អាជ្ញាធរ​ខេត្ត​កោះកុង​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ ប្រញាប់​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ពី​រដ្ឋាភិបាល

ដោយ ឡេង ម៉ាលី
2021-10-15
Share
អាជ្ញាធរ​ខេត្ត​កោះកុង​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ ប្រញាប់​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ពី​រដ្ឋាភិបាល
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង

អាជ្ញាធរ​ខេត្ត​កោះកុង​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌិវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ដែល​មិន​ទាន់​មក​ធ្វើ​កិច្ច​សន្យា​ទទួល​យក​គោល​នយោបាយ​ពី​រដ្ឋាភិបាល ប្រញាប់​មក​ជួប​អាជ្ញាធរ ដើម្បី​ចាប់​ដី​ឡូត៍​ក្នុង​រយៈពេល​១​សប្ដាហ៍​ទៀត ដើម្បី​ជៀស​ការ​បាត់​បង់​ផល​ប្រយោជន៍​ទៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​ពលរដ្ឋ​ដែល​មាន​ទំហំ​ដី​ច្រើន​ហិកតារ ចាត់​ទុក​គោល​នយោបាយ​នេះ​ថា ជា​ការ​សម្រេច​ដោយ​ឯកតោ​ភាគី និង​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង ដោយ​គ្មាន​តម្លាភាព។ ពលរដ្ឋ​ស្នើ​ដុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដីធ្លី​ពួកគាត់​ចេញ​តំបន់​ក្រុម​​ហ៊ុន​ចិន​ជំនួស​វិញ។

អាជ្ញាធរ​ខេត្ត​កោះកុង ទុក​ពេល​មួយ​សប្ដាហ៍ ចាប់​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២២ តុលា ជូន​ប្រជាពលរដ្ឋ​បី​ក្រុម ដែល​នៅ​មិន​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល រួសរាន់​ចុះ​ឈ្មោះ​ធ្វើ​កិច្ច​សន្យា​ចាប់​ដី​ឡូត៍​នៅ​ទីតាំង​ថ្មី ក្នុង​ឃុំ​ភ្ញីមាស និង​ឃុំ​ព្រែក​ខ្សាច់ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ក្រុមហ៊ុន​ចិន យូញៀន ឌិវេឡុបមិន គ្រុប (Union Development Group Co.,Ltd)

ក្នុង​សេចក្ដី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី១៥ តុលា រដ្ឋបាល​ខេត្ត​កោះកុង បញ្ជាក់​ថា ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ខក​ខាន​មិន​មក​ទទួល​យក​ដំណោះ​ស្រាយ​នេះ តាម​ពេល​កំណត់​ដោយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទេ នោះ​ចាត់​ទុក​ថា​ពលរដ្ឋ​បោះ​បង់​សិទ្ធិ​ទទួល​យក​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពី​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ឡើយ។

រដ្ឋាភិបាល សម្រេច​បែង​ចែក​ពលរដ្ឋ​ជាង​១​ពាន់​៣​រយ​នាក់ (.៣៣៣) ចេញ​ជា​ពី​បី​ក្រុម។

ពលរដ្ឋ​ក្រុម​ទី១ ដែល​រស់នៅ​ក្នុង​ទីតាំង​វិនិយោគ​ក្រុមហ៊ុន​ មាន​ចំនួន​២៤៧​គ្រួសារ ទទួល​បាន​ដី​ផ្ទះ​ទំហំ​កន្លះ​ហិកតារ ដី​ចម្ការ ៣ហិកតា និង​ថវិកា ៩.០០០ពាន់​ដុល្លារ ក្នុង​មួយ​គ្រួសារ។

ចំពោះ​ពលរដ្ឋ​ក្រុម​ទី២ ដែល​ទីតាំង​ដី​ពួក​គាត់ ខុស​ភូមិ​និង​ឃុំ មាន​ចំនួន ២៥៥គ្រួសារ ទទួល​បាន​ដី​ចម្ការ​ទំហំ ២ហិកតា ក្នុង​មួយ​គ្រួសារ ។

រីឯ​ពលរដ្ឋ​ក្រុម​ទី៣ ដែល​ស្នើ​សុំ​គោល​នយោបាយ​បន្ថែម មាន ៨៣១គ្រួសារ​ទៀត គឺ​ទទួល​បាន​ដីចម្ការ​ទំហំ ១ហិកតា​ក្នុង​មួយ​គ្រួសារ។ ចំណែក​ប្រជាពលរដ្ឋ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច អាជ្ញាធរ​ខេត្ត​កោះកុង​អះអាង​ថា រដ្ឋាភិបាល​នឹង​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ក្រោយ។

គិត​មក​ពេល​នេះ មាន​ពលរដ្ឋ​ចំនួន ១៧៧គ្រួសារ​ក្នុងចំណោម ២៥៥គ្រួសារ ស្ថិត​ក្នុង​ក្រុម​ទី២ បាន​ចាប់ឆ្នោត​យក​ដី​ឡូត៍​រួច​ហើយ ហើយ​ប្រជា​ពលរដ្ឋ​ក្រុម​ទី៣ មាន​ចំនួន ៣២៧គ្រួសារ ក្នុងចំណោម​៣៦០​គ្រួសារ​ ក៏​បាន​ចាប់​ឆ្នោត​ទទួល​យក​ដី​ឡូត៍​ហើយ​ដែរ។

villagers_choose_number_for_land_lots_compensation_3.jpeg
ពលរដ្ឋ​ចំនួន ១៧៧គ្រួសារ​ក្នុងចំណោម ២៥៥គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ចាប់ឆ្នោត​យក​ដី​ឡូត៍ដោះដូរ​នៅ​កន្លែង​ថ្មី ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២១។ រូប៖ រដ្ឋបាល​ខេត្ត​កោះកុង​

បើ​ទោះបីជា​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ព្រម​ទទួល​យក​គោល​នយោបាយ​នេះ​ក្ដី ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ​ដែរ។ ពួកគាត់​យល់​ថា គោល​នយោបាយ​នេះ ធ្វើ​ឡើង​ដោយ​មិន​បាន​ពិនិត្យ​មើល​ពី​ទំហំ​ដីធ្លី​ពិត​ប្រាកដ ដែល​ពលរដ្ឋ​ខាតបង់​ទៅ​ខាង​ក្រុមហ៊ុន តែ​អាជ្ញាធរ​បែរ​ជា​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដំណោះស្រាយ​ដូចៗ គ្នា​ទៅ​វិញ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់​ ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង លោកស្រី ព្រាប រដ្ឋា ដែល​មាន​ឈ្មោះ​ក្នុង​ពលរដ្ឋ​ក្រុម​ទី​១ ថ្លែង​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។

លោកស្រី​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្លះ​មាន​ដី​ធ្លី​ជា​ច្រើន​ហិកតារ​ក្នុង​គម្រោង​ក្រុម​ហ៊ុន បែរ​ជា​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទទួល​បាន​គោល​នយោបាយ ខណៈ​ពលរដ្ឋ​ខ្លះ​ទៀត​ដែល​គ្មាន​ដី​ចម្ការ​សោះ​ បែរ​ជា​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត ​ដែល​ធ្លាប់​ទទួល​សំណង​ម្ដង​រួច​ហើយ ក៏​ទទួល​គោល​នយោបាយ​នេះ​ម្ដង​ទៀត។

លោក​ស្រី​បន្ត​ថា ការ​ផ្ដល់​គោល​នយោបាយ​ដោយ​ឯកតោភាគី​ពី​ខាង​អាជ្ញាធរ ដោយ​កំណត់​ពេល​ជាក់​លាក់​បែប​នេះ គឺ​ជា​ដំណោះស្រាយ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ថា​នេះ​ជា​ការ​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដី​ច្រើន​ហិកតារ ទទួល​យក​សំណង​ដោយ​គ្មាន​តម្លាភាព។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដីធ្លី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ ប្រគល់​ឲ្យ​ពលរដ្ឋ ប្រសើរ​ជាង​ការ​ផ្ដល់​គោល​នយោបាយ​ដោយ​គ្មាន​តម្លាភាព និង​គ្មាន​យុត្តិធម៌​បែប​នេះ​៖ «ក្នុង​ការ​ដោះ​ស្រាយ​ហ្នឹង សូម​ឲ្យ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ពិត​ប្រាកដ កុំ​ឆន្ទៈ​ក្លែង​ក្លាយ។ ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​ឲ្យ​ច្បាស់​លាស់​ថា ប្រាកដ​ជា​ដោះស្រាយ​ពិត​មែន។ កុំ​ថា​ដោះ​ស្រាយ ដល់​ថ្ងៃ​ទី២២ ត្រូវ​លុប​ចេញ អ្នក​ណា​យក​មិន​យក អត់។ អា​ហ្នឹង​ មិន​មែន​ទេ។ ហ្នឹង​ជា​សំដី​របស់​កូន​ក្មេង​និយាយ​លេង​ទេ។ កុំ​ដោះ​ស្រាយ​ឲ្យ​រួច​តែ​ពី​មាត់ ហើយ​យក​របាយការណ៍​បញ្ជាក់​ទៅ​ខាង​សម្ដេច​តេជោ​ថា បាន​ធ្វើ​ការ​ដោះ​ស្រាយ​ហើយ។ ប៉ុន្តែ​ការ​ពិត ប្រជា​ពលរដ្ឋ​នៅ​តែ​ទទួល​អត់​បាត់​សោះ ភាព​អយុត្តិធម៌​ហ្នឹង។ នៅ​តែ​ទទួល​ម្ដង​ហើយ​ម្ដង​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ គឺ​មិន​ដែល​មាន​ភាព​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ប្រជាពលរដ្ឋ​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី និង​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ នៅ​ថ្ងៃ​ទី១៥ តុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ថា ការ​ដោះ​ស្រាយ​នេះ គឺ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ លោក​ថា ពលរដ្ឋ​ណា​ដែល​មិន​ព្រម​​ទទួល​យក​គោល​នយោបាយ​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញ​គោល​នយោបាយ​ផ្ដល់​ដីធ្លី​ឲ្យ​ពលរដ្ឋ​បាន​ដូចៗ គ្នា​បែប​នេះ ទំនង​ជា​មិន​អាច​បិទ​បញ្ចប់​វិវាទ​ដីធ្លី​នេះ​បាន​ទេ ព្រោះ​អាជ្ញាធរ​មិន​បាន​ផ្ដល់​ពេល​វេលា​សមរម្យ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ទំហំ​ដី​ច្រើន​ហិកតារ តវ៉ា​ទាមទារ​សំណង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ៖ «ការ​ដោះស្រាយ​កំណត់​ថ្ងៃ​២២​ ដែល​ជា​ថ្ងៃ​ឱសានវាទ​ក្នុង​លិខិត​អញ្ជើញ​ ខ្ញុំ​បាន​ឃើញ​ថា​ មិន​ទទួល​ខុសត្រូវ​ក្នុង​ករណី​នេះ។ នេះ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​ឲ្យ​បាន​ពេញ​លេញ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ព្រោះ​ទំហំ​ខូចខាត​របស់​ប្រជាពលរដ្ឋ​ គឺ​ខុសៗ គ្នា មិន​ដូច​គ្នា​ទេ។ នៅ​ពេល​សំណង​ចេញ​មក​ គឺ​ដូច​ៗ​គ្នា​បែប​នេះ ឃើញ​ថា​ទំនាស់​នេះ​មិន​អាច​ដោះ​បញ្ចប់​បាន​ទេ។ ហើយ​វា​ក៏​មិន​ត្រឹមត្រូវ​ដែល​ក្នុង​ការ​ដោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​។ ឃើញ​ថា​គាត់​ដើរ​តវ៉ា​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ លទ្ធផល​ដែល​គាត់​ទទួល​បាន​ ជួនកាល​បាន​លេខ១ និង​លេខ២ បាន​ដី​៣ហិកតារ​កន្លះ។ ពលរដ្ឋ​ខ្លះ​ទៀត​បាន​ដី ២ហិកតារ។ អ្នក​ខ្លះ​ទៀត​ក៏​មិន​ឈ្មោះ​ទទួល​បាន​ការ​ដោះស្រាយ​ហ្នឹង​ដែរ»

ក្រុមហ៊ុន​ចិន យូញៀន ឌិវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ ក្នុង​ខេត្ត​កោះកុង សរុប​ចំនួន​ជាង ៤ម៉ឺន​ ៥ពាន់​ហិកតារ (៤៥.១០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​៣​រយ​គ្រួសារ​ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​។ កាល​ពី​ឆ្នាំមុន ក្រសួង​រតនាគារ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​នេះ ក្រោម​ច្បាប់​សាកល Global Magnitsky Act ក្រោយ​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ការ​ច្បាម​យក​ដី និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​គោល​គោល​នយោបាយ​ដីធ្លី​នេះ​ ស្នើ​សុំ​រដ្ឋាភិបាល​បើក​វេទិកា​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ និង​ផ្ដល់​សំណង​សមរម្យ​ ដែល​អាច​ទទួល​យក​បាន។ ពលរដ្ឋ ប្រកាន់​ជំហរ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ស្វែង​ផ្ដល់​ដំណោះស្រាយ​ល្អ​ជាង​នេះ​ទេ នោះ​ពួកគាត់​នឹង​នាំ​គ្នា​ចេញ​តវ៉ា​តាម​ស្ថាប័ន​រដ្ឋ លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល