017-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ។
អ្នក​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ។
RFA/Chin Chetha

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​ជំរុញ​ឲ្យ​ម្ចាស់​ផ្ទះ​ដែល​មាន​ផ្ទះ​លយ​ចូល​ទៅ​ក្នុង​​ទន្លេ​ផ្សារ​ក្រោម​ជាង ២០០​ខ្នង រុះរើ​ទៅ​រស់​នៅ​កន្លែង​ថ្មី ដើម្បី​យក​ដី​ចំណី​មាត់​ទន្លេ​ទៅ​អភិវឌ្ឍ​ផ្លូវ និង​សួនច្បារ។ ចំណែក​ពលរដ្ឋ​នៅ​អល់អែក​ក្នុង​ការ​ចាកចេញ ដោយ​ពួកគេ​អះអាង​ថា សំណើ​សុំ​សំណង​រុះរើ​ផ្ទះ​ដែល​ពលរដ្ឋ​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​នោះ មិន​ទាន់​មាន​ចម្លើយ​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ។

អនុ​ប្រធាន​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ថា ក្នុង​ចំណោម​ម្ចាស់​ផ្ទះ ២១០​ខ្នង មាន​តែ ៣០​ខ្នង​ប៉ុណ្ណោះ​បាន​រុះរើ​ផ្ទះ​ចេញ​ទៅ​កន្លែង​ថ្មី។ ចំណែក​ម្ចាស់​ផ្ទះ​ជាង ១០០​ខ្នង​ទៀត​នៅ​ស្ទាក់ស្ទើរ ដោយ​ចង់​បាន​សំណង​រុះរើ​ផ្ទះ​បន្ថែម​លើ​សំណង​ផ្ដល់​ដី​ឡូត៍​ទំហំ ៥ គុណ​នឹង ២០​ម៉ែត្រ​នៅ​លើ​ទីតាំង​ថ្មី។ ពលរដ្ឋ​មិន​ជំទាស់​ការ​អភិវឌ្ឍ​អាជ្ញាធរ​ឡើយ ប៉ុន្តែ​សុំ​ឲ្យ​ដោះស្រាយ​សមរម្យ​ជា​មុន។

អនុ​ប្រធាន​ភូមិ​ចុងកោះ លោក យ៉ើ អ៊ីត បន្ថែម​ថា អ្នក​ភូមិ​ខ្វល់​ចិត្ត​រឿង​ពេល​វេលា​រក​ស៊ី ការ​ដឹក​ជញ្ជូន​សម្ភារៈ​ក្នុង​ផ្ទះ និង​បញ្ហា​ឈើ​បាក់​បែក​ពេល​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី​ទើប​ពលរដ្ឋ​សុំ​សំណង​រុះរើ៖ «មិន​មាន​ការ​ចម្រូង​ចម្រាស​អី​ទេ គាត់​គ្រាន់​តែ​ចាំ​មើល! គាត់​ស្នើ​សុំ​នោះ​វា​ច្រើន​ដង​ហើយ វា​អត់​បាន។ ឥឡូវ​ចាំ​មើល​ដល់​ពេល​រុះរើ​ហ្នឹង គាត់​នៅ​ធ្វើ​ការ​ទាមទារ និង​ស្នើ​សុំ​ម្ដង​ទៀត។ គាត់​បារម្ភ​ខ្លាច​អត់​បាន តែ​គាត់​មិន​ដឹង​ធ្វើ​ម៉េច​ដល់​ពេល​ហ្នឹង ព្រោះ​គាត់​អស់​លទ្ធភាព»

គម្រោង​អភិវឌ្ឍន៍​សួន​ច្បារ និង​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​មាន​​រយៈ​ពេល ៥​ឆ្នាំ គឺ​គិត​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង និង​តូប​លក់​ដូរ​តាម​មាត់​ទន្លេ​ជា​ច្រើន។ អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ឯកជន ផ្ដល់​ដី​ឡូត៍ ១​ប្លង់​ក្នុង ១​គ្រួសារ​តែ​តម្រូវ​ឲ្យ​បង់​ថ្លៃ​ចាក់​ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១​ពាន់​ដុល្លារ ហើយ​អាច​បង់​រំលោះ​រយៈពេល ២​ឆ្នាំ។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​នេះ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា អាជ្ញាធរ​ពុំ​មាន​លទ្ធភាព​ផ្ដល់​សំណង​រុះរើ​ផ្ទះ​ជូន​ពលរដ្ឋ​ទៀត​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​ផ្ដល់​ដី​មួយ​ប្លង់​ក្នុង​មួយ​ខ្នង​ផ្ទះ ហើយ​អាជ្ញាធរ​ត្រៀម​កម្លាំង​ជួយ​ដឹក​ជញ្ជូន​គ្រឿង​ផ្ទះ​ពលរដ្ឋ​ទៀត​ផង។លោក​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ពី​មាត់​ទន្លេ​ឲ្យ​អស់​យ៉ាង​យូរ​នៅ​ដំណាច់​ឆ្នាំ​២០១៧ នេះ៖ «មក​ដល់​ម៉ោង​នេះ​ភាគ​ច្រើន​ហ្នឹង ៨០% ជាង គឺ​គាត់​បាន​យក​ទៅ​តាម​គោលការណ៍​ដែល​គាត់​ព្រមព្រៀង​យក​ដី​ធ្លី​ហ្នឹង​ហើយ។ សំណើ​ដែល​គាត់​ដាក់​មក​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង ក៏​ខ្ញុំ​បាន​ពិនិត្យ​មើល​ហើយៗ អា​ហ្នឹង​ក្រុម​ការងារ​នឹង​ដោះ (ដោះស្រាយ) ដោយ​ឡែក ប៉ុន្តែ​ឥឡូវ​កំពុង​ដោះ​ជូន​បងប្អូន​ភាគ​ច្រើន​នេះ​សិន»

អាជ្ញាធរ និង​ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ​ប្រមាណ ៦​គ្រួសារ​ទៀត បដិសេធ​មិន​ទទួល​យក​លុយ ឬ​ដោះដូរ​យក​ដី​ឡូត៍ ដើម្បី​ចាកចេញ ខណៈ​ពលរដ្ឋ​ប្រមាណ ១១​គ្រួសារ​ផ្សេង​ទៀត យល់​ព្រម​ទទួល​យក​ដី​ឡូត៍ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព​រុះរើ​ផ្ទះ​ចេញ​ពី​លើ​ដី​ចំណី​មាត់​ទន្លេ​នោះ។ គម្រោង​ធ្វើ​សួន​ច្បារ និង​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ប្រប​មាត់​ទន្លេ នឹង​ធ្វើ​ហើយ​នៅ​ឆ្នាំ​២០១៨ បើ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ​អស់​តាម​គម្រោង​នៅ​ដំណាច់​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល