ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ខែត្រព្រះវិហារ ដែល​រត់គេច​នៅ​ក្នុង​ព្រៃ​ កំពុង​ខ្វះ​ស្បៀង ទឹក​ស្អាត និង​កន្លែង​ស្នាក់នៅ

ដោយ ទីន ហ្សាការីយ៉ា
2024.03.21
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ខែត្រព្រះវិហារ ដែល​រត់គេច​នៅ​ក្នុង​ព្រៃ​ កំពុង​ខ្វះ​ស្បៀង ទឹក​ស្អាត និង​កន្លែង​ស្នាក់នៅ (រូបអាវពណ៌ផ្ៃមេឃអង្គុយកណ្ដាល) លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ឃុំស្រយង់ ស្រុកគូលេន ខេត្ត​ព្រះ​វិហារ ដែល​កំពុង​សម្ងំ​រស់នៅ​ក្នុង​ព្រៃ​ ដើម្បី​រត់​គេច​ពី​អាជ្ញាធរ​តាម​ចាប់​ខ្លួន។
រូបពី KSILA

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ឃុំស្រយង់ ស្រុកគូលេន ខេត្ត​ព្រះ​វិហារ ដែល​កំពុង​សម្ងំ​រស់នៅ​ក្នុង​ព្រៃ​ដើម្បី​រត់​គេច​ពី​អាជ្ញាធរ តាម​ចាប់​ខ្លួន។ ពលរដ្ឋ​ទាំង​នោះ រួម​ទាំង​កុមារ​តូចៗ កំពុង​រស់នៅ​ក្នុង​ព្រៃ​ ដោយ​ជួប​ស្ថានភាព​លំបាក​ជា​ច្រើន ខ្វះ​ស្បៀង​ ចំណីអាហារ និង​ទឹក​ស្អាត​ជា​ដើម។

មនុស្ស​ប្រមាណ​ ១០០នាក់ រួម​ទាំង​កុមារ​ផង​ រត់​ពួន​នៅ​ក្នុង​ព្រៃ​ ក្រោយពី​អាជ្ញាធរ​បង្ក្រាប​ដុត​ផ្ទះសម្បែង និង​ចាប់ខ្លួន​ពលរដ្ឋ​មួយ​ចំនួន​ដាក់​ពន្ធនាគារ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ រួម​ទាំង​កុមារ តូចៗ ផង​ ខ្វះ​ចំណីអាហារ ទឹក​ស្អាត​ប្រើប្រាស់ និង​គ្មាន​ទី កន្លែង​ស្នាក់​នៅ

លោក កើត សារ៉ាយ៖ «យើង​ចូល​ទៅ​ក្នុង​ព្រៃ​ដំបូង​ យើង​អាណោចអាធ័ម​ណាស់ ​ឃើញ​តែ​អង្រឹង​ចាស់ៗ និង​តង់​ចាស់​ចង​កណ្ដាល​ព្រៃ​ បាំង​ទឹកសន្សើម។ អ្នក​ខ្លះ​ទៀត​ ក្រាល​កន្ទេល​ ហើយ​ការ​ហូបចុក​គ្មាន​អ្វី​ហូប​ទេ អ្នក​ខ្លះ​ឆ្លៀត​ទៅ​ចាប់​ត្រី​នៅ​ក្នុង​បឹង​ក្បែរៗ នោះ។ គ្មាន​ស្បៀង​អាហារ​គ្រប់គ្រាន់ ហើយ​កុមារ​គ្មាន​អាហារូបត្ថម្ភ​ទេ»

ជនរងគ្រោះ នៃ​ការ​បណ្ដេញ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ​ដោះ​ស្រាយ​រឿង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex) ជួន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ អ្នកស្រី​បញ្ជាក់​ថា ពលរដ្ឋ​រងគ្រោះ​បាត់បង់​ដីធ្លី ផ្ទះសម្បែង ហើយ ​បែរជា​ អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពួក​គាត់​ថែមទៀត ដែល​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត។

ជនរងគ្រោះ៖ «ខ្ញុំ​រស់នៅ​ក្នុង​ព្រៃ​នេះ​ មិន​អាច​រស់​នៅ​រហូត​ទេ​ សូម​សម្ដេច ​សម្ដេច​បង ​ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​លឿន​ផង។ ពួក​ខ្ញុំ​មិន​អាច​រស់នៅ​ក្នុង​ព្រៃ​នេះ គ្មាន​អ្វី​ហូបចុក​នេះ និង​បែក​បងប្អូន​ កូនចៅ​បាន​ទេ»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ​ បាន​ចុះ​រុះរើ​ និង​ដុត​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ត្រូវ​បាន​ពលរដ្ឋ​ជាង ​១០០​នាក់​ នាំ​គ្នា​រារាំង​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់។​ ក្រោយ​ព្រឹត្តិការណ៍​នេះ សមត្ថកិច្ច​បាន​បន្ត​ចុះ​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ និង​បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ២៥នាក់ និង​កំពុង​បន្ត​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ផ្សេង​ទៀត​ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រត់​ពួន​ក្នុង​ព្រៃ​ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ ហើយ​ពួកគាត់​កំពុង​ជួប​ការ​លំបាក​ ។

ក្រោយពី​ព្រឹត្តិការណ៍​បង្ក្រាប​នេះ ស្ត្រី​រង​គ្រោះ​ដីធ្លី​ម្នាក់ នៅ​ស្រុកគូលែន បាន​បង្ខំ​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​ដោយសារ​ឈឺ​ចិត្ត នឹង​ក្រុម​អាជ្ញាធរ​ ចុះ​ដុត​ផ្ទះ​សម្បែង​ រឹប​អូស​ទ្រព្យសម្បត្តិ ឈូស​ឆាយ និង​យក​ដីធ្លី​ឲ្យ​ទៅ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex) ក្រោយ​ពី​បង្ក្រាប​ដោយ​ហិង្សា​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី កាល​ពី​ថ្ងៃ​ទី១២ ខែមីនា​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រយង់​និង​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ដី​ជាង ១ពាន់​ហិកតារ​ត្រូវ​បាន​កាត់​ឆ្វៀល និង​ធ្វើ​ប្លង់​រឹង ឲ្យ​ប្រជាពលរដ្ឋ​ជិត ១៥០គ្រួសារ រស់​នៅ​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ដែល​មាន​ទី​តាំង​ជាប់​ក្រុមហ៊ុន សិលា ដាម៉ិច ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ការ​បែង​ចែក​ដី​ទាំង​នោះ គឺ​ផ្ដល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការ​បង្ក្រាប​ដោយ​ហិង្សា កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា​នោះ​ទេ។

ទោះ​បី​ជា​បែប​នេះ​ក្ដី មក​ទល់​ពេល​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ មិនទាន់​ចេញមុខ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី នេះ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ខែត្រព្រះវិហា លោក គីម រីទ្ធី ដើម្ប​សុំសួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​យប់​ថ្ងៃ​ទី២១មីនា។

លោក កើត សារ៉ាយ បញ្ជាក់​ថា លោក​រួម​នឹង​និស្សិត​មួយ​ចំនួន​ទៀត រីករាយ​នឹង​សហការ​ជា​មួយ​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង​នេះ​ ដើម្បី​បង្ហាញ​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ដោយ​ស្មើភាព គ្នា។

លោក កើត សារ៉ាយ៖ «សូម្បី​តែ​វិធី​ជា​ច្រើន ​រាប់​ពាន់​វិធី​ ហើយ​អាជ្ញាធរ​ហ៊ាន​និយាយ​ថា អស់​លទ្ធភាព​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ។ នេះ​គ្រាន់តែ​ជា​ការ​និយាយ​បែប​អភិជន​ មិន​ដែល​ដឹង​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ»

ក្រោយ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី៦ ខែមីនា តុលាការ​ខេត្ត​ព្រះវិហារ​ចោទ​ប្រកាន់​ពលរដ្ឋ​ចំនួន ២៩នាក់ ពី​បទ​ «កាប់​រាន​ព្រៃ​ឈូស​ឆាយ​ដី​ព្រៃ​ហ៊ុំ​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ» តាម​មាត្រា​៩​៧​កថាខណ្ឌ​ទី១ ចំណុច៦ នៃ​ច្បាប់​ស្ដី​ពី​ព្រៃឈើ និង​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ២៥នាក់ និង ៤នាក់​ទៀត ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​និង​បន្ត​តាម​ចាប់​ពលរដ្ឋ​មួយ​ចំនួន​បន្ថែម​ទៀត។

ស្ត្រី​មួយ​រូប​ទៀត ដែល​រត់​គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​ដែរ​នោះ អំពាវនាវ​ដល់​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខែត្រព្រះវិហារ​ឲ្យ​ឈប់​តាម​ចាប់​ខ្លួន​ពួក​គាត់​ត​ទៅ​ទៀត ពីព្រោះ​ថា ឥឡូវ​នេះ ពួក​គាត់​គ្មាន​សល់​អ្វី​ទៀត​ទេ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ឈូស​កម្ទេច​ផ្ទះ​ពួក​គាត់។

ស្ត្រី​មួយ​រូប៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល​ទាំងអស់​ សូម​ជួយ​ពួក​ខ្ញុំ​ផង។ សូម​ដោះលែង​បង​ប្អូន​ខ្ញុំ​ទាំង​អស់ ហើយ​ជួយ​ដល់​ពួក​ខ្ញុំ ដែល​នៅ​រត់​គេច​នេះ ឈប់​តាម​ចាប់​បន្ត​ទៀត​ បើសិនជា​នៅតែ​បន្ត​ចាប់​ទៀត នឹង​មាន​អ្នក​ស្លាប់ អ្នក​រស់​ហើយ​ដោយសារ​តែ​អត់​មាន​អី​ស៊ី»

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មួយ​ចំនួន មិន​ត្រឹម​តែ​រង​អំពើ​ហិង្សា និង​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង និង​រត់​គេច​ខ្លួន​ប៉ុណ្ណោះ​ទេ អ្នកខ្លះ ក៏​កំពុង​រស់នៅ​បែក​បាក់​ក្រុម​គ្រួសារ​ទៀត​ផង។ គ្រួសារ​ខ្លះ អាជ្ញាធរ​ចាប់​ឃុំខ្លួន​ឪពុក​ម្ដាយ​ ហើយ​បន្សល់​ទុក​កូន​តូចៗ នៅ​ក្នុង​ផ្ទះ ខណៈ​គ្រួសារ​ខ្លះ​ទៀត គឺ​អាជ្ញាធរ​ចាប់​ប្ដី តែ​ដោះលែង​ប្រពន្ធ​វិញ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។