ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ យល់​ព្រម​សង​ដី​ឲ្យ​ពលរដ្ឋ​នៅ​ខែត្រ​កោះកុង ជាង ៣០០​គ្រួសារ​វិញ ក្រោយ​ទាមទារ​ជាង ១០​ឆ្នាំ

ដោយ ម៉ៅ សុធានី
2018-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ប្រជាពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ អ្នកស្រី ផាវ ញ៉ើង ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨។
តំណាង​ប្រជាពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ អ្នកស្រី ផាវ ញ៉ើង ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨។
រូបថត​ពី​ហ្វេសប៊ុក រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា

ក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារដែលមានជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន កោះកុង​ភ្លែនថេសិន (Koh Kong Platantion) និង​ក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ (Koh kong Sugar Industry) របស់​លោក លី យ៉ុងផាត់ ជា​សេដ្ឋី​បន​ល្បែង ឈ្មួញ​ដី និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល និង​ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ខែត្រ​កោះកុង ប្រកាស​ថា ពួក​គាត់​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី។

តំណាង​ពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ ដែល​ទទួល​បាន​ដី ៣​ហិកតារ និង​ថវិកា ២.៥០០​ដុល្លារ អ្នកស្រី ផាវ ញ៉ើង ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពួក​គាត់​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ និង​បាន​សរសើរ​លោក ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​ល្អ។ តែ​ទោះ​យ៉ាង​ណា តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ឲ្យ​លោក ជា សុផារ៉ា​ ដោះ​ស្រាយ​សំណង​ឲ្យ​បាន​គ្រប់​គ្នា បើ​ទោះ​ជា​ពលរដ្ឋ​រងគ្រោះ​ខ្លះ បាន​ទទួល​សំណង​បន្តិចបន្តួច​ពី​ក្រុមហ៊ុន​ក៏​ដោយ៖ «លក្ខខ័ណ្ឌ​ដោះស្រាយ​ត្រូវ​បញ្ចប់​ឲ្យ​អស់​សិន មុន​នឹង​គាត់ ប្រគល់​លុយ​អោយ​មក​គ្រប់ គាត់​ប្រគល់​លុយ​អោយ​យើង យើង​នឹង​ផ្ដិត​មេដៃ​ជូន​គាត់។ ថ្ងៃ​នេះ​យើង​ផ្ដិត​មេដៃ​អោយ​គាត់​ថា នឹង​ឈប់​តវ៉ា​សិន បើ​ថ្ងៃ​ក្រោយ​យើង​ផ្ដិត​មេដៃ​មួយ​ទៀត។ សម្រាប់​ថ្ងៃ​នេះ យើង​ទូទាត់​ថវិកា គាត់​ថា​ខ្លះ​មាន​ចាប់​ឆ្នោត"

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ឲ្យ​ដឹង​ថា កិច្ចប្រជុំ ដែល​រៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ទាំង​ភាគី​រដ្ឋាភិបាល ភាគី​ក្រុមហ៊ុន លី យ៉ុងផាត់ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​សង្គម​ស៊ីវិល និង​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ។ ក្រសួង​ដែនដី​ថា ក្រុមហ៊ុន លី យ៉ុងផាត់ រ៉ាប់រង​ផ្ដល់​ដី និង​ផ្ដល់​លុយ​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ ដោយ​ក្រុមហ៊ុន​យល់​ព្រម​កាត់​ដី​ឲ្យ​រដ្ឋ​ទំហំ ៨២៥​ហិកតារ នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល ដើម្បី​ឲ្យ​រដ្ឋ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី នៅ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន លោក​ឧកញ៉ា លី យ៉ុងផាត អះអាង​ថា បាន​កើត​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ​២០០៦ មក​ម្ល៉េះ។ ជាង ១០ឆ្នាំ​មក​នេះ ពលរដ្ឋ​អះអាង​ថា ដើម្បី​ទាមទារ​ដី​មក​វិញ ពួក​គាត់​បាន​ប្រើប្រាស់​ការ​តវ៉ា​គ្រប់​វិធីសាស្ត្រ ដោយ​ប្រឈម​នឹង​ការ​ប្រើ​ហិង្សា និង​តុលាការ ពី​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន។ ជម្លោះ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​តំណាង​ពលរដ្ឋ ប្ដឹង​ក្រុមហ៊ុន​ដល់​តុលាការ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ផង​ដែរ។ ពលរដ្ឋ ចាត់​ទុក​ការ​ទទួល​បាន​ដំណោះស្រាយ​នៅ​ពេល​នេះ​ថា ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី។

អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន​ អបអរ​សាទរ​ចំពោះ​ដំណោះស្រាយ​របស់ លោក ជា សុផារ៉ា។ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កោះកុង ប្រាប់​ថា អាជ្ញាធរ​ថ្នាក់​ជាតិ ទើប​តែ​ដោះស្រាយបាន២ក្រុមប៉ុណ្ណោះ នៅ​សល់​ពលរដ្ឋ​ក្រុមទី​៣ ដែល​មាន​ចំនួន​ជាង៣០០គ្រួសារបន្ថែមទៀត ព្រោះ​សមាគម​សិទ្ធិមនុស្ស អាដហុក​ បាន​ទទួល​បណ្ដឹងពីពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ មាន​ចំនួន ៣​ក្រុម៖ «យើង​ឃើញ​មាន​ការ​ដោះស្រាយ​ក្នុង​ការ​ពាក់ព័ន្ធ ករណី​ខាង​លើ​នេះ ២​ក្រុម​ប្រជាពលរដ្ឋ​យល់ព្រម​ទទួល​យក​ទាំង​អស់​គ្នា។ ប៉ុន្តែ​យើង​មិន​ដឹង​ថា មួយ​ក្រុម​ទៀត​ទទួល​យក​ឬ​អត់​ទេ ព្រោះ​ពលរដ្ឋ​ទាំង ៣​ក្រុម​ធ្លាប់​ដាក់​ញត្តិ​សរសេរ​វិក្កយបត្រ​ទៅ​អាជ្ញាធរ​ទាំង​អស់​គ្នា​អញ្ចឹង​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាំង​អស់​គ្នា ព្រោះ​យើង​មិន​ទាន់​អាច​សន្មត​ថា ជម្លោះ​ទាំង​អស់​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ"

លោក ញៀប សំអឿន ចង់​ឃើញ លោក ជា សុផារ៉ា ដោះស្រាយ​បញ្ចប់​ឲ្យ​អស់​រវាង​ពលរដ្ឋ​ដែល​នៅ​សេស​សល់ ក្នុង​ក្រុម ១៧៥​គ្រួសារ និង​ក្រុម ២០០​គ្រួសារ និង​បន្ត​បញ្ចប់​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​បន្ថែម​ទៀត ទើប​ជម្លោះ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះ​កុង​ត្រូវ​បិទ​បញ្ចប់​ទាំង​ស្រុង។ សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​ដែល​រង​គ្រោះ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ នឹង​មិន​សុខចិត្ត​បញ្ឈប់​សកម្មភាព​តវ៉ា​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

keep sues them untill its dropped

That is not enough to be fair to all those 300 families land grabbed evictions who taken more than 10 years in court room to fighting their landowner rights to get back,despite the culprit predator Lyong Path destroyed all their properties,families broken apart,lost their earned income annually,children lost school,face mental illness syndrome,face medical bills and etc.The smart thing to all those 300 families victims should additional file lawsuit to gain more properties damaged benefits since the first day of Mr.Lyong Path's land grab scam business,Inc.and the one who was destroyed their lands,farmlands with other things.

Mar 25, 2018 11:21 AM

គេហទំព័រ​ទាំងមូល