ពលរដ្ឋ​​​នៅ​បន្ទាយមានជ័យ​នាំ​គ្នា​ចូល​កាន់​កាប់​ដី​មាន​ទំនាស់

ដោយ សួន សុផលមុន្នី
2014-03-16
Share

អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​កំពុង​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​នៅ​ដី​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ថ្លែង​ថា បញ្ហា​នេះ​កំពុង​បង្ក​ឲ្យ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើងៗ​​រវាង​ភាគី​ពាក់ព័ន្ធ​ ដោយ​សារ​ក្រុម​អ្នកភូមិ​ទាំង​នោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​ទំនាស់​ដីធ្លី​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​យូរ​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ។

ករណី​ទំនាស់​ដីធ្លី​ជា​ច្រើន​កន្លែង​នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ កំពុង​​ក្លាយ​ជា​ បញ្ហា​ចំពោះ​មុខ​មួយ​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ទាមទារ​អោយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​មាន​ជ័យ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​។

​រយៈ​ពេល​ចុង​ក្រោយ​នេះ​ មាន​ក្រុម​អ្នកភូមិ​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​ចូល​ទៅ​កាន់កាប់​នៅ​លើ​ដី​មាន​ទំនាស់​ចំនួន ៤​​កន្លែង​ផ្សេង​គ្នា​ ក្រោយ​ពី​ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​បាន​រង់ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ុំ ចន្ទគា ថ្លែង​ថា ទី​តាំង​ដី​មាន​ទំនាស់​នោះ មាន​នៅ​ភូមិ​អូរអំពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ដែល​មាន​ក្រុម​យោធិន​កាត់​រំសាយ​ចំនួន ៧១​គ្រួសារ និង​ក្រុម​ អ្នក​ភូមិ​ចំនួន ១២០​គ្រួសារ​ លើ​ផ្ទៃ​ដី​ទំហំ ១.២០០​ហិកតារ។ ដី​នៅ​ភូមិ​អាងសិលាខ្មែរ ឃុំ​អូរបីជាន់ ដែល​មាន​ប្រជាពលរដ្ឋ ៦៨​គ្រួសារ​ និង​ករណី​ដី​នៅ​ភូមិ​រុនឃុំសឹង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​អ្នក​ភូមិ​ជាង ៣០០​គ្រួសារ។

លោក ស៊ុំ ចន្ទគា៖ «៤​កន្លែង​ដែល​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​កាន់​កាប់​ដោយសារ​តែ​បណ្ដឹង​អស់​រយៈពេល​ខ្លះ​ជិត ១០​ឆ្នាំ​ហើយ ៩​ឆ្នាំ ៨​ឆ្នាំ និង ៥​ឆ្នាំ មិន​មាន​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​សោះ»

ក្នុង​ចំណោម​​ដី​ទាំង​នោះ​ ទី​តាំង​ដី​ខ្លះ​កើត​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ឯកជន​ខ្លះ​កើត​មាន​ទំនាស់​ជាមួយ​ក្រុម​អាជ្ញាធរ ​និង​ខ្លះ​ទៀត​កើត​មាន​ទំនាស់​បណ្ដាល​មក​ពី​ការ​ទិញ​លក់​របស់​មេ​បញ្ជាការ​យោធា ហើយ​អ្នក​រង​គ្រោះ​គឺ​អ្នក​ទិញ និង​ក្រុម​អ្នក​ភូមិ​ដែល​អះអាង​ថា ខ្លួន​ជា​ម្ចាស់​ដី។ បញ្ហា​នេះ​កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ និង​បង្កើត​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​កាន់​តែ​ខ្លាំង​ឡើង។

តំណាង​អ្នក​ភូមិ ១៤​គ្រួសារ ​គឺ​លោកស្រី សួន សុផល រស់​នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ កំពុង​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ភូមិ​អូរអំពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ លោកស្រី​ថា ដី​ទំហំ ៦៩​ហិកតារ​នោះ​ អ្នក​ភូមិ​ទាំង ១៤​គ្រួសារ​បាន​ទិញ​បន្ត​ពី​គេ​ ប៉ុន្តែ​បច្ចុប្បន្ន​ដី​ដែល​គាត់​បាន​ទិញ​នោះ​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​នាំ​គ្នា​ចូល​ កាន់​កាប់​ពុះ​ជា​ដី​ឡូត៍​ចែក​គ្នា។

លោកស្រី សួន សុផល៖ «ដី​ខ្ញុំ​ស្រឡះ​អស់​ហើយ ពី​ដើម​មក​សុទ្ធ​តែ​ព្រៃ ហើយ​ខ្ញុំ​កាយ​ក្រវាត់​ព្រំ​អី​ត្រឹមត្រូវ​របស់​ខ្ញុំ គេ​មក​ដល់ គេ​នាំ​គ្នា​គេ​មក​យក​ដី​ហ្នឹង​ គេ​នាំ​គ្នា​គេ​ប្រហែល​ជា ៧០​គ្រួសារ​មក​បោះ​ ជំរំ ហើយ​គេ​វាស់​ជា​ដី​ល្វែង​ចែក​គ្នា។ ខ្ញុំ​និយាយ​ថា កុំ​ធ្វើ​អ៊ីចឹង​ទៅ​តាម​ច្បាប់ ខេត្ត​ស្រុក​ភូមិ​ឃុំ ដើម្បី​យក​ដំណោះ​ស្រាយ​គ្នា​តាម​សន្តិវិធី​ទៅ គេ​មិន​ព្រម​ទេ គេ​ដឹង​ថា មក​ធ្វើ​នៅ​លើ​ដី​ឡូត៍​នេះ​វាស់​ចែក​គ្នា ២០​ម៉ែត្រ»

ចំណែក​ឯ​ក្រុម​អ្នក​ភូមិ​នៅ​ភូមិ​សិលាខ្មែរ ឃុំ​អូរជាន់ ស្រុក​អូរជ្រៅ ក៏​កំពុង​នាំ​គ្នា​ចូល​ទៅ​កាន់កាប់​នៅ​លើ​ដី​មាន​ទំនាស់​ដូច​គ្នា​ទៅ​នឹង​អ្នក​ភូមិ​ឃុំ​ទួលពង្រ នៅ​ស្រុក​ម៉ាឡៃ។ ថ្មីៗ​នេះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​រុន ឃុំ​សឹង ស្រុក​អូរជ្រៅ បាន​នាំ​គ្នា​សាងសង់​ផ្ទះ​តូចៗ​ជា​ច្រើន​ខ្នង​នៅ​លើ​ដី​ នៅ​ក្នុង​ភូមិ​រុន ដើម្បី​បញ្ជាក់​បង្ហាញ​ថា ​ដី​នោះ​ពួកគាត់​បាន​កាន់​កាប់​ច្រើន​ឆ្នាំ​មក​ហើយ។

អ្នក​ភូមិ​ឈ្មោះ ​ម្លិះ ប៊ុនថន ថ្លែង​ថា លំនៅឋាន​ខ្លះ​បាន​សាងសង់​រួច និង​ខ្លះ​កំពុង​សាង​សង់​បន្ត​ ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​រុះរើ​បំផ្លាញ​ដោយ​ចោទ​ថា ក្រុម​អ្នកភូមិ​រំលោភ​កាន់​កាន់​លើ​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ៖ «ផ្ទះ​យើង​សាងសង់​ទៅ​តាម​អនុសាសន៍​របស់​ឯក​ឧត្ដម យឹម ឆៃលី ដែល​ថា ឲ្យ​មួយ​ហិកតារ​ក្នុង​មួយ​គ្រួសារ ឥឡូវ​គាត់​ធ្វើ​នៅ​លើ​ដី​ហ្នឹង ផ្ទះ​យើង​កំពុង​សាង​សង់​បណ្ដើរៗ យូរ​ក៏​មាន​សាងសង់​ដែល​គ្រួសារ​រៀបចំ​ថ្មី​ក៏​មាន ឥឡូវ​គេ​អត់​មាន​និយាយ​ចាស់​និយាយ​ថ្មី​ទេ​ គេ​ឈូស​ចោល​ទាំង​អស់។ សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​អាណិត​អាសូរ​ដល់​ជន​ក្រីក្រ​ផង បើ​សិន​ជា​ប្រជាពលរដ្ឋ​មាន​ឡាន​ដូច​អស់​លោក​ជិះ​មិន​មក​ធ្វើ​ផ្ទះ​នៅ​កណ្ដាល​ដុប​នោះ​ទេ»

ការ​ចុះ​អនុវត្ត​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ កើត​មាន​ឡើង​ក្រោយ​ពី​ក្រុម​អ្នក​ភូមិ​នៅ​ភូមិ​រុន​ បាន​នាំ​គ្នា​ចូល​ទៅ​សាងសង់​លំនៅឋាន​នៅ​ដី​នៅ​តំបន់​នោះ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត បញ្ជាក់​ថា ក្រុម​អ្នកភូមិ​ទាំង​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​កាន់កាប់​ដី​នៅ​ភូមិ​រុន ​ឃុំ​សឹង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ក្រោយ​បទ​បញ្ជា ០១ របស់​រដ្ឋាភិបាល​ ដូច្នេះ​អាជ្ញាធរ​មិន​ទទួល​ស្គាល់​អ្នក​ភូមិ​ទាំង​នោះ​ជា​អ្នក​កាន់​កាប់​ដី​ស្រប​ច្បាប់​នោះ​ឡើយ៖ «ដោយសារ​កិច្ច​ការ​ហ្នឹង​ខាង​រដ្ឋបាល​ព្រៃ​ឈើ​គេ​ស្នើ​ចុះ​បង្ក្រាប​បើ​មិន​បង្ក្រាប​ទេ​ វា​ចេះ​តែ​រាល​ទៅ​ដី​គម្រប​ព្រៃ​ឈើ​ហ្នឹង​អស់​ហើយ។ គេ​សុំ​បង្ក្រាប​យើង​ត្រូវ​ឲ្យ​បង្ក្រាប ហើយ​បើ​សិន​គាត់​ខ្វះ​ដី​គេ​អាច​សុំ​ជា​ដី​សង្គមកិច្ច​មក​ខេត្ត​មក ខេត្ត​សុំ​ទៅ​រដ្ឋាភិបាល ដើម្បី​ធ្វើ​អនុបយោគ​កាត់​ដី​គាត់»

ទាក់ទិន​ករណី​ដី​ធ្លី​ដែល​កំពុង​កើត​ទំនាស់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះ​ លោក​អភិបាល​ខេត្ត​ធ្លាប់​បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មាន​យន្តការ​គ្រប់គ្រាន់​ និង​បាន​បង្កើត​គណៈកម្មការ​ ជា​បន្តបន្ទាប់​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ុំ ចន្ទគា ថ្លែង​ថា សមាគម​មាន​ការ​ព្រួយបារម្ភ​លើ​ករណី​ទំនាស់​ដីធ្លី​ជា​ច្រើន​កន្លែង​នេះ​ កំពុង​រីក​ធំ​ឡើង ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​វិធាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់៖ «ទាក់ទិន​បញ្ហា​ហ្នឹង​យើង​មាន​អនុសាសន៍​មួយ​ចំនួន​ យើង​នឹង​ធ្វើ​ការ​ចុះ​ទៅ​ពិនិត្យ​លើ​ហ្នឹង ហើយ​ដាក់​អនុសាសន៍​ជូន​ឯក​ឧត្ដម​អភិបាល​ខេត្ត​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​ចុះ​ទៅ​ពិនិត្យ​មើល​រឿង​ហ្នឹង ដើម្បី​រក​អនុសាសន៍​ជា​ច្រើន ដើម្បី​ដាក់​ជូន​អភិបាល​ខេត្ត​ពិនិត្យ​និង​ពិចារណា​ជួយ​ដល់​ប្រជាពលរដ្ឋ​របស់​លោក​ប៉ុណ្ណា​លើ​ដី​ហ្នឹង»

ទោះ​ជា​យ៉ាង​នេះ​ គេ​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ចុះ​ក្រោយ​នេះ​ ករណី​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កើត​មាន​ឡើង​ជា​បន្តបន្ទាប់​ រហូត​ករណី​ទំនាស់​ដីធ្លី​នៅ​កន្លែង​ខ្លះ​បាន​កើត​មាន​អំពើ​ហិង្សា​ថែម​ទៀត។ ករណី​ទាំង​នោះ ​កំពុង​កើត​មាន​ភាព​ស្មុគស្មាញ​ពិបាក​ដោះស្រាយ និង​បង្ក​ផល​ប៉ះពាល់​ដល់​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ដល់​ក្រុម​អ្នកភូមិ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល