ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ចោទ​ក្រុមហ៊ុន ទ្រី ភាព ថា​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​ជា​ថ្មី

ដោយ ជិន ជេដ្ឋា
2015-09-22
Share
ទំនាស់​ដី ពោធិ៍សាត់ ៦១០ ពលរដ្ឋ​រស់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​កាន់​បដា​នៅ​ខាង​មុខ​សាលា​ខេត្ត ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Chin Chetha

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

មន្ត្រី​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ថា​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ដើម្បី​ដណ្ដើម​យក​ដី​ទៅ​អភិវឌ្ឍ។ ការ​ចោទ​នេះ គឺ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​កម្មករ​របស់​ក្រុមហ៊ុន​ប្រមាណ ៣០​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី ចុះ​ការពារ​សកម្មភាព​ដាំ​កូន​ស្វាយ​លើ​ដី​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល។

នៅ​គ្រា​ដែល​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ប្រកែក​ថា​ពុំ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ ប៉ុន្តែ​ពលរដ្ឋ​មួយ​គ្រួសារ​អះអាង​ថា ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​បំផ្លាញ​ដំណាំ និង​ឈូស​សម្គាល់​ព្រំ​ដី​ក្រុមហ៊ុន ធ្វើ​ឲ្យ​ប៉ះពាល់​ដី​របស់​គាត់​នៅ​ចំណុច​ភូមិ​ឯកភាព ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង។

អតីត​ពល​ទាហាន និង​ជា​អ្នក​ភូមិ​ឯកភាព គឺ​លោក ជា សាយ័ន ប្រាប់​ថា រូប​លោក​តក់ស្លុត​ពេល​ឃើញ​សកម្មភាព​រំលោភ​យក​ដី​របស់​គាត់​ពី​សំណាក់​ក្រុមហ៊ុន ដោយ​ប្រើ​ដៃ​មន្ត្រី​ជំនាញ​បរិស្ថាន និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា។ លោក​ថា បច្ចុប្បន្ន​រូប​លោក​ខ្លាច​តំណាង​ក្រុមហ៊ុន អឹម.ឌី.អេស ជាង​គ្រាប់​មីន ឬ​គ្រាប់​កាំភ្លើង ដែល​លោក​ធ្លាប់​ឆ្លង​កាត់​កន្លង​មក​នោះ​ទៅ​ទៀត ព្រោះ​អាជ្ញាធរ​ងាក​វាយ​ខ្នោះ ឬ​ចាប់​ដាក់​គុក។

លោក ជា សាយ័ន បញ្ជាក់​ថា គ្រួសារ​លោក​ដែល​មាន​កូន ៥​នាក់ និង​ជីដូន​ចាស់​ម្នាក់​ក្នុង​បន្ទុក ធ្លាប់​កាន់​កាប់​ដី​ចម្ការ​ទំហំ ១៧​ហិកតារ ដើម្បី​ដាំ​ដំឡូង ចេក និង​ល្ហុង តាំង​ពី​ឆ្នាំ​២០០០។ ត្បិត​លោក​ពុំ​មាន​លិខិត​កាន់​កាប់​ដី​ទាំង​នេះ ប៉ុន្តែ​មាន​អ្នក​ភូមិ​ដឹង​ឮ ហើយ​លោក​ក៏​មាន​ចំណារ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ពី​រដ្ឋសភា តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ និង​រង់ចាំ​ការ​ដោះស្រាយ តែ​ក្រុមហ៊ុន​មិន​ខ្វល់៖ «គេ​គំរាម​ថា បើ​ហ៊ាន​ដក​កូន​ស្វាយ គេ​នឹង​ចាប់​បញ្ជូន​ទៅ​តុលាការ ហើយ​ប្រពន្ធ​ខ្ញុំ​ដែល​មាន​រោគ​ថា គាត់​ថា​បើ​បញ្ជូន​ទៅ​សូម​ឲ្យ​បញ្ជូន​ទៅ​ទាំង​គ្រួសារ​ទៅ​ចុះ បើ​ខ្ញុំ​មាន​ដី​បន្តិចបន្តួច​សម្រាប់​អាស្រ័យ​ផល មក​ឈូស​ពី​លើ​ដី​ខ្ញុំ ហើយ​ដាំ​របស់​ខ្លួន​ឯង​អ៊ីចឹង ឲ្យ​ខ្ញុំ​ទៅ​រស់​ណា»

លោក​អះអាង​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​យក​ដី​គាត់​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ដោយ​ផ្ដល់​ឲ្យ​គាត់​នូវ​ដី​លំនៅឋាន និង​ដី​ចម្ការ​តែ ១​ហិកតារ​កន្លះ តាម​រយៈ​ការ​ចុះ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​របស់​ក្រុម​និស្សិត កាល​ពី​ឆ្នាំ​២០១២។ ដោយ​ក្រុមហ៊ុន​មាន​អំណាច គេ​មិន​បង្អង់​ក្នុង​ការ​ឈូស​ឆាយ ឬ​រំលោភ​យក​ដី​របស់​ពលរដ្ឋ​ឡើយ ហើយ​ក៏​មិន​ធ្វើ​តាម​ចំណារ​របស់​ប្រធាន​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ទៀត​ផង។

ក្រុមហ៊ុន អឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព ចាប់​ផ្ដើម​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ភូមិ​សង្គមថ្មី ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា តាំង​ពី​ឆ្នាំ​២០១០ គឺ​ក្រោយ​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២​ពាន់​ហិកតារ (២.២៦៥​ហិកតារ) នៅ​តំបន់​ថ្មដា ដើម្បី​សង់​កាស៊ីណូ និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម ប៉ុន្តែ​ផ្ទៃ​ដី​នេះ ត្រូវ​តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា បាន​កាត់​ឲ្យ​ទៅ​ពលរដ្ឋ​ខ្លះ​ហើយ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អឹម.ឌី.អេស ប្រចាំ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ ថ្លែង​ថា ក្រុមហ៊ុន​បាន​អនុវត្ត​តាម​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ពលរដ្ឋ​ចន្លោះ​ពី ៣០០​ហិកតារ​ទៅ ៤០០​ហិកតារ​រួច​ហើយ។ ចំពោះ​អ្នក​ដែល​នៅ​សល់​ពី​ការ​ដោះស្រាយ​មួយ​ចំនួន​តូច​នោះ គឺ​គ្មាន​ឯកសារ​កាន់​កាប់​ដីធ្លី ហើយ​ដើរ​ចង្អុល​ថា​ជា​ដី​របស់​ខ្លួន​ស្ទើរ​គ្រប់​ទីកន្លែង៖ «និយាយ​ទៅ​ខាង​ខ្ញុំ​ឈរ​លើ​គោលការណ៍​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បើ​សិន​គាត់​មាន​ដោះស្រាយ​ដូច​ថា​មាន​ការ​យោគយល់ ពួក​ខ្ញុំ​ដែល​ជា​តំណាង​ក្រុមហ៊ុន ក៏​មិន​ដែល​ទៅ​តឹងរ៉ឹង​ជាមួយ​បង​ប្អូន​អស់​ហ្នឹង​ដែរ គ្រាន់​តែ​ថា​ប្រទេស​មាន​ច្បាប់។ បើ​សិន​ជា​ខេត្ត​សូម​ឲ្យ​ជួយ​ឈូស​ទីតាំង​សម្រាប់​ដោះ​ដូរ ជួយ​ជញ្ជូន​ផ្ទះ ឬ​ស្អីៗ​ដែល​ត្រូវ​ធ្វើ​ឲ្យ​គាត់​អ៊ីចឹង ខ្ញុំ​អាច​សម្រប​សម្រួល​បាន តែ​ឲ្យ​ខ្ញុំ​ទៅ​អារ​កាត់​ថា​ត្រូវ​តែ​ឲ្យ​គាត់ ឬ​មិន​ឲ្យ​គាត់ អា​ហ្នឹង​ពួក​ខ្ញុំ​អត់​មាន​សិទ្ធិ​ទេ»

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រំលោភ​ឈូស​ឆាយ​យក។
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រំលោភ​ឈូស​ឆាយ​យក។
RFA/Chin Chetha

លោក​បង្ហើប​ថា ក្រុម​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ខេត្ត កំពុង​រក​វិធី​ធ្វើ​ដំណើរ​ចុះ​ទៅ​តំបន់​ថ្មដា ជា​ថ្មី​ទៀត ដោយ​ចេញ​ដំណើរ​តាម​ផ្លូវ​ខេត្ត​កោះកុង ព្រោះ​ស្ថានភាព​ផ្លូវ​ចេញ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅ​តំបន់​នោះ​មាន​ការ​លំបាក​នៅ​រដូវ​វស្សា។ អាជ្ញាធរ​មាន​បំណង​ចុះ​ស្រង់​ស្ថិតិ​អ្នក​ដែល​ពុំ​មាន​ដី​ពិត​ប្រាកដ ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួក​គាត់​នៅ​តំបន់​ភ្លុក​ដំរី នៃ​ឃុំ​ថ្មដា។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ បញ្ជាក់​ថា ដំណើរ​ការ​ដោះស្រាយ​ទំនាស់​របស់​ពលរដ្ឋ​ទាំង ២១​គ្រួសារ កំពុង​ឋិត​ក្នុង​ដំណាក់​កាល​បំពេញ​សលាកបត្រ​ព័ត៌មាន​បន្ថែម​ចំនួន ៥​គ្រួសារ​ចុង​ក្រោយ មុន​នឹង​ពិភាក្សា​ដោះស្រាយ​បន្ត​ទៀត។ លោក​ថា គណៈកម្មការ​បាន​ទទួល​បណ្ដឹង​ពី​ពលរដ្ឋ ៦​គ្រួសារ​ផ្សេង​ទៀត តែ​គេ​មិន​អាច​ដោះស្រាយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ៖ «មក​ដល់​បច្ចុប្បន្ន​នេះ យើង​បាន​ទទួល​ពាក្យ​មួយ​ទៀត គឺ​សរុប​ចំនួន ៦​គ្រួសារ ប៉ុន្តែ​យើង​ធ្វើ​ម្ដង​មួយ​គន្លាក់ៗ យើង​អត់​អាច​ធ្វើ​ការ​សរុប​ទាំងអស់​តាម​ចិត្ត​គាត់​បាន​ទេ។ អ្ហា! សព្វថ្ងៃ​សាលា​ខេត្ត​កំពុង​ដោះស្រាយ​តើ! មិន​មែន​ដោះស្រាយ​តែ​មួយ​រឿង​ហ្នឹង​ណា ប៉ុន្តែ​យើង​ធ្វើ​តាម​យន្តការ​ច្បាប់ មិន​មែន​យន្តការ​ដើរ​តាម​ដង​ផ្លូវ​ទេ»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​រង់ចាំ​មើល​ការ​ដោះស្រាយ ហើយ​ភាគី​ក្រុមហ៊ុន​ឆ្លៀត​ឱកាស​បំពារបំពាន​លើ​ពលរដ្ឋ​រហូត។ លោក​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​គួរ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ទេ ដោយ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ និង​ទទួល​បាន​យុត្តិធម៌​ពី​គ្រប់​ភាគី​ទាំងអស់៖ «ការ​អនុវត្ត​ដោយសារ​យើង​មើល​ទៅ​មាន​ឥទ្ធិពល​ខ្លាំង អ៊ីចឹង​គាត់​មិន​ចាំបាច់​ស្ដាប់ ឬ​ចាំបាច់​ដោះស្រាយ​ទេ ហើយ​គាត់​នឹង​ឃើញ​ធ្វើ​ទៅ។ រហូត​ទៅ​ដល់​គាត់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ បាន​បង្កបង្កើន​ហើយ អ៊ីចឹង​យើង​គិត​ថា សមត្ថកិច្ច​មិន​គួរ​ព្រងើយ​កន្តើយ​ទេ»

ជម្លោះ​ដីធ្លី​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត ៦​ឆ្នាំ តំណាង​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ​បរិស្ថាន បាន​ប្ដឹង​ក្រុម​គ្រួសារ​ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​នៅ​តំបន់​ថ្មដា ជាប់​ព្រំប្រទល់​ខ្មែរ-ថៃ ទៅ​តុលាការ ដោយ​ចោទ​ពួក​គាត់​ថា បាន​រុក​រាន​ដី​ព្រៃ​របស់​រដ្ឋ។ បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ កំពុង​ជួស​មុខ​ឲ្យ​ភាគី​ក្រុមហ៊ុន​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​ជាមួយ​ពលរដ្ឋ​ចំនួន ២១​គ្រួសារ មក​ពី​ភូមិ​សង្គមថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល