មន្ត្រី​ក្រសួង​កសិកម្ម​អះអាង​ថា​គម្រោង​វិនិយោគ​ឯកជន​មិន​ប៉ះពាល់​ដី​កម្មសិទ្ធិ​ពលរដ្ឋ

ដោយ ម៉ម មុនីរតន៍
2014-12-10
Share
ជម្លោះ​ដីធ្លី កោះកុង ៦១០ ពលរដ្ឋ​ឈរ​តវ៉ា​នៅ​ខាង​មុខ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ទាមទារ​សំណង និង​អ្នក​ខ្លះ​តវ៉ា​មិន​ទៅ​នៅ​កន្លែង​ថ្មី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Tin Zakariya

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​វិស័យ​កសិកម្ម អះអាង​ថា ផែនការ​មេ​នៃ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន គឺ​មាន​ភាព​ត្រឹមត្រូវ​បំផុត និង​មិន​ប៉ះពាល់​សកម្មភាព​នៃ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នោះ​ទេ។

ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​វិញ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង ៧០​ម៉ឺន​នាក់ រង​ផល​ប៉ះពាល់​នៃ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ។

ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​ដោយ​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ថន សារ៉ាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា ផ្អែក​លើ​ផែនការ​អភិវឌ្ឍន៍​គោលការណ៍​ទូទៅ​របស់​វិស័យ​ឯកជន ដែល​លោក​បាន​ផ្ទៀងផ្ទាត់​យ៉ាង​ម៉ត់ចត់ គឺ​រក​មិន​ឃើញ​ថា ក្រុមហ៊ុន​ឯកជន​បាន​ប្រើប្រាស់​សិទ្ធិ​ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល ហើយ​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​កៀរគរ​ឲ្យ​មាន​អ្នក​វិនិយោគ​នេះ គឺ​ជួយ​លើក​កម្ពស់​ចំណូល​សេដ្ឋកិច្ច​របស់​ជាតិ​ទៅ​វិញ​ទេ។ បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ​អាច​រក​ចំណូល​បាន​សម្រាប់​គ្រួសារ​ថែម​ទៀត​ផង តាម​រយៈ​គោលការណ៍​វិនិយោគ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​បាន​យក​កិច្ចសន្យា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​យក​មើល។ គាត់​បាន​ចែង​ច្បាស់​ណាស់​ថា លក្ខខណ្ឌ​ទី​មួយ​ឯកភាព​ឲ្យ​វិនិយោគ ដើម្បី​បង្កើន​ផលិតផល។ ទី​ពីរ ត្រូវ​រក​ការងារ​ឲ្យ​ប្រជាជន​ដែល​នៅ​ជុំវិញ​ឲ្យ​មាន​ការងារ​ធ្វើ។ ទី​បី ដី​ដែល​ប៉ះពាល់​ប្រជាជន ត្រូវ​ហាម​ដាច់​ខាត​ប៉ះពាល់»

ចំណែក​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​លំនៅឋាន​វិញ រក​ឃើញ​ថា ប្រជាជន​កម្ពុជា ជាង ៧០​ម៉ឺន​នាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ ១៥​លាន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ទទួល​រង​ផល​ប៉ះពាល់​នៃ​ការ​បណ្ដេញ​ចេញ។

របាយការណ៍​បញ្ជាក់​ទៀត​ថា មូលហេតុ​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​សិទ្ធិ​លំនៅឋាន​នេះ ដោយសារ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​រយៈពេល​ជិត ១០០​ឆ្នាំ។ ក្រៅ​ពី​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៧០​ម៉ឺន​នាក់​នោះ គឺ​មាន ១០​ភាគរយ​ពុំ​មាន​លំនៅឋាន​នៅ​ភ្នំពេញ ក្រោយ​ពី​ការ​បណ្ដេញ​ចេញ។

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ថ្លែង​ថា ជាក់ស្ដែង​អ្នក​ដែល​រងគ្រោះ​ពី​គម្រោង​វិនិយោគ​នេះ ក្រៅ​ពី​បាត់​បង់​មុខ​របរ​ធ្លាក់​ចុះ​ចំណូល​ហើយ ថែម​ទាំង​កូនៗ​របស់​ពួក​គេ​ត្រូវ​បោះ​បង់​ការ​សិក្សា និង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ទៀត​ផង។ លោក​បន្ត​ថា «មាន​អ្នក​ខ្លះ​ត្រូវ​ឆក់​រលូត​កូន។ ស្ត្រី​ត្រូវ​ចាប់​ដាក់​គុក​ជាច្រើន​លើក​ច្រើន​សា។ ដូច​ថ្មីៗ​នេះ នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ គឺ​ស្ត្រី​បឹងកក់ ហើយ​អ្នក​បុរីកីឡា ដែល​ឈូស​ហើយ​ហ្នឹង គឺ​ឃើញ​ហើយ នៅ​តស៊ូ ៣​ឆ្នាំ​មក​នេះ។ ពី​មាន​មុខ​របរ ពី​មាន​សុខដុមរមនា​នៅ​ក្នុង​គ្រួសារ គឺ​គាត់​ព្រាត់ប្រាស​និរាស​ត្រូវ​លែង​លះ​គ្នា»

អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ថា ការ​សម្រេច​លុប​ចោល​អនុក្រឹត្យ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ក្នុង​ពេល​កន្លង​ទៅ និង​ថ្មីៗ​នេះ ដែល​រដ្ឋាភិបាល​បាន​បន្ថយ​ឆ្នាំ​នៃ​ការ​ជួល​ដី​រយៈពេល​ជិត ១០០​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន មក​នៅ​ត្រឹម ៥០​ឆ្នាំ​ក៏ដោយ ក៏​និន្នាការ​នៃ​ហិង្សា​ជម្លោះ​ដីធ្លី​មិន​ថយ​ចុះ​ឡើយ។ លោក​បន្ត​ថា បរិបទ​នេះ​នឹង​នៅ​តែ​កើន​ឡើង ដោយសារ​រដ្ឋ​មិន​ប្រមូល​ពន្ធ​លើ​ដីធ្លី ដែល​ជា​ឱកាស​ផ្ដល់​ឲ្យ​អ្នក​មាន​ទ្រព្យ​ធន​មួយ​ចំនួន នៅ​តែ​អាច​គ្រប់គ្រង​លើ​ដី​ឯកជន​របស់​រដ្ឋ​លើស​ពី​ច្បាប់​ភូមិបាល​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល