ជនជាតិ​ព្នង​នៅ​ក្រចេះ​អះអាង​ថា​ក្រុមហ៊ុន​វៀតណាម​​បន្ត​ឈូស​ឆាយ​តំបន់​ព្រៃ​ឈើ​សហគមន៍

ដោយ រដ្ឋា វិសាល
2014-10-24
Share

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ផ្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ នៅ​តែ​បន្ត​ឈូស​ឆាយ​តំបន់​ព្រៃ​ឈើ​សហគមន៍ បើ​ទោះ​បី​មន្ត្រី​អាជ្ញាធរ​ខេត្ត បាន​សន្យា​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​ការ​ឈូស​ឆាយ រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រួច​រាល់​ក៏ដោយ។

អ្នក​ភូមិ​ព្រមាន​ថា នឹង​លើក​គ្នា​ទៅ​រឹប​អូស​គ្រឿងចក្រ​ជា​ថ្មី​ទៀត ប្រសិន​ក្រុមហ៊ុន​នៅ​តែ​បំពាន​ការ​សន្យា។

ប្រជាពលរដ្ឋ​ភូមិ​ផ្អៀរ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន ដុងទី សៃហ្គង ប៊ិញភឿក (Donty Saigon Binh Phouc) ហើយ​បន្ត​ដោះស្រាយ​បញ្ចប់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​អាជ្ញាធរ​ខេត្ត គឺ​អភិបាល​រង លោក វ៉ា ថន បាន​សន្យា​ថា នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា ខណៈ​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ផ្អៀរ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា បាន​ដាក់​ញត្តិ​តវ៉ា​ជូន​អាជ្ញាធរ​ខេត្ត។

តំណាង​ប្រជាពលរដ្ឋ លោក ឃីម ឌឿន កត់​សម្គាល់​ថា រយៈពេល​ជាង ២០​ថ្ងៃ​កន្លង​ទៅ មន្ត្រី​ខេត្ត​មិន​ទាន់​បាន​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នោះ​ទេ។ ចំណែក​ក្រុមហ៊ុន នៅ​តែ​បន្ត​ឈូស​ឆាយ​ប៉ះពាល់​ព្រៃ​សហគមន៍​កាន់​តែ​ច្រើន​ឡើង។ លោក​បន្ត​ថា អ្នក​ភូមិ​នឹង​ប្រមូល​គ្នា​ទៅ​បញ្ឈប់​គ្រឿងចក្រ ប្រសិន​ក្រុមហ៊ុន​មិន​គោរព​កិច្ច​សន្យា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ៖ «ឈូស​ឆាយ​អស់ ៦៦០​ហិកតារ​ហើយ ឥឡូវ​វា​ឈូស​ខាង​ត្បូង រួច​ហើយ​ឥឡូវ​វា​ទៅ​ឈូស​ខាង​ជើង​ទៀត។ អ៊ីចឹង​ពួក​ខ្ញុំ​នៅ​តែ​តវ៉ា​អត់​ឈប់​ទេ ភូមិ​ឃុំ​សុទ្ធតែ​ត្រូវ​ជើង​ត្រូវ​ដៃ​គ្នា ហើយ​អត់​មាន​ដោះស្រាយ​ទេ បើ​យើង​និយាយ​បញ្ហា​ហ្នឹង គេ​ជំទាស់​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន គេ​ចង់​បាន​តវ៉ា​គគ្រឹកគគ្រេង​អត់​មាន​ស្រាកស្រាន្ត»

ចំណែក​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក ឃី យន់ រៀបរាប់​ដែរ​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​នោះ​ទេ បើ​ទោះ​បី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​យ៉ាង​ណា​ក្តី។ លោក​បន្ត​ថា ក្រុមហ៊ុន គឺ​ជា​អ្នក​រំលោភ​កិច្ច​ព្រមព្រៀង​កំណត់​ព្រំ​ដី​សម្បទាន និង​ដី​អភិរក្ស​របស់​ពលរដ្ឋ។ ហេតុ​នេះ ទើប​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​លម្អៀង ដែល​កាត់​ដី​សហគមន៍​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នោះ៖ «អាជ្ញាធរ​ទាំងអស់​ហ្នឹង​មិន​បាន​សិក្សា​ពី​ប្រជាពលរដ្ឋ​ច្បាស់​លាស់​ទេ។ ចំណែក​ខាង​ក្រុមហ៊ុន ក៏​អ៊ីចឹង​ដែរ។ អ៊ីចឹង​គេ​សម្រេច​តែ​គ្នា​គេ ប្រជាពលរដ្ឋ​អត់​សុខ​ចិត្ត​ទេ​ធ្វើ​អ៊ីចឹង មក​ដោះស្រាយ​ប្រាំបី​ប្រាំបួន​ដង ឲ្យ​ម្តង​ហាសិប​ម៉ែត្រ ម្តង​ពីរ​រយ​ម៉ែត្រ ប្រជាពលរដ្ឋ​ដាច់​ខាត​អត់​ព្រម។ យក​អូរ​ប្រឹប ផ្លូវ​បាយ​ទ្រី ទៅ​អូរក្រឡា បង្គោល​២០ អា​ហ្នឹង​ជា​ចំណុច​គោលការណ៍​ប្រជាពលរដ្ឋ​ត្រូវ​ការ»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា អ្នក​ភូមិ ៦២​នាក់ បាន​នាំ​គ្នា​ទៅ​ហាម​ឃាត់​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ត​ទៅ​ទៀត ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ប្រើ​អំពើ​ហិង្សា​អ្វី​ក្នុង​ការ​តវ៉ា​នោះ​ទេ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ មេ​ឃុំ​ថ្មី លោក មុំ ខាំ អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ឈូស​ឆាយ​តំបន់​ហាម​ឃាត់​តាម​កិច្ច​សន្យា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​នោះ​ទេ គឺ​ឈូស​ឆាយ​លើ​ដី​ដែល​គ្មាន​ទំនាស់​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន លោក​ចាត់​ទុក​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​បញ្ហា​សំខាន់ ដែល​អាជ្ញាធរ​មាន​ភារៈ​ការពារ​ជូន​ប្រជាពលរដ្ឋ ហើយ​កន្លង​ទៅ អាជ្ញាធរ​បាន​កាត់​ដី​ជាង ២​ពាន់​ហិកតារ​ខាង​កើត និង​ខាង​ជើង​ភូមិ និង​ដី​ជាង​ជិត ៦០០​ហិកតារ​ទៀត​នៅ​ខាង​កើត​ភូមិ តាម​សំណើ​ពលរដ្ឋ ប៉ុន្តែ​អ្នក​ភូមិ​បាន​បន្ត​ទាមទារ​រក្សា​ទុក​ដី​ធំ​ហួស​ការ​ស្នើសុំ។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ខុស​ច្បាប់​បញ្ឈប់​គ្រឿងចក្រ​ក្រុមហ៊ុន ហើយ​ចូលរួម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ៖ «ជា​អ្នក​ការពារ​ប្រជាពលរដ្ឋ​មិន​ឲ្យ​បាត់​សមិទ្ធផល​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឲ្យ​ស្រប​នឹង​ច្បាប់។ ខ្ញុំ​ធានា​ឲ្យ។ ចម្ការ​ពនេចរ​កន្លែង​កប់​ខ្មោច​ទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ គឺ​ខ្ញុំ​ធានា​ការពារ​ឲ្យ ប៉ុន្តែ​តំបន់​ណា​ដែល​មាន ដែល​យើង​គាំទ្រ​ពី​មុន​មក ហើយ​បើ​គាត់​ទៅ​បង្កើត​ខ្ទម​អ្នក​តា​ពី​ម្សិល​ម្សិលម្ង៉ៃ ខ្ញុំ​ទៅ​ធ្វើ​ម៉េច​កើត»

ក្រសួង​កសិកម្ម បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ដុងទី សៃហ្គ្រង ប៊ិញភឿក ជាង ៦​ពាន់​ហិកតារ នៅ​ស្រុក​ចិត្របូរី កាល​ពី​ឆ្នាំ​២០០៧ បន្ទាប់​មក​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ឈូស​ឆាយ​ព្រៃ​យក​ដី​ប៉ះពាល់​ព្រៃ​ត្រៀម​បម្រុង ដី​ទីទួល​សុវត្ថិភាព ព្រៃ​គោរព​បូជា ទី​វាល​ចិញ្ចឹម​សត្វ​ពាហនៈ​អ្នក​ភូមិ។ ករណី​នេះ អ្នក​ភូមិ​ផ្អៀរ បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​ការ​ឈូស​ឆាយ​នោះ​ជាច្រើន​លើក។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អភិបាល​រង​ខេត្ត​ក្រចេះ លោក វ៉ា ថន ថ្លែង​ថា ៩​លើក​ហើយ​ដែល​អាជ្ញាធរ​ព្យាយាម​ចុះ​ដោះស្រាយ​បញ្ហា​តវ៉ា​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល ដោយសារ​អ្នក​ភូមិ​ទាមទារ​ផ្ទៃ​ដី​រហូត​ជាង ៣​ពាន់​ហិកតារ។ ហេតុ​នេះ អាជ្ញាធរ​ផ្អាក​ការ​ដោះស្រាយ​មួយ​រយៈ ទុក​ឲ្យ​អ្នក​ភូមិ​ជ្រើស​រើស​តំណាង ២០​នាក់ ដើម្បី​បន្ត​ពិភាក្សា​គ្នា​ជា​ថ្មី​ក្នុង​បញ្ហា​នេះ។ លោក​អំពាវនាវ​ឲ្យ​អ្នក​ភូមិ ពិចារណា​ចំពោះ​ការ​ទាមទារ​សម​ហេតុផល ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​មួយ​នេះ៖ «ជា​ជំហរ យើង​នៅ​តែ​ទទួល​ដោះស្រាយ ប៉ុន្តែ​ឲ្យ​គាត់​ពិចារណា​ឡើង​វិញ តើ​សមគួរ ឬ​អត់? ប្រជាជន​មួយ​ភូមិ​ជា​សហគមន៍​មួយ​មាន​ដី​សល់​ក្រៅ​សហគមន៍​ជិត ១​ពាន់​ហិកតារ ហើយ​ឥឡូវ​គាត់​សុំ​ប៉ុន្មាន​ទៀត វា​សមរម្យ​ដើម្បី​យើង​សម្រប​សម្រួល​គ្នា​ជាមួយ​គេ​នេះ»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ អ្នក​ភូមិ​បាន​ឃាត់​ទុក​គ្រឿងចក្រ​ក្រុមហ៊ុន ៩​គ្រឿង យក​មក​រក្សា​ទុក​នៅ​សាលា​ភូមិ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ឈប់​ការ​ឈូស​ឆាយ និង​រក្សា​ព្រៃ​ឈើ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (adhoc) ខេត្ត​ក្រចេះ លោក ហេង ភារៈ សម្ដែង​ការ​បារម្ភ​ខ្លាច​ក្រែង​កើត​មាន​អំពើ​ហិង្សា ខណៈ​គ្រឿងចក្រ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ ដោយសារ​ការ​សន្យា​របស់​មន្ត្រី​ខេត្ត​មិន​មាន​លិខិត​ស្នាម​ផ្លូវ​ការ។ ចំណែក​ការ​ដោះស្រាយ​នៅ​តែ​អូស​បន្លាយ​ពេលវេលា។ យ៉ាង​ណា លោក​ស្វាគមន៍​ចំពោះ​គម្រោង​ជួប​ពិភាក្សា​រវាង​អាជ្ញាធរ និង​តំណាង​សហគមន៍​ជា​ថ្មី។ ចំណែក​មន្ត្រី​សមាគម នឹង​បន្ត​ឃ្លាំ​មើល​បញ្ហា​នេះ។ លោក​បន្ត​ថា ប្រសិន​ដំណោះស្រាយ​ទទួល​បាន​លទ្ធផល សមាគម​អាដហុក មាន​លទ្ធភាព​ឧបត្ថម្ភ​ថវិកា​ដើម្បី​វាស់វែង​កំណត់​ព្រំ​ដី​ជូន​ប្រជាពលរដ្ឋ ចៀសវាង​កើត​មាន​ជម្លោះ​ត​ទៅ​ទៀត៖ «វា​ខុស​ពី​អ្វី​ដែល លោក វ៉ា ថន បាន​បញ្ជាក់​ជាមួយ​តំណាង​ក្រុមហ៊ុន​ឈ្មោះ សុវណ្ណ យល់​ព្រម​គ្នា​ឯកភាព​គ្នា​ថា​រង់ចាំ​ដំណោះស្រាយ​សិន។ បើ​សិន​ក្រុមហ៊ុន​នៅ​តែ​បន្ត យើង​បារម្ភ​ខ្លាច​ក្រែង​ប្រជាពលរដ្ឋ​គាត់​ប្រើ​អំពើ​ហិង្សា ឬ​គាត់​អាច​ធ្វើ​អ្វី​មួយ​ដែល​ប្រឆាំង​ទៅ​ច្បាប់​ណា»

យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ​ភូមិ​ផ្អៀរ អះអាង​ថា អ្នក​ភូមិ​បាន​ជ្រើស​រើស​តំណាង ២០​នាក់​រួច​រាល់​ហើយ ដើម្បី​ជួប​ពិភាក្សា​ជា​ថ្មី​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នេះ។ ជាមួយ​នោះ​ដែរ អ្នក​ភូមិ​ព្រមាន​ថា​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ទៅ​ថ្នាក់​ជាតិ​ទៀត ប្រសិន​ដំណោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​មិន​បាន​លទ្ធផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល