ជនជាតិ​ភាគ​តិច​កួយ​និង​ខ្មែរ​ប្រមាណ​២០០​គ្រួសារ​នៅ​ព្រះវិហារ​ប្រឈម​នឹង​បាត់បង់​ដីធ្លី

ដោយ ហង្ស សាវយុត
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ មក​ពី ៣​ភូមិ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​គ្នា​មក​រារាំង​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង មិន​ឱ្យ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ប៉ះ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគេ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។
ក្រុម​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ មក​ពី ៣​ភូមិ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​គ្នា​មក​រារាំង​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង មិន​ឱ្យ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ប៉ះ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគេ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។
Provided Photo

អាជ្ញាធរ​ឃុំ​ម្លូព្រៃ២ នៃ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​មាន​ក្តី​ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រហែល ២០០​គ្រួសារ នៅ​ភូមិ​ចំនួន​ពីរ នឹង​បាត់បង់​ដី​ស្រែ​ចម្ការ និង​វាល​ស្មៅ​សម្រាប់​គោ​ក្របី​នៅ​ពេល​ខាង​មុខ។

ការ​អះអាង​បែប​នេះ ក្នុង​អំឡុង​ពេល​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង (Ruy Feng) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ចាប់​ផ្តើម​អភិវឌ្ឍ​ដាំ​អំពៅ​នៅ​ទីនោះ និង​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។

ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង ចាប់​ផ្ដើម​ឈូស​ឆាយ​ពង្រីក​ចូល​ដី​ព្រៃ និង​ដី​បម្រុង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​បន្តិច​ម្ដងៗ។

មេ​ឃុំ​ម្លូព្រៃ២ គឺ​លោក សាប់ សាយ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែ​មិថុនា ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ ចំនួន ៧០០​គ្រួសារ កំពុង​រស់នៅ​លាយ​ឡំ​គ្នា​ក្នុង​ភូមិ​ពីរ គឺ​ភូមិ​ប្រើសក្អក និង​ភូមិ​បុស។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​នោះ គឺ​ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ដី​ស្រែ​ចម្ការ។ លោក​មេ​ឃុំ​ម្លូព្រៃ២ បញ្ជាក់​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា កន្លង​ទៅ ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង បាន​បញ្ជូន​គ្រឿងចក្រ ២​គ្រឿង​ទៅ​ឈូស​ឆាយ​លើ​ដី​បម្រុង​ទុក​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ៖ «ព្រួយ​បារម្ភ​ក្រែង​អត់​មាន​ដី​ព្រៃ​សម្រាប់​ទុក​ចិញ្ចឹម​គោ​ក្របី។ វា​បំពាន​ប្រជាជន គាត់​តវ៉ា​ទៅ​គេ​ថា​កុំ​តវ៉ា​អី​ដី​នេះ មិន​មែន​ជា​ដី​របស់​ប្រជាជន​ទេ»

កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ភូមិ​ប្រើសក្អក និង​ភូមិ​បុស ប្រមាណ ១៥០​នាក់ បាន​លើក​គ្នា​ទៅ​ព័ទ្ធ​ចាប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង ចំនួន ២​គ្រឿង មិន​ឲ្យ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ដី​បម្រុង​ទុក​របស់​ពួក​គេ​ទេ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​ប្រជាពលរដ្ឋ មាន​ប្រសាសន៍​ថា គ្រឿងចក្រ ២​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ដែល​អ្នក​ភូមិ​ព័ទ្ធ​ចាប់​នោះ គឺ​នៅ​ពេល​ដែល​កំពុង​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​រំលោភ​ចូល​ទៅ​ក្នុង​តំបន់​ដី​បម្រុង​ទុក​របស់​ប្រជាពលរដ្ឋ៖ «គេ​ធ្វើ​ត្រាសេ ប៉ុន្តែ​ចូល​ទៅ​ក្នុង​ដី​ដែល​រដ្ឋ​បាន​ប្រគល់​ឲ្យ​ថា​ជា​ដី ១០% សម្រាប់​ប្រើប្រាស់​អាស្រ័យ​ផល​នោះ»

លោក ប៉ិក សោភ័ណ បញ្ជាក់​ថា ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង ដែល​បញ្ជូន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​នោះ គឺ​ជា​ការ​រំលោភ​បំពាន​មក​លើ​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​ស្រុង ពីព្រោះ​តែ​ការ​ឈូស​ឆាយ​មិន​បាន​ប្រាប់​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​ហៅ​អ្នក​ភូមិ​ទៅ​ពិគ្រោះ​គ្នា​ជា​មុន​ឡើយ។

បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះវិហារ ទំនាស់​ដីធ្លី គឺ​កើត​មាន​នៅ​គ្រប់​ស្រុក​ទាំង​៧ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នេះ​ហាក់​មាន​ការ​ដោះស្រាយ​បាន​ផល​តិចតួច​សម្រាប់​ប្រជាពលរដ្ឋ។

កាល​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ សហគមន៍​ទំនាស់​ដីធ្លី​ប្រមាណ ២​ពាន់​នាក់​មក​ពី ៧​ស្រុក ធ្លាប់​បាន​ប្រមូល​គ្នា​ឡើង​ទៅ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទី​រួម​ខេត្ត​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​គម្រោង​តវ៉ា​នោះ​មិន​បាន​សម្រេច ដោយសារ​តែ​អាជ្ញាធរ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​នៅ​តាម​ដង​ផ្លូវ​ជាច្រើន​កំណាត់ ដើម្បី​រារាំង​កុំ​ឲ្យ​កម្លាំង​ប្រជាពលរដ្ឋ​ចូល​ទៅ​តវ៉ា​នៅ​ក្នុង​ទី​រួម​ខេត្ត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

មាលា

ពី ព្រះវិហារ

ដីស្រែមានមីន ប្រជាជនប្រថុយធ្វើស្រែលើដីនោះ មានអ្នកខ្លះស្លាប់ និងពិការ ដល់ពេលដោះមីនរួចរាល់ក្លាយជាដីសម្បទានឲ្យយូន​និង​ចិន។ សម័យសង្រ្គាមរដ្ឋជំលៀសប្រជាជនមកនៅតាមដងផ្លូវធំ នៅពេលចប់សង្រ្គាមត្រឡប់ទៅភូមិចាស់វិញ ដែលជាដីកេរ្ត៏ដូនតា បែរជា​មន្រ្តីធំៗចោទថា រំលោភយកដីរដ្ឋទៅវិញ។តើច្បាប់ដែលជួយ
ការការប្រយោជន៏រាស្រ្តឬទេ? ដឹងទេថាអ្នកដែលបោះឆ្នោតឲ្យអ្នក ភាគច្រើននោះជារាស្រ្តក្រីក្រ មិនជាមន្រ្តីរបស់លោក​​ គាំទ្រលោកនោះទេ។ សូមពិចារណាផង។

Jun 27, 2015 12:15 AM

គេហទំព័រ​ទាំងមូល