ជនជាតិ​ដើម​ភាគ​តិច​ព័រ​នៅ​បាត់ដំបង​ស្នើ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន

ជនជាតិ​ដើម​ភាគ​តិច​ព័រ ស្ថិត​នៅ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កំពុង​កើត​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា រតនៈ សម្បត្តិ។ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច អះអាង​ថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​យក​បង្គោល​ទៅ​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន រំលោភ​ចូល​លើ​ដី​សហគមន៍​មាន​ចម្ងាយ​ជាង​ពីរ​គីឡូម៉ែត្រ។
ដោយ សួន សុផលមុន្នី
2013-11-01
Share

ជនជាតិ​ដើម​ភាគ​តិច​ព័រ ចំនួន ១៥៣​គ្រួសារ ស្ថិត​នៅ​ភូមិ​ភ្នំរៃ ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង ស្នើសុំ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត ឲ្យ​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​ជាច្រើន​ហិកតារ ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​យក​បង្គោល​ទៅ​បោះ​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន បាន​រំលោភ​លើ​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ លោក ឈើត ឈន បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា សហគមន៍​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ដី​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច។ ភាគី​ក្រុមហ៊ុន​ថ្មី​នេះ បាន​យក​បង្គោល​ជាច្រើន​ដើម​ទៅ​បោះ​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន ប៉ុន្តែ​ការ​បោះ​បង្គោល​កំណត់​ព្រំ​ដី​នោះ បាន​រំលោភ​លើ​ដី​ព្រៃ​សហគមន៍៖ «បញ្ហា​ហ្នឹង​ក្រុមហ៊ុន​គាត់​បាន​ជម្រៅ​ដែល​ចូល​មក​ពីរ​គីឡូម៉ែត្រ ហើយ​ចម្ការ​សហគមន៍​នៅ​ខាង​ក្រោយ។ បង្គោល​របស់​ក្រុមហ៊ុន​មាន​ជ្រុង​បី ហើយ​និង​បង្គោល​តូចៗ​ដាក់​ចំណុច​ស្រែ​តា​រៀម។ បញ្ហា​នេះ ខ្ញុំ​សំណូម​ពរ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ដែល​ពាក់ព័ន្ធ ដោះស្រាយ​អោយ​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង កំណត់​ព្រំ​ប្រទល់ ហើយ​និង​កាត់​ដី​សហគមន៍​មក​វិញ ព្រោះ​អី​សហគមន៍​កំពុង​តែ​អាស្រ័យ​ផល​នៅ​ខាង​ក្រោយ ហើយ​បង្គោល​នៅ​ខាង​មុខ»

ក្រៅ​ពី​ការ​អំពាវនាវ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន រតនៈ សម្បត្តិ ដើម្បី​សុំ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ប្រធាន​ការិយាល័យ​ជនជាតិ​ភាគ​តិច​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​បាត់ដំបង លោក ស៊ុង ណាំង ថ្លែង​ថា កន្លង​ទៅ​នេះ ដំណើរ​ការ​រៀប​ចំ​បង្កើត​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ភូមិ​ភ្នំរៃ ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។ ក្នុង​នោះ ក្រុម​ការងារ​ពាក់ព័ន្ធ​ដែល​មាន​មន្ត្រី​មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍​ជនបទ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល បាន​ចុះ​ស្រង់​ស្ថិតិ​កំណត់​អត្តសញ្ញាណ និង​បាន​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​ជនជាតិ​ភាគ​តិច​ព័រ រួច​រាល់​ហើយ ពុំ​មាន​អ្វី​ជា​ឧបសគ្គ​ទេ។

លោក​បន្ត​ថា ក្រុម​ការងារ​គ្រោង​នឹង​បន្ត​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​របស់​សហគមន៍​ជនជាតិ​ភាគ​តិច​ព័រ បន្ថែម​ទៀត ប៉ុន្តែ​ការងារ​នេះ​រង់ចាំ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ ដោះស្រាយ​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​រួច​រាល់​ជា​មុន​សិន៖ «កិច្ចការ​ហ្នឹង​យើង​ឲ្យ​សហគមន៍​ទៅ​ជួប​ដោះស្រាយ ដោយ​សហគមន៍​ខ្លួន​ឯង​ផ្ទាល់​សិន។ ពេល​គាត់​ដោះ​មិន​ចេញ​ទេ គាត់​ពឹង​យើង​អោយ​ជួយ​អន្តរាគមន៍ យើង​នឹង​ជួយ​បន្ត​ទៀត រៀប​ចំ​សហគមន៍​ហ្នឹង​អត់​មាន​អី​ជា​បញ្ហា​ទេ ដំណើរ​ការ​ទៅ​មុខ​សន្សឹម​ជានិច្ច ប៉ុន្តែ​ដែល​ប្រឈម​ទៅ​ថ្ងៃ​អនាគត គឺ​រឿង​ព្រំ​ដី»

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង ដែល​បាន​ចុះ​ទៅ​ជួប​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ នោះ បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ពួក​គេ​អះអាង​ថា នឹង​អន្តរាគមន៍​រក​ដំណោះស្រាយ​ជុំវិញ​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន៖ «បើ​សិន​ចុះ​បញ្ជី​ជា​សហគមន៍ គាត់​នឹង​ឲ្យ​បាន​ដី​មក​ប្រជាពលរដ្ឋ​វិញ​ដែរ អ៊ីចឹង​ចំណុច​នេះ យើង​រង់ចាំ​ពេល​ចងក្រង​សហគមន៍​មាន​ច្បាប់។ ឥឡូវ​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង​ហើយ។ នីតិវិធី​បន្ត​ទៀត​យើង​នឹង​រៀប​ចំ​ការ​វាស់វែង​បន្ត​ទៀត បើ​មាន​ផល​ប៉ះពាល់​ណា​មួយ យើង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​គាត់​បាន​និយាយ​ហើយ អត់​មាន​ឲ្យ​ក្រុមហ៊ុន​ណា​ទៅ​ប៉ះពាល់​លើ​ដី​របស់​សហគមន៍​ទេ»

យ៉ាង​ណា​ក៏ដោយ លោក​សង្កត់​ធ្ងន់​ថា បញ្ហា​ដី​ធ្លី​ជនជាតិ​ដើម​ភាគ​តិច​ព័រ នេះ​នៅ​មាន​ជម្លោះ​នៅ​ឡើយ ហើយ​អង្គការ​សង្គម​ស៊ីវិល នឹង​ខិតខំ​សម្រប​សម្រួល ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ព័រ ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ជា​សមូហភាព​ស្រប​ច្បាប់។ ទន្ទឹម​គ្នា​នេះ លោក​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ចាត់​វិធាន​ការ​ជួយ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ និង​ក្រុមហ៊ុន​ឯកជន រតនៈ សម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល