ការប្រមូលផ្តុំរង់ចាំនេះ កើតឡើងបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរក្សាទុកទីតាំងឈាបនដ្ឋានវត្តខ្ទរ រក្សាទុកនៅកន្លែងដើមវិញរួចមក។
ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ រាប់រយនាក់មានទីតាំងនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់មិនទាន់រំសាយការតវ៉ាលើទំនាស់បរិវេណឈាបនដ្ឋានវត្តខ្ទរ ដែលក្រុមហ៊ុន អេង កាំង អភិវឌ្ឍន៍ ឈូសឆាយទេ មកដល់ព្រឹកថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា។
ប្រជាពលរដ្ឋនិងព្រះសង្ឃបានអះអាងថា ការប្រមូលផ្តុំនេះ ដើម្បីរង់ចាំស្ថាប័នពាក់ព័ន្ធជួយពន្លឿនវាស់ដីឈាបនដ្ឋានផ្តល់កម្មសិទ្ធិជូនវត្តគ្រប់គ្រងឲ្យបានឆាប់ ព្រោះបារម្ភខ្លាចក្រុមហ៊ុនឃុបឃិតជាមួយអាជ្ញាធរ ដាក់ពង្រាយកម្លាំងប្រដាប់អាវុធចម្រុះដូចធ្លាប់អនុវត្តនៅសហគមន៍ផ្សេងៗជាថ្មីទៀត។

១-គ្រឿងចក្រក្រុមហ៊ុន អេង កាំង ដែលបម្រុងកាយកម្ទេចកន្លែងបូជាសពនៅវត្តខ្ទរ ដើម្បីយកដី ត្រូវបានពលរដ្ឋហាមឃាត់ ហើយដុតនៅក្បែរឈាបនដ្ឋាន។ រូបថតថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៣។

២-របងប៉ាឆាវត្តខ្ទរដែលត្រូវក្រុមហ៊ុនកាយបម្រុងកម្ទេចចោល តែត្រូវអ្នកភូមិឃាត់ទាន់។ រូបថតថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៣

៣-ផ្ទាំងគំនូរនិយាយអំពីផលកម្មនៅកន្លែងតម្កល់សពក្បែរប៉ាឆាវត្ត។ រូបថតថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៣

៤-ព្រះពុទ្ធរូបនៅកន្លែងតម្កល់សពក្បែរប៉ាឆា។ រូបថតថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៣

៥-គ្រឿងចក្ររបស់ក្រុមហ៊ុន អេង កាំង វាយទម្លុះដំបូលប៉ាឆា បម្រុងកាយកម្ទេចចោល។ រូបថតថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៣
កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃវត្តខ្ទរ រាប់រយនាក់និងអង្គ បានប្រមូលផ្តុំគ្នាតវ៉ា និងដុតគ្រឿងចក្ររបស់ក្រុមហ៊ុន អេង កាំង អភិវឌ្ឍន៍ ដែលធ្វើសកម្មភាពឈូសឆាយឈាបនដ្ឋានវត្តខ្ទរ កាលពីរាត្រីថ្ងៃសុក្រ ទី២២ វិច្ឆិកា។ ប៉ុន្តែក្រោយមានការតវ៉ាពីប្រជាពលរដ្ឋ និងព្រះសង្ឃ ព្រមទាំងមានបិទផ្លូវជាតិលេខ ៦អា មិនឲ្យចរាចរណ៍ឆ្លងកាត់រួចមក នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា រាជរដ្ឋាភិបាលក៏បានចេញសេចក្ដីជូនដំណឹង ឬហៅ ស.ជ.ណ ថ្មីភ្លាមៗ ឲ្យរក្សាឈាបនដ្ឋានវត្តខ្ទរ នៅទីតាំងដដែលវិញ។
ទោះជាបែបណា ទាំងប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃវត្តខ្ទរ មិនទាន់មានទំនុកចិត្តទៅនឹង ស.ជ.ណ របស់រដ្ឋាភិបាល ១០០ភាគរយទេ ដោយបានប្រមូលផ្តុំគ្នាជាថ្មីទៀតនៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ដោយទទូចឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនសកម្មភាពចុះវាស់ដីជុំវិញបរិវេណឈាបនដ្ឋានវត្តខ្ទរ ជាង ២ហិកតារជូនវត្តគ្រប់គ្រងឲ្យបានឆាប់។
ពុទ្ធបរិស័ទចំណុះជើងវត្តខ្ទរមួយចំនួនចោទថា អំពើពុករលួយក្នុងការរត់ការប្តូរទីតាំងឈាបនដ្ឋានវត្តខ្ទរ ពីទីតាំងដើមផ្លាស់ទៅទីតាំងថ្មីមានចម្ងាយរាប់គីឡូម៉ែត្ររបស់ស្ថាប័នពាក់ព័ន្ធ ជាដើមហេតុនាំឲ្យពលរដ្ឋ និងព្រះសង្ឃផ្ទុះការតវ៉ាដុតកម្ទេចគ្រឿងចក្រក្រុមហ៊ុន ដែលឈូសឆាយរំលោភយកដីវត្ត។
យ៉ាងណាក៏ដោយ ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានប្រកាសលុបចោលសេចក្ដីជូនដំណឹង ឬ ស.ជ.ណ ស្ដីពីការផ្លាស់ប្ដូរទីតាំងឈាបនដ្ឋានវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ ទៅកាន់ទីតាំងថ្មីដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន អេង កាំង បន្តផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មដោយឲ្យរក្សាដីទីតាំងឈាបនដ្ឋានឲ្យនៅដដែល ឬនៅកន្លែងដើមវិញ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី កាលពីថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា បានស្នើដល់ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃវត្តខ្ទរ ឲ្យរក្សាភាពស្ងៀមស្ងាត់ និងផ្តល់ពេលវេលាជូនអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយចំពោះបញ្ហានេះ។ លោកថ្លែងថា ដីបរិវេណឈាបនដ្ឋានវត្តខ្ទរ នឹងមិនមានការដោះដូរទៀតទេ និងទុកជាសម្បត្តិរដ្ឋនៅថ្ងៃអនាគត។
យ៉ាងនេះក្តី នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឃើញមានអាជ្ញាធរពាក់ព័ន្ធ មានមន្ត្រីសង្កាត់ និងមន្ត្រីសាលារាជធានីភ្នំពេញ ជាដើម បានចុះទៅពិនិត្យដីជុំវិញបរិវេណឈាបនដ្ឋានវត្តខ្ទរ ដើម្បីត្រៀមវាស់កំណត់ព្រំដីដែលជាកម្មសិទ្ធិឯកជន ឬដីក្រុមហ៊ុន តាមប្រកាសរាជរដ្ឋាភិបាល ប៉ុន្តែមិនទាន់មានលទ្ធផលទេ។
ព្រះសង្ឃច្រើនអង្គគង់នៅវត្តពោធិព្រឹក្យ ហៅវត្តខ្ទរ មានថេរដីកាថា ព្រះអង្គចង់បិណ្ឌបាតដល់ផ្នែកពាក់ព័ន្ធ ជួយកសាងជាសាលារៀន បណ្ណាល័យ សាលាបាលី ឬសាលាសំណាក់ធម៌ជាដើម នៅលើទីតាំងដីឈាបនដ្ឋាននេះនៅថ្ងៃអនាគត ជាជាងដោះដូរទៅកាន់ទីតាំងផ្សេង យកទីតាំងនេះផ្ដល់ជូនក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។