ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន CRCK ស្នើ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ

ដោយ សូត សុខប្រាថ្នា
2017-04-29
Share
ជម្លោះ​ដីធ្លី CRCK កំពង់ធំ ២០១៦ ៨៥៥ ប្រជាពលរដ្ឋ​បង្ហាញ​កន្លែង​ដី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) នៅ​ចំណុច​ព្រៃតាធឹក ភូមិ​ឈូក ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo LICADHO
Photo LICADHO

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ (CRCK) ជាង ១០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​ស្នើ​នេះ ពីព្រោះ​ពលរដ្ឋ​ត្រូវការ​ដី​សម្រាប់​បង្កបង្កើនផល​ឲ្យ​ទាន់​រដូវ​កាល។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ពួក​គេ​កំពុង​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ខេត្ត លើ​ករណី​នេះ ដើម្បី​ត្រៀម​ចាត់​វិធានការ។

ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ ទៀត អ្នក​ភូមិ​កាន់​តែ​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​មិន​ខាន​ឡើយ ពីព្រោះ​ពួក​គាត់​កំពុង​ខ្វះខាត​ដីធ្លី​សម្រាប់​បង្កបង្កើនផល។ បន្ថែម​ពី​នេះ ដី​របស់​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​មាន​ទំនាស់ គឺ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​យក​ទៅ​ដាំ​កៅស៊ូ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ លោកស្រី ថោង យ៉ុត មាន​ប្រសាសន៍​ថា អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​ដីធ្លី​របស់​ពួក​គាត់​មិន​ទាន់​មាន​ដំណោះស្រាយ។ លោកស្រី​បន្ត​ថា ពួក​គាត់​ចំនួន ១៥​គ្រួសារ​ដែល​មាន​ដី​ជាង ២០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដាំ​ដំណាំ​កៅស៊ូ ក្រោម​ហេតុផល​ថា​ជា​ដី​របស់​គេ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនេះ គឺ​មាន​តែ ១​គ្រួសារ​ប៉ុណ្ណោះ​ទទួល​បាន​ដី​ដោះដូរ​កន្លែង​ផ្សេង ប៉ុន្តែ​ក្រៅ​ពី​នេះ បន្ត​រង់ចាំ​ដំណោះស្រាយ​រហូត​មក៖ «ទៅ​នៅ​កន្លែង​ដី​អ៊ីចេះ​ទៅ គេ​ថា​ឲ្យ​ដោះស្រាយ​នៅ​កន្លែង​ដី មិន​ងាយ​បាន​ទេ ទាល់​តែ​ទៅ​ដោះស្រាយ​នៅ​កន្លែង​ស្រុក​បានៗ។ តែ​ទៅ​ដល់​កន្លែង​ស្រុក​ផ្ដិត​ក្រយៅដៃ​ហើយ នៅ​មិន​ឃើញ​បាន​ផង»

ក្រុមហ៊ុន ស៊ី..ស៊ី.ខេ ជា​ក្រុមហ៊ុន​វៀតណាម ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ លើ​ទំហំ​ផ្ទៃដី​ជាង ៦​ពាន់​ហិកតារ (.០៤៤​ហិកតារ) ។ ក្រុមហ៊ុន​នេះ​មាន​ភាព​ចម្រូងចម្រាស​ជាច្រើន ដោយសារ​ផ្ទៃដី​មួយ​ចំនួន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រម​ទាំង​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ពី​បណ្ដាញ​ការពារ​ព្រៃឡង់ ថា​ក្រុមហ៊ុន​មួយ​នេះ​បាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ មេសា ថា អាជ្ញាធរ​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ក៏​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ទាំងនោះ និង​តម្រូវ​ឲ្យ​ពួក​គាត់​ចង្អុល​បង្ហាញ​ទីតាំង​ដី​របស់​ខ្លួន ហើយ​កំពុង​សិក្សា​តាម​បច្ចេកទេស ប៉ុន្តែ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​នោះ​ទេ។ យ៉ាង​នេះ​ក្តី លោក​ថា​អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ជា​ជំហានៗ ម្យ៉ាង​ត្រូវការ​ពិនិត្យ​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​បន្ថែម​ទៀត៖ «យើង​មាន​ទាំងអស់​គោលការណ៍ ឯកសារ​គតិយុត្តិ​អី​ពី​ដើម​មក យើង​រក្សា​ទុក​បាន ហើយ​យើង​នឹង​ធ្វើ​ការ​ដោះស្រាយ។ ហើយ​ជំហរ​អាជ្ញាធរ​ស្រុក​នៅ​តែ​អះអាង​ថា នឹង​មិន​ឲ្យ​ពលរដ្ឋ​ណា​រង​ភាព​អយុត្តិធម៌​ដោយសារ​រឿង​ដីធ្លី​ទេ»

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ១០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ កើត​ឡើង​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ​២០១៦ ក្រោយ​ពេល​ខាង​ក្រុមហ៊ុន​បាន​ពង្រីក​ផ្ទៃដី​ដាំ​កៅស៊ូ​របស់​ខ្លួន បណ្ដាល​ឲ្យ​ប៉ះពាល់​ដី​ចម្ការ​របស់​អ្នក​ភូមិ​ជាង ១០​គ្រួសារ ដែល​អះអាង​ថា​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០១៣។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​តាមដាន​ករណី​នេះ​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៀត ពួក​គាត់​នឹង​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ​កាន់​តែ​ខ្លាំង ពីព្រោះ​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល។ លោក​ថា ពលរដ្ឋ​ទាំងនេះ​ធ្លាប់​រងគ្រោះ​ដោយសារ​បាត់បង់​មុខ​របរ​ប្រពៃណី​របស់​ខ្លួន ពីព្រោះ​ដើម​ច្បោះ​ជ័រ​របស់​ពួក​គាត់​រាប់​រយ​ដើម ត្រូវ​បាន​ខាង​ក្រុមហ៊ុន​រំលោភ​យក។ ប្រសិន​បើ​រក​ឃើញ​ថា ដី​ទាំងនេះ​ជា​ដី​របស់​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន ត្រូវ​មាន​គោលការណ៍​ផ្តល់​សំណង ឬ​ដោះដូរ​ដី​តំបន់​ផ្សេង​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល