ពលរដ្ឋ​​មួយ​គ្រួសារ​នៅ​​ក្រចេះ​រស់​ភៀស​ខ្លួន​ក្រោយ​ពី​អាជ្ញាធរ​បំផ្លាញ​ផ្ទះ​និង​គំរាម​ចាប់​ខ្លួន

ដោយ សន ចាន់រដ្ឋា
2018-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។
Photo: RFA

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​អាជ្ញាធរ​ស្រុក​ស្នួល យក​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ និង​គំរាម​ចាប់​ដាក់​គុក។ ពួកគាត់​បាន​បង្ខំ​ចិត្ត​រស់​ភៀសខ្លួន​មួយ​រយៈ​ក្រោយ​ពី​អាជ្ញាធរ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ឃ្លាំមើល​ផ្ទះ​របស់​ពួកគាត់ ហើយ​បាន​ចាប់​ខ្លួន​មនុស្ស ៣​នាក់​ឃុំ​ខ្លួន​មួយ​យប់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខែត្រ​ក្រចេះ បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​ក្រចេះ ដើម្បី​ប្ដឹង​អាជ្ញាធរ​ស្រុក​ស្នួល ករណី​យក​គ្រឿង​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគាត់​គំរាមកំហែង និង​ឃុំ​ខ្លួន​មនុស្ស ៣​នាក់​មួយ​យប់។

​ពលរដ្ឋ​រស់​នៅ​ឃុំ​ឃ្សឹម លោក សំ គា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា លោក​បាន​បង្ខំ​ចិត្ត​រស់​ភៀសខ្លួន​ដោយសារ​អាជ្ញាធរ​ប្រើ​អំណាច​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ពួកគាត់ និង​គំរាម​បង្ខំ​ឲ្យ​លោក​ឯកភាព​ផ្តិត​មេដៃ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​របស់​លោក។ លោក​ថា ក្រោយ​ពី​អាជ្ញាធរ​ចាប់​ខ្លួន​កូន​របស់​លោក ៣​នាក់ ឃុំ​ខ្លូន​មួយ​យប់ សមត្ថកិច្ច​បាន​ចោទ​លោក​ថា ជា​មេដឹកនាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ លោក​ចាត់​ទុក​ការ​ឈូស​ឆាយ​ផ្ទះ​របស់​លោក​ដោយ​គ្មាន​ដីកា​ពី​តុលាការ គឺ​ជា​ទង្វើ​ល្មើស​ច្បាប់ និង​គំរាម​កំហែង​សិទ្ធិ​រស់​នៅ​ពលរដ្ឋ៖ «ខ្ញុំ​អត់​ហ៊ាន​ចូល​ទេ ដោយសារ​ប្រើ​អំណាច​ច្បាប់​ព្រៃ​មក​អនុវត្ត​មក​ក្រុម​គ្រួសារ​ខ្ញុំ។ គេ​ចង់​ចាប់​ខ្ញុំ​ដើម្បី​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​កម្ទេច​ផ្ទះ តែ​ខ្ញុំ​មិន​ព្រម»

កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល និង​អាវុធហត្ថ​ស្រុក​ស្នួល ប្រដាប់​ដោយ​អាវុធ បាន​ឈូស​ឆាយ​ផ្ទះ​មួយ​ខ្នង​កំពុង​សាងសង់​ជាប់​ផ្លូវ​ជាតិ​លេខ ៧៦​អា ដោយ​លើក​ហេតុផល​ថា សាងសង់​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ និង​បាន​ចាប់​ខ្លួន​មនុស្ស ៣​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់។

ជនរងគ្រោះ លោក សំ គា យល់​ថា អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដំណឹង​ជា​មុន​សិន មិន​គួរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​គំរាមកំហែង និង​ឈូស​ឆាយ​ផ្ទះ​របស់​លោក​កំពុង​សាងសង់​នោះ​ទេ។ លោក​ចាត់​ទុក​ការ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​របស់​លោក​គឺ​ជា​រឿង​គំនុំ​ច្រើន​ជាង​អនុវត្ត​ច្បាប់ ដ្បិត​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ច្រើន​គ្រួសារ​សាងសង់​ផ្ទះ​ដូច​គ្រួសារ​លោក​ដែរ តែ​ពុំ​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​នោះ​ទេ។

លោក​បន្ថែម​ថា ដី​របស់​លោក​នោះ មាន​ប្លង់​កម្មសិទ្ធិ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-​ឃុំ​ត្រឹមត្រូវ ពុំ​ជាប់​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ៖ «គេ​កម្ទេច​ទាំង​អស់ សូម្បី​បង្គោល​កាប​ក៏​គេ​កម្ទេច​ផ្ទះ គេ​ចាប់​កូន​ខ្ញុំ និង​វាយ​ដំ។ អយុត្តិធម៌​ណាស់ កំពុង​រស់​នៅ​ដោយសារ​ភ័យ​ខ្លាច ដោយសារ​កម្លាំង​បង្កប់​នៅ​កន្លែង​នោះ»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អភិបាល​រង​ស្រុក​ស្នួល លោក សាន់ ណាល់ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ដែល​ចុះ​អង្កេត​រឿង​នេះ យល់​ថា អាជ្ញាធរ​ឈូស​​ឆាយ​ផ្ទះ​របស់​ពលរដ្ឋ​ដោយ​បង្ខំ​ពុំ​មាន​ដីកា​សម្រេច​ពី​តុលាការ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ថែមទាំង​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ។ លោក​គិត​ថា អាជ្ញាធរ​គួរ​តែ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាមកំហែង​ពលរដ្ឋ និង​ឈូស​បំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នោះ​ទេ៖ «ការ​ធ្វើ​បែប​ហ្នឹង​គឺ​ជា​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​ផង និង​សិទ្ធិ​រស់​នៅ​សេចក្ដី​ថ្លៃថ្នូរ​ផង។ តែ​លក្ខណៈ​ហ្នឹង​យើង​ឃើញ​ថា យើង​ចាប់​ពលរដ្ឋ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន គឺ​ជា​ការ​អនុវត្ត​ច្បាប់​ផ្ទុយ​ពី​ច្បាប់»

លោក ប៊ី វ៉ាន់នី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ អន្តរាគមន៍​មក​អាជ្ញាធរ​ស្រុក​ស្នួល ឲ្យ​បញ្ឈប់​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​គំរាមកំហែង​ពលរដ្ឋ​ដែល​លោក​ចាត់​ទុក​ថា ប៉ះពាល់​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា និង​នាំ​ឲ្យ​កើត​ឡើង​អយុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល