ប្រជាពលរដ្ឋមានជម្លោះដីឡើងតវ៉ាមុខសាលាខេត្តកំពត
2014.12.24

ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកទឹកឈូ និងស្រុកឈូក ខេត្តកំពត នៅថ្ងៃទី២៤ ធ្នូ នាំគ្នាឡើងតវ៉ានៅមុខសាលាខេត្តកំពត ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ភាគីទំនាស់ដីជាមួយពួកគាត់ គឺមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ដែលបានហាមអ្នកភូមិមិនឲ្យអាស្រ័យផលដំណាំដែលបានដាំដុះលើដីពួកគាត់យូរមកហើយ។
ប្រជាពលរដ្ឋប្រមាណ ៦០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋសរុបជាង ២០០គ្រួសារ រស់នៅក្នុងស្រុកទាំងពីរដែលមានភូមិសាស្ត្រព្រំដែនជាប់គ្នា បានទាមទារឲ្យអាជ្ញាធរខេត្តចាត់វិធានការយ៉ាងណាបញ្ឈប់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត កុំឲ្យចុះទៅហាមប្រជាពលរដ្ឋដែលរស់នៅ និងធ្វើកសិកម្មលើដីគាត់បន្តទៅទៀត។
តំណាងប្រជាពលរដ្ឋតវ៉ា លោក បឿង សម្បូរ ឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋជាង ២០០គ្រួសារដែលជាម្ចាស់ដីមិនមានសិទ្ធិអ្វីទាំងអស់ក្នុងការកាន់កាប់អចលនទ្រព្យរបស់ខ្លួន៖ «តវ៉ាហ្នឹងសុំឲ្យមេព្រៃហ្នឹងទៅរំខានប្រជាពលរដ្ឋបង្កបង្កើនផល។ ចំណុចមួយទៀត សុំឲ្យអភិបាលខេត្តធ្វើប្លង់រឹងកម្មសិទ្ធិកាន់របស់គាត់»។
លោកបន្តថា ប្រជាពលរដ្ឋបានស៊ូទ្រាំការលំបាកអត់ឃ្លានជាច្រើនឆ្នាំមកហើយ មុនសម្រេចចិត្តនាំគ្នាឡើងមកតវ៉ានៅមុខសាលាខេត្តថ្ងៃនេះ ដោយសារពួកគាត់មិនអាចអាស្រ័យផលដំណាំដែលដាំលើដីគាត់បាន៖ «មេព្រៃគាត់ទៅហាមឃាត់មិនឲ្យក្រីក្រដាំដុះដូចជា ពោត សណ្ដែក ចេក ត្រាវ ហើយប្រជាពលរដ្ឋនៅព្រៃគាត់មានតែបង្កបង្កើនផលទៀត គាត់ដាច់ពោះស្លាប់ហើយ»។
ប្រជាពលរដ្ឋតវ៉ាទាំងនោះមកពីតំបន់ពីរខុសគ្នា គឺខ្លះមកពីឃុំត្រពាំងភ្លាំង ស្រុកឈូក ខ្លះទៀតមកពីឃុំស្ទឹងកែវ ស្រុកទឹកឈូ ដែលទីតាំងដីទំនាស់នៅជាប់គ្នា។ ពួកគាត់អះអាងថា ពួកគាត់បានកាន់កាប់ដីទាំងនោះតាំងពីឆ្នាំ២០០៥ និង ២០០៦ មក ដោយក្នុងមួយគ្រួសារៗ បានរានព្រៃធ្វើចម្ការ ខ្លះបានទំហំមួយហិកតារ ខ្លះទៀតបីហិកតារ ដើម្បីដាំដំណាំគ្រាន់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។
បន្ទាប់ពីឈរតវ៉ាជិតមួយព្រឹករួចមក តំណាងប្រជាពលរដ្ឋ ៣នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅជួបលោក ជឹម ផល្លា អភិបាលខេត្តរងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី។ ក៏ប៉ុន្តែលោក បឿង សម្បូរ ដែលជាតំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់បញ្ជាក់ថា ជំនួបមិនមានលទ្ធផលអ្វីទេ៖ «លោកចៅហ្វាយខេត្តហ្នឹងគាត់ថា ឲ្យបងប្អូនប្រជាពលរដ្ឋដែលខ្ញុំនាំទៅហ្នឹងត្រឡប់ទៅក្រោយវិញ ឲ្យទៅភូមិទៅផ្ទះវិញ ចាំគាត់ដោះស្រាយជូនពេលក្រោយ»។
ទាំងលោក បឿង សម្បូរ ទាំងប្រជាពលរដ្ឋតវ៉ាបញ្ជាក់ថា មន្ត្រីព្រៃឈឺខេត្តកំពត បានហាមពួកគាត់កុំឲ្យអាស្រ័យផលដំណាំ តាំងពីឆ្នាំ២០១០មក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ជឹម ផល្លា បាននៅរសៀលថ្ងៃទី២៤ ធ្នូ ដើម្បីសុំការបញ្ជាក់បន្ថែមអំពីការដោះស្រាយនៃការតវ៉ានេះ។ ក៏ប៉ុន្តែកន្លងមក មន្ត្រីអាជ្ញាធរស្រុកទាំងពីរ គឺស្រុកទឹកឈូ និងស្រុកឈូក បានអះអាងថា ប្រជាពលរដ្ឋជាង ២០០គ្រួសារនោះ បាននាំគ្នាទៅរុករានដីព្រៃដែលជាដីរដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនខុសច្បាប់។
ទោះយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក ម៉ម កេសី ដែលបានតាមដានរឿងទំនាស់ដីនេះយូរមកហើយនោះ យល់ថា ប្រជាពលរដ្ឋទាំងជាង ២០០គ្រួសារនោះ គួរទទួលបានសិទ្ធិកាន់កាប់ដីស្របច្បាប់ ព្រោះពួកគាត់បានកាន់កាប់ដីនោះនិងបានអាស្រ័យផល អស់ជាច្រើនឆ្នាំមកហើយ។
ប្រជាពលរដ្ឋតវ៉ាបាននាំគ្នាត្រឡប់ទៅផ្ទះវិញនៅពេលថ្ងៃត្រង់ ដោយបញ្ជាក់ថា ពួកគាត់នឹងឡើងមកតវ៉ាម្ដងទៀត បើអាជ្ញាធរខេត្តមិនចុះទៅដោះស្រាយឲ្យពួកគាត់បានឆាប់ៗនេះទេ៕