សង្គម​ស៊ីវិល​និង​សហគមន៍​ខេត្ត​កំពត​ស្នើ​ដោះលែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដែល​ជាប់ឃុំ

ដោយ ម៉ៅ សុធានី
2018.01.09
ជម្លោះ​ដីធ្លី​ត្រពាំងភ្លាំង កំពត ២០១៧ ១៤៤០ ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជួបជុំ​ក្នុង​បរិវេណ​សាលា​ខេត្ត​កំពត ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចាត់​វិធានការ​លើ​ក្រុម​បង្ក​ហិង្សា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពត ស្នើសុំ​អាជ្ញាធរ និង​តុលាការ​ខេត្ត​កំពត​ឱ្យ​ដោះលែង​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​ទិញ​ដី។ ពួកគាត់​យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ជាមួយ​ក្រុម​អ្នកមាន​លុយ​មានអំណាច​ទាំងនោះ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ត្រូវ​អូស​បន្លាយ​តទៅ​មុខ​ទៀត។

ការ​អំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​សហគមន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ ៥​នាក់ ដែល​បាន​ចេញមុខ​តវ៉ា​រឿង​ដីធ្លី ត្រូវ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ យល់​ឃើញ​ថា ការ​បន្ត​ឃុំខ្លួន​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទាំង ៥​នាក់ នោះ គឺជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ ដោយសារ​ពួកគាត់​រងគ្រោះ​បាត់បង់​ដីធ្លី​ហើយ ត្រូវ​អ្នកមាន​លុយ​មានអំណាច បង្វែរ​សំណុំ​រឿង​នេះ​ទៅជា​រឿង​ព្រហ្មទណ្ឌ ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ជាប់​ទោស​ទណ្ឌ​មួយ​កម្រិត​ទៀត។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​រឿងរ៉ាវ​ទាំងឡាយ​ដែល​មាន​ដើមចម​ចេញពី​វិវាទ​ដីធ្លី​ជា​មុន​សិន មុននឹង​ឈាន​ដល់​ការ​ដោះស្រាយ​រឿង​ព្រហ្មទណ្ឌ ព្រោះ​បើ​ដោះស្រាយ​រឿង​ព្រហ្មទណ្ឌ​មុន នោះ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នឹង​រង​គ្រោះ​ទ្វេ​ដង៖ «កាល​ណា​អាជ្ញាធរ​មក​ដោះស្រាយ​​សំណុំ​​រឿង​ព្រហ្មទណ្ឌ​មុន​សំណុំ​រឿង​រដ្ឋប្បវេណី ​នោះ​​មាន​​ន័យ​ថា ​ជន​រង​គ្រោះ​នឹង​​រងគ្រោះ​ដោយសារ​សំណុំ​រឿង​ដីធ្លី​ ដូច​ជា​ករណី​ឃុំ​ខ្លួន​មនុស្ស​​ទាំង ​​៥ នាក់​នេះ​អ៊ីចឹង ដូច្នេះ​​ហើយ​សុំ​ឱ្យ​អាជ្ញាធរ​​មេត្តា​​អនុវត្ត​​​តាម​អ្វី​ដែល​ជា​ការ​ណែ​នាំ​របស់​រាជ​រដ្ឋាភិបាល គឺ​​ស្វែង​រក​ដំណោះ​ស្រាយ រឿង​រដ្ឋប្បវេណី​​ជូន​ប្រជាពលរដ្ឋ​​ឱ្យ​បាន​យុត្តិ​ធម៌​ជូន​ពួក​គាត់»។

កាលពី​ខែ​សីហា និង​ចុងខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ អាជ្ញាធរ​ខេត្ត​កំពត​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ នៅ​ស្រុក​ឈូក ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ពីរ​ដាច់ដោយឡែក​ពី​គ្នា។

ករណី​ទី​មួយ អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ ក្នុង​ករណី​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​តេជោអភិវឌ្ឍន៍ ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វឺស បាយអូថេក អេហ្គ្រីខល ឈឺរ័ល (First Bio-Tech Agricultural (Cambodia) របស់​អ្នកស្រី ចាន់ សុធា ដែល​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ មនុស្ស​ចំនួន ៤​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ មាន​ឈ្មោះ ព្រឿង ប្រាណ សុខ ពិសី ជា ស៊ីថា និង​សេង សំអឿន។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​តេជោពង្រក ឃុំ​តេជោ​អភិវឌ្ឍន៍ លោក អៀម សុខល់ ថ្លែង​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ទាំងនេះ ជា​ពិសេស គឺ​ការ​ចាប់ខ្លួន លោក សេង សំអឿន តែម្តង គឺជា​រឿង​អយុត្តិធម៌ ព្រោះ​លោក សេង សំអឿន មិនបាន​ប្រើ​អំពើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​នោះ​ទេ។ លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ប្រហែល​មកពី​លោក សេង សំអឿន ធ្លាប់​បាន​ចេញមុខ​តវ៉ា​រឿង​ដីធ្លី​នៅ​ភូមិ​តេជោពង្រក ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​បាន​គេ​ដៅ​ថា ជា​បុគ្គល​ត្រូវ​ចាប់ខ្លួន៖ «អ្នក​ដឹក​​នាំ​ខាងលើ​ហ្នឹង​ ​មិន​មាន​​យុត្តិធម៌​សម្រាប់​​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​តេជោ​ពង្រក​​ ឃុំ​តេជោអភិវឌ្ឍន៍​ គាត់​អត់​ទទួល​​ស្គាល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទេ។ មាន​ខ្ញុំ មាន​សេង សំអឿន មាន កាក់ សេង នេះ ​ឡើង​​ប្រឆាំងរឿង​នេះ ​គេ​ក៏​លាប​ពណ៌​ថា​គណបក្ស​ប្រឆាំង​ ហើយ​ចៃដន្យ​​​ ​វា​កើត​រឿង​ក្នុង​ក្រុមហ៊ុន ចាន់ សុធាមានការ​​វាយ​សន្តិសុខ​ និង​វាយ​ឡាន​មន្ត្រី​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង គេ​ក៏​យក​ឈ្មោះ​ សេង សំអឿន កាក់ សេង និង​អៀម សុខល់ ហ្នឹង​ថាទៅ​ប្រើ​អំពើ​ហិង្សា»។

អនុប្រធាន​ភូមិ​តេជោពង្រក ឃុំ​តេជោអភិវឌ្ឍន៍ លោក នាក់ ឆ្លូញ ក៏បាន​អះអាង​ដែរ​ថា ការ​ចាប់​ខ្លួន​លោក សេង សំអឿន គឺជា​ការ​ចាប់​ខ្លួន​ដោយ​បង្ខំ និង​មិន​ត្រឹមត្រូវ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ អាជ្ញាធរ​មូលដ្ឋាន​រូប​នេះ ទទូច​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សេង សំអឿន មក​វិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រូប​នេះ៖ «ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ គឺ​ជា​ការ​ចាប់​ខ្លួន​ដោយ​បង្ខំ​ មិន​មាន​ឯកសារ​ពាក់ព័ន្ធ​អ្វី​នោះ​ទេ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អង្គចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង​ក្រសួង​ពាក់​ព័ន្ធ​មេត្តា​ពិនិត្យ និង​ពិចារណា​ ហើយ​ពេល​បើក​សវនាការ​ សូម​មេត្តា​ត្រួត​ពិនិត្យ​លើ​សំណុំ​បែបបទ​ឱ្យ​បាន​ជាក់​លាក់​។ ប្រសិន​បើ​បុគ្គល​ម្នាក់​មិន​ប្រព្រឹត្ត​កំហុស តែ​ចាប់​គ្នា​យក​ទៅ​ដាក់​គុក ហើយ​ឱ្យ​គ្នា​មាន​ទោស​នោះ លើក​នេះ​គេ​ចាប់​តែ​ពលរដ្ឋ​ទេ លើក​ក្រោយ​គេ​ចាប់​ទាំង​ខ្ញុំ​ជា​អនុភូមិ​ទៅ​ទៀត​នោះ»។

ចំណែក​ករណី​ទីពីរ គឺ​អាជ្ញាធរ​ខេត្ត​កំពត​បាន​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់ ឈ្មោះ អ៊ឹង លី ក្នុង​ករណី​វិវាទ​ដីធ្លី​ជាមួយ​នឹង​ឈ្មួញ​ដី​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ព្រមទាំង​បក្ខពួក។

