កម្លាំង​អាជ្ញាធរ​ចម្រុះ​ចុះ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ

ដោយ សួន សុផលមុន្នី
2014-03-13
Share

កម្លាំង​អាជ្ញាធរ​ចម្រុះ​ជា​ច្រើន​អ្នក​បាន​ចុះ​ទៅ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ឋិត​ភូមិ​រុន​ឃុំ​សឹង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទ​អ្នក​ភូមិ​ទាំង​នោះ​ថា បាន​រំលោភ​ចូល​ទៅ​កាន់​កាប់ និង​សាងសង់​ទី​ជម្រក​នៅ​លើ​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ។

រី​ឯ​ក្រុម​អ្នក​ភូមិ​វិញ​អះអាង​ថា ដី​នោះ​គឺ​ពួកគាត់​ចូល​ទៅ​កាន់​កាប់​តាម​អនុសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ដែល​បាន​សម្រេច​ឲ្យ​១​ហិកតារ​ក្នុង​មួយ​គ្រួសារ។

កងកម្លាំង​ចម្រុះ​ក្នុង​ឯកសណ្ឋាន​ប៉ូលិស ប៉េអឹម ទាហាន​ប្រមាណ ៤០​នាក់ ប្រដាប់​ដោយ​អាវុធ​ក្នុង​ដៃ​បាន​យក​ គ្រឿង​ចក្រ​ចំនួន​ពីរ​គ្រឿង ឈូស​ឆាយ​បំផ្លាញ​លំនៅឋាន​​ប្រជាពលរដ្ឋ​អស់​ចំនួន ១៤​ខ្នង ឋិត​នៅ​ភូមិ​រុន​ ឃុំ​សឹង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

ចំណែក​ឯ​អ្នកភូមិ​ជា​ម្ចាស់​ផ្ទះ​ប្រមាណ ៥០​នាក់​ បាន​ត្រឹម​តែ​ឈរ​ឱប​ដៃ​មើល​តែ​ប៉ុណ្ណោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៤។ តំណាង​អ្នក​ភូមិ​ឈ្មោះ ម្លិះ ប៊ុនថន ថ្លែង​ថា កងកម្លាំង​អាជ្ញាធរ​ចម្រុះ​នោះ​ដឹក​នាំ​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។

ក្នុង​សកម្មភាព​រុះ​រើ​បំផ្លាញ​លំនៅឋាន​នោះ​ ពួក​គេ​ប្រកាស​ថា ដី​ដែល​អ្នក​ភូមិ​សាងសង់​លំនៅឋាន​រស់​នោះ​ជា​ដី​ឋិត​ក្នុង​គម្រប​ព្រៃ​របស់​រដ្ឋ៖ «សកម្មភាព​គេ​យក​ត្រាក់ទ័រ​ពីរ​គ្រឿង​មក​ឈូស​លើ​ដី​របស់​ពលរដ្ឋ​ ខ្ញុំ​មិន​សុខ​ចិត្ត​ទេ មាន​ទាំង​ប៉េអឹម ប៉ូលិស ទាហាន មាន​កាំភ្លើង​គ្រប់​ដៃ ប៉ូលិស​មាន​ពីរ​ឃុំ គឺ​ឃុំ​សឹង ​ឃុំ​សុភី ចុះ​ទៅ​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​សាង​សង់​ គេ​ថា​សាងសង់​លើ​ដី​គម្រប​ព្រៃ​ឈើ ផ្ទះ​យើង​សាងសង់​ទៅ​តាម​អនុសាសន៍​របស់​ឯក​ឧត្ដម យឹម ឆៃលី​ ដែល​ថា ឲ្យ​១​ហិកតារ​ក្នុង​មួយ​គ្រួសារ។ ឥឡូវ​គាត់​ធ្វើ​នៅ​លើ​ដី​ហ្នឹង​ខ្ញុំ​សួរ​ថា តើ​អភិបាល​ខេត្ត ឬ​ក៏​មេព្រៃ​អស់​ហ្នឹង​អ្នក​ណា​ធំ​ជាង​អ្នក​ណា​ឥឡូវ?»

នៅ​មុន​សកម្មភាព​ឈូស​ឆាយ​នោះ​កើត​ឡើង​ ក្រុម​អ្នក​ភូមិ​បាន​នាំគ្នា​កាន់​កាំបិត​ពូថៅ​ ត្រៀម​តទល់​នឹង​កម្លាំង​អាជ្ញាធរ​ចម្រុះ​ដើម្បី​ការពារ​លំនៅឋាន​របស់​ខ្លួន​ ប៉ុន្តែ​កាំបិត​ពូថៅ​នោះ ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ចូល​ទៅ​ដក​ហូត។ ទោះ​យ៉ាង​ណា​ក្រុម​អ្នក​ភូមិ​បាន​ត្រឹម​តែ​ឈរ​ឱប​ដៃ​មើល​សកម្មភាព​គ្រឿងចក្រ​ដែល​បាន​ឈូស​ឆាយ​លំនៅឋាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ក្រុម​អ្នកភូមិ​បញ្ជាក់​ថា រហូត​មក​ល្ងាច​ថ្ងៃ​ទី​១៣ មីនា​ មាន​លំនៅឋាន ១៤​ខ្នង​ ត្រូវ​បាន​ឈូស​បំផ្លាញ។ ក្នុង​នោះ​មាន​លំនៅឋាន​សាងសង់​រួច​ចំនួន ៤​ខ្នង និង​លំនៅឋាន​កំពុង​សាងសង់ ១០​ទៀត។

ទាក់ទិន​បញ្ហា​នេះ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ​គោ ស៊ុំសារឿត បញ្ជាក់​ថា សកម្មភាព​រុះ​រើ​ លំនៅឋាន​នោះ ​គឺ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ខេត្ត។

ក្រុម​អ្នកភូមិ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ បាន​នាំ​គ្នា​ចូល​ទៅ​រំលោភ​កាន់​កាប់​ដី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ បន្ទាប់​មក​នាំ​គ្នា​សាងសង់​លំនៅឋាន​តូចតាច​នៅ​លើ​ដី​នោះ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​រុះ​រើ​លំនៅឋាន​ដែល​សាងសង់​នៅ​លើ​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ​នៅ​តំបន់​នោះ​ចេញ​ឲ្យ​អស់៖ «អ៊ីចឹង​ក្រោយ​បទ​បញ្ជា ០១ គេ​អត់​ចាត់​ទុក​ថា ត្រូវ​ច្បាប់​ទេ គេ​ចាត់​ទុក​ថា ជា​អ្នក​រុន​រាន​ថ្មី អ៊ីចឹង​ទេ​ត្រូវ​តែ​បង្ក្រាប ប៉ុន្តែ​គាត់​ខ្វះ​ដី គាត់​អាច​សុំ​ជា​ដី​សង្គម​កិច្ច​មក​ខេត្ត​ ខេត្ត​សុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​អនុបយោគ​កាត់​ដី​បន្ត​ គាត់​អត់​សុំ​ទៅ​បំពាន់​តែ​ម្ដង​ទៅ​ជា​ខុស​ច្បាប់»

លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ដី​ឋិត​នៅ​ភូមិ​រុន​ឃុំ​សឹង ស្រុក​អូរជ្រៅ នោះ ត្រូវ​ដក​ហូត​រក្សា​ទុក​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ​ និង​មិន​មាន​ការ​ប្រគល់​ទៅ​អោយ​ក្រុមហ៊ុន​នោះ​ទេ។ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក លោក ស៊ុំ ចន្ទគា បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​ការពារ​ដី​របស់​រដ្ឋ​ ប៉ុន្តែ​ករណី​ដី​នៅ​ភូមិ​រុន​នេះ​ លោក​ដាក់​ការ​សង្ស័យ​ថា ​អាជ្ញាធរ​ទំនង​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន។

លោក ស៊ុំ ចន្ទគា៖ «យក​ដី​រដ្ឋ​លាប​ពណ៌​ហើយ​បែរ​ទៅ​ជា​ការពារ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​អា​ហ្នឹង​ទិដ្ឋភាព​ទី​ ទិដ្ឋភាព ទី​២ ដី​ហ្នឹង​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​ខ្វះ​ខាត​អាស្រ័យ​ផល​នៅ​ក្រោយ​ពី​ចំនួន​គ្រួសារ​កើន​ឡើង ក៏​យើង​សាទរ​ដែល​កុំ​ឲ្យ​តែ​មាន​ការ​ដោះ​ដូរ​ដេញ​ យក​ប្រជាពលរដ្ឋ​ពី​ស្នួល​ទ្រេត​មក​ដាក់​នៅ​កន្លែង​ហ្នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈ្លោះ​គ្នា​អាជ្ញាធរ​ជា​ភ្នាក់ងារ​របស់​រដ្ឋ​អនុវត្ត​គោលការណ៍​របស់​គាត់ ដើម្បី​ភាព​រីក​ចម្រើន​ ឬ​ប្រើ​អំណាច​ណា​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ»

កន្លង​ទៅ​ថ្មីៗ​នេះ​ អាជ្ញាធរ​​មាន​គម្រោង​រៀបចំ​ដោះដូរ​ដី​ឲ្យ​ពលរដ្ឋ​ជាង ៧០​គ្រួសារ​នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ទៅ​ទទួល​យក​ដី​ថ្មី​នៅ​ក្នុង​ឃុំ​សឹង ស្រុក​អូរជ្រៅ នោះ ប៉ុន្តែ​គម្រោង​នេះ​បាន​​ជួប​ការ​ប្រឆាំង​ជំទាស់​ពី​សំណាក់​ប្រជាពលរដ្ឋ​​ចំនួន​ជាង ៣០០​គ្រួសារ​នៅ​ភូមិ​ចំនួន​ពីរ​នៅ​ក្នុង​ឃុំ​សឹង ដែល​អះអាង​ខ្លួន​ជា​ម្ចាស់​ដី ក្រោយ​មក​គេ​សង្កេត​ឃើញ​ថា​ អ្នក​ភូមិ​ទាំង​នោះ​បាន​ចាប់​ផ្ដើម​សកម្មភាព​សាងសង់​លំនៅឋាន​ជា​បន្តបន្ទាប់​នៅ​លើ​ដី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល