សហគមន៍​កោះកុង​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ថា ក្រសួង​បរិស្ថាន​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពលរដ្ឋ

ដោយ អាស៊ីសេរី
2019-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
rfa.png
rfa.png
Photo: RFA

ពលរដ្ឋ​ជាង ២០នាក់​តំណាង​ឲ្យ​ ៧៧​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេ​ឡុប​មិន គ្រុប ​(Union Development Group Co.,Ltd) ឬ​ហៅ​កាត់​ថា UDG នៅ​ខេត្ត​កោះកុង​ ជាង ​១០​ឆ្នាំ​មក​នេះ នាំ​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​សួរ​នាំ​ក្រសួង​បរិស្ថាន​អំពី​ដំណោះស្រាយ​សម្រាប់​ពួកគាត់។ ក្រោយ​ជួប​មន្ត្រី​បរិស្ថាន ពលរដ្ឋ​លើកឡើង​ថា ក្រសួងបរិស្ថាន​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​បញ្ចប់​ជម្លោះ​ឲ្យ​ពួកគាត់ ដោយ​គ្រាន់​តែ​សន្យា​ពី​មួយ​ពេល​ទៅ​មួយ​ពេល តែ​គ្មាន​កំណត់​ពេល​ដោះស្រាយ​ច្បាស់លាស់។ សង្គម​ស៊ីវិល​យល់ថា បើ​ក្រសួង​មិន​អាច​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ទេ គួរ​ណាស់​តែ​ប្រញាប់​កាត់​ឆ្វៀល​ឲ្យ​ពួកគាត់ មិន​គួរ​អូស​បន្លាយ​ពេល​វេលា​តទៅ​ទៀត​ទេ។

តំណាង​សហគមន៍​កោះ​ស្ដេច​នៅ​ខត្ត​កោះកុង លោកស្រី សាំង ពុយ ឲ្យដឹង​ថា​ពួកគាត់​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​បរិស្ថាន​ជាង​ ១០​លើក​មក​ហើយ គិត​ទាំង​លើក​នេះ នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ​ជាក់​លាក់​ណាមួយ​​នៅ​ឡើយ។ លោកស្រី សាំង ពុង​ យល់​ថា ក្រសួង​បរិស្ថាន​បាន​សន្យា​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ជាច្រើន​ដង​មក​ហើយ ហើយ​ឥលូវ​បែរ​ជា​ចង់​ដោះ​ដៃ​មិន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ទៅ​វិញ។ លោកស្រី សាំង ពុយ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ​ សំអាល់​ គួរ​គោរព​ពាក្យពេចន៍​របស់​លោក ដែល​បាន​និយាយ​ជាមួយ​ប្រជាពលរដ្ឋ។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ​ សំអាល់​ គួរ​គោរព​ពាក្យពេចន៍​របស់​លោក ដែល​បាន​និយាយ​ជាមួយ​ប្រជាពលរដ្ឋ៖ «ចាស! យើង​ប្រជុំ​គ្នា​ថា បើ​កន្លែង​នេះ​ក្រុមហ៊ុន​ត្រូវ​យក មិន​អាច​ឆ្វៀល​បាន​អ៊ីចឹង ត្រូវ​សង​យើង​តាម​តម្លៃ​ទីផ្សារ ត្រូវ​មាន​ការ​ដោះដូរ​ឲ្យ​យើង​តាម​តែ​យើង​ពេញ​ចិត្ត ហើយ​យើង​មាន​សិទ្ធិ​ចរចា​គ្នា​ជាមួយ​ក្រុមហ៊ុន មិន​មែន​ដូច​កន្លង​ក្រុមហ៊ុន​ចេះ​តែ​គំរាម​យក​របស់​យើង​រហូត​ចំនួន​ប៉ុន​នេះ យើង​ត្រូវ​ចេញ​ យើង​អត់​ត្រូវ​ការ​អ៊ីចឹង​ទេ។ បើ​ក្រុមហ៊ុន​ដោះស្រាយ​មិន​ចេញ ដោះស្រាយ​មិន​បាន ឆ្វៀល​កន្លែង​តំបន់​យើង​នេះ ឲ្យ​មក​ប្រជា​ពលរដ្ឋ​ឲ្យ​មក​ម្ចាស់​ដើម​វិញ»

លោក ស្រី​ សាំង ពុយ ឲ្យ​ដឹង​ទៀត​ថា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក នេត្រ ភ័ក្ត្រា ប្រាប់​ពួកគាត់​ថា ក្រសួង​បាន​និរាករណ៍​លិខិត​ដែល​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី តម្រូវ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​កាល​ពីឆ្នា២០១៨​នោះ​ហើយ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ​ ភ័ក្ត្រា បាន​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​អ្នក​ទទួល។

កាលពី​ថ្ងៃ​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨ លិខិត​របស់​ទីស្ដីការ​ដែល​មាន​យោង​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ហើយ​បាន​ដាក់​ចូល​សាលា​ខេត្ត​កោះកុង​ បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖ «ក្រសួង​បរិស្ថាន​ត្រូវ​សិក្សា​ការ​កាត់​ឆ្វៀល​ដី​នៅ​ទីតាំង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរី​សាគរ​ និង​ទីតាំង​កៀន​ទឹក​ ឃុំ​ថ្មស​ ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ​សម្រាប់​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធ»

ក្នុង​លិខិត​នោះ បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ Union Development Group Co.,Ltd ត្រូវ​រក្សា​ទុក​ព្រៃ​កោង​កាង​ ព្រៃ​លិច​ទឹក​ តំបន់​ព្រៃ​ស្រោង​ តំបន់​ទី​ជម្រាល​ភ្នំ​ ជា​តំបន់​អភិរក្ស នៅ​ក្នុង​ប្លង់​មេ​ និង​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​ដែរ។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន យល់ថា ក្រសួងបរិស្ថាន​គួរ​ប្រញាប់​ដាក់​ចេញ​ជា​វិធានការ​ជាក់លាក់ ​ដើម្បី​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ដែល​នៅ​សេស​សល់ មិន​គួរ​អូស​បន្លាយ​តទៅទៀត​ទេ ព្រោះ​ថា ​ជម្លោះ​ដីធ្លី​នេះ​ជាង ​១០​ឆ្នាំ​មក​ហើយ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ួ អ៊ីន សង្កេត​ឃើញ​ថា ខាង​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​តិច​តួច​ នៅ​លើ​ដី​ផ្ទៃ​ជាង ​៤ម៉ឺន​ ៥ពាន់​ហិកតារ​ ដែល​រដ្ឋ​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd)«ខ្ញុំ​យល់​ឃើញ​ថា​ បើ​ក្រុមហ៊ុន​ និង​ក្រសួង​បរិស្ថាន​មិន​មាន​​លទ្ធភាព​ផ្ដល់​ជា​សំណង​ឲ្យ​ពួក​គាត់​បាន​ទេ គួរ​ពិចារណា​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជា​ពលរដ្ឋ​វិញ​ទៅ ព្រោះ​ថា ​ដី​គាត់​គឺ​ជា​ដីចម្ការ​តាំង​ពី​បង្ក​បង្កើត​ផល​វា​ជិត​ ១០​ឆ្នាំ​មក​ហើយ។ ទាំង​ការ​ខាត​របស់​ពួក​គាត់​ទៅ​លើ​ដីធ្លី​មាន​ការ​ខូច​ខាត​ធំ​ណាស់។ អ៊ីចឹង! គួរ​តែ​ពន្លឿន​ទៅ បើសិនជា​មិន​អាច គួរ​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទៅ កុំ​ទុក​ទំនាស់​ហ្នឹង​ដល់​រ៉ាំរ៉ៃ​អ៊ីចឹង។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​បរិស្ថាន​ហ្នឹង​តែ​ម្ដង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បកស្រាយ​​តំណាង​ក្រុមហ៊ុន​ចិន UDG លោក​ ឡុក លី បាន​នៅ​ឡើយ​ទេ អំពី​ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋ។

ជម្លោះ​រវាង​ពលរដ្ឋ​ស្រុក​គីរីសាគរ ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន នៅ​ខេត្ត​កោះកុង បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​ជាង ១០ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​បាន​ចោទ​ក្រុមហ៊ុន​ចិន យូញៀន​ ថា កន្លង​មក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ឲ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ។

ពលរដ្ឋ​ដែល​ឡើង​មក​រក​ដំណោះស្រាយ​នៅ​រាជធានី​ភ្នំពេញ​ បញ្ជាក់​ជំហរ​ថា ពួកគាត់​នឹង​ទៅ​រក​កិច្ច​អន្តរាគមន៍​បន្ត​ទៀត ​ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល