អ្នក​មាន​ជម្លោះ​ដី​ខេត្ត​កោះកុង​ប្រឈម​នឹង​ខ្វះ​អាហារ​ខណៈ​តវ៉ា​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី

ដោយ ថន ថារ៉ូ
2019.07.07
ជា សុផារ៉ា ២០១៧ ៦២២ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​កោះកុង ទៅ​រក​ដំណោះស្រាយ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ភាព​ខ្វះខាត​អាហារ​បរិភោគ​ប្រចាំ ក្រោយពី​ចេញ​តវ៉ា​នៅមុខ​ក្រសួង​រៀបចំ​ដែនដី ៣​ថ្ងៃ​មក​ហើយ នៅ​តែ​មិន​ទទួល​បាន​ការសន្យា​ណាមួយ​ពី​ខាង​ក្រសួង។ ប៉ុន្តែ​ពួកគាត់​នៅតែ​ប្រកាន់​ជំហរ ថា​នឹង​នៅ​តវ៉ា​តទៅ​មុខ​ទៀត ដរាបណា​មានការ​ឆ្លើយតប​ពី​ក្រសួង​រៀបចំ​ដែនដី ករណី​វិវាទ​ដីធ្លី​របស់​ពួកគាត់។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី លោក ឆាន់ ឈឿន ឱ្យ​ដឹង​ថា ពួកគាត់​កំពុង​ប្រឈម​ខ្វះ​អាហារ​បរិភោគ។ បច្ចុប្បន្ន​ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ជួយ​ផ្ដល់​ជា​អង្ករ​ខ្លះ មី​កញ្ចប់​ខ្លះ និង​អ្នក​នៅ​ជុំវិញ​វត្ត​ផ្ដល់​អាហារ​ឱ្យ ពួកគាត់​ត្រូវ​លៃលក​ស្បៀង​ទាំងនោះ ចែក​គ្នា​ហូប ទោះបី​តិច​ក្ដី​ច្រើន​ក្ដី​។​

នៅ​ពេល​ចែក​បាយ​គ្នា​ហូប​ក្នុង​វត្ត​ម្ដងៗ ធ្វើ​ឱ្យ​តំណាង​ពលរដ្ឋ​រូប​នេះ នឹកឃើញ​របប​អាហារ​ក្នុង​របប​ខ្មែរក្រហម ដែល​មនុស្ស​ម្នាក់ៗ ត្រូវ​ឈរ​តម្រង់​ជួរ​គ្នា​ចាំ​ទទួលយក​ចំណែក​អាហារ​រៀង​ៗ​ខ្លួន​៖ «​គឺ​មាន​ការ​ខ្វះ​ខាត​បង គឺ​មិន​បាន​ឆ្អែត​គ្រប់គ្នា​ទេ ដោយសារ​គ្នា​ច្រើន​។ យើង​រៃ​លុយ​គ្នា​ម្នាក់​១​ពាន់​រៀល ហើយ​១​ពាន់​រៀល​ហ្នឹង ទៅ​ទិញ​អង្ករ​ខ្លះ​ទៅ​ម្ហូប​ខ្លះ​អ៊ីចឹង​ទៅ​។ និយាយ​អ៊ីចឹង​ម្នាក់​មួយ​ចានៗ​ទៅ​។ ដូច​ថា​ចាស់ៗ​ហូប​ដូច​ទៅ​នឹង​ជំនាន់ ៣​ឆ្នាំ គឺ​វាល់​ចែក​គ្នា​អ៊ីចឹង​ទៅ​។ មួយ​ចានៗ ហើយ​ហូប​ឆ្អែត​មិន​ឆ្អែត យើង​គិត​ទៅតាម​ហ្នឹង អ៊ីចឹង​ទៀត​ទៅ​។ បើ​ថា​ស្ពៃ​ស្ងោរ​អ៊ីចឹង​ទៅ ធ្វើ​មិច​ឱ្យ​បាន​ហូប​ជាមួយ​បាយ ឱ្យ​បាន​គ្រប់គ្នា បន្លែ​តិច​ឬ​ច្រើន​អ៊ីចឹង​ទៅ លាយ​ឱ្យ​បាន​សើមៗ​បាយ​អ៊ីចឹង​ទៅ»

ចំណែក​ការ​ស្នាក់នៅ​វិញ លោក ឆាន់ ឈឿន ថា ពួកគាត់​ដេក​តម្រៀប​គ្នា ក្នុង​សាលា​ឆាន់​៖ «និយាយ​ទៅ​គឺ​ដេក​នៅ​លើ​ឥដ្ឋការ៉ូ។ ឥដ្ឋការ៉ូ ក្នុង​សាលាឆាន់​លោក គ្មាន​អ្វី​ទេ​។ និយាយ​ទៅ​គឺថា​តាមតែ​បងប្អូន​ដេក​បាន​អ៊ីចឹង។ អត់​អី​ទេ ដូចជា​មុង​ភួយ អី​ក៏​អត់​មាន​ដែរ»

តំណាង​ពលរដ្ឋ​ម្នាក់ទៀត គឺ​លោកស្រី អិន ធូ ថ្លែង​ថា ថ្វីបើ​ពួកគាត់​ប្រឈម​រឿង​អាហារ​ខ្វះខាត​បែបនេះ​ក្ដី តែ​ទឹកចិត្ត​នៃ​ការ​តស៊ូ​ព្យាយាម ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​នេះ នៅតែ​មាន​ជានិច្ច​។ តំណាង​ពលរដ្ឋ​ដែល​កូន ៩​នាក់​ក្នុង​បន្ទុក​គ្រួសារ​រូប​នេះ អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ជួយ​ផ្ដល់​ជា​ស្បៀងអាហារ ដល់​ពួកគាត់​ដើម្បី​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​ក្នុង​រឿង​ដីធ្លី​នេះ ទាល់តែ​ទទួល​បាន​ការសន្យា​ណាមួយ​ពី​ក្រសួង​រៀបចំ​ដែនដី​៖ «ចង់​បងប្អូន ឯកឧត្ដម ឧកញ៉ា​ជួយ​ជា​អាហារ ឬ​ជា​លុយ​ជា​កាក់​អី ដើម្បី​ទិញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើងខ្ញុំ​ជា​អ្នករងគ្រោះ គាត់​បាន​ហូបចុក​បន្ត​ជីវិត​ទៅមុខ​ទៀត ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​យុត្តិធម៌»

លោកស្រី អិន ធូ ឱ្យ​ដឹង​ថា ពួកគាត់​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ដែល​រក​បាន​ពី​កាប់​ផ្ដៅ និង​ចាប់​ត្រី​លក់ នៅ​ពេល​ចេញ​ស្វែងរក​ដំណោះស្រាយ​នៅ​ក្រុងភ្នំពេញ​ម្ដងៗ ។ ចំណែក​អ្នកភូមិ​ខ្លះ​ទៀត ក៏​ទៅ​ខ្ចី​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ ចន្លោះ​ពី​២០​ម៉ឺន​រៀល ទៅ​៥០​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​ខ្លួន ក្នុង​ពេល​ចេញ​តវ៉ា​នៅ​ភ្នំពេញ​។ ចំពោះ​ថ្លៃ​រថយន្តឈ្នួល​ធ្វើដំណើរ​ទៅមក ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​អស់​៣​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់។

ក្នុង​កំឡុង​ពេល​តវ៉ា​អស់​រយៈពេល ៣​ថ្ងៃ​កន្លង​មក​នេះ ប្រជាពលរដ្ឋ ១៥០​រយ​នាក់ មាន​ទាំងចាស់​​ទាំង​ក្មេង នាំគ្នា​ដើរ​ពី​វត្ត​សាមគ្គីរង្សី ឬ​ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ក្រសួង​រៀបចំ​ដែនដី លើ​ចម្ងាយ​ផ្លូវ​ជិត​៧​គីឡូម៉ែត្រ ដោយ​ប្រើ​ពេល​អស់​ជាង ២​ម៉ោង។ ក្នុង​ពេល​តវ៉ា​នៅមុខ​ក្រសួង មួយ​លើកៗ ពួកគាត់​រង​ការ​ប្រើ​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ចំការមន ដែល​បណ្ដាល​ឱ្យ​បុរស​ម្នាក់​បែក​ជើង​ដោយសារ​រុញច្រាន​គ្នា និង​ស្ត្រី​៧​នាក់​ផ្សេងទៀត​ដួល​សន្លប់។

