ពលរដ្ឋ​ស្នើ​ដក​ហូត​ដី​ពី​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង​ដែល​រំលោភ​យក​ដី​ព្រះរាជ​ដំណាក់

ដោយ ម៉ែន សុធីរ
2017-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របង​លួស​ដែល​ពលរដ្ឋ​អះអាង​ថា​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ លោក ឡូយ សុផាត បាន​ព័ទ្ធ​របង​យក​ដី​ព្រះរាជ​ដំណាក់​កាល​ពី​ឆ្នាំ​២០១២។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Men Sothyr
របង​លួស​ដែល​ពលរដ្ឋ​អះអាង​ថា​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ លោក ឡូយ សុផាត បាន​ព័ទ្ធ​របង​យក​ដី​ព្រះរាជ​ដំណាក់​កាល​ពី​ឆ្នាំ​២០១២។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ក្រសួង​ព្រះបរមរាជវាំង និង​រាជ​រដ្ឋាភិបាល ដក​ហូត​ដី​ដែល​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង រំលោភ​យក មក​ធ្វើ​ជា​ព្រះ​រាជ្យទ្រព្យ​របស់​ព្រះមហាក្សត្រ​វិញ ក្រោយ​ពី​ក្រសួង​ព្រះបរមរាជវាំង បាន​ស្ថាបនា​របង​ព័ទ្ធ​ជុំវិញ​ព្រះរាជ​ដំណាក់​នោះ​កាល​ពី​ចុង​ឆ្នាំ​២០១៦។ អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ឡូយ សុផាត បាន​យក​ដី​មួយ​ផ្នែក​នៃ​ព្រះរាជ​ដំណាក់​ជាប់​មាត់​អូរ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​មាន​ទំហំ​ប្រហែល​ជាង ២​ហិកតារ​កាល​ពី​ឆ្នាំ​២០១២។

ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​មាន​មន្ទិល និង​អំពាវនាវ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ជុំវិញ​ដី​មួយ​ផ្នែក​នៃ​ព្រះរាជ​ដំណាក់ ដែល​អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ឡូយ សុផាត ធ្វើ​របង​ស៊ីម៉ងត៍​ព័ទ្ធ​លួស​នៅ​បែក​ខាង​ជើង​ជាប់​ទន្លេ បន្ទាប់​ពី​ចាក់​ដី​តាម​ជម្រាល​អូរ​ពង្រីក​ផ្ទៃដី​កាល​ពី​ឆ្នាំ​២០១២។ ការ​ចាក់​ដី និង​ព័ទ្ធ​របង​លួស​នេះ ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា អតីត​អភិបាល​ខែត្រ​រូប​នោះ​បាន​យក​ដី​មួយ​ផ្នែក​នៃ​ព្រះរាជ​ដំណាក់​ជាប់​មាត់​អូរ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ភាគច្រើន​ពុំ​ហ៊ាន​ចេញ​មុខ​បញ្ចេញ​មតិ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ​ទេ ដោយ​បារម្ភ​ពី​សុវត្ថិភាព។

អតីត​ជា​ទាហាន​អំឡុង​ទសវត្សរ៍​ទី​៨០ នៅ​ខែត្រ​ស្ទឹងត្រែង លោក តុ ស៊ីសាបុត្រ កត់​សម្គាល់​ថា ច្រើន​ជំនាន់​មក​ហើយ ពោល​ចាប់​ពី​សម័យ​បារាំង ជំនាន់ លន់ នល់ និង​សម័យ ប៉ុល ពត ពុំ​មាន​អាជ្ញាធរ​ណា និង​បុគ្គល​ណា​ហ៊ាន​រំលោភ​ដី​ព្រះរាជ​ដំណាក់​នោះ​ទេ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ឡូយ សុផាត រំលោភ​យក​ដី​មួយ​ផ្នែក​របស់​ព្រះរាជ​ដំណាក់ ដោយ​ចាក់​ដី​តាម​ជម្រាល​អូរ និង​ព័ទ្ធ​របង​លួស។ លោក​កត់​សម្គាល់​ទៀត​ថា អតីត​អភិបាល​ខែត្រ​រូប​នោះ​មាន​ដី​រាប់​រយ​ហិកតារ​នៅ​ខែត្រ​ស្ទឹងត្រែង ឋិត​នៅ​តំបន់​ភ្នំ​ក្រហម​ក្រុង​ស្ទឹងត្រែង ហើយ​បច្ចុប្បន្ន​មាន​ដំណាំ​កៅស៊ូ៖ «ពី​មុន​គាត់​ចៅហ្វាយ​ខែត្រ ឥឡូវ​គាត់​តំណាងរាស្ត្រ។ បើ​គាត់​ឃើញ​ដី គាត់​មាន​អំណាច​គាត់​យក​ហើយ ប្រសិន​បើ​ប្រជាពលរដ្ឋ​វិញ គឺ​ប្រឈម​បញ្ហា​តុលាការ។ ប្រសិន​បើ​ពលរដ្ឋ​វិញ​បើ​យក គឺ​ប្រឈម​បញ្ហា​តុលាការ។ ខ្ញុំ​ក្នុង​នាម​ជា​ពលរដ្ឋ​កើត​នៅ​ស្ទឹងត្រែង ជា​អតីត​ទាហាន ខ្ញុំ​ក៏​ឃើញ​ដែរ​ដី​កន្លែង​នេះ​ជា​ដី​របស់​ស្ដេច ហើយ​ពួក​ខ្ញុំ​ជា​ពលរដ្ឋ​នេះ​ក៏​មិន​គាំទ្រ​ដែរ»

លោក តុស៊ីសាបុត្រ អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ស៊ើប​អង្កេត​ពី​ហេតុផល​នាំ​ឲ្យ​មាន​ការ​យក​ដី​នៅ​តំបន់​នោះ​ដោយ​អ្នក​មាន​អំណាច។ លោក​កត់​សម្គាល់​ថា ដី​ដែល​លោក ឡូយ សុផាត បោះ​បង្គោល​របង​យក​នោះ គឺ​ជា​ដី​ចំណី​មាត់​អូរ​ក្នុង​បរិវេណ​ដី​ដំណាក់​ស្ដេច ហើយ​កាល​ពី​ឆ្នាំ​២០១២ លោក​ឃើញ​មាន​ពលរដ្ឋ​ចំនួន ៣​គ្រួសារ ដែល​បាន​តាំង​ទី​លំនៅ​នៅ​ទីនេះ​អស់​ប្រមាណ​ជាង ១០​ឆ្នាំ​មក​ហើយ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ស្ទឹងត្រែង។

លោក​ថា ពេល​ជម្លៀស​ពលរដ្ឋ​ចេញ​ភ្លាមៗ លោក​ស្មាន​តែ​វា​ជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៅ​ដំណាក់​ស្ដេច​នេះ។ លោក​មិន​នឹក​ស្មាន​ថា គេ​ចាក់​ដី​ដើម្បី​រំលោភ​យក​ដី​ព្រះ​រាជ្យទ្រព្យ​ព្រះមហាក្សត្រ​ជា​សម្បត្តិ​បុគ្គល​ឡើយ៖ «តាម​ខ្ញុំ​ដឹង ឯកឧត្តម ឡូយ សុផាត មាន​ដី​ច្រើន​ណាស់​តាម​ខ្ញុំ​ដឹង គឺ​មាន​ដី​ច្រើន​ណាស់​រាប់​រយ​ហិកតារ​នៅ​ភ្នំ​ក្រហម បាន​ដាំ​កៅស៊ូ​ហ្នឹង​ជា​ព្រៃ​ស្រោង​ព្រៃ​ធំ​បំផុត​ដែល​យើង​ឃើញ​ទាំងអស់​គ្នា ហើយ​ពលរដ្ឋ​ក៏​អត់​ហ៊ាន​ប៉ះពាល់​ដែរ តែ​ឯកឧត្តម ឡូយ សុផាត បាន​យក​ដី​នោះ​ធ្វើ​អាជីវកម្ម​របស់​គាត់​ធ្វើ​ចម្ការ​កៅស៊ូ»

អគារ​ចាស់​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​នៅ​ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Men Sothyr
អគារ​ចាស់​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​នៅ​ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Men Sothyr RFA/Men Sothyr

ព្រះរាជ​ដំណាក់​ស្ដេច​ឋិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្នុង​ស្ទឹងត្រែង បែរ​មុខ​ទៅ​ទិស​ខាង​ជើង​ទល់​មុខ​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ​ប្រសព្វ​គ្នា។ នៅ​ខាង​មុខ​ដំណាក់ មាន​ជណ្ដើរ​ចុះ​ទន្លេ ដែល​អ្នក​ភូមិ​អាច​ចុះ​មុជ​ទឹក​នៅ​រដូវ​ប្រាំង​បាន។

អតីត​អភិបាល​ខែត្រ​ស្ទឹងត្រែង និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ឡូយ សុផាត ធ្លាប់​បញ្ជាក់​ថា ទីតាំង​ដែល​លោក​ចាក់​ដី​នោះ​ជា​តំបន់​ទឹក​លិច ដែល​ពុំ​ធ្លាប់​មាន​ពលរដ្ឋ​រស់នៅ​ឡើយ។ លោក​ថា ដី​នោះ​ពី​ដើម​ឡើយ​មាន​ទំនាប​ដល់​មាត់​ទន្លេ មិន​អាច​ឆ្លង​ចូល​ផ្លូវ​ថ្នល់​ទៅ​ម្ខាង​បាន​ទេ ចំណែក​ចំណី​មាត់​អូរ​នៅ​តែ​ជា​អូរ​ដដែល ហើយ​ការ​ចាក់​ដី​នេះ​ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ទឹក​ហូរ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ណា​នោះ​ដែរ។ យ៉ាង​ណា​ក៏ដោយ លោក​ចាត់​ទុក​ពលរដ្ឋ​ដែល​មាន​ចម្ងល់​ចំពោះ​ការ​ចាក់​ដី និង​គ្រប់គ្រង​ដី​របស់​លោក ថា​ជា​ពលរដ្ឋ​ខិលខូច៖ «វា​ពុំ​មែន​ជា​ដី​សាធារណៈ​ទៀត ហើយ​ដី​នេះ​ពី​ដើម​ទឹក​លិច​ចោល​ចឹង​ទេ វា​ដុះ​តែ​ព្រៃ និង​បន្លា​ទេ ហើយ​ដល់​ចាក់​ប្រើប្រាស់ តើ​មាន​ប៉ះពាល់​អ្នក​ណា? ខ្ញុំ​ចង់​សួរ​រឿង​នេះ​ទៅ​វិញ»

នាយ​ខុទ្ទកាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ តារ៉ាវុធ បដិសេធ​មិន​អធិប្បាយ​ករណី​នេះ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល៖ «ទាល់​តែ​សួរ​សម្ដេច គង់ សំអុល រឿង​ហ្នឹង​ក្មួយ»

ចំណែក​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ស្ទឹងត្រែង លោក ទុំ មនោ ក៏​បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ដែរ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ។

អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ស្ទឹងត្រែង លោក សេង សុផាត បញ្ជាក់​ថា ដី​ដែល​លោក ឡូយ សុផាត ព័ទ្ធ​របង​ខាង​មុខ និង​បាន​ចាក់​ដី​នោះ លោក​ធ្លាប់​ឃើញ​មាន​លិខិត​ស្នើសុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​មាន​ឈ្មោះ​កូន​របស់​លោក ឡូយ សុផាត។ ទោះ​យ៉ាង​ណា លោក​ថា​មន្ត្រី​ជំនាញ​សុរិយោដី មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​ទេ ព្រោះ​វា​ជា​ដី​មាន​នៅ​ក្នុង​ប្លង់​ព្រះ​រាជ្យទ្រព្យ​របស់​ព្រះមហាក្សត្រ។ ហេតុ​នេះ ការ​សាងសង់​អ្វី​មួយ​លើ​ដី​តំបន់​នោះ ត្រូវ​បាន​ហាមឃាត់។

ទំហំ​ដី​ដែល​លោក ឡូយ សុផាត ចាក់​ដី​នៅ​ជាប់​មាត់​អូរ​ចាប់​ពី​ផ្លូវ​ថ្នល់​ខាង​ត្បូង​រហូត​ដល់​ថ្នល់​មាត់​ទន្លេ មាន​ប្រវែង​ទទឹង​ចាប់​ពី​ជាង ៥០​ម៉ែត្រ​ដល់ ១០០​ម៉ែត្រ និង​បណ្តោយ​ជាង ៤០០​ម៉ែត្រ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដី​តាម​ជម្រាល​អូរ គឺ​ត្រូវ​បាន​ចាត់​ចូល​ជា​ដី​សាធារណៈ​របស់​រដ្ឋ តែ​បើ​មាន​ការ​រំលោភ​យក គឺ​ជា​ករណី​ខុស​ច្បាប់ មាន​ន័យ​ថា បុគ្គល​ដែល​កាន់​កាប់​ទ្រព្យ​សម្បត្តិ​សាធារណៈ គឺ​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ ហើយ​អាជ្ញាធរ​រដ្ឋ​ចង់​សើរើ​ពេល​ណា​ក៏​បាន។ លើស​ពី​នេះ រដ្ឋ​មាន​តួនាទី​អភិរក្ស​ដី​ដែល​ជា​ព្រះ​រាជ្យទ្រព្យ ប៉ុន្តែ​បើ​ការ​ថែទាំ​មិន​បាន​ដិតដល់ ធ្វើ​ឲ្យ​ព្រះ​រាជ្យទ្រព្យ​របស់​ព្រះមហាក្សត្រ​នឹង​ទៅ​ជា​ទ្រព្យ​ឯកជន​នោះ គឺ​ជា​កំហុស​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ឃើញ​ថា ព្រះ​រាជ្យទ្រព្យ​របស់​ព្រះមហាក្សត្រ​ពុំ​អាច​ជន​ណា​ម្នាក់​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដាច់ខាត ហើយ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ចំពោះ​បុគ្គល​ណា​ដែល​បំពាន​ព្រះ​រាជ្យទ្រព្យ​របស់​ព្រះបរមរាជវាំង។ លោក​បញ្ជាក់​ថា ច្បាប់​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​មិន​អាច​រំលោភ​បំពាន​បាន ហេតុ​នេះ​ព្រះ​រាជ្យទ្រព្យ​របស់​ព្រះបរមរាជវាំង គឺ​ជា​មរតក​ជាតិ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចង់​ដឹង និង​ចង់​ឃើញ ដែល​ពុំ​អាច​មាន​បុគ្គល​ណា​មាន​សិទ្ធិ​កាន់​កាប់​ជា​សម្បត្តិ​ឯកជន​នោះ​ទេ៖ «កូន​ចៅៗ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​អំពី​ស្នាព្រះហស្ត​ទាំងឡាយ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ជា​អ្វី​មួយ​ដែល​មិន​អាច​អ្នក​ណា​មួយ​ប៉ះពាល់​បំពាន​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទេ។ ខ្ញុំ​ចង់​ឃើញ​ជំហរ​របស់​រដ្ឋាភិបាល​ដែរ នៅ​ពេល​ដែល ជាពិសេស​រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​កំណែ​ទម្រង់​ដីធ្លី​នេះ។ យើង​ចង់​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ ក្នុង​នោះ​គឺ​ឃើញ​ការពារ​ព្រះ​រាជ្យទ្រព្យ​ដែរ»

ដី​ព្រះរាជ​ដំណាក់​ស្ដេច​មាន​ទំហំ​ជាង ៦​ហិកតារ ហើយ​បច្ចុប្បន្ន ដី​ព្រះរាជ​ដំណាក់​ហាក់​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ជា​ដុំ​កំភួន​ឡើយ ក្រៅ​ពី​ធ្វើ​របង​ស៊ីម៉ងត៍​ហ៊ុមព័ទ្ធ​សម្រេច​បាន​ប្រហែល ៥០​ភាគរយ ហើយ​នៅ​សល់​តែ​អគារ​ធំៗ​ចាស់​ទ្រុឌទ្រោម​តាំង​ពី​ជំនាន់​បារាំង។ អគារ​នៅ​ខាង​កើត ត្រូវ​ខូច​ទាំងស្រុង ចំណែក​អគារ​ខាង​លិច​មាន​សភាព​រឹងមាំ​ធម្មតា ដែល​ត្រូវ​គេ​ដាក់​ចោល​ពុំ​មាន​អ្នក​ថែទាំ។ ចាស់​ទុំ​ដែល​ដឹង​ពី​រឿងរ៉ាវ​ដំណាក់​នេះ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ដំណាក់​នេះ គឺ​ជា​ទីតាំង​សំណាក់​របស់​សម្ដេច​តា ដែល​ទ្រង់​ធ្លាប់​ភៀស​ព្រះ​កាយ​កាល​ពី​សម័យ​សង្គ្រាម​មក​គង់​អាស្រ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល