ពលរដ្ឋ១៥០គ្រួសារនៅបន្ទាយមានជ័យប្រឈមនឹងការរុះរើលំនៅឋានទៅទីតាំងថ្មី
2014.01.30
បញ្ហានេះ បានធ្វើឲ្យក្រុមអ្នកភូមិទាំងនោះមានប្រតិកម្ម ដោយចោទថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធសាលាខេត្តបន្ទាយមានជ័យ រៀបចំឡើងដើម្បីរឹបអូសយកដីរបស់ពួកគាត់លក់ទៅឲ្យក្រុមឈ្មួញដែលមានពាក់ព័ន្ធនឹងមន្ត្រីយោធា។
ការរៀបចំភូមិឋាន និងការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនៅតាមភូមិមួយចំនួន ឋិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងបង្កឲ្យមានភាពចម្រូងចម្រាស និងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើអ្នកភូមិ។ ក្រុមអ្នកភូមិទាំងនោះទំនងត្រូវបានគេប្រើប្រាស់ធ្វើជាខែល ដើម្បីការពារយុទ្ធសាស្ត្រទន្ទ្រានរុករានយកដីព្រៃបរិស្ថានរបស់រដ្ឋ ឋិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ ដែលជាព្រៃអភិរក្សការពារដោយព្រះរាជក្រឹត្យ។
ក្រុមអ្នកភូមិទាំងនោះបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ ក្រុមអាជ្ញាធរមូលដ្ឋានបានបើកកិច្ចប្រជុំជាមួយអ្នកភូមិ ដោយប្រកាសប្រាប់អ្នកភូមិឲ្យផ្លាស់ទីតាំងលំនៅឋាន ទៅរស់នៅលើដីថ្មីដែលមានព្រៃ ឋិតនៅភូមិស្រឡៅជ្រំ ក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទន្ទឹមគ្នានេះ ពួកគេក៏មានផែនការរុះរើសាលាបឋមសិក្សាមួយខ្នង ដែលជាជំនួយរបស់អង្គការ ទៅសាងសង់នៅលើដីថ្មីដូចគ្នា៖ «សព្វថ្ងៃគេកំពុងឈូសឆាយដីព្រៃ ខាងដីព្រៃមានមេភូមិ និងមន្ត្រីបរិស្ថាន។ តាមឮដីជាដី លោក ភ្លន់ តារា ដីនោះនៅក្នុងចំណោមដីប្រជាពលរដ្ឋដែលគេកាត់ឲ្យ ១ពាន់ហិកតារ សម្រាប់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិស្រឡៅជ្រំ។ ដីប្រជាពលរដ្ឋនៅខាងនេះ គេធ្វើផែនទីឡើងទៅសម្ដេច ហ៊ុន សែន ដាក់ទីតាំងនៅខាងនោះខុសទីតាំងដីដែលអ្នកភូមិរស់នៅ ប្រជុំម្សិលមិញរុះរើសាលារៀនយកទៅដាក់នៅក្នុងដីព្រៃ ឲ្យប្រជាពលរដ្ឋចេញមួយគ្រួសារ ២ម៉ឺនរៀល»។
មានអ្នកភូមិស្រឡៅជ្រំ ប្រហែល ១០គ្រួសារ ដែលទទួលបានលុយកាក់ជាថ្នូរនឹងការដោះដូរដីចាស់ បានសុខចិត្តនាំគ្នាចូលទៅរស់នៅលើដីថ្មី ដែលហ៊ុមព័ទ្ធដោយព្រៃ។ ដោយឡែកនៅសល់ប្រជាពលរដ្ឋ ១៥០គ្រួសារទៀត នៅភូមិស្រឡៅជ្រំ បានបដិសេធទៅនឹងផែនការដោះដូរដីលំនៅឋាននេះ។
អ្នកភូមិឈ្មោះ អ៊ាម មុនី បានបញ្ជាក់ថា ដីលំនៅឋាន និងដីស្រែចម្ការនៅក្នុងភូមិស្រឡៅជ្រំ នោះ គឺពួកគាត់បានចូលទៅរស់នៅតាំងពីឆ្នាំ២០០១ មក។ ឥឡូវនេះ ក្រុមអាជ្ញាធរមូលដ្ឋានមានគម្រោងឲ្យអ្នកភូមិរុះរើលំនៅឋាន ទៅរស់នៅលើដីថ្មី ដែលមានព្រៃ។ បញ្ហានេះ ត្រូវបានពួកគាត់បដិសេធ ព្រោះនៅលើដីភូមិចាស់ដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនោះ គឺគាត់តស៊ូកាប់ព្រៃវាលស្រឡះ និងមានការដាំដុះផលដំណាំយ៉ាងច្រើន៖ «ដីចាស់ បើសិនជាអោយដោះដូរទៅនៅដីថ្មីតែម្ដង ព្រោះដីហ្នឹងមានដាំស្វាយ ដាំស្វាយ ដាំខ្នុរ បានផ្លែហូបហើយ អត់ទៅទេ សុំនៅលើដីចាស់នៅកន្លែងដដែល គេចង់អោយទៅដីថ្មីដីព្រៃ ហើយដីចាស់នេះកើតជាដីវាល ហើយយកយើងទៅនៅដីថ្មីដូចធ្វើរបងឲ្យគេ»។
អ្នកស្រី លី ឆែម ជាអ្នកភូមិស្រឡៅជ្រំ ម្នាក់ទៀតថ្លែងថា គាត់មិនចង់ទៅរស់នៅលើដីថ្មីនោះទេ ព្រោះនៅដីភូមិចាស់ដែលពួកគាត់កំពុងរស់នៅនោះមានផ្ទះ មានដំណាំហូបផ្លែ ដែលមានដើមធំៗអស់ហើយ។ ម្យ៉ាងវិញទៀត អ្នកស្រីថា ការតម្រូវឲ្យអ្នកភូមិផ្លាស់ប្ដូរទៅរស់នៅលើដីថ្មីនោះ គឺជាគម្រោងរៀបចំរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដើម្បីយកដីរបស់ពួកគាត់លក់ទៅក្រុមហ៊ុន៖ «ព្រោះអីអានោះជាមនុស្សចំណូលថ្មី អ៊ីចឹងគេចេះតែអោយដីនៅបានកើតជាភូមិថ្មី ដីចាស់ប្រជាជនគេក្រាញអត់ទៅទេ សុំនៅភូមិចាស់ដដែល ឲ្យរៀបចំថ្នល់អីឲ្យដាក់នៅភូមិចាស់ហ្នឹងទៅ គាត់យកទៅដាក់នៅក្នុងព្រៃ មានកូនចៅណាទៅរៀនកើត ប្រជាពលរដ្ឋរស់នៅតាំងពី២០០១ គ្នាវេទនាខ្លាំងណាស់ គ្នាខំបង្កបង្កើនផលដាំស្វាយ បានហូបត្រឹមត្រូវហើយ»។
ក្រុមអ្នកភូមិថ្លែងថា ដីស្រែចម្ការរបស់អ្នកភូមិស្រឡៅជ្រំ ជាច្រើនគ្រួសារ ត្រូវបានក្រុមអាជ្ញាធរមូលដ្ឋានរឹបអូសយកជាបណ្ដើរៗ ដើម្បីដាក់សម្ពាធឲ្យអ្នកភូមិផ្សេងទៀតចាកចេញទៅរស់នៅលើដីថ្មី។
វិទ្យុអាស៊ីសេរី នៅមិនអាចទាក់ទង លោក ហេង ស៊ីណា ជាមេភូមិស្រឡៅជ្រំ ស្ដីទី ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ ប៉ុន្តែមេឃុំទួលពង្រ លោក ទឹម មន បានបដិសេធថា អាជ្ញាធរពុំមានគម្រោងរុះរើភូមិចាស់ផ្លាស់ទៅភូមិថ្មីនោះទេ។ លោកថា នៅឃុំទួលពង្រ មានភូមិចំនួន ៩ភូមិ។ ក្នុងនោះ មានភូមិចំនួនបីដែលមានពាក់ព័ន្ធបញ្ហាដីធ្លី គឺភូមិបន្ទាយទី១ ភូមិរស្មីមានជ័យ និងភូមិស្រឡៅជ្រំ។ យ៉ាងណាក៏ លោក ទឹម មន ពុំបានបញ្ជាក់បញ្ហានេះឲ្យបានពិស្ដារនោះទេ។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ថ្លែងថា ក្រុមអ្នកភូមិមានការព្រួយបារម្ភពីការដកហូតដីរបស់ពួកគាត់ដែលបានកាន់កាប់កន្លងមក។ លោកថា រហូតមកដល់ពេលនេះ គម្រោងរៀបចំដីចែកជូនប្រជាពលរដ្ឋ ឋិតនៅក្នុងស្ថានភាពចម្រូងចម្រាសនៅឡើយ៖ «រាល់ថ្ងៃគាត់អត់ទាន់ទទួលបានចំណែកដី មានន័យថា អ្នកភូមិនៅទីហ្នឹងគាត់បាត់បង់ផលប្រយោជន៍ ប៉ុន្តែឃើញមានក្រុមឈ្មួញគេបានទៅឈូសឆាយដីនៅទីហ្នឹង ដើម្បីធ្វើចម្ការ ប៉ះពាល់ដល់ដីពួកគាត់ ហើយអ្នកដែលទទួលបានផលពីដីហ្នឹង គាត់អត់ទាន់បានទទួលគ្រប់គ្នា។ អ៊ីចឹងទៅ គាត់ចាប់ផ្ដើមធ្វើការតវ៉ា។ គាត់ព្យាយាមស្រែក ប៉ុន្តែអត់មានចម្លើយឆ្លើយតបមកវិញថា គួរតែដោះយ៉ាងម៉េចអីយ៉ាងម៉េច»។
កន្លងមក អាជ្ញាធរខេត្តបានអនុញ្ញាតឲ្យមានការវាស់វែងបែងចែកដីធ្លីនៅតំបន់នោះ ហើយប្រកាសឲ្យអ្នកភូមិកាន់កាប់ដីនៅទីណារក្សាទុកនៅទីនោះ។ ចំណែកប្រជាពលរដ្ឋដែលអត់ទាន់បានទទួលដី ត្រូវរៀបចំវាស់ទៅកន្លែងផ្សេង។ ប៉ុន្តែ សកម្មភាពជាក់ស្ដែង ក្រុមអាជ្ញាធរពុំអនុវត្តដូច្នេះឡើយ ពួកគេបានវាស់ដីរំកិលឲ្យអ្នកភូមិចាស់ ទៅនៅកន្លែងផ្សេង ចំណែកឯអ្នកភូមិជាអ្នកចំណូលថ្មី ទទួលបានដីនៅកន្លែងដីចាស់។ បញ្ហានេះ បានធ្វើឲ្យកើតមានបញ្ហាជាបន្តបន្ទាប់។
មន្ត្រីអង្គការលីកាដូ ដដែលអត្ថាធិប្បាយថា ផ្អែកលើគោលការណ៍ច្បាប់ ដីនៅតំបន់នោះឋិតនៅជាដីរបស់សហគមន៍។ ក្រុមអាជ្ញាធរមិនអាចធ្វើការបែងចែកធ្វើជាកម្មសិទ្ធិឯកជនបាននោះទេ។ ប៉ុន្តែ ក្នុងរយៈពេលកន្លងមក គេសង្កេតឃើញថា ក្រុមអាជ្ញាធរបានបែងចែកដីនៅតំបន់នោះឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារបាន ៥ហិកតារ៖ «បើវាជាដីសម្បទានសង្គមកិច្ច វាគួរមានគណៈកម្មការជាក់លាក់មួយ ហើយកន្លងមកយើងឃើញមានតែខាងមន្ត្រីបរិស្ថាន និងខាងសាលាស្រុកម៉ាឡៃ គេជាអ្នកចុះវាស់វែងបែងចែក ពិគ្រោះជាមួយមេភូមិនៅហ្នឹង ដែលជាអ្នកភូមិអះអាងថា ធ្លាប់មានទំនាស់ជាមួយអ្នកភូមិគាត់ចាប់ផ្ដើមបង្កបញ្ហាយកដីរបស់គាត