រឿងរ៉ាវ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​នាំគ្នា​ចេញ​តវ៉ា​ជា​លើក​ទី​២​នេះ ដោយសារតែ ក្រសួង​រៀបចំ​ដែនដី និង​សាលា​ខេត្ត​កោះកុង ចេញ​លិខិត​រៀងៗ​ខ្លួន កាលពីដើម​ខែ​កក្កដា សម្រេច​មិន​ទទួលយក​សំណើ​ពួកគាត់​ទៅ​ដោះស្រាយ​។ បើ​ទោះ​បី​ជា ពួកគាត់​នៅ​រក្សា​ជំហរ​តវ៉ា ក្រោម​ដំណក់​ទឹកភ្លៀង នៅមុខ​ក្រសួង​រៀបចំ​ដែនដី ចាប់ពី​ថ្ងៃ​ទី​៣ កក្កដា រហូតមកដល់​ពេលនេះ​យ៉ាងណាក្ដី ក៏​ពួកគាត់​នៅតែ​មិន​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់ ចេញ​មក​ជួប ឬ​ហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ចូល​ទៅ​ជជែក​គ្នា​ឡើយ។

រដ្ឋបាល​ខេត្ត​កោះកុង បាន​ចេញ​លិខិត​មួយ កាលពី​ថ្ងៃ​ទី​១ កក្កដា បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ គ្រុប (Heng Huy Agriculture Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល​។ ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទីតាំង​ដែល​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

នៅ​ថ្ងៃ​ជាមួយ​នោះ ក្រសួង​រៀបចំ​ដែនដី អះអាង​នៅ​ក្នុង​សេចក្ដីប្រកាស​របស់​ខ្លួន ថា ពលរដ្ឋ​១៩៧​គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ ៩៨៧​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ថា ពួកគេ​ទទួល​បាន​ដំណោះស្រាយ​អស់ហើយ​។ ក្រសួង​រៀបចំ​ដែនដី ក៏​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ជិត​២០០​រយ​គ្រួសារ ប្រសិនបើ​មានការ​ប្រមូល​ផ្ដុំ​គ្នា តវ៉ា​រក​ដំណោះស្រាយ​នៅមុខ​ក្រសួង​ជាថ្មី​ទៀត។

លោក ឆាន់ ឈឿន លើកឡើង​ថា បើសិនជា​ពេលនេះ មាន​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ណា​ម្នាក់​ហ៊ាន​ចេញ​មក​ប្រាក់​ពួកគាត់​ថា ក្រសួង​នឹង​ចុះទៅ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​នៅ​ពេល​ណាមួយ ពួកគាត់​នឹង​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​៖ «បើ​គាត់​ប្រាប់​ថា នឹង​រក​ដំណោះស្រាយ​ឱ្យ មួយ​ម៉ាត់​អី​អត់​មាន​ប្រាប់​សោះ ស្ងាត់​សូន្យ​។ គ្រាន់តែ​ខាង​ក្រសួង​ចុះ​មក​ប្រាប់​ផ្ទាល់​ថា បងប្អូន​កុំ​ទាល់​អាល​តវ៉ា​អ៊ីចឹង ខ្ញុំ​នឹង​រក​ដំណោះស្រាយ ខែ​ណាៗ ពួក​ខ្ញុំ​អត់​ប្រឆាំង​ដែរ។ ចង់​ដឹង​ថា ឱ្យ​តែ​ខាង​ក្រសួង​ប្រាប់​ពួក​ខ្ញុំ​ថា ឥឡូវ​បងប្អូន​ទាំងអស់​គ្នា កុំ​តវ៉ា​អី ខ្ញុំ​នឹង​រក​ដំណោះស្រាយ​ឱ្យ​។ ពួក​ខ្ញុំ​អត់​មាន​កំណត់​ថា ខាងគេ​ហ្នឹង​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ឆាប់ៗ​ទេ រយៈពេល​ប៉ុន្មាន​ថ្ងៃ ខែ ឆ្នាំ​អី​ក៏ដោយ សំខាន់​គឺ​ឱ្យ​រក​ដំណោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​។ ពួក​ខ្ញុំ​អស់ចិត្ត ហើយ​នឹង​ត្រឡប់​ទៅវិញ»

អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ដែល​តាមដាន​ជម្លោះដីធ្លី​នេះ យល់ថា​ដំណោះស្រាយ​នឹង​មាន ប្រសិនបើ​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​៖ «​បើ​យើង​មាន​ដំណោះស្រាយ សំណង​ណាមួយ ដែល​សមស្រប​អាច​ទទួល​យក​បាន ហើយ​ព្រមព្រៀងគ្នា​ដោយ​ស្ម័គ្រចិត្ត ហៅថា​សមរម្យ​និង​យុត្តិធម៌ ខ្ញុំ​គិត​ថា​រឿង​ហ្នឹង​មាន​ដំណោះស្រាយ​។ យើង​កុំ​ទុក​គ្នា​ឱ្យ​នៅ​អ៊ីចឹង​។ ហើយ​គាត់​តវ៉ា​សង្ឃឹមថា មាន​ដំណោះស្រាយ​។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​ខាង​ក្រសួង​ជា​អាជ្ញាធរមាន​សមត្ថកិច្ច​ហ្នឹង ចុះទៅ​កំណត់​អត្តសញ្ញាណ​ដោះស្រាយ​ឱ្យ​ពួកគាត់ ឱ្យ​បាន​ឆាប់​ទៅ ព្រោះ​បើ​ទុក​ទៀត ប៉ះពាល់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​។ ហើយ​គាត់​ត្រូវ​ធ្វើ​ចម្ការ ដើម្បី​ចិញ្ចឹមជីវិត​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ឡើងវិញ»

របប​ក្រុងភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង​៤​ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​អំពៅ កាល​ពី​ឆ្នាំ​២០០៧​។ នៅ​ឆ្នាំ​២០១០ ពលរដ្ឋ​ចោទ​ក្រុមហ៊ុន ហេង ហ៊ុយ ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាតទី​យក​ដី​របស់​ក្រុមហ៊ុន​។ ពួកគាត់ អះអាង​ថា បាន​ចូល​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ធ្លី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ដោយមាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​ថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ គ្រុប ដែល​ប្ដូរ​ឈ្មោះ​ទៅជា ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ឈប់​ដាំ​ដំណាំ​អំពៅ ចំណែក​រោងចក្រ​ផលិត​ចេញ​ស្ករស ក៏​មិន​ឃើញ​មាន​សកម្មភាព​មមាញឹក​នោះ​ដែរ។

គិតដល់​ពេលនេះ លោក ឆាន់ ឈឿន ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ប្រមាណ​៦០​នាក់ បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​កូន​របស់​ពួកគាត់ មាន​កើត​ជំងឺគ្រុនឈាម។ ទោះបីជា​យ៉ាងណា តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ពួកគាត់​នឹង​វិល​ត្រឡប់​មក​រាជធានី​ភ្នំពេញ វិញ នៅ​ថ្ងៃអាទិត្យ ទី​៧ កក្កដា ដើម្បី​បន្ត​ដើរ​ស្វែងរក​ដំណោះស្រាយ​ដីធ្លី នៅ​តាម​ស្ថាប័នរដ្ឋ​ផ្សេងទៀត នៅ​ដើម​សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។