អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​គ្រោង​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​MDS

ដោយ ជិន ជេដ្ឋា
2014-11-13
Share
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ៦១០ ប្រជាពលរដ្ឋ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស (MDS) ជួប​ប្រឹក្សា​ផ្លូវ​ច្បាប់​ជា​មួយ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Chin Chetha

អាជ្ញាធរ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ គ្រោង​ជួប​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន អឹម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា។

តំណាង​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បញ្ហា​នេះ ហាក់​មាន​ជំនឿ​តិចតួច​នៅ​ឡើយ ចំពោះ​វិធានការ​ដោះស្រាយ​របស់​អាជ្ញាធរ​លើ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នក​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ខូយ រីដា បាន​ប្រកាស​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ថា រូប​លោក និង​អភិបាល​ខេត្ត នឹង​ខំ​ខ្នះខ្នែង​ដោះស្រាយ ឬ​ចុះ​ស្រាវជ្រាវ​លើ​ដី​មាន​ទំនាស់​ផ្ទាល់ ហើយ​យក​អភិបាល​ស្រុក​ដែល​ពាក់ព័ន្ធ​ជា​សេនាធិការ ឬ​ឲ្យ​ចុះ​ដោះស្រាយ​ជម្លោះ​ជា​បឋម​សិន។ បន្ទាប់​ពី​ការ​ប្រកាស​នេះ អភិបាល​ស្រុក​វាលវែង ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី បាន​កោះ​ហៅ​ពលរដ្ឋ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន មក​ដោះស្រាយ​ជា​បន្តបន្ទាប់។

លោក ហេង ភាណា ជា​អភិបាល​ស្រុក​វាលវែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា អាជ្ញាធរ​ស្រុក​នឹង​ជួប​ពលរដ្ឋ​ទាំង ៣២​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អែស នា​សាលា​ស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក៏ប៉ុន្តែ​លោក​មិន​បង្ហើប​ថា នេះ​គឺ​ជា​ជំនួប​ដោះស្រាយ​តែ​ម្ដង ឬ​គ្រាន់​តែ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ចប់៖ «អាជ្ញាធរ​ស្រុក​ខ្ញុំ​នេះ​ជួយ​តែ​ជួប​តែ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​តើ អូ! អត់​ទាន់​នេះ​ទេ (អត់​ទាន់​អាច​និយាយ​អី​បាន) ចាំ​មើល​ខ្ញុំ​ជួប​ជជែក​ជាមួយ​គាត់​សិន ព្រោះ​អា​នេះ​ទើប​ជំងឺ​គ្រុន​នៅ​ឡើយ​ទេ អត់​ទាន់​ដឹង​ថា​គ្រុន​ឈាម ឬ​គ្រុន​ចាញ់​ទេ»

ចាប់​តាំង​ពី​ឆ្នាំ​២០១០ គឺ​ជា​ពេល​ដែល​ក្រុមហ៊ុន អឹម.ឌី.អែស របស់​លោក​ឧកញ៉ា ទ្រី ភាព ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្រុក​វាលវែង មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​អន្លង់រាប និង​ឃុំ​ថ្មដា នៃ​ស្រុក​វាលវែង ត្រូវ​រងគ្រោះ​ក្នុង​រឿង​ដីធ្លី និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត ត្រូវ​ប្ដឹង​ចូល​តុលាការ​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។ បច្ចុប្បន្ន នៅ​មាន​ពលរដ្ឋ​ជាច្រើន​ទៀត​មិន​ទាន់​ដោះស្រាយ​បញ្ចប់។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​អ្នកស្រី យ៉ុង រ៉ាន់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​សង្គមថ្មី ទាំង ២៣​គ្រួសារ បាន​ទទួល​លិខិត​អញ្ជើញ​ពី​អភិបាល​ស្រុក​វាលវែង ឲ្យ​ចូលរួម​ដោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។ អ្នកស្រី​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នឹង​មាន​ពលរដ្ឋ​លើស​ពី​ចំនួន ២៣​គ្រួសារ​ទៅ​ចូលរួម​ដោះស្រាយ​ដែរ ព្រោះ​ពួក​គាត់​អះអាង​ថា មាន​ដី​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន តែ​ពុំ​មាន​ឯកសារ ឬ​ពាក្យ​បណ្ដឹង៖ «ប្រាំ​ឆ្នាំៗ​នេះ​ហើយ គ្រាន់​តែ​រង់ចាំ​ការ​ដោះស្រាយ ពេល​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​លើ​ដី​របស់​ខ្លួន​អត់​បាន​ទេ​បង! ចាប់​ចង មាន​ប្រព័ន្ធ​តុលាការ មាន​ដំណាំ​កាប់​ដំណាំ បំផ្លាញ​ដំណាំ​ចោល​យ៉ាង​ឃោរឃៅ​អ៊ីចឹង​បង ធ្វើ​ផ្ទះ​រើ​ផ្ទះ ដុត​ផ្ទះ។ និយាយ​រួម ដំណោះស្រាយ​អត់​មាន​សោះ ឲ្យ​ប្រជាពលរដ្ឋ ហើយ​ស្អែក​ហ្នឹង​មិន​ដឹង​ដំណោះស្រាយ​របៀប​ម៉េច​ទេ ត្រូវ​ទៅ​ហ្នឹង​នែក»

មន្ត្រី​ផ្នែក​អង្កេត​គម្រោង​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (Adhoc) លោក យី សុខសាន្ដ ថ្លែង​ថា កន្លង​ទៅ​ខាង​លោក និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត បាន​ចុះ​ស៊ើប​អង្កេត បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ចំនួន ២៣​គ្រួសារ ប៉ុន្តែ​ការ​ចុះ​អង្កេត​ឃើញ​មាន​ដីធ្លី​របស់​អាជ្ញាធរ និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​នៅ​តំបន់​ថ្មដា កំពុង​មាន​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អែស។ ចំណែក​ពលរដ្ឋ​ទាំង ២៣​គ្រួសារ ពិត​ជា​មាន​ដី​ធ្លាប់​កាន់​កាប់ និង​អាស្រ័យ​ផល​នៅ​តំបន់​នោះ​មែន ហើយ​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ប៉ះពាល់​លើ​ដី​ពួក​គាត់​ទំហំ ១៩៥​ហិកតារ ក្នុង​នោះ​មាន​ដី​ប្រើប្រាស់​ជាក់ស្ដែង​ទំហំ​ជាង ៩០​ហិកតារ និង​ដី​មួយ​ផ្នែក​ទៀត ជា​ប្រភេទ​ដី​ធ្លាប់​កាន់​កាប់​ដែរ តែ​មាន​ដុះ​ព្រៃ​របោះ​ឡើង​វិញ ក្រោយ​ពី​មន្ត្រី​បរិស្ថាន និង​ក្រុមហ៊ុន​ហាម​ឃាត់​មិន​ឲ្យ​ដាំ​ដុះ៖ «អា​ការ​ដែល​សម្រង់​របស់​យើង គឺ​ថា​យើង​សម្រង់​ជាក់ស្ដែង​ទៅ ដី​ដែល​គាត់​ប្រើប្រាស់​អាស្រ័យ​ផល​ពិត​ប្រាកដ ហើយ​អា​ដី​ដែល​មិន​បាន​អាស្រ័យ​ផល គឺ​ថា​យើង​មាន​តួលេខ​ច្បាស់​លាស់ រង់ចាំ​តែ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​បាទ»

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន អឹម.ឌី.អែស ប្រចាំ​តំបន់​ថ្មដា លោក អ៊ុំ សាវិន ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ចំពោះ​គ្រួសារ​ដែល​នៅ​សេសសល់​ពី​ការ​ដោះស្រាយ​នា​ពេល​កន្លង​មក ភាគី​ក្រុមហ៊ុន​ស្វាគមន៍​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់ ប៉ុន្តែ​កន្លង​ទៅ ប្រជាពលរដ្ឋ​ដើរ​តែ​ស្រែក​ដាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ចោទ​ប្រកាន់​តែ​មក​លើ​ក្រុមហ៊ុន​ថា​រំលោភ​សិទ្ធិ និង​ដីធ្លី​របស់​ពួក​គាត់។ លោក​ថា មុន​ធ្វើ​ការ​អភិវឌ្ឍ ក្រុមហ៊ុន​បាន​ជួល​អ្នក​ជំនាញ​ឯកទេស​សិក្សា​ពី​ផល​ប៉ះពាល់​រក​ឃើញ​ថា គម្រោង​នឹង​ត្រូវ​ប៉ះពាល់​លើ​ពលរដ្ឋ​ចំនួន ៥៣​គ្រួសារ ប៉ុន្តែ​គ្រួសារ​ទាំង​នោះ​ទទួល​បាន​ការ​ដោះ​ដូរ ឬ​ឆ្វៀល​ដី​ចេញ​ពី​ក្រុមហ៊ុន​ទំហំ ១៨៩​ហិកតារ​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល