មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ប្រាប់​អ្នក​មាន​ជម្លោះ​ដីធ្លី​ឲ្យ​រង់ចាំ​ដំណឹង​១​សប្ដាហ៍​ទៀត

ដោយ ឡេង ម៉ាលី
2017-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ដាក់​នៅ​ព្រះបរមរាជវាំង ដើម្បី​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
ក្រុម​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ដាក់​នៅ​ព្រះបរមរាជវាំង ដើម្បី​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Leng Maly

ក្រុម​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​ប្រមាណ ៣០​នាក់ មក​ពី​សហគមន៍​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​រង់ចាំ​ទទួល​ដំណឹង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត។

អ្នក​បឹងកក់​មួយ​រូប​ក្នុង​ចំណោម​អ្នក​បឹងកក់​នៅ​សេសសល់ ៧​គ្រួសារ គឺ​លោកស្រី ហុង សុខខេង មាន​ប្រសាសន៍​ថា មន្ត្រី​ព្រះបរមរាជវាំង​បាន​បញ្ជូន​ញត្តិ​រក​អន្តរាគមន៍​របស់​ក្រុម​លោកស្រី ទៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ៖ «ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ពូ​ចំរើន ហ្នឹង​ប្រាប់​ថា គាត់​បាន​ទទួល​ញត្តិ​ពី​វាំង​ហើយ ហើយ​គាត់​ក៏​បាន​រុញ​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដែរ តែ​រយៈពេល​អត់​ទាន់​បាន​ទទួល​ដំណឹង។ ទុក​ពេល​មួយ​អាទិត្យ​ឲ្យ​គាត់។ អាទិត្យ​ក្រោយ បើ​យ៉ាង​ណា​យើង​ចង់​មក​សួរ​ទៀត​ក៏​បាន គាត់​តេ​ប្រាប់​ក៏​បាន រឿង​ញត្តិ​ហ្នឹង។ ឥឡូវ​នេះ គេ​មក​ដល់​សុភាពរាបសារ គេ​អត់​មាន​ប៉ូលិស​មាន​អី​មក​ឃាត់ឃាំង​យើង​ទេ។ គេ​ធ្វើ​សារព័ត៌មាន គេ​គំរាម​យើង​ថា បើ​យើង​ចេញ គេ​ចាត់​វិធានការ។ ឥឡូវ​ពួក​ខ្ញុំ​ចេញ​មក​នេះ ខាង​សន្តិសុខ​អត់​មាន​មក​ធ្វើ​អី​ទេ។ ខាង​វាំង​ចេញ​មក​សុទ្ធតែ​គោរព​យើង​ណាស់ ជម្រាប​សួរ​យើង​ត្រឹមត្រូវ​ល្អ​ណាស់ ហើយ​ដល់​ពេល​ដល់​នេះ ក៏​គេ​ធ្វើ​ល្អ​ជាមួយ​យើង​ដែរ។ គេ​មិន​មាន​កាល​ដូច​ពី​មុន​មក​ទេ។ ប៉ូលិស​ខណ្ឌ​គេ​មក​ដែរ ប៉ុន្តែ​គេ​នៅ​ឆ្ងាយ​ពី​យើង។ គេ​មិន​បាន​រុញ​ច្រាន​យើង​ដូច​ពី​មុន​ទេ»

ការ​ឆ្លើយតប​នេះ គឺ​មាន​រយៈពេល ១​ថ្ងៃ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ប្រមាណ ៣០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ព្រះបរមរាជវាំង ដើម្បី​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា។ អ្នក​ភូមិ​ទាំងនោះ គឺ​ជា​អតីត​អ្នក​សហគមន៍​បឹងកក់ សហគមន៍​បុរីកីឡា ៣​មករា សហគមន៍​ព្រលាន​យន្តហោះ អេស.អូ.អេស (SOS) និង​អ្នក​បឹងកក់ ៧​គ្រួសារ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។ នៅ​ពេល​នេះ អ្នក​ភូមិ​ទាំងនេះ​នឹង​រង់ចាំ​ទទួល​ដំណឹង ១​សប្ដាហ៍​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល