តុលាការ​ខេត្ត​កោះកុង ហៅ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៦នាក់ ទៅ​បំភ្លឺ​តាម​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ

ដោយ អាស៊ីសេរី
2020.03.10
បញ្ហាដី​កោះកុង ហេង ហ៊ុយ 081919 ពលរដ្ឋ​ប្រមាណ ១០០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង មក​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី នៅ​មុខ​ក្រសួង​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ សហគមន៍

តុលាការ​ខេត្ត​កោះ​កុង ចេញ​ដីកា​កោះហៅ​មនុស្ស​៦នាក់ ​តំណាង​ឲ្យ​ពលរដ្ឋ​ជិត​២​រយ​គ្រួសារ​ នៅ​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល ឲ្យ​ចូល​ខ្លួន​បំភ្លឺ ទាក់ទង​នឹង​បណ្ដឹង​របស់​ឧកញ៉ា​ ហេង ហ៊ុយ ដែល​ប្ដឹង​ពួកគេ​៣​បទ​ល្មើស​ផ្សេង​គ្នា​។ ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់ ប្រតិកម្ម​ថា​ជា​រឿង​អយុត្តិធម៌​ ចំពោះ​ពួកគាត់ ដែល​បាត់​បង់​ដីធ្លី​ដោយ​សារ​ក្រុម​ហ៊ុន​ ហេង ហ៊ុយ រំលោភ​យក​ហើយ ​ថែម​ទាំង​ត្រូវ​រង​បណ្ដឹង​ទៅ​តុលាការ​ថែម​ទៀត។

តំណាង​ពលរដ្ឋ ១៩៧គ្រួសារ នៅ​ភូមិ​តានី​ ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង ​លោក ឆាន់ ឈឿន ថ្លែង​ថា រូប​គាត់​ គ្មាន​ការ​ភិតភ័យ ចំពោះ​ការ​កោះ​ហៅ​នេះ​ទេ ពីព្រោះ​ពួក​គាត់ គ្មាន​កំហុស និង​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។ លោក​យល់​ថា ពាក្យ​បណ្ដឹង​របស់​ឧកញ៉ា ហេង​ ហ៊ុយ​ ដែល​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​ និង​គំរាម​កំហែង​ឲ្យ​ពួក​គាត់​ភ័យ​ខ្លាច ដើម្បី​ឲ្យ​ឈប់​ចេញ​តវ៉ា​រឿង​ដីធ្លី​តទៅ​ទៀត។ លោក បន្ត​ថា ពួក​គាត់​នៅ​តែ​រក្សា​ជំហរ​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​តទៅ​ទៀត បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏​ដោយ។

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា តំណាង​ទាំង​អស់ គឺ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ពួក​គាត់​នឹង​ចូល​ខ្លួន​នៅ​តុលាការ​តាម​កាល​កំណត់៖ «ខ្ញុំ​ចង់​ឲ្យ​ខាង​តុលាការ​ហ្នឹង ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ពី​ពួក​ខ្ញុំ​ទាំង ១០នាក់។ កុំ​ឲ្យ​តុលាការ​កោះហៅ​ទៀត។ ពួក​ខ្ញុំ​មិន​បាន​បរិហារ​កេរ្តិ៍ លោក ហេង ហ៊ុយ ទេ គឺ​គាត់​មក​យក​ដី​ពួក​ខ្ញុំ​ពិត​ប្រាកដ។ ពួក​ខ្ញុំ​និយាយ​មែន​រឿង​ហ្នឹង។ សូម​សម្ដេច​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់​រហ័ស​មក កុំ​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ​ត​ទៅ​ទៀត»

ព្រះ​រាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​កោះកុង លោក រស់ សារាំ ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ ៦នាក់ ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី​២៥ និង​ទី២៦​ ខែ​មីនា តាម​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ត្រូវ​ជា​ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខាល់ឆ័រ គ្រុប (Heng Huy Agriculture Group)។ អ្នក​ទាំង​នោះ មាន​លោក ឆាន់ ឈឿន លោក ហេង ជៃ លោក សុខ ជៃ លោក ពូ ហ៊ួន លោក គង់ ម៉ែន និង​លោកស្រី អ៊ី តឹង ។

គិត​មក​ដល់​ពេល​នេះ មាន​តំណាង​ពលរដ្ឋ​១០​នាក់​ ដែល​ត្រូវ​លោក​ឧកញ៉ា ហេង ហ៊ុយ ប្ដឹង​ពួកគេ​ឡើង​តុលាការ​ខេត្ត​កោះកុង។

លោក ហេង ហ៊ុយ ប្ដឹង​តំណាង​ពលរដ្ឋ​ទាំង​នោះ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាត់​កេរ្តិ៍​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ក្រោយ​ពី​ពលរដ្ឋ​ជិត​២​រយ​គ្រួសារ​នាំគ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ពី អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩។

មន្ត្រី​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន សង្កេត​ឃើញ​ថា​រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នៅ​ទី​ណា តែង​មាន​ការ​គំរាម​កំហែង បំភិត​បំភ័យ​ និង​ឈាន​ដល់​ប្ដឹងផ្ដល់​ពលរដ្ឋ​ទៅ​តុលាការ។​ លោក បន្ត​ថា ខាង​តំណាង​អយ្យការ​​នៃ​សាលាដំបូង​ខេត្ត​កោះកុង គួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ និង​មិន​ចាត់​លើ​សំណុំ​រឿង​ក្ដី​នេះ​ទេ ដោយសារ​តែ​ដើម​ចម​រឿង​នេះ​ កើត​ចេញ​ពី​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ហេង ហ៊ុយ និង​ពលរដ្ឋ។ លោក ​យល់​ថា​ តុលាការ​គួរ​ទុក​ឲ្យ​ខាង​ក្រសួង​ដែនដី​ និង​អាជ្ញាធរ​ខេត្ត​កោះកុង ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ​ប្រសើរ​ជាង៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​អ្វី​ដែល​ជា​ដំណោះស្រាយ​ល្អ​ ដែល​ឈ្នះ​ទាំង​ប្រជា​ពលរដ្ឋ ទាំង​ក្រុមហ៊ុន តុលាការ​គួរ​តែ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ដើម្បី​ទុក​ឲ្យ​ក្រសួង​ដែន​ដី ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​កោះកុង​ធ្វើ​ការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ ហើយ​និង​ក្រុមហ៊ុន​ទៅ។ បើ​តុលាការ​នៅ​តែ​បន្ត​ការ​ចោទ​ប្រកាន់​ យើង​ឃើញ​ថា​ប្រជា​ពលរដ្ឋ​គឺ​ត្រូវ​បាន​ក្រុមហ៊ុន ប្រើ​ប្រព័ន្ធ​តុលាការ​ហ្នឹង គំរាមកំហែង​ តាម​គាប​សង្កត់​គាត់​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ដីធ្លី​ហើយ»

អាស៊ី​សេរី​មិន​មាន​ប្រភព​ទាក់​ទង​ភាគី​ដើម​បណ្ដឹង​លោក​ឧកញ៉ា ហេង ហ៊ុយ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ជម្លោះ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែ​មីនា ។

តំណាង​ពលរដ្ឋ​ លោក ឆាន់ ឈឿន ឲ្យ​ដឹង​ថា ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រក្រី រស់​នៅ​ទីតាំង​នោះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក​ម្ល៉េះ។ លោក​ថា ស្រាប់​តែ​នៅ​ឆ្នាំ២០០៧ រហូត​មក​ដល់​ឆ្នាំ២០១៣ ទើប​លេច​ឈ្មោះ​ក្រុមហ៊ុន ហេង ហ៊ុយ ចូល​មក​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ពួកគាត់​ ដោយ​អះអាង​ថា ដី​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ គឺ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ។

កាល​ខែ​ចុង​មិថុនា ឆ្នាំ​២០១៩ ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​កោះកុង សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខាល់ឆ័រ គ្រុប (Heng Huy Agriculture Group) ដើម្បី​យក​ទៅ​ចែក​គ្នា​ក្នុង ១គ្រួសារ ២ហិកតារ និង​ទាមទារ​សំណង ៧ពាន់​ដុល្លារ។

ប៉ុន្តែ រដ្ឋបាល​ខេត្ត​កោះកុង ​បាន​បដិសេធ​សំណើ​នេះ នៅ​ដើម​ខែ​កក្កដា ឆ្នាំ២០១៩ ដោយ​អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​របស់​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ។ អាជ្ញាធរ​ បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

អង្គការ​ស៊ីវិល​ដែល​តាម​ជម្លោះ​ដី​ធ្លី មាន​ការ​ងឿង​ឆ្ងល់​ អំពី​ការ​វិវត្ត​ ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំ ៧៧៩ហិកតារ កាល​ពី​ឆ្នាំ២០០៧ ប្រែ​ក្លាយ​ទៅ​ជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ នៅ​ឆ្នាំ២០១៩ ទៅ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ នៅ​តែ​ទទូច​ស្នើ​ដល់​ក្រសួង​រៀប​ចំ​ដែន​ដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​​រិះរក​ដំណោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ នៅ​នៅ​ស្រុក​ស្រែអំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ ប្រសើរ​ជាង​រុញ​វិវាទ​ទៅ​ឲ្យ​ប្រព័ន្ធ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។