តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ រត់​គេច​ខ្លួន ពេល​ដឹង​​ថា អាជ្ញាធរ​​​រក​​ចាប់​​ខ្លួន

ដោយ សេក បណ្ឌិត
2019.01.09
តវ៉ា ដីធ្លី ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

តំណាង​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​​ ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ទាក់ទង​រឿង​គម្រោង​ដឹក​នាំ​ពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​នៅ​ចុង​សប្ដាហ៍​នេះ។

តំណាង​ម្នាក់ ក្នុង​ចំណោម​តំណាង​ជាច្រើន​នាក់ ដែល​កំពុង​រត់​គេច​ខ្លួន ឡើង​មក​ភ្នំពេញ លោក តូច ឌុល ប្រាប់​អាស៊ី​សេរី​ថា មកទល់នឹងយប់ថ្ងៃទី៨មករា សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​តំណាង​ពលរដ្ឋ​ទេ ដោយសារ​ពួកគេ​ចែក​ផ្លូវ​គ្នា​ រត់​គេច​អស់​​ហើយ។ លោក តូច ឌុល អះអាង​ថា ភរិយា​របស់​លោក បាន​ទូរស័ព្ទ​មក​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៨ មករា ឡាន​របស់​សមត្ថកិច្ច​បាន​ជិះ​ក្រវែល ផ្ទះ​លោក ជាច្រើន​ម៉ោង គឺ​ត្រង់​ចំណុច​ដី​ចម្ការ​ គីឡូ​ម៉ែត្រ​​លេខ​១០១ ជា​ដី​ឧប​សម្ព័ន្ធ​ភូមិ​ ចំណុះ​ឲ្យ​ភូមិ​ដូង ឃុំ​​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ៖ «តំណាង​ពួក​ខ្ញុំ គេ​បាន​ដំណឹង​ អ៊ីចឹង​ហើយ។ សមត្ថកិច្ច​ដូច​ថា ស្គាល់ៗ គ្នា​អ៊ីចឹង គេ តេ (ហៅ​ទូរស័ព្ទ) ប្រាប់​ថា គេ​ឲ្យ​គេច​ខ្លួន ព្រោះ​អី​ថ្នាក់​លើ​គេ​បញ្ជា​មក​ថា ឲ្យ​ចាប់​ពួក​ខ្ញុំ តំណាង​ហ្នឹង បួន​ប្រាំ​នាក់។ ប៉ិន​ ថា​ប៉ូលិស​ហ្នឹង វា​មាន​មនុស្ស​ល្អ មាន​មនុស្ស​អាក្រក់។ វា​ធម្មតា​ទេ យើង​ប្រជា​ពលរដ្ឋ ដែល​រងគ្រោះ សមត្ថកិច្ច​ក៏​គាត់​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ដែរ។ អ៊ីចឹង​ ​គាត់​ចាប់​ទៅ​ ក៏​សុទ្ធ​តែ​ប្រជាពលរដ្ឋ​របស់​គាត់។ អ៊ីចឹង គាត់​ឲ្យ​យើង​គេច​ទៅ បើ​យើង​នៅ​ហ្នុង បើ​គេ​ចាប់​ទៅ ឃាត់​ឃាំង​​យើង​ទៅ ក៏​គ្មាន​ផលប្រយោជន៍​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ (មាន​ជម្លោះ​ដីធ្លី) ដែរ។ តែ​នៅ​ផ្ទះ​ខ្ញុំ​ហ្នឹង​ឡាន (ប៉ូលិស) ៣គ្រឿង ក្រវែល​រហូត​ហ្នឹង ប្រពន្ធ​ខ្ញុំ​តេ​មក​មិញ​នេះ។ ប៉ុន្តែ​មិន​ឈប់​មុខ​ផ្ទះ​ខ្ញុំ​ទេ ក្រវែល​នៅ​ជិតៗ ផ្ទះ​ខ្ញុំ​ហ្នឹង»

លោក តូច ឌុល គឺជា​តំណាង​ពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​អ្នក​តំណាង​​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាច្រើន​នាក់​ទៀត នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ ដែល​តែង​មក​ដាក់​ញត្តិ​ស្វែង​រក​ដំណោះស្រាយ​ នៅ​ខុទ្ទកាល័យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ក្រសួង​រៀបចំ​ដែន​ដី និង​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​នៅ​ភ្នំពេញ។ ​តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា នៅ​ថ្ងៃ​ទី ១១ មករា ខាង​មុខ​នេះ ជា​ថ្ងៃ​កំណត់​ដែល លោក ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន​សន្យា​ថា ទទួល​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​នៅ​ពេល​នេះ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី កំពុង​បណ្ដាក់​គ្នា ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​ជួប​ លោក ជា សុផារ៉ា។

មេឃុំ​ឃ្សឹម អ្នកស្រី ផ្លាង សារ៉េត ប្រាប់​អាស៊ី​សេរី​ កាលពី​ព្រលប់​ថ្ងៃ​ទី​០៨ មករា​ ថា មិន​មាន​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ ណា​ម្នាក់ នៅ​ក្នុង​ឃុំ​ឃ្សឹម​ឡើយ៖ «មាន​ប៉ូលិស​ឯណា ចាប់​គាត់ (លោក តូច ឌុល) នោះ អត់​មាន​ទេ»

ដើម​ហេតុ​នៃ​ ជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កើត​ឡើង​ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​របប​លោក ហ៊ុន សែន ឈ្មោះ ចម្ការ​កៅស៊ូ​មេមត់​ ទទួល​បាន​សិទ្ធិ​វិនិយោគ ដំណាំ​ឧស្សាហកម្ម​កៅស៊ូ នៅ​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (.៨៥៥) រយៈ​ពេល ៥០​ឆ្នាំ។

កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ ពលរដ្ឋ​ជាង ២​រយ​នាក់ មក​ពី​តាម​ឃុំ​នានា​ ក្នុង​ស្រុក​ស្នួល បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផល​ដំណាំ តែ​ត្រូវ​រង​ការ​បង្ក្រាប​ពី​កងកម្លាំង​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ បាន​បាញ់រះ​មក​លើ​ពលរដ្ឋ។ ក្រោយពី​ការ​បាញ់រះ សាក្សី​ដែល​ឃើញ​ព្រឹត្តិការណ៍​នោះ​ត្រូវ​អាជ្ញាធរ​គំរាម និង​រឹតត្បិត​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អាជ្ញាធរ​ឃុំ​២​ធ្នូ ធ្លាប់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ព្រឹត្តិការណ៍​ពេលនោះ មាន អ្នក​តវ៉ា​ខ្លះ​រង​របួស និង​ស្លាប់ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ក្រចេះ បដិសេធ​ថា មិន​មាន​ពលរដ្ឋ​ស្លាប់​ទេ។

ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា និង​ការ​បាញ់រះ​លើ​អ្នក​តវ៉ា​រួច ពលរដ្ឋ​ដែល​ធ្លាប់​បង្ក​បង្កើន​ផល​លើ​ដី​មាន​ជម្លោះ ខ្លាចរអា ក្នុង​ការ​ទាមទារ​ស្វែងរក​ដំណោះស្រាយ និង​មិន​លែង​ហ៊ាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទៀតហើយ គឺ​បាន​ត្រឹម​ប្រមូល​គ្នា ដើម្បី​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ក្រចេះ និង​ស្ថាប័ន​ជាតិ​ធំៗ នៅ​រាជធានី​ភ្នំពេញ រួម​ទាំង​ភូមិគ្រឹះ លោក ហ៊ុន សែន។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ លោក រ័ត្ន ថាវី គ្រាន់​តែ​លឺ​តាម​សារព័ត៌មាន​ដូចគ្នា ដោយ​មិន​ទាន់​បាន​ចុះ​ទៅ​អង្កេត​ជាក់​ស្ដែង​ទេ ប៉ុន្តែ​​ប្រសិន​បើ​ មាន​ករណី​សមត្ថកិច្ច​ព្យាយាម​ឃាត់​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​មែន ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា សមត្ថកិច្ច​គួរ​ជួយ​ជ្រោមជ្រែង លើក​ទឹក​ចិត្ត​​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ​រក​អន្តរាគមន៍​ដោយ​សន្តិវិធី តាម​ផ្លូវ​ច្បាប់​ ទើប​ជា​ការ​ល្អ៖ «បាទ! អ៊ីចឹង បើ​សិន បើ​គាត់​តវ៉ា ប្ដឹង​ផ្ដល់​តាមផ្លូវច្បាប់ អាជ្ញាធរ​សមត្ថកិច្ច​ហ្នឹង នៅ​មូលដ្ឋាន​ហ្នឹង គួរ​តែ​លើកទឹកចិត្ត ជួយ​ការពារ​សុវត្ថិភាព​ដល់​ពួកគាត់ ​ហើយ​នឹង​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ហា ឲ្យ​ពួកគាត់ ឲ្យ​បាន​ចប់។ ហ្នឹង ទើប​ជា​ការ​ល្អ​ប្រសើរ​ បាទ»

តំណាង​ពលរដ្ឋ លោក តូច ឌុល សង្ឃឹម​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល នឹង​ទទួល​បាន​ការ​អន្តរាគមន៍​ផ្ដល់​ដំណោះស្រាយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី នៅ​ថ្ងៃ​ទី​១១ មករា ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។