ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​៥១​គ្រួសារ​នៅ​បន្ទាយមានជ័យ​ស្វែងរក​អន្តរាគមន៍​ជួយ​ដោះ​លែង​តំណាង

ដោយ ហ៊ុំ ចំរើន
2015-07-06
Share
ផែនទី​ខេត្ត​បន្ទាយមានជ័យ ៦២០ ផែនទី​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឆាយ​ឆាយ ប្រមាណ ៥​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៥១​គ្រួសារ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​ជួយ​ទាក់ទង​ទៅ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ អន្តរាគមន៍​ដោះ​លែង​តំណាង​របស់​ខ្លួន​ម្នាក់​ដែល​សមត្ថកិច្ច​ប៉ូលិស​ខេត្ត ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា កន្លង​ទៅ។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ដោះ​លែង​តំណាង​របស់​ខ្លួន​ឲ្យ​បាន​ឆាប់ ពីព្រោះ​រូប​គាត់​ពុំ​មាន​កំហុស​អ្វី​នោះ​ទេ។ ការ​អំពាវនាវ​នេះ កើត​មាន​បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា​សុំ​ឲ្យ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ដោះ​លែង​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ម្នាក់​ឈ្មោះ សៀន វី អាយុ ៥១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​ទៅ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក សំ ជឿន រស់នៅ​ភូមិ​សិលាខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នេះ ធ្វើ​ឡើង​ទាំង​បង្ខំ ដោយ​ពុំ​មាន​ដីកា​នាំ​ខ្លួន​ពី​តុលាការ​ខេត្ត​នោះ​ទេ។ លោក​អះអាង​ថា លោក សៀន វី ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ ពុំ​មាន​កំហុស​អ្វី​ឡើយ គឺ​គ្រាន់​តែ​លោក​ទៅ​សង់​ខ្ទម​ស្នាក់នៅ​ក្នុង​តំបន់​ដី​ដែល​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ចំនួន ៥១​គ្រួសារ និង​ក្រុមហ៊ុន ឆាយ​ឆាយ ជា​ក្រុមហ៊ុន​របស់​ខ្មែរ ដែល​មាន​ទំហំ​ប្រមាណ​ជាង ១០០​ហិកតារ នៅ​ចំណុច​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លោក​អះអាង​ទៀត​ថា ដី​នេះ​មួយ​ចំនួន ក្រុមហ៊ុន ឆាយ​ឆាយ បាន​លក់​ទៅ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​មាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាដើម៖ «ដី​ពួក​ខ្ញុំ​ពិត​ប្រាកដ តែ​ត្រូវ​គេ​លក់​ទៅ​ឲ្យ​អ្នក​មាន​អំណាច​អស់​ទៅ។ កន្លង​មក ខាង​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ព្រម​ទាំង​រដ្ឋសភា​ជាតិ បាន​ចេញ​លិខិត​មក​ឲ្យ​ថ្នាក់​ខេត្ត​ដោះស្រាយ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឆាយ​ឆាយ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ កក្កដា។

ប៉ុន្តែ​មេ​ឃុំ​អូរបីជាន់ លោក សួង មឿន មាន​ប្រសាសន៍​ថា ដី​ដែល​មាន​ទំនាស់​នោះ ដើម​ឡើយ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៥១​គ្រួសារ​ធ្លាប់​កាន់​កាប់​កន្លង​មក ប៉ុន្តែ​ក្រោយ​មក ដី​នៅ​តំបន់​នោះ​ត្រូវ​បាន​បែង​ចែក​ជា​ភូមិសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉ោយប៉ែត វិញ ក៏​កើត​មាន​ទំនាស់​ជា​បន្តបន្ទាប់​រហូត​មក និង​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នោះ ដោយសារ​រូប​គាត់​ទៅ​សង់​ខ្ទម​ស្នាក់នៅ​លើ​ដី​កម្មសិទ្ធិ​ឯកជន​របស់​គេ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា ជា​ដី​របស់​ភាគី​ណា​មួយ​ច្បាស់លាស់​នោះ​ទេ៖ «នេះ​ជា​ការងារ​របស់​សមត្ថកិច្ច​ដែល​នៅ​ក្នុង​ច្បាប់​គេ​ពន្យារ​ឲ្យ ៤៨​ម៉ោង ក្នុង​ការ​សួរនាំ​លើ​ជន​ណា​ម្នាក់ ហើយ​ការ​សាកសួរ​ពុំ​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដី​ដែល​មាន​ទំនាស់​នោះ ប្រជាពលរដ្ឋ​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក ហើយ​ពុំ​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ៖ «សមត្ថកិច្ច​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទៅ​សួរ​នាំ​នៅ​ស្នងការ​នគរបាល បែប​នោះ​ទេ ជា​ការ​សាកសួរ​មួយ​ចម្លែក ពីព្រោះ​ការ​សួរ​នាំ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជា​ខ្លាំង»

លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នោះ​ហើយ លោក​នឹង​តាម​ដាន​លើ​ការងារ​នេះ​បន្ត​ទៀត។ បច្ចុប្បន្ន តំណាង​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល