អាជ្ញាធរ​ខេត្ត​កោះកុង​ហាម​អ្នក​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ជួប​ជុំ​គ្នា​ពេល​បោះឆ្នោត​ព្រឹទ្ធ​សភា

ដោយ មាន ឫទ្ធិ
2018.02.23
ផាវ ញ៉ើង ៨៥៥ ២០១៧ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។
RFA/Sorn Chanratha

សហគមន៍​រង​គ្រោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ហាម​ពួកគាត់​មិន​ឲ្យ​ជួប​ប្រជុំ​គ្នា​រក​ដំណោះស្រាយ​ដីធ្លី​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា​នោះ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​បម្រាម​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​អះអាង​ថា អាជ្ញាធរ​ខេត្ត​កោះកុង កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​គាត់​បន្ថែម​ទៀត ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​កោះកុង និង​អាជ្ញាធរ​ថ្នាក់​ជាតិ យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ ១៧៥​គ្រួសារ ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ។

​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ស្រុក​ស្រែអំបិល ​លោកស្រី ផាវ ញ៉ឺង ឲ្យ​ដឹង​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជីខលើ លោក សាក់ ប៊ុនធៀម បាន​ប្រាប់​លោកស្រី​ជា​បន្តបន្ទាប់​ថា អាជ្ញាធរ​ថ្នាក់​លើ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នោះ​ទេ ព្រោះ​ពេល​នេះ​ជា​ពេល​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា។ លោកស្រី ផាវ ញ៉ឺង បញ្ជាក់​ថា ពួកគាត់​បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ជា​យូរ​មក​ហើយ ដើម្បី​ជួប​ប្រជុំ​គ្នា​អំពី​ផែនការ​តស៊ូ​មតិ​ស្វែង​រក​ដំណោះស្រាយ​ដីធ្លី​អោយ​បាន​មុន​ការ​បោះឆ្នោត​ខាង​មុខ​នេះ ខណៈ​ដែល​អាជ្ញាធរ​មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​ក្នុង​ការ​ដោះស្រាយ៖ «ប៉ូលិស​ឃុំ​ជីខលើ ប្រាប់​ថា មេ​គាត់​អោយ​ពលរដ្ឋ​ផ្អាក​ប្រជុំ​នៅ​ថ្ងៃ​ទី​២៥ សិន ដោយ​រង់ចាំ​ដាច់​ខែ ព្រោះ​កុំ​អោយ​គេ​យល់​ច្រឡំ ដោយសារ​គេ​បោះ​ឆ្នោត​ព្រឹទ្ធសភា។ ពួក​ខ្ញុំ​ឆ្លើយ​ថា ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ មិន​បាន​ដឹង​អំពី​ការ​បោះឆ្នោត​អសកល​អ្វី​នោះ​ទេ ពួក​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដំណោះស្រាយ​ដីធ្លី ព្រោះ​អាជ្ញាធរ​តែង​តែ​រវល់​រឿង​នេះ​រឿង​នោះ មិន​ឃើញ​ចុះ​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​ចំនួន ១៧៥​គ្រួសារ»

​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ​រវាង​ពលរដ្ឋ​នៅ​ស្រុក​ស្រែអំបិល គឺ​បាន​គ្រប​ដណ្ដប់​ភូមិ​ចំនួន​៦ ស្ថិត​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ជីខក្រោម ឃុំ​ជីខលើ និង​ឃុំ​ដងពែង។ ទំនាស់​ដីធ្លី​នេះ គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ​កោះកុង ស៊ូហ្គើ (Koh Kong Sugar) និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Koh Kong Plantation) របស់​អ្នក​វិនិយោគ​ទុន​ថៃ ដែល​បាន​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។

លោកស្រី ផាវ ញ៉ឺង អះអាង​ថា កន្លង​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្រមព្រៀង​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ថា ​នឹង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ​ជា​ដី ៣​ហិកតារ និង​ថវិកា ២.៥០០​ដុល្លារ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មាន​តែ​ពលរដ្ឋ ១៤​គ្រួសារ​ក្នុង​ចំណោម ១៥​គ្រួសារ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង ចំណែក​ពលរដ្ឋ ១៧៥​គ្រួសារ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ គឺ​កំពុង​ស្ងប់ស្ងាត់​ពុំ​មាន​ដំណោះស្រាយ​អ្វី​តាម​ការ​សន្យា​នោះ​ទេ។

​លោកស្រី ផាវ ញ៉ឺង បញ្ជាក់​ថា ចំពោះ​បម្រាម​របស់​អាជ្ញាធរ​មិន​ឲ្យ​ពួកគាត់​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ នោះ គឺ​ពួកគាត់​យល់​ព្រម ហើយ​ពួកគាត់​នឹង​ទៅ​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ វិញ ប៉ុន្តែ​លោកស្រី​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​ហាមប្រាម​ទៀត គឺ​ប្រជាពលរដ្ឋ​មិន​ព្រម​ដាច់​ខាត់៖ «ឥឡូវ​នេះ​យើង​បាន​ព្រមព្រៀង​ទៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ តែ​ដល់​ថ្ងៃ​នោះ មិន​អាច​មក​រារាំង​ពួក​ខ្ញុំ​បាន​ទៀត​ទេ ហើយ​បើ​នៅ​តែ​រារាំង នឹង​អាច​ផ្ទុះ​កំហឹង​ដាក់​គ្នា​មិន​ខាន់​ទេ។ រឿង​ទំនាស់​ដី​នេះ គឺ​ខាង​ក្រសួង​ដែនដី សន្យា​ថា ដោះស្រាយ​អោយ​តាំង​ពី​ឆ្នាំ​ទៅ​មិញ តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្វី​ដែល​ជាក់លាក់​ទេ មាន​តែ​ខាង​ក្រុម​ការងារ​ក្រសួង ចុះ​មក​ដើម្បី​អោយ​ពលរដ្ឋ​បំពេញ​សលាកបត្រ​ព័ត៌មាន​តែ ប៉ុណ្ណឹង»

​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជីខលើ លោក សាក់ ប៊ុនធៀម បាន​ឆ្លើយ​តប​ជាមួយ​អាស៊ីសេរី យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​រឿង​ហាម​ពលរដ្ឋ​មិន​អោយ​ប្រជុំ​គ្នា​នោះ​ទេ ហើយ​ក៏​បិទ​ទូរស័ព្ទ​វិញ​ភ្លាម នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ៖ «សុំទោស ខ្ញុំ​អត់​មាន​បាន​ហាម​ទេ! បង»

​អ្នក​សម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី ហើយ​បើ​អាជ្ញាធរ​ហាមប្រាម​ពលរដ្ឋ​ដូច្នេះ គឺ​អាជ្ញាធរ​កំពុង​រំលោភ​សិទ្ធិ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ លោក​យល់​ថា ចំពោះ​ការ​ជួប​ជុំ​គ្នា​របស់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ដើម្បី​ចង់​ដឹង​អំពី​ដំណើរ​ការ​ដោះស្រាយ​ដីធ្លី​នេះ មិន​បាន​បណ្ដាល​ឲ្យ​ច្របូកច្របល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ឡើយ។ លោក​បន្ថែម​ថា ករណី​វិវាទ​ដីធ្លី​ក្នុង​ស្រុក​ស្រែអំបិល​នេះ គឺ​បាន​យល់​ព្រម​គ្នា​ដោះស្រាយ​ជិត​ចប់​ទៅ​ហើយ ពោល​គឺ​នៅ​តែ​ខាង​ក្រុម​ការងារ​អន្តរក្រសួង ចេញ​សកម្មភាព​ចុះ​វាស់វែង​ដីធ្លី ប្រគល់​ដីធ្លី និង​ប្រគល់​ប្រាក់​សំណង​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ពន្លឿន​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​បន្ត​រងគ្រោះ​យូរ​ត​ទៅ​ទៀត៖ «យើង​សូម​អំពាវនាវ​ដល់​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី ជំរុញ​ដំណោះស្រាយ​ជូន​ពលរដ្ឋ​អោយ​បាន​ឆាប់ៗ ហើយ​មិន​ពន្លឿន​ដំណោះស្រាយ​ទេ គឺ​ពួកគាត់​នឹង​បន្ត​រង​ទុក្ខ​ខ្លាំង​បំផុត។ ជាង ១០​ឆ្នាំ​ហើយ​ពួក​គាត់​ក្រីក្រ ដោយសារ​តែ​គ្មាន​ដី​សម្រាប់​បង្កបង្កើន​ផល»

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​យឺតយូរ​ក្នុង​ការ​ដោះស្រាយ​ត​ទៅ​ទៀត​នោះ គឺ​ពួកគាត់​គ្មាន​ជម្រើស​អ្វី​តែ​ពី​ការ​តវ៉ា​នោះ​ឡើយ។ ពួកគាត់​ចង់​បាន​ដំណោះស្រាយ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត និង​ឲ្យ​បាន​ទាន់​រដូវ​វស្សា​ខាង​មុខ​ដើម្បី​ធ្វើ​ដំណាំ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត ខណៈ​រយៈពេល​ជាង ១០​ឆ្នាំ​នេះ ពួកគាត់​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​តោកយ៉ាក​សព្វ​បែប​យ៉ាង ដោយសារ​តែ​ចំណាយ​ពេល​វេលា​ដើរ​ស្រែក​ទាមទារ​យក​ដីធ្លី​ពី​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ ដែល​បាន​ដណ្ដើម​យក​ទៅ​គ្រប់គ្រង និង​ប្រគល់​សិទ្ធិ​ទៅ​អោយ​ក្រុមហ៊ុន​របស់​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។