សហគមន៍​ព្រៃឈើ​នៅ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​ដាំ​អំពៅ​រំលោភ​យក​ដី

ដោយ អ៊ុក សាវបូរី
2014.04.22

អ្នក​ការពារ​ផលប្រយោជន៍​ព្រៃឈើ​សម្រាប់​សហគមន៍​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ទាមទារ​ឲ្យ​មាន​ការ​ប្រគល់​ទំហំ​ព្រៃ​ការពារ​ច្បាស់​លាស់ ខណៈ​មាន​មនុស្ស​ប្លែក​មុខ​​ចុះ​ទៅ​ចុច ជី.ភី.អេស (GPS) ក្នុង​ដី​សហគមន៍ ដែល​កំពុង​ការពារ​ព្រៃឈើ ទុក​ជា​សម្បត្តិ​សមូហភាព។

​សហគមន៍​ការពារ​ព្រៃឈើ​ឧត្តមស្រែពស់ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ចោទ​ថា ​ក្រុមហ៊ុន​ដាំ​អំពៅ​និង​ពោត អេច្ឆ.អិល.អេច្ឆ (HLH) និង​អ្នក​មាន​អំណាច​រំលោភ​យក​ដី​សហគមន៍។

​ការ​ចោទ​នោះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​មាន​អ្នក​ប្លែក​មុខ​ចុះ​ចុច ជី.ភី.អេស ក្នុង​ដី​សហគមន៍​​​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ បន្ទាប់ពី​សហគមន៍​នោះ​អះអាង​ថា ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ បាន​ឈូស​ដី​​​សហគមន៍​យក​អស់ ៣០០​ហិកតារ ហើយ​អាជ្ញាធរ​សន្យា​សង​វិញ ប៉ុន្តែ​មិន​មាន​ឃើញ​ដី​ផ្តល់​ឲ្យ។

​សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ឧត្តមស្រែពស់ លោក ឈន ធា ថ្លែង​ថា ពួកគាត់​កំពុង​រៀបចំ​​​ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​បរិស្ថាន​ពី​ការ​បាត់បង់​ដី​សហគមន៍​ម្ដង​បន្តិចៗ ដោយ​ការ​​​បំពាន​យក​ពី​សំណាក់​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច៖ «គេ​បំណង​យក​ហ្នឹង​ហើយ ព្រោះ​កាល​ពី​ឆ្នាំ​២០១៣ គេ​ធ្វើ​អារ​របៀប​ហ្នឹង​រួច​ហើយ ឈូស​ឆាយ​យក​ដី កន្លែង​គេ​វាស់​អ៊ីចឹង!។

​លោក ឈន ធា បន្ត​ថា សហគមន៍​បាន​កកើត​តាំង​ពី​ឆ្នាំ​២០០៣ មាន​ការ​គាំទ្រ​ពី​មន្ត្រី​បរិស្ថាន និង​​​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ពួកគាត់​គ្រប់គ្រង​ដី​ព្រៃ​ទំហំ ២.៤៣៣​ហិកតារ។ នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ដាំ​អំពៅ​និង​ពោត ឈ្មោះ អេច្ឆ.អិល.អេច្ឆ បាន​ឈូស​ចូល​ដី​សហគមន៍​ទំហំ ៣០០​ហិកតារ។ សហគមន៍​បាន​តវ៉ា អាជ្ញាធរ​ខេត្ត ស្រុក និង​មន្ត្រី​បរិស្ថាន មក​ប្រជុំ​សន្យា​ជាមួយ​សហគមន៍ ផ្ដល់​ដី​​​ឲ្យ​វិញ​នៅ​ប៉ែក​ខាងជើង​ដី​សហគមន៍។ ប៉ុន្តែ​ការ​សន្យា​មាន​តែ​មាត់ ចំណែក​ដី​មិន​ប្រគល់​ឲ្យ​តាំង​ពី​​​ឆ្នាំ​២០១០ ស្រាប់តែ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៤ អ្នក​ភូមិ ២​នាក់ បាន​នាំ​មនុស្ស​ថ្មី​មក​ចុច ជី.ភី.អេស វាស់​ដី​ព្រៃ​សហគមន៍​ដែល​នៅ​សេសសល់ ទើប​សមាជិក​សហគមន៍​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទាមទារ​​ដី​បាត់ និង​ប្ដឹង​បុរស ២​នាក់ ដែល​នាំ​មនុស្ស​ថ្មី​មក​ចុច ជី.ភី.អេស ក្នុង​ដី​សហគមន៍។ លោ​កថា​ការ​ប្តឹង​នោះ ព្រោះ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​សហគមន៍​តែម្ដង។

​សមាជិក​សហគមន៍​ព្រៃឈើ​ឧត្តម​ស្រែពស់ មួយ​រូប​ទៀត លោក ម៉ៅ ម៉េត នៅ​ឃុំ​ត្រពាំងជោរ ថ្លែង​ថា ដី​ព្រៃ​សហគមន៍ ចេះ​តែ​មាន​អ្នក​បង្ខិត​ចូល​ម្ដង​បន្តិចៗ ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​ខំ​ការពារ​ដី​និង​ព្រៃ ក្លាយ​ជា​​​ជន​រងគ្រោះ​ទៅ​វិញ នៅ​ពេល​សត្វ​គោ​ចូល​ទៅ​ក្នុង​អតីត​ដី​សហគមន៍ បែរ​ជា​ក្រុមហ៊ុន​គេ​ចាប់​សត្វ​គោ​ទុក ហើយ​ឲ្យ​ម្ចាស់​សត្វ​បង់​ប្រាក់​លោះ​គោ​មក​វិញ។ ហេតុ​នេះ គាត់​ចង់​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​ជួយ​ពួកគាត់​ផង៖ «ដែល​ក្រុមហ៊ុន​មក​ព័ទ្ធ​អ៊ីចឹង ខ្ញុំ​នឹង​វាទី​ខ្លី​បាត់​ទៅ​ហើយ ដី​តូច ក្របី​គោ​ខ្ញុំ​ទៅ​ប៉ះពាល់​នៅ​ក្រុមហ៊ុន​ ​គាត់​មក​សុំ​ថ្លៃ​ទៀត សុំ​ថ្លៃ​ពី​ក្របី​គោ​ខ្ញុំ​ទៅ​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន»

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ខេង កួន បំភ្លឺ​រឿង​នោះ​ថា សហគមន៍​ការពារ​ព្រៃឈើ​ឧត្តមស្រែពស់ ស្ថិត​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​ស្គាល់​នៅ​អំឡុង​ឆ្នាំ​​២០១២ ឲ្យ​គ្រប់គ្រង​ផ្ទៃដី​ព្រៃស្រោង តែ​ជាង ៥០០​ហិកតារ​ទេ។ លោក​ថា អ្នក​ចូល​ទៅ​ចុច ជី.ភី.អេស ក្នុង​ដី​សហគមន៍​នោះ គឺ​មន្ត្រី​សុរិយោដី​ដែល​គ្រោង​នឹង​ចេញ​ប្លង់​ឲ្យ​សហគមន៍​គ្រប់គ្រង​ត្រឹមត្រូវ។

លោក ខេង កួន៖ «ដី​សហគមន៍​ដែល​គេ​ផ្ដល់​ឲ្យ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ទេ ប៉ុន្តែ​រឿង​ហ្នឹងៗ​ខាង​សុរិយោដី​គេ​ទៅ​ចេញ​ប្លង់​ដើម្បី​បង្កើត​ជា​វត្ត​ឧត្តមស្រែពស់។ រួច​ពី​ហ្នឹង​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​ទៅ​រឹប​អូស ឬ​ក៏​ទៅ​​កាត់​អី​ស្រេច​ចិត្ត​បាន​ទេ អា​នេះ​រឿង​ថ្នាក់​ក្រសួង​គេ​សម្រេច មិន​អាច​ម្នាក់​ណា​យក​ដី​ហ្នឹង​ទៅ​លក់ ឬ​ក៏​​ទៅ​ប៉ះពាល់ ក្រុមហ៊ុន​រំលោភ​យក​ក៏​អត់​បាន​ដែរ ឲ្យ​តែ​ក្រសួង​គេ​ចេញ​ឲ្យ​ប៉ុណ្ណា​គឺ​ប៉ុណ្ណឹង​ហើយ»

​មេឃុំ​ត្រពាំងជោរ លោក ទេព ណែម អះអាង​ថា សហគមន៍​ការពារ​ព្រៃឈើ​ឧត្តមស្រែពស់ បង្កើត​​​ឡើង​បាន​ជួយ​ការពារ​ព្រៃឈើ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ និង​ការពារ​បាន​ស្មៅ​សម្រាប់​សត្វ​ពាហនៈ។ លោក​មិន​បាន​ដឹង​អំពី​ទំហំ​ដី​ព្រៃ​ដែល​សហគមន៍​បាន​គ្រប់គ្រង​ទេ។ ​លោក ឈួន ខឿន សមាជិក​សហគមន៍​បាន​ឲ្យ​ដឹង​ថា ការ​ជួយ​ថែរក្សា​ព្រៃ​សហគមន៍ ហាក់​ដូច​ជា​រក្សា​ដី​និង​ព្រៃ​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ មិន​គួរ​ដី​និង​ព្រៃ​ដែល​សហគមន៍​បាន​ការពារ​ជាមួយ​ប្រជាពលរដ្ឋ​ជាង ២០​ភូមិ ក្នុង​ឃុំ​ត្រពាំងជោរ ដី​នោះ​បង្រួម​ពី​ទំហំ​ដី ២.៤៣៣​ហិកតារ មក​នៅ​​​ត្រឹម​ជាង ៥០០​ហិកតារ ដោយសារតែ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។