តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះ​ហៅ​ពលរដ្ឋ​៨​នាក់​ទៀត​ចូល​បំភ្លឺ​រឿង​ទំនាស់​ដី​នៅ​ភូមិ​ឡពាង

ដោយ ជិន ជេដ្ឋា
2014.07.30
តុលាការ​ខេត្ត​កំពង់ឆ្នាំង ៦១០ សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង
Photo: RFA

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចំនួន ៨​នាក់ ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ បន្ទាប់​ពី​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន​ពីរ​នាក់​បណ្ដោះអាសន្ន ទាក់ទង​នឹង​រឿង​ដីធ្លី​ដូច​គ្នា​នេះ​ដែរ។

តំណាង​ប្រជាពលរដ្ឋ និង​មន្ត្រី​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​ចេញ​ដីកា​នេះ គឺ​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី និង​មិន​ឲ្យ​ពលរដ្ឋ​ហ៊ាន​ងើប​ឡើង​តវ៉ា​ក្នុង​រឿង​ដីធ្លី​របស់​ពួក​គាត់។

ពលរដ្ឋ​ភូមិ​ឡពាង និង​បឹងកក់ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា ខ្លួន​នឹង​ចូល​ទៅ​បំភ្លឺ​តាម​កាល​កំណត់ ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​ភូមិ​ឡពាង ក្បែរ​ដី​មាន​ជម្លោះ​នោះ រហូត​ដល់​មុខ​តុលាការ​ជាមួយ​ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ខាង​មុខ។

តំណាង​ពលរដ្ឋ​ភូមិ​ឡពាង និង​ជា​អ្នក​ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ម្នាក់​ដែរ​នោះ លោក ស្ងួន ញឿន ចាត់​ទុក​តុលាការ​ខេត្ត​កំពង់ឆ្នាំង នា​ពេល​នេះ​ថា ជា​តុលាការ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដោយ​ធ្វើ​ការ​ទៅ​តាម​អ្នក​មាន​លុយ ឬ​មាន​អំណាច។ លោក​ថា ការ​ចេញ​ដីកា​នេះ គឺ​ជា​ការ​គំរាម​កំហែង​អ្នក​ភូមិ ដែល​រងគ្រោះ​ក្នុង​រឿង​ដីធ្លី ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​ប្ដេជ្ញា​បន្ត​ការ​ទាមទារ​រហូត​ដល់​មាន​ដំណោះស្រាយ៖ «យល់​ថា នេះ​ជា​ការ​គាប​សង្កត់ ជា​ការ​គំរាម​កំហែង ព្រោះ​តុលាការ​នេះ គឺ​ជា​តុលាការ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ធ្វើ​តាម​បញ្ជា​របស់​លោក​ជំទាវ ជា ខេង តែ​ប៉ុណ្ណោះ។ អ៊ីចឹង សំណូមពរ​ដល់​អង្គការ​ជាតិ និង​អន្តជាតិ មេត្តា​ជួយ​ទៅ​ឃ្លាំ​មើល​តុលាការ ដែល​ហៅ​ពួក​ខ្ញុំ​ទាំង ៨​នាក់ ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ​នេះ»

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក ញូង ចន្ធី ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ទើប​បញ្ជូន​ដល់​ដៃ​ពលរដ្ឋ​ទាំង ៨​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា គឺ​មាន​ទី​១ ឈ្មោះ ស្ងួន ញឿន ទី​២ ស្រ៊ុន ថា ទី​៣ ឡៅ អេន ទី​៤ គឹម ពុទ្ធដារ៉ា ទី​៥ ហុង ដារ៉ូ ទី​៦ ផាន សុផាន់ណា ទី​៧ គុជ ហុក និង​ទី​៨​ឈ្មោះ អ៊ុន រ៉េន។ បុរស​ទាំង ៨​នាក់ មាន ២​នាក់​រស់នៅ​ភូមិ​ឡពាង និង ៦​នាក់ រស់នៅ​ភូមិ​បឹងកក់ នៃ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​ផង និង​ទៅ​ដល់​សាលា​ដំបូង​ផ្ទាល់​ផង ប៉ុន្តែ​មិន​អាច​ជួប​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក តេង រតនា បាន​ទេ ដោយ​ជំនួយ​ការ​របស់​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ផ្សះផ្សា​រឿង​ក្ដី។ ចំណែក​ចៅក្រម​កាន់​សំណុំ​រឿង​នេះ លោក ញូង ចន្ធី ក៏​ត្រូវ​ជំនួយ​ការ​ប្រាប់​ថា លោក​មិន​ទាន់​មក​ដល់​កន្លែង​ធ្វើ​ការ​ដែរ នៅ​ម៉ោង​ប្រហែល ៣​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

អនុប្រធាន​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ថ្លែង​បញ្ជាក់​ថា តុលាការ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​លើក​យក​សំណុំ​រឿង​ណា​មួយ​មក​ចាត់​ការ ប៉ុន្តែ​ក្នុង​ករណី​នេះ ប្រសិន​បើ​តុលាការ​បង្អង់​សំណុំ​រឿង​ព្រហ្មទណ្ឌ រួច​លើក​យក​សំណុំ​រឿង​ស៊ីវិល​មក​ចាត់​ការ ទើប​ជា​ការ​ប្រសើរ ពីព្រោះ​ហិង្សា​ដែល​បាន​កើត​ឡើង គឺ​ចេញ​មក​ពី​រឿង​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន៖ «ការ​តវ៉ា​ទាមទារ​ដោយ​សន្តិវិធី វា​ជា​រឿង​មួយ​ចាំបាច់​ត្រូវ​តែ​ធ្វើ ក៏ប៉ុន្តែ​អាជ្ញាធរ ភ្នាក់ងារ​ដែល​មាន​សមត្ថកិច្ច​នៅ​តំបន់​នោះ ក្លាយ​ទៅ​ជា​ឧបករណ៍​មួយ​ដែល​ជំរុញ​ឲ្យ​មាន​វប្បធម៌​អំពើ​ហិង្សា​កើត​ឡើង។ ឃើញ​នឹង​ភ្នែក​តែ​ម្ដង គឺ​ភ្នាក់ងារ​រដ្ឋ​ដែល​នៅ​តំបន់​ហ្នឹង គឺ​គាត់​មើល​នឹង​ភ្នែក​ឃើញ​ពលរដ្ឋ​ទាំង​សង​ខាង ឈ្លោះ​គ្នា​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក តែ​ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ទទួល​រង​គ្រោះ​ថ្នាក់ គឺ​អ្នក​ភូមិ​ឡពាង ទៅ​វិញ​ទេ ដែល​គ្រោះថ្នាក់​ក្នុង​ការ​ដែល​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ចៅក្រម​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ២​នាក់​បណ្ដោះអាសន្ន ដែល​មាន​ទី​១​ឈ្មោះ ម៉ាង យ៉ាវ រស់នៅ​ភូមិ​សំរោង និង​ទី​២​ឈ្មោះ សៀង ហេង រស់នៅ​ភូមិ​បឹងកក់ ក្រោម​បទ​ចោទ​ដូច​គ្នា គឺ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ការ​ឃុំ​ខ្លួន​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ព្យាយាម​វាយ​ទម្លុះ​របង​ថ្ម​ក្រុមហ៊ុន ដែល​ពួក​គាត់​អះអាង​ថា សង់​រំលោភ​លើ​ដី​អ្នក​ភូមិ ហើយ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​ជាង ២០​នាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។