ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​កើន​ឡើង​នៅ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2014-02-18
Share
ជម្លោះ​ដី ព្រះវិហារ ៦១០ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា ក្នុង​ខេត្ត​ព្រះវិហារ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ដើម​ពោធិ៍​ក្បែរ​វិមាន​ឯករាជ្យ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Sochivy

អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​យល់​ឃើញ​ថា ខេត្ត​ព្រះវិហារ នៅ​ចុង​កាត់​មាត់​ញក គឺ​ជា​តំបន់​ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​ជាច្រើន កំពុង​សម្រុក​ទៅ​រក​ដី​សម្បទាន​សេដ្ឋកិច្ច​ទី​នោះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អស់​ដី​នៅ​ខេត្ត​ផ្សេងៗ​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ទៅ​ហើយ។ ការ​ដែល​ក្រុមហ៊ុន​សម្រុក​ទៅ​រក​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះវិហារ នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពី​ព្រៃ​ឈើ​ដោយ​ស្ងប់ស្ងាត់ ក៏​ចាប់​ផ្ដើម​ប្រែ​ក្លាយ​ទៅ​ជា​មាន​បញ្ហា​ជម្លោះ​ដីធ្លី​កាន់​តែ​ច្រើន​ឡើងៗ។

តើ​ជម្លោះ​ទាំង​នោះ អាជ្ញាធរ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ដែរ​ឬ​ទេ?

សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​បើក​សវនាការ​ដេញ​ដោល​ទៅ​លើ​សកម្មជន​តវ៉ា​ដីធ្លី​ម្នាក់ នៅ​ភូមិ​ជាំក្សាន្ដ ស្រុក​ជាំក្សាន្ត កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ។ ការ​បើក​សវនាការ​នោះ បន្ទាប់​ពី​អតីត​អភិបាល​រង​ស្រុក​ជាំក្សាន្ដ មួយ​រូប បាន​ដាក់​ពាក្យ​ប្ដឹង​សកម្មជន​រូប​នោះ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ចំនួន ២៥​គ្រួសារ​ទៀត ដោយ​ចោទ​ប្រកាន់​ថា បាន​ចូល​កាន់​កាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ខុស​ច្បាប់។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ដែរ ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងទឹម ឃុំ​រម្យទម ស្រុក​រវៀង ១​ក្រុម​បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​ព្រះវិហារ ដើម្បី​ទាមទារ​ឱ្យ​ជួយ​ដោះស្រាយ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មក​ឱ្យ​ពួក​គេ។

បុរស​ម្នាក់​ជា​តំណាង​អ្នក​ភូមិ​ត្រពាំងទឹម គឺ​លោក ស៊ិន សៀង។ គាត់​បាន​មាន​ប្រសាសន៍​ថា រូប​គាត់ និង​អ្នក​ភូមិ ២០​គ្រួសារ​ទៀត កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​ដីធ្លី ដោយសារ​តែ​មន្ត្រី​ការិយាល័យ​សុរិយោ​ដី​ស្រុក​រវៀង ពុំ​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ដូច​ជា​អ្នក​ភូមិ​ជាច្រើន​រយ​គ្រួសារ​ទៀត។

លោក ស៊ិន សៀង បាន​មាន​ប្រសាសន៍​ថា កាល​ពី​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​អាណត្តិ​ទី​៥ ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​ចុះ​ទៅ​វាស់វែង និង​ធ្វើ​បង្កាន់​ដៃ​ឱ្យ​ពួក​គាត់​រួច​រាល់​ហើយ ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ អាជ្ញាធរ​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាង ៩០០​គ្រួសារ បែរ​មិន​ចែក​ឱ្យ​ពួក​គាត់​ចំនួន ២១​ក្បាល​ដី​ទេ៖ «ពួក​ខ្ញុំ​នៅ​អត់​ទាន់​ចែក។ មុន​នឹង​គេ​ចែក​ហ្នឹង មន្ត្រី​សុរិយោ​ដី​ស្រុក​បាន​ទូរស័ព្ទ​ទៅ​សុំ​ទិញ ហើយ​ពួក​ខ្ញុំ​អត់​លក់។ ក្រោយ​ពេល​គេ​ចែក​ប្លង់​រឹង​ហើយ ពួក​ខ្ញុំ​សួរ​តវ៉ា គេ​ប្រាប់​ថា ដី​ហ្នឹង​ប៉ះពាល់​ក្រុមហ៊ុន ចាំ​គេ​ត្រួត​ពិនិត្យ​សិន»

លោក ស៊ិន សៀង បាន​ប្រតិកម្ម​ថា លោក​មិន​យល់​ព្រម​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​សុរិយោ​ដី ដែល​ថា ដី​របស់​លោក​បាន​ប៉ះពាល់​ជាមួយ​ប្លង់​ក្រុមហ៊ុន​នោះ​ទេ ពីព្រោះ​នៅ​មុន​ពេល​ដែល​ចេញ​ប្លង់​រឹង គឺ​អាជ្ញាធរ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ ដើម្បី​ឱ្យ​ភាគី​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ ត្រូវ​ចេញ​មុខ​តវ៉ា ក៏ប៉ុន្តែ​កាល​ណោះ ពុំ​មាន​ក្រុមហ៊ុន​ណា​មួយ​ចេញ​មុខ​តវ៉ា​ទេ។

នៅ​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន ក្រៅ​តែ​ពី​ការ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដែល​ទើប​តែ​កើត​ឡើង​ថ្មីៗ គឺ​នៅ​មាន​តំណាង​ប្រជាពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ខ្លះ​ទៀត ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ប្ដឹង​ផ្ដល់។

តំណាង​សហគមន៍​អូរពោធិ នៃ​ឃុំ​រមណី ស្រុក​រវៀង គឺ​លោក ហួន គាណូ បាន​អះអាង​ថា រូប​លោក​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​កាល​ពី ៤​ថ្ងៃ​មុន។ ការ​កោះ​ហៅ​នោះ បន្ទាប់​ពី​ក្រុមហ៊ុន ទ្រី ភាព បាន​ទៅ​ឈូស​ឆាយ​ពង្រីក​ផ្ទៃ​ដី​សម្បទាន ចូល​ទៅ​ក្នុង​ដី​ព្រៃ​សហគមន៍ ហើយ​ក្រុម​ប្រជា​សហគមន៍​បាន​លើក​គ្នា​ទៅ​រារាំង ព្រម​ទាំង​បាន​រុះរើ​ប៉ុស្តិ៍​យាម​របស់​ក្រុមហ៊ុន ដែល​សង់​លើ​ដី​សហគមន៍​នោះ​ចោល​ផង៖ «គេ​កោះ​ហៅ​ខ្ញុំ​ទៅ គេ​សួរ​ថា តើ​ខ្ញុំ​មាន​បញ្ជា​សហគមន៍​ឱ្យ​ទៅ ​រុះរើ​របស់​ក្រុមហ៊ុន​ឬ​ទេ? ខ្ញុំ​ថា ខ្ញុំ​អត់​មាន​បញ្ជា​អី​ទៅ​ឱ្យ​រុះរើ​របស់​ក្រុមហ៊ុន​ទេ។ ខ្ញុំ​ខ្លាច​តែ​គេ​មក​រក​រឿង​ខ្ញុំ ដល់​ថ្ងៃ​ក្រោយ​ទៀត ព្រោះ​ស្រាប់​តែ​ដីកា​កោះ​ហៅ​អត់​ដឹង​រឿង»

ក្នុង​រឿង​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ប្រជាពលរដ្ឋ ជាមួយ​នឹង​ក្រុមហ៊ុន​ដូច​គ្នា​នេះ​ដែរ តុលាការ​ខេត្ត​ព្រះវិហារ ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​តវ៉ា​ដីធ្លី​ចំនួន ៤​រូប នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ទៅ​សាកសួរ​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ជាច្រើន​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ហ្វីភី (Fephy) ម៉ាឡេស៊ី និង​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ សេលា ដាមិច។

តំណាង​សហគមន៍​ព្រៃ​ឈើ​ព្រៃម្លូង នា​ភូមិ​ស្រយង់​ខាង​ត្បូង លោក សែម ឡំ បាន​មាន​ប្រសាសន៍​ថា សហគមន៍​របស់​លោក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រៃ​ការពារ​ជា​យូរ​មក​ហើយ នៅ​ពេល​ដែល​ក្រុមហ៊ុន​កំពុង​ដើរ​លាប​ថ្នាំ​ពណ៌ ដើម្បី​ពង្រីក​ផ្ទៃ​ដី​សម្បទាន​ចូល​ជ្រៅ​ទៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​នោះ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា ក្រៅ​ពី​បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មក​ហើយ មិន​ទាន់​មាន​ការ​ដោះស្រាយ​ផង គឺ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កន្លង​ផុត​ទៅ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៣ មក មាន​ជម្លោះ​ដីធ្លី​ថ្មីៗ​បាន​កើត​មាន​ជាច្រើន​ករណី​ទៀត ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ។

លោក ឡោ ចាន់៖ «សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្រោយ​ការ​បោះ​ឆ្នោត​នេះ សន្ទុះ​ដីធ្លី​ថ្មីៗ​កំពុង​តែ​កើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង។ កាល​ពី​ព្រឹក​មិញ​ហ្នឹង សកម្មជន​ពាក់ព័ន្ធ​ដីធ្លី​នៅ​ជាំក្សាន្ត ដែល លោក គ្រួច សម្បត្តិ អតីត​អភិបាល​រង​ស្រុក​ជាំក្សាន្ត ប្ដឹង​គាត់​ហ្នឹង ត្រូវ​បាន​គេ​យក​មក​ជំនុំ​ជម្រះ។ ប៉ុន្មាន​ថ្ងៃ​មុន ខាង​សាលា​ដំបូង​ខេត្ត​ព្រះវិហារ កោះ​ហៅ​សកម្មជន​នៅ​ភូមិ​អូរពោធិ ឃុំ​រមណី ស្រុក​រវៀង យក​មក​សាកសួរ​ដែរ។ ចំណែក​ទំនាស់​ដីធ្លី​ចាស់ៗ​វិញ ពុំ​ទាន់​មាន​ការ​ដោះស្រាយ​នៅ​ឡើយ»

ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ សហគមន៍​ជនជាតិ​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ប្រមាណ ១៦០​គ្រួសារ នៅ​ភូមិ​ចំនួន​៣ កំពុង​ប្រឹងប្រែង​ការពារ​ដី​ដែល​ក្រុមហ៊ុន ឡាន ហ្វេង កំពុង​ឈូស​ឆាយ​រំលោភ​បំពាន។ រហូត​មក​ដល់​ពេល​នេះ ជម្លោះ​ដី​រវាង​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាមួយ​ក្រុមហ៊ុន​ចិន នោះ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ដោះស្រាយ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ កន្លង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល រឹប​អូស​យក​ដី​ទៅ​ឱ្យ​មន្ទីរ​សុខាភិបាល ដោយ​បណ្ដេញ​ប្រជាពលរដ្ឋ​ចំនួន ២​គ្រួសារ នៅ​ភូមិ​អណ្ដូងពោធិ ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

«សំឡេង​ស្រែក»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ព្រះវិហារ តែង​មិន​ចង់​អធិប្បាយ​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី ព្រម​ទាំង​ឱ្យ​ដឹង​ថា តើ​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា​នោះ​ឡើយ?

នាយក​ខុទ្ទកាល័យ​របស់​សាលា​ខេត្ត​ព្រះវិហារ លោក ខូយ ឃុនហ៊ បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​អ្វី​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​ប្រជុំ។

អ្នក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​ស្រុក និង​ក្រុង​ចំនួន​៨ គឺ​ពេល​បច្ចុប្បន្ន​កើត​មាន​ទំនាស់​ដីធ្លី​ស្ទើរ​តែ​គ្រប់​កន្លែង៖ «ករណី​ដែល​កើត​ឡើង​ក្រោយ​បោះ​ឆ្នោត​ហ្នឹង យើង​មើល​ឃើញ​ដែល​លេច​ធ្លោ​ជាង​គេ ដូច​ជា​នៅ​ខាង​អូរពោធិ ស្រុក​រវៀង នៅ​ខាង​ប្រមេរ ស្រុក​ត្បែងមានជ័យ ហើយ ហ្វីភី (Fephy) ម៉ាឡេស៊ី និង​ក្រុមហ៊ុន សេលា ដាមិច ហ្នឹង ប៉ះពាល់​នៅ​ស្រយង់​ខាង​ជើង ស្រយង់​ខាង​ត្បូង ហ្នឹង ហើយ​នៅ​ខាង​ស្រុក​ឆែប យើង​មើល​ឃើញ​ប៉ះពាល់​នៅ​ខាង​សង្កែ ម្លូព្រៃ ពោធិទាប ហើយ​នៅ​ស្រុក​ជ័យសែន ក៏​ប៉ះពាល់​ដែរ ដោយសារ​ក្រុមហ៊ុន ហេង​ណុង ហេងយូ»

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ ថ្វី​ត្បិត​តែ​កំពុង​គ្រប់គ្រង​អំណាច​ដោយ​ឯក​បក្ស​ក៏ដោយ ក៏​ធ្លាប់​បាន​សន្យា​ថា នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទៅ​លើ​បញ្ហា​ប្រព័ន្ធ​រដ្ឋបាល កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​ដីធ្លី ជាដើម។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​ឃើញ​ជម្លោះ​ដីធ្លី​កើត​មាន​ដដែល។ លោក អំ សំអាត បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន បញ្ហា​ជម្លោះ​ដីធ្លី​កើត​មាន​ច្រើន​ជាង​គេ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ៖ «ហើយ​លទ្ធផល​នៃ​ការ​ដោះស្រាយ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​សមរម្យ​សម្រាប់​ពួក​គាត់​ទេ គឺ​គាត់​កំពុង​តែ​ធ្វើ​ការ​តវ៉ា ជាពិសេស​ទាក់ទង​នឹង​ដីធ្លី ហើយ​និង​ព្រៃ​របស់​សហគមន៍ ដែល​ជា​ព្រៃ​ការពារ​ដែល​ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា យើង»

អង្គការ​លីកាដូ បាន​អះអាង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រឿង​ទំនាស់​ដីធ្លី​រាប់​រយ​ករណី ដែល​កើត​ជា​យូរ​មក​ហើយ​នៅ​ទូទាំង​ប្រទេស។ ទំនាស់​ដីធ្លី​ទាំង​នោះ គឺ​នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​នៅ​ឡើយ។ អង្គការ​លីកាដូ បាន​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ណា​ដែល​បំពាន​ច្បាប់ អាច​នឹង​ដក​ហូត​យក​ដី​មក​ទុក​ជា​សម្បត្តិ​រដ្ឋ ហើយ​ត្រូវ​បែរ​មក​រក​ប្រជាពលរដ្ឋ​ណា​ដែល​កំពុង​ខ្វះ​ដី​សង្គម​កិច្ច​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល