ពលរដ្ឋជាង ៤៧០គ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ អះអាងថា អាជ្ញាធរខេត្តនេះ នៅតែពង្រាយកម្លាំងសមត្ថកិច្ចចម្រុះរារាំងពលរដ្ឋ៤ភូមិ មិនឱ្យធ្វើកសិកម្មលើដីរបស់ពួកគេ ដែលបានអាស្រ័យផលតាំងពីដូនតាមក។ ចំណែកអាជ្ញាធរខេត្តអះអាងថា ពលរដ្ឋមកធ្វើស្រែលើដីរបស់រដ្ឋ ជាអំពើខុសច្បាប់។
ពលរដ្ឋចំនួន ៤ភូមិ នៃឃុំដូង កំពុងកើតទុកមិនសុខចិត្តដោយសារអាជ្ញាធររឹតត្បិតសេរីភាព មិនឱ្យធ្វើស្រែចិញ្ចឹមជីវិត លើដីដែលពួកគេអះអាងថា បានកាន់កាប់ជាច្រើនជំនាន់មកហើយ។ អ្នកភូមិថា សមត្ថកិច្ចចម្រុះជាង ២០នាក់ បានដាក់ពង្រាយបិទផ្លូវ មិនឱ្យពួកគេទៅបង្កបង្កើនផល លើដីរបស់ខ្លួនបានទេ។
តំណាងពលរដ្ឋ លោកស្រី ម៉ុង ហេង ឱ្យដឹងនៅថ្ងៃទី២៨ ឧសភាថា ជិត១សប្ដាហ៍មកហើយ ដែលអាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចចម្រុះ រារាំងអ្នកភូមិមិនឱ្យទៅធ្វើកសិកម្ម ដោយអះអាងថា ដីស្រែទាំងនោះជាដីរបស់រដ្ឋ ដែលអាជ្ញាធរកំណត់ជាដីសម្បទានសង្គមកិច្ច។ លោកស្រីថា សមត្ថកិច្ចខ្លះបានបង្ខំឱ្យអ្នកភូមិផ្តិតមេដៃ ឯកភាពប្រគល់ដីឱ្យអាជ្ញាធរ តែពួកគេបានបដិសេធ។ លើសពីនេះ សមត្ថកិច្ចបានចុះល្បាតឃ្លាំមើលអ្នកភូមិ និងតំណាងពលរដ្ឋដល់លំនៅឋាន ក្នុងបំណងគំរាមកំហែង មិនឱ្យពួកគេងើបតវ៉ា៖ «កន្លែងគាត់រារាំង គឺគាត់ខ្លាចពលរដ្ឋចូលអាស្រ័យផល អីចឹងគាត់បិទ មិនឱ្យចូលអាស្រ័យផល លំបាកគ្មានសេរីភាពទេ បើចំពោះខ្ញុំហ្នឹង គឺគេយាមរហូត យាមផ្ទះខ្ញុំទាំងយប់ទាំងថ្ងៃ។ អីចឹងហើយពួកខ្ញុំត្រូវតស៊ូ ព្រោះខ្ញុំនឹងស្រែចម្ការ និងទឹកដី បើអស់ទឹកដីហើយមិនរស់ទៀតទេ»។
តំណាងពលរដ្ឋម្នាក់ទៀតរស់នៅភូមិតាមុំ ឃុំដូង លោកស្រី សន តឹម វ័យ ៦០ ឆ្នាំ រៀបរាប់ថា គ្រួសារលោកស្រីមាន ដីជាង ១០ហិកតារ ដែលអាស្រ័យផលតាំងពីដូនតាជាច្រើនជំនាន់មកហើយ ត្រូវបានអាជ្ញាធរបោះបង្គោល និងដកហូតបម្លែងជាដីសម្បទានសង្គមកិច្ច ដោយគ្មានសំណងអ្វីទាំងអស់។ លោកស្រីបារម្ភថា អ្នកភូមិជិតប្រាំរយគ្រួសារ (៤៧០) ដែលមានជីវភាពពឹងផ្អែកលើផលកសិកម្ម នឹងប្រឈមខ្វះស្បៀងអាហារនៅឆ្នាំក្រោយ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឱ្យពួកគេធ្វើស្រែនៅរដូវវស្សាឆ្នាំនេះទេនោះ៖ «មកថ្ងៃណាក៏គេគំរាមដែរ សមត្ថកិច្ចមករាល់ថ្ងៃ តែខ្ញុំចេះតែតស៊ូ ស្លាប់រស់ក្នុងដីស្រែ។ ខ្ញុំធ្វើស្រែតាំងពីយាយតាមក ខ្ញុំអាយុ៦០ជាងហើយ បច្ចុប្បន្ននេះចូលគេមិនឱ្យចូលទេ។ និយាយពីអត់ មហាអត់ហើយ សុខចិត្តស្លាប់រស់ហ្នឹងដីនេះឯង»។
អាជ្ញាធរខេត្តកំពង់ធំថ្លែងថា គម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចនេះ សម្រាប់ចែកជូនពលរដ្ឋក្រីក្ររស់នៅឃុំដូង មានទំហំ ៣.០០០ហិកតារ និងបានកាត់ឆ្វៀលផលប៉ះពាល់រួចនៅសល់ត្រឹម ១.៩០០ហិកតារ។ មកទល់ពេលនេះ ពលរដ្ឋក្រីក្រ ដែលចុះឈ្មោះ វាយតម្លៃ ទទួលបានដីសម្បទានសង្គមកិច្ចមានជាង ៧រយគ្រួសារ (៧២៥) ដោយទទួលបានដីលំនៅឋាន ទទឹង ៣០ម៉ែត្រក្រឡា បណ្ដោយ ៤០ម៉ែត្រក្រឡា និងដីកសិកម្មទំហំ ២ហិកតារស្មើៗគ្នា។ គម្រោងនេះ ឧបត្ថម្ភថវិកាដោយធនាគារពិភពលោក (World Bank) ដែលចុះសិក្សា និងវាយតម្លៃផលប៉ះពាល់តាំងពីឆ្នាំ២០០៩ ហើយបច្ចុប្បន្នកំពុងឈូសឆាយស្ថាបនាសាលារៀន និងផ្លូវជាដើម។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា ដីនៅតំបន់នោះ ជាដីរបស់រដ្ឋ ដែលអាជ្ញាធរពាក់ព័ន្ធ កំណត់ជាគម្រោងដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋក្រីក្រ។ លោកអះអាងថា ប្រសិនបើគម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចនេះ ប៉ះពាល់ដីស្រែពលរដ្ឋពិតមែន គណៈកម្មការដោះស្រាយផលប៉ះពាល់នឹងដោះស្រាយជូនពលរដ្ឋ៖ «ដីហ្នឹងមិនមែនជាដីរបស់គាត់ទេ ជាដីរបស់រដ្ឋហើយកន្លងមក គាត់ក៏មិនបានធ្វើដែរ ពេលដែលបងប្អូនទៅធ្វើកន្លែងហ្នឹង គឺខុសច្បាប់ មិនមែនដីនៅក្បែរភូមិគាត់ទេ ហើយដីហ្នឹង ប៉ុន្មានឆ្នាំកន្លងមកគាត់ដែរធ្វើអត់? អត់ដែរធ្វើទេ។ មានមេខ្លោងញុះញង់ឱ្យធ្វើ ឱ្យបងប្អូនមានបញ្ហា។ ចេះតែអះអាង ឱ្យបង្ហាញឯកសារមកមានពីណា?»។
អភិបាលខេត្តរូបនេះ អះអាងថា ដីស្រែដែលពលរដ្ឋលើកគ្នាតវ៉ានោះ ជាដីព្រៃរបស់រដ្ឋ ដែលរដ្ឋបានកំណត់ជាគោលនយោបាយដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ ២០០៩ សម្រាប់ចែកជូនពលរដ្ឋនៅឃុំដូង។ លោកបញ្ជាក់ថា អាជ្ញាធរបានប្រកាសជំហរដោះស្រាយជាមួយអ្នកភូមិ ដោយតម្រូវឱ្យពលរដ្ឋយកឯកសារពាក់ព័ន្ធភ្ជាប់ជាមួយ ប្រសិនបើអះអាងថា ដីស្រែទាំងនោះជាដីកម្មសិទ្ធិរបស់ពួកគេ៖ «ការដាក់កងកម្លាំងកន្លែងមានទំនាស់ ឬដាក់កងកម្លាំងពង្រាយតាមភូមិ តំណាងជនរងគ្រោះ ឬតាមផ្លូវដែលពួកគាត់ធ្វើស្រែចម្ការ អាហ្នឹងជារូបភាព រឹតត្បិតសេរីភាពពលរដ្ឋ និងសេដ្ឋកិច្ច។ មិនត្រឹមប៉ុណ្ណឹងវាធ្វើឱ្យប៉ះពាល់ ការរស់នៅរបស់ពួកគាត់គ្មានសុវត្ថិភាពទៀត ព្រោះគាត់មានការព្រួយបារម្ភ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុក រដ្ឋា យល់ថា ការយកកម្លាំងប្រដាប់អាវុធរារាំងពលរដ្ឋ មិនឱ្យធ្វើកសិកម្មនោះមិនត្រឹមជាការរឹតត្បិតសិទ្ធិសេរីភាព និងរំលោភសិទ្ធិពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាសញ្ញាបង្ហាញថា អាជ្ញាធរឃុំ ស្រុក និងខេត្តអសមត្ថភាពក្នុងការដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋ៖ «ការដាក់កងកម្លាំងកន្លែងមានទំនាស់ ឬក៏ដាក់កងកម្លាំងពង្រាយតាមភូមិរបស់តំណាងជនរងគ្រោះ ឬក៏តាមផ្លូវដែលពួកគាត់ធ្លាប់ ដែលពួកគាត់ធ្វើស្រែចម្ការ អាហ្នឹងជារូបភាពមានការរារាំង មានការរឹតត្បិតសិទ្ធិសេរីភាព ពលរដ្ឋ និងសេដ្ឋកិច្ច មិនត្រឹមតែប៉ុណ្ណឹងថែមទាំងប៉ះពាល់ដល់សុវត្ថិភាពទៀត ព្រោះគាត់មានការព្រួយបារម្ភព្រោះការដាក់កម្លាំងសមត្ថកិច្ចអាចនឹងឃ្លាំមើលគាត់»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា យន្តការដោះស្រាយរបស់អាជ្ញាធរខេត្ត នៅមិនទាន់ចេញជាលទ្ធផលណាមួយ ដែលធ្វើឱ្យពលរដ្ឋអាចទទួលបាននោះទេ រីឯការដោះស្រាយនៅតែយឺតយ៉ាវ និងខ្វះការយកចិត្តទុកដាក់ ដែលជាហេតុធ្វើឱ្យពលរដ្ឋជួបការលំបាកផ្នែកសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។