ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​ខ្លួន​តំណាង​សហគមន៍​ឡ​ពាង​ ២​នាក់ និង​ពលរដ្ឋ​ម្នាក់​ទៅ​តុលាការ

ដោយ​ សន ចាន់រដ្ឋា
2022.01.31
ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​ខ្លួន​តំណាង​សហគមន៍​ឡ​ពាង​ ២​នាក់ និង​ពលរដ្ឋ​ម្នាក់​ទៅ​តុលាការ លោកស្រី អ៊ុំ សុភី និង​លោក ស្ងួន ញឿន គឺ​ជា​សកម្មជន​ដីធ្លី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​លេចធ្លោ ចេញ​មុខ​ទាមទារ​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ ពី​ប្រធាន​ក្រុមហ៊ុន​ ខេឌីស៊ី (KDC) របស់​អ្នក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។
រូប៖ ហ្វេសប៊ុក

ស្នងការ​ខេត្ត​កំពង់​ឆ្នាំង​បញ្ជូន​តំណាង​សហគមន៍​ឡ​ពាង​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ឃុំ​កោះ​ថ្កូវ​ ស្រុក​ជលគិរី ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង ដោយ​ចោទ​ពួកគាត់​ថា​ដុត​ចំបើង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ឯកជន ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បណ្ដឹង​របស់​ពលរដ្ឋ​រស់​នៅកន្លែង​មាន​ជម្លោះ​នោះ។ អង្គការ​សង្គម​ស៊ីវិល​យល់​ថា​ នេះ​ជា​រឿង​តូច​តាច ដែល​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី ហេតុ​នេះ​តុលាការ​គួរ​ដោះលែង​ពលរដ្ឋ​ទាំង​៣​នាក់​ឲ្យ​មាន​សេរីភាព និង​ដោះស្រាយ​បញ្ចប់​វិវាទ​នោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជា​ប្ដី​ប្រពន្ធ​ពីរ​នាក់ ​នៅ​ភូមិ​ឡ​ពាង គឺ​លោក​ ស្ងួន ញឿន លោកស្រី អ៊ុំ សុភី និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត គឺ​លោកស្រី ទួន សេង ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើប​សួរ​ដោយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ពួកគាត់​ទៅ​តុលាការ ពាក់​ព័ន្ធ​បណ្ដឹង​ពលរដ្ឋ​រស់​នៅ​ទីតាំង​មាន​ជម្លោះ​ដីធ្លី ដែល​ចោទ​អ្នក​ទាំង​បី​នាក់​ថា ដុត​ពំនូត​ចំបើង​អស់​៣​គោ​យន្ត​ ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា។

ពលរដ្ឋ​ម្នាក់​ដែល​មាន​ជម្លោះ​ដីធ្លី ហើយ​ជាប់​បណ្ដឹង​នេះ គឺ​លោកស្រី ទួន សេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ មករា ពី​កន្លែង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ថា លោកស្រី ​បាន​ដុត​សំរាម​នៅ​ក្បែរ​រោង​គោ​ក្នុង​ដីធ្លី​របស់​ខ្លួន​សោះ បែរ​ជា​មាន​ពលរដ្ឋ​ម្ខាង​ទៀត ​ដែល​មាន​​អាជ្ញាធរ​ភូមិ​ឃុំ​ផង​នោះ ប្ដឹង​លោក​ស្រី និង​តំណាង​អ្នក​ភូមិ​ឡ​ពាង ២នាក់​ប្ដី​ប្រពន្ធ​ ទៅ​នគរបាល​ស្រុក​ ខេត្ត​ ហើយ​រហូត​ដល់​នាំ​ខ្លួន​ពួកគាត់​បញ្ជូន​ទៅ​តុលាការ។

លោក​ស្រី​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​លោកស្រី​ ដែល​បាន​បាត់​បង់​ដីធ្លី​ហើយ ត្រូវ​រង​បណ្ដឹង​ឡើង​តុលាការ​ថែមទៀត។

ស្ត្រី​វ័យ ៥៥ឆ្នាំ ដែល​ទទួល​បន្ទុក​ចិញ្ចឹម​ចៅ​កំព្រា ៣នាក់​រូប​នេះ ស្នើ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ៖ «អត់​មាន​បំផ្លាញ​អី​ទេ។ ខ្ញុំ​ដុត​តែ​ចំបើង អត់​មាន​ឆេះ​អី​ទេ។ ឆេះ​តែ​កម្ទេច​ចំបើង និង​សំរាម។ សំរាម​ហ្នឹង​ ហើយ​នឹង​ធុង​អាចម៍​គោ​មួយ។ សូម​ឲ្យ​តុលាការ​ហ្នឹង​ដោះលែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​ទៅ ព្រោះ​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទេ។ ខ្ញុំ​ដុត​តែ​សំរាម​ទេ​។ ខ្ញុំ​មើល​ចៅ​កំព្រា​ផង»

ចំណែក​ តំណាង​សហគមន៍​ឡ​ពាង គឺ​លោក ស្ងួន ញឿន និង​លោកស្រី អ៊ុំ សុភី ត្រូវ​បាន​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា រួម​គំនិត​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា។

លោក ស្ងួន ញឿន ថ្លែង​ថា ការ​ចោទ​ប្រកាន់​ពី​សំណាក់​សមត្ថកិច្ច​ខេត្ត​កំពង់​ឆ្នាំង តាម​បណ្ដឹង​របស់​ពី​ពលរដ្ឋ​ម្ខាង​ទៀត​នោះ គឺ​ជា​រឿង​មួរ​បង្កាច់ និង​មាន​ចេតនា​ធ្វើ​បាប​ពួកគាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ ដោយ​សារ​កន្លង​មក ពួកគាត់​តែង​តែ​ផ្សព្វផ្សាយ​រឿង​រ៉ាវ​នានា​ដែល​កើត​ឡើង​ក្នុង​សហគមន៍ បង្ហោះ​តាម​ហ្វេសប៊ុក ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ។

លោក​ស្នើ​សុំ​តុលាការ​ដោះ​លែង​លោក​និង​ភរិយា​ឲ្យ​មាន​សេរីភាព ដើម្បី​វិល​ទៅ​មើល​ថែ​កូន ៤នាក់​ក្នុង​បន្ទុក​គ្រួសារ ព្រោះ​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ៖ «សូម​ឲ្យ​ព្រះរាជអាជ្ញា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ហ្នឹង តាម​បណ្ដឹង​របស់​គេ​ហ្នឹង គឺ​មិន​ពិត​ទេ។ ពួក​ខ្ញុំ​សំណូមពរ​ឲ្យ​ដោះ​លែង​ពួក​ខ្ញុំ​ទាំង​បី​នាក់ ព្រោះ​ករណី​ជា​ជម្លោះ​ដីធ្លី​ទេ។ សម្ដេច​បាន​ប្រកាស​ហើយ ជម្លោះដីធ្លី​មិន​ត្រូវ​បាន​ចាប់​ប្រជាពលរដ្ឋ​ណា​ដាក់​ពន្ធនាគារ​ទេ។ ហើយ​ការ​ចោទ​ប្រកាន់​នេះ ចោទ​ប្រកាន់​ទាំង​បំពាន​ទៀត។ មិន​មែន​ជា​ការ​ពិត​ទេ»

ទាក់​ទង​នឹង​រឿង​នេះ មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ពលរដ្ឋ​​ទាំង ៣នាក់ គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​ថា ករណី​អាជ្ញាធរ​ចាប់​ខ្លួន​ពលរដ្ឋ​បញ្ជូន​ទៅ​តុលាការ​នេះ គឺ​ខាង​សមត្ថកិច្ច​មិន​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​រឿង​នេះ​​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ក្រៅ​ពី​ផ្អែក​លើ​បណ្ដឹង​ពលរដ្ឋ​ម្ខាង​ទៀត។

លោក​បន្ត​ទៀត​ថា រឿង​នេះ គឺ​ផ្ដើម​ចេញ​ពី​វិវាទ​ដីធ្លី​មួយ​គ្រួសារ​ ដែល​មិន​សុខចិត្ត​នឹង​អាជ្ញាធរ​មូលដ្ឋាន ​យក​ដីធ្លី​របស់​គាត់​ ទៅ​ពុះ​ជា​ដី​ឡូត៍​ចែក​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត ដោយ​មិន​បាន​ផ្ដល់​សំណង​ត្រឹម​ត្រូវ​ជា​មុន។

លោក​ស្នើ​តំណាង​អយ្យការ​ពិនិត្យ​មើល​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ៖ «ខ្ញុំ​មើល​រឿង​ហ្នឹង គឺ​ពាក់​ព័ន្ធ​នឹង​ការ​ដណ្ដើម​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ដី​នៅ​កន្លែង​ណាមួយ​នោះ ដែល​ខ្ញុំ​អង្កេត​មើល​ឥរិយាបថ គឺ​ចូល​ជា​លក្ខណៈ​អ៊ីចឹង​ទេ។ អ៊ីចឹង​ហើយ​ ទើប​មាន​ការ​ចោទ​ប្រកាន់ ទាក់ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ហ្នឹង។ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ចាត់​ការ​ឲ្យ​បាន​ត្រឹមត្រូវ​ កុំ​ឲ្យ​លម្អៀង ហើយ​សម្រាប់​ខ្ញុំ​ជា​មេធាវី ខ្ញុំ​មិន​ចង់​កុំ​ឲ្យ​កូន​ក្ដី ទុក​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ឲ្យ​ឃើញ​ភាព​ច្បាស់លាស់។ ចៀសវាង​មិន​ច្បាស់​លាស់​ ស្រពិចស្រពិល ចេះ​តែ​ឃុំ​ខ្លួន​ទៅ​ធ្វើ​ប៉ះពាល់​យុត្តិធម៌​ផង ប៉ះពាល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ផង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ឆ្លើយ​តប​រឿង​នេះ​ពីអ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង លោក ឡុង ស៊ីថា បាន​ទេ នៅ​ថ្ងៃ​ទី៣១ មករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ភាគី​មាន​ជម្លោះ​ដីធ្លី​ និង​អ្នក​សារព័ត៌មាន​ពលរដ្ឋ។

លោក​ចាត់​ទុក​ករណី​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​ផ្សព្វផ្សាយ​រឿង​ពិត​ក្នុង​សង្គម​ឲ្យ​អាជ្ញាធរ​និង​រដ្ឋាភិបាល​ដឹង ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់៖ «បើ​សិន​ជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​លម្អិត​ ឲ្យ​បាន​មាន​តម្លាភាព​មុន​ទៅ ហើយ​ដោះលែង​ពួកគាត់​មក​សិន​មក។ ហើយ​ដំណើរ​ការ​ក្ដី​ បើ​សិន​ជា​ព្រះរាជអាជ្ញា​មើល​ទៅ​មិន​អាច​ចោទ​ប្រកាន់​អី ព្រះរាជអាជ្ញា​អាច​ទម្លាក់​ការ​ចោទ​ប្រកាន់​បាន។ នេះ​ជា​បញ្ហា​មួយ ដែល​អាច​ដោះស្រាយ​បាន​ ហើយ​គាត់​អាច​សម្រួល​គ្នា​តាម​ប្រព័ន្ធ​ក្រៅ​តុលាការ​ទៅ ពី​ព្រោះ​រឿង​ហ្នឹង​ តូច​តាច​ណាស់»

លោក ស្ងួន ញឿន និង​លោកស្រី អ៊ុំ សុភី គឺ​ជា​សកម្មជន​ដីធ្លី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​លេចធ្លោ ចេញ​មុខ​ទាមទារ​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ ពី​ប្រធាន​ក្រុមហ៊ុន​ ខេឌីស៊ី (KDC) អ្នក​ស្រី ជា ខេង ត្រូវ​ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ចំណែក​លោកស្រី លោក ទួន សេង គឺ​ជា​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ​បាន​ឃុបឃិត​គ្នា​ដក​យក​ដី​ធ្លី​គាត់​អាស្រ័យ​ផល​ជិត ១០ឆ្នាំ យក​ទៅ​បែង​ចែក​ឲ្យ​ពលរដ្ឋ​ជាង ១១គ្រួសារ​ទៀត ដោយ​គ្មាន​ផ្ដល់​សំណង។

អ្នក​ទាំង៣ ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​អស់​មួយ​យប់​ក្នុង​អធិការដ្ឋាន​ស្រុក​ជល​គិរី ដោយ​គ្មាន​ផ្ដល់​បាយ​ទឹក​ឲ្យ​ពួកគាត់​ហូប​ទេ កាល​ពី​ថ្ងៃ​ទី២៩ មករា។ ១ថ្ងៃ​ក្រោយ​មក សមត្ថកិច្ច​ក៏​បញ្ជូន​ខ្លួន​ពួក​គាត់​ទៅ​ស្នង​ការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង។

អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​រឿង​នេះ ​ស្នើ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង ដោះលែង​ពលរដ្ឋ ៣នាក់​វិល​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ពួកគាត់​វិញ ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ ទើប​ជា​ការ​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។