ឈ្មួញ​ដី​ឈ្មោះ អាំ ផល្លីន និង​ហ៊ាង គន្ធី ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នេះ​ហើយ ដែល​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ចោទ​ថា ជា​ជា​អ្នក​តែង​ដើរ​គំរាមកំហែង និង​ប្រើ​ហិង្សា បង្ខំ​ពលរដ្ឋ​ឱ្យ​ចាក​ចេញពី​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគាត់ ហើយ​ពួកគេ​ក៏​ជា​អ្នក​ប្តឹង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅ​ភូមិ​ព្រៃ​ពាយ ទៅ​តុលាការ​ដែរ ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​មក​រស់នៅ​ដោយ​ខុសច្បាប់​លើ​ដី​របស់​ពួកគេ។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (Adhoc) លោក ហេង ភារៈ កត​សម្គាល់​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​ដោយ​ភាព​ឆក​ល្វែង ពោល​គឺ​ពលរដ្ឋ​ក្រីក្រ​ត្រូវ​ទទួលរង​នូវ​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ផ្ទុយទៅវិញ​ក្រុមហ៊ុន​ឯកជន និង​អ្នកមាន​លុយ​មានអំណាច​ត្រូវ​រួចខ្លួន​ពី​ការចោទប្រកាន់​ចំពោះ​ទង្វើ​ហិង្សា​របស់​ខ្លួន​មក​លើ​ក្រុម​ពលរដ្ឋ។ លោក​សំណូមពរ​ដល់​អាជ្ញាធរ​ជំនាញ​ថ្នាក់​ជាតិ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ខេត្ត​កំពត​ឱ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​កុំ​ឱ្យ​ជំងឺ​សង្គម​មួយ​នេះ​ត្រូវ​អូស​បន្លាយ​តទៅទៀត៖ «ក្នុង​សំណុំ​រឿង​ទាំងពីរ​នេះ ធ្លាប់​មាន​ការ​ប្រើ​អំពើ​ហិង្សា​ប្រទាំង​ប្រទើស​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ អ្វី​ដែល​​យើង​សង្កេតឃើញ​ជាក់ស្ដែង ភាគី​អ្នក​មាន​លុយ​មាន​អំណាច​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​​​ព្រហ្មទណ្ឌ​ តែ​ប្រជា​ពលរដ្ឋ​វិញ បើ​មាន​ជាប់​ពាក់​ព័ន្ធ​ ឬ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​អ្នក​មាន​លុយ​មាន​អំណាច​ គេ​បាន​ប្រើ​ឥទ្ធិពល​ច្បាប់​ដើម្បី​ធ្វើ​ការ​ចាប់​ចង​ជន​រង​គ្រោះ។ សង្គម​ស៊ីវិល​ចង់​ឃើញ​ការ​ផ្អាក​នីតិវិធី​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជា​បណ្ដោះអាសន្ន​ ដើម្បី​ដោះស្រាយ​រឿង​រដ្ឋប្បវេណី​ឱ្យ​បាន​ចប់​សព្វគ្រប់​ហើយ សឹម​សម្រេច​ថា​តើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នោះ គួរ​តែ​បន្ត​នីតិវិធី​ ឬ​មួយ​ត្រូវ​​តម្កល់​ អាស្រ័យ​លើ​ភស្តុតាង​ដែល​មាន»។

ឃុំ​ត្រពាំងភ្លាំង និង​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក គឺជា​តំបន់​ដែល​មាន​ទំនាស់​ដីធ្លី​ក្ដៅ​គគុក និង​ខ្លាំង​ជាង​គេ ក្នុង​ខេត្ត​កំពត ហើយ​ទំនាស់​ទាំងនោះ​សុទ្ធ​សឹង​ជា​ករណី​រ៉ាំរ៉ៃ​ដែល​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

អំពើ​ហិង្សា និង​ការ​គំរាម​កំហែង​តែង​កើតមាន​ជា​ញឹកញាប់​នៅ​តំបន់​នោះ ដូចជា​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ការ​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ការ​ប្រើ​អំពើ​ហិង្សា​លើ​គ្នា​ទៅវិញទៅមក​រវាង​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន ឬ​ឈ្មួញ​ដី និង​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​តុលាការ​ជាដើម។

ទំនាស់​ដីធ្លី​សំខាន់ៗ​នៅ​តំបន់​នោះ​រួមមាន ទំនាស់​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថេនមិន (World Tristar Entertainment Co., Ltd) របស់​ឧកញ៉ា សូ ងួន ទំនាស់​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ហ្វឺស បាយ​អូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) របស់​អ្នកស្រី ចាន់ សុធា ដែល​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វើធើស ហ្គ្រីន ផ្លេនថេសិន (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD ឬ​ហៅ​កាត់​ថា ក្រុមហ៊ុន VGP របស់​អ្នកជំនួញ​ម៉ាឡេស៊ី និង​ជា​ចាងហ្វាង កាសែត​ខ្មែរ​ថាមស៍ (Khmer Times) លោក ធី ម៉ូហាន (T. Mohan) និង​ទំនាស់​រវាង​ក្រុម​ពលរដ្ឋ និង​ក្រុម​យោធា។

ក្រៅ​ពី​នេះ នៅ​មាន​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ជាមួយ​នឹង​បុគ្គល​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែល​ជា​ឈ្មួញ​ដី​មាន​លុយ និង​មានអំណាច ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ការ​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ជាច្រើន​ករណី​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។