អ្នក​មាន​បញ្ហា​ដីធ្លី​៤​សហគមន៍​នាំ​គ្នា​សួរ​ដំណឹង​ពី​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី

ដោយ ឡេង ម៉ាលី
2017-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​មក​ពី​សហគមន៍ ៤ នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​ទៅ​សួរ​ដំណឹង​ពី​ញត្តិ​របស់​ពួក​គាត់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​មក​ពី​សហគមន៍ ៤ នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​ទៅ​សួរ​ដំណឹង​ពី​ញត្តិ​របស់​ពួក​គាត់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Leng Maly

ក្រុម​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​ប្រមាណ ៣០​នាក់​មក​ពី​សហគមន៍ ៤ នៅ​រាជធានី​ភ្នំពេញ ដែល​នាំ​គ្នា​ទៅ​សួរ​ដំណឹង​ពី​ញត្តិ​របស់​ពួក​គាត់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​ប្រាប់​ឲ្យ​រង់ចាំ​ទទួល​ដំណឹង​ពី​ដំណោះស្រាយ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ចប់។

មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន ថ្លែង​ប្រាប់​អ្នក​ភូមិ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​ទាក់ទង​នឹង​រឿង​ដីធ្លី​នេះ​ពី​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ឡើយ​ទេ។ លោក​នឹង​ជូន​ដំណឹង​ពេល​ទទួល​បាន​លិខិត​ពី​លោក​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​លោក​ថា តាម​នីតិវិធី លិខិត​នោះ​នឹង​ត្រូវ​ឆ្លើយតប​ទៅ​តាម​ក្រសួង​ព្រះបរមរាជវាំង​វិញ៖ «ខ្ញុំ​អាច​មើល​ដឹង​ថា ញត្តិ​ហ្នឹង​ចេញ​មក​ហើយ ទៅ​វាំង។ ពេល​ហ្នឹង​ខ្ញុំ​នឹង​ទៅ​ប្រាប់​អ៊ី​ម្លូ​មុន​គេ ព្រោះ​ទំនាក់ទំនង​ខាង​ខ្ញុំ​ជាមួយ​អ៊ី​ម្លូ​លឿន។ ចំណែក​ខាង​អ៊ី (ខាង​នេះ) កន្លែង​ផ្សេងៗ​គ្នា ខ្ញុំ​អត់​ទទួល​ទេ។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ៊ី​ម្លូ​មុន​គេ ដើម្បី​ឲ្យ​អ៊ី​ម្លូ​ចាត់ចែង​ទៅ​ផ្ដល់​ដំណឹង​ឲ្យ​បង​ប្អូន។ ប៉ុន្តែ​ខ្លឹមសារ​របស់​វា ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​កាលណា​យើង​ទៅ​បើក​មើល ហើយ​យើង​ត្រូវ​ដឹង​ពី​លិខិត​អី​ដែល​មាន​ឋានៈ​ធំៗ អ៊ីចឹង​តួនាទី​ខ្ញុំ​ទៅ​អត់​រួច​ទេ។ ប៉ុន្តែ​បើ​ចេញ​ហើយ ខ្ញុំ​នឹង​ប្រាប់​ដូច​ពី​មុន​អ៊ីចឹង។ ប៉ុន្តែ​ការងារ​ឥឡូវ​វា​កំពុង​រវល់។ ខ្ញុំ​មិន​អាច​កំណត់​បាន​ទេ ប៉ុន្តែ​ប្រហែល​ជា​ក្រោយ​បោះឆ្នោត»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ក្រុម​អ្នក​ភូមិ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ព្រះបរមរាជវាំង ដើម្បី​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ។ រហូត​មក​ដល់​ថ្ងៃ​ទី​៤ ឧសភា មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន ប្រាប់​ទៅ​អ្នក​ភូមិ​ថា លោក​បាន​ទទួល​ញត្តិ​ពី​ក្រសួង​ព្រះបរមរាជវាំង​ហើយ ហើយ​បាន​បញ្ជូន​បន្ត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ដដែល ក្រុម​អ្នក​ភូមិ​ទាំងនេះ​ក៏​បាន​នាំ​គ្នា​ព្យាយាម​ទៅ​ជួប​តំណាងរាស្ត្រ​នៅ​ឯ​មន្ទីរ​រដ្ឋសភា​ដែរ ដើម្បី​សួរ​ដំណឹង​អំពី​ញត្តិ​របស់​ពួក​គាត់ ប៉ុន្តែ​គណៈកម្មការ​រដ្ឋសភា​បញ្ជាក់​ថា ញត្តិ​នោះ​ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជូន​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។ អ្នក​ភូមិ​ដាក់​ញត្តិ​ទាំងនោះ គឺ​ជា​អ្នក​អតីត​អ្នក​សហគមន៍​បឹងកក់ សហគមន៍​បុរីកីឡា សមាគម​ស្ត្រី​បឹងកក់ សហគមន៍ អេស.អូ.អេស (SOS) ព្រលាន​យន្តហោះ និង​អតីត​អ្នក​បឹងកក់​ដែល​បាន​ចាកចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល