ក្រុម​តំណាង​ពលរដ្ឋ​ថា​ ​អយុត្តិធម៌ ដែល​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​មិន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ឲ្យ​ពួក​គាត់

ដោយ ម៉ៅ សុធានី
2019.07.02
បញ្ហាដីធ្លី​កោះកុង 070119 ពលរដ្ឋ​ជាង​ ១៦០​នាក់ មក​ពីរ​ឃុំ​ចំនួន​ ២​នៃ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០១៩ ស្នើ​សុំ​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង​ ហ៊ុយ ​ដែល​អូស​បន្លាយ​ជាង ១០ឆ្នាំ។
រូប៖ CCFC

ក្រុម​តំណាង​ពលរដ្ឋ​ជិត​ ២០០គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ថា​ ករណីក្រសួង​រៀបចំ​ដែន​ដី និង​អាជ្ញាធរ​ខេត្ត សម្រេច​មិន​ព្រម​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​ឲ្យ​ពួក​គាត់ ជា​រឿង​អយុត្តិធម៌។ ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ និង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត លុះ​ត្រា​តែ​ទទួល​បាន​ដំណោះ​ស្រាយ​ក្នុង​ដី​ធ្លី​នេះ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង ៦នាក់​ លោកស្រី អិន ធូ ហៅ​ថា ការ​សម្រេច​របស់​ក្រសួង​រៀបចំ​ដែន​ដី និង​រដ្ឋបាល​ខេត្ត​កោះកុង ដែល​មិន​ដោះ​ស្រាយ​តាម​សំណើ​ពលរដ្ឋ ១៩៧គ្រួសារ​ថា រឿង​អយុត្តិធម៌ ចំពោះ​ពួក​គាត់​ជា​អ្នក​មាន​បញ្ហា​ពិតប្រាកដ ដែល​បាត់​បង់​ដីធ្លី ដោយសារ​តែ​អ្នក​មាន​អំណាច​រឹបអូស​យក៖ «ខ្ញុំ​អត់​យល់​ព្រម​ទេ។ ខ្ញុំ​នឹង​តស៊ូ​ទៅ​មុខ​ទៀត នឹង​រក​ដំណោះ​ស្រាយ ឲ្យ​រដ្ឋាភិបាល​ និង​ឯកឧត្ដម ជា សុផារ៉ា ជួយ​ប្រាប់​ខ្ញុំ​ផង បើ​សិន​ជា​ថា ឧកញ៉ា ហេង ហ៊ុយ នេះ គាត់​ប្លង់​ជា​កម្មសិទ្ធិ​របស់​គាត់ ព្រោះ​គាត់​យក​ដី​ពួក​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ជាង ១៩៧នាក់ យក​លួច​ទៅ​ធ្វើ​ប្លង់។ ចុះ ប្រជាពលរដ្ឋ​របស់​ពួក​ខ្ញុំ​អត់​មាន​ប្លង់ ព្រោះ​រាជរដ្ឋាភិបាល​មិន​ចេញ​ធ្វើ​ប្លង់​ឲ្យ​ខ្ញុំ​ផង។ ខ្ញុំ​នឹង​រក​ដំណោះ​ស្រាយ​ទៅ​មុខ​ទៀត។ ខ្ញុំ​អត់​ឈប់​ទេ។ ខ្ញុំ​ត្រូវ​តែ​តស៊ូ អយុត្តិធម៌​ណាស់ ពី​ព្រោះ​គាត់​ជាន់​ទូក​លម្អៀង»

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ លោក ហេង ជៃ លើក​ឡើង​ថា ទាំង​ក្រសួង​ទាំង​អាជ្ញាធរ​ខេត្ត គួរ​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​ស្រាវជ្រាវ​​ករណី​ពួក​គាត់​ រក​ឲ្យ​ឃើញ​ការ​ពិត​សិន មុននឹង​សម្រេច​ថា​មិន​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ៖ «ចំពោះ​ប្រជា​ពលរដ្ឋ​ពួក​ខ្ញុំ​ ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ណាស់។ ទាំង​មន្ត្រី​នៅ​សាលា​ខេត្ត ទាំង​មន្ត្រី​នៅ​ក្រសួង គាត់​ធ្វើ​បែប​ហ្នឹង​ គឺ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ពួក​ខ្ញុំ​បាត់​បង់​ដី។ បើ​គាត់​មិន​ជឿ​ថា​ ពួក​ខ្ញុំ​បាត់​បង់​ដី​ទេ សូម​ឲ្យ​គាត់​ដាក់​ភ្នាក់ងារ ចុះ​មក​ពិនិត្យ​មើល​ផង។ ដល់​គាត់​ច្រាន​ចោល​ភ្លាមៗ ចឹង ដូច​អយុត្តិធម៌​ពេក»

លោកស្រី អិន ធូ ឲ្យ​ដឹង​ថា សំណង​ដែល​ប្រជា​ពលរដ្ឋ​ជិត ២០០គ្រួសារ ចង់​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​នោះ គឺ​ប្រគល់​សង​ដី​ធ្លី​ឲ្យ​ពួក​គាត់​វិញ ក្នុង​គ្រួសារ ២ហិតការ និង​ប្រាក់​ ៧ពាន់ដុល្លារ។ តំណាង​ពលរដ្ឋ​ដែល​មាន​កូន​ ៩នាក់​ក្នុង​បន្ទុក​រូប​នេះ អះអាង​ថា ប្រជា​ពលរដ្ឋ​ទាំង ១៩៧គ្រួសារ នឹង​បន្ត​ដើរ​រក​ដំណោះ​ស្រាយ​ពី​ស្ថាប័ន​រដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​បញ្ហា​អ្វី​ក៏​ដោយ៖ «ខ្ញុំ​អត់​ខ្លាច​ទេ​បង។ ប្រជាពលរដ្ឋ​របស់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា ត្រូវ​តែ​ចេញ​តវ៉ា និង​តស៊ូ។ បើ​សិន​ជា​ថា គាត់​អត់​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ទេ ខ្ញុំ​នឹង​ឡើង​ដល់​សម្ដេច​ ហ៊ុន សែន ផ្ទាល់ ឲ្យ​គាត់​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។ តើ​គាត់​អាច​រក​យុត្តិធម៌​ឲ្យ​កូន​ចៅ​បាន​ឬ​អត់»

ការ​ប្រកាន់​ជំហរ​នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ដឹង​ថា​ក្រសួង​រៀប​ចំ​ដែន​ដី និង​អាជ្ញាធរ​បាន​ច្រាន​ចោល​សំណើ​របស់​ពួក​គេ តាម​រយៈ​ការ​ចេញ​លិខិត​ពី​ស្ថាប័ន​នីមួយៗ កាល​ពី​ថ្ងៃ​ទី១ កក្កដា។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី១ ខែ​កក្កដា ក្រសួង​រៀបចំ​ដែន​ដី​អះអាង​ថា ពលរដ្ឋ​ ១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំ​ចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ ៩៨៧គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ថា ពួក​គេ​ទទួល​បាន​ដំណោះ​ស្រាយ​អស់​ហើយ។ នៅ​ក្នុង​លិខិត​ដដែល​នោះ ក្រសួង​រៀបចំ​ដែនដី ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត ២០០រយ​គ្រួសារ ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​ក្រសួង​ជា​ថ្មី​ទៀត។

ចំណែក​ រដ្ឋបាល​ខេត្ត​កោះកុង ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​ កាល​ពី​ថ្ងៃ​ទី១ កក្កដា ផ្ញើ​ជូន​តំណាង​ពលរដ្ឋ​ ដោយ​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលល័រ គ្រុប (Heng Huy Agri Color Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល។ ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះ​ស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ ចាប់​ផ្ដើម​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ពួក​គាត់​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច និង​រង​គំរាម​កំហែង​ផ្សេងៗ ពី​សំណាក់​ក្រុមហ៊ុន ហេង ហ៊ុយ អស់​ជាច្រើន​ឆ្នាំ​មក​នេះ។

អ្នក​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​ បន្ទាប់​ខាង​អាជ្ញាធរ​ខេត្ត​ចេញ​លិខិត​បញ្ជាក់​ថា លោក ហេង ហ៊ុយ មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​ធ្លី​ជា​ច្រើន​ហិកតារ។ លោក មាន ព្រហ្ម​មុនី ដាក់​ចេញ​ជា​សំនួរ​ថា បើ​លោក ហេង ហ៊ុយ មាន​ប្លង់​កាន់​កាប់​ដីធ្លី នៅ​ទីតាំង​មាន​ជម្លោះ​យូរ​ឆ្នាំ​មក​ហើយ ហេតុអ្វី​អាជ្ញាធរ​មិន​ប្រកាស​រឿង​នេះ​ជា​សាធារណៈ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង។

មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​ យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ពិចារណា​ឡើង​វិញ រឿង​ផ្ដល់​ដំណោះ​ស្រាយ​និង​បញ្ចប់​វិវាទ​ជូន​ប្រជា​ពលរដ្ឋ​ មិន​គួរ​រុញ​បញ្ហា​នេះ​បន្ត​ទៅ​ស្ថាប័ន​តុលាការ​ទេ៖ «ចំពោះ​គាត់​ម្នាក់​មាន​ច្រើន​ម្ល៉េះ ហើយ​ធ្វើ​ប្លង់​បាន។ អ៊ីចឹង! មុន​ដំបូង​ ខ្ញុំ​ថា​អា​ហ្នឹង​វា​ជា​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច។ ឥឡូវ វា​មាន​ប្លង់​ទៅ​ទៀត។ រឿង​ធ្វើ​ប្លង់ ខ្ញុំ​ដឹង​ហើយ​ អ្នក​ណា​មាន​លទ្ធភាព​បង់​ពន្ធ​បង់​អី​ចូល​រដ្ឋ​ ខ្ញុំ​អត់​ដឹង​ទេ។ ក៏​ប៉ុន្តែ សំខាន់​ប៉ះពាល់​ដល់​របស់​ប្រជា​ពលរដ្ឋ។ ប្រជា​ពលរដ្ឋ​ត្រូវ​តែ​តវ៉ា។ បើ​គាត់​ដោះ​ស្រាយ​ឲ្យ​គេ គេ​ឈប់​តវ៉ា​ហើយ។ ដើម​ចម គឺ​យើង​ប៉ះពាល់​ដី​ប្រជា​ពលរដ្ឋ ហើយ​បើ​ពលរដ្ឋ​ គាត់​នៅ​តវ៉ា ត្រូវ​រក​ដំណោះ​ស្រាយ​ឲ្យ​គាត់ ទោះ​តាម​រូបភាព​ណា​ក៏​ដោយ»

របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ហេង ហ៊ុយ​ អភិវឌ្ឍន៍ ជាង​ ៤ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ​ កាល​ពី​ឆ្នាំ២០០៧។ នៅ​ឆ្នាំ២០១០ ពលរដ្ឋ​ចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ណា​ ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។ ពួក​គាត់​អះអាង​ថា បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលល័រ គ្រុប (Heng Huy Agri Color Group) ដែល​ប្ដូរ​ឈ្មោះ​ទៅ​ជា ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ឈប់​ដាំ​ដំណាំ​អំពៅ​ ចំណែក​រោងចក្រ​ផលិត​ចេញ​ស្ករ​ស​ ក៏​មិន​ឃើញ​មាន​សកម្មភាព​មមាញឹក​នោះ​ដែរ។

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង អំពាវនាវ​ដល់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ដើម្បី​ផ្ដល់​សំណង​ជា​ដីធ្លី និង​ថវិកា​ដល់​ពួក​គាត់​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។