ពលរដ្ឋ​រង​ការ​ប៉ះពាល់​ពី​ការ​ពង្រីក​ផ្លូវ​ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍

ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​អះអាង​ថា មាន​ជម្លោះ​ដី​ចំណី​ផ្លូវ បាន​ចោទ​ប្រកាន់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ថា​បាន​រំលោភ​យក​ដី​ផ្ទះ ដើម្បី​ធ្វើ​ចំណី​ផ្លូវ​លើស​ច្បាប់​ភូមិបាល​ដែល​បាន​កំណត់។
ដោយ ម៉ម មុនីរតន៍
2013-10-02
Share

លិខិត​ពី​ក្រុម​ប្រជាពលរដ្ឋ ចុះ​ថ្ងៃ​ទី២ ខែ​តុលា បាន​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​បង្គាប់ ចុះ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ពង្រីក​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៥ ឈ្មោះ​ថា ផ្លូវ​អូដឹម​ទំនប់​កប់​ស្រូវ ឬ​ផ្លូវ​លេខ​១២០K ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ លិខិត​បន្ត​ថា ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៣ កន្លង​ទៅ ដោយ​ក្រុមហ៊ុន ស៊ី.ធី.អិម (CTM) ហើយ​បាន​ប៉ះពាល់​ដីធ្លី​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​មួយ​ចំនួន​ទៀត។

លិខិត​ឲ្យ​ដឹង​ទៀត​ថា ការ​ពង្រីក​ផ្លូវ​ដែល​ពុំ​បាន​ផ្ដល់​សំណង​ជំងឺ​ចិត្ត ហើយ​ថែម​ទាំង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​អស្សាមិករណ៍​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពន្យល់​អំពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ តុលា។

ច្បាប់​ស្ដីពី​អស្សាមិករណ៍​ដែល​ចូល​ជា​ធរមាន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ និង​សេចក្ដី​ប្រកាស ចុះ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​១៩៩៩ ស្ដីពី​វិធាន​ការ​លុប​បំបាត់​ភាព​អនាធិបតេយ្យ​កាន់​កាប់​ដីធ្លី ដែល​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំណត់​ថា ការ​កំណត់​យក​ចំណី​ផ្លូវ​ចាប់​ពី ២៥ ទៅ ៣០​ម៉ែត្រ​ពី​ម្ខាង​នៃ​អ័ក្ស​ផ្លូវ គឺ​ត្រូវ​អនុវត្ត​ទៅ​លើ​ផ្លូវ​ដែល​មាន​លេខ ១​ខ្ទង់ និង​ផ្លូវ​លេខ ២​ខ្ទង់ ដូច​ជា​ផ្លូវ​ជាតិ​លេខ​១ លេខ​២ លេខ​៤ លេខ​៥ លេខ​៦ និង​លេខ​៧។ ប៉ុន្តែ ការ​ពង្រីក​ផ្លូវ​នេះ គួរ​យក​ក្រោម​ផ្លូវ​ដែល​មាន​លេខ ១​ខ្ទង់ និង ២​ខ្ទង់ ព្រោះ​ផ្លូវ​អូដឹម​ទំនប់​កប់​ស្រូវ នេះ ស្ថិត​នៅ​ក្នុង​ផ្លូវ​លេខ ៣​ខ្ទង់ និង​ផ្លូវ​ខេត្ត។ ច្បាប់​អស្សាមិករណ៍​កំណត់​ថា ផ្លូវ​ដែល​មាន ៣​ខ្ទង់ និង​ផ្លូវ​ខេត្ត កំណត់​ចំណី​ផ្លូវ​ពី ១៥ ទៅ ២០​ម៉ែត្រ​ពី​ម្ខាង​នៃ​អ័ក្ស​ផ្លូវ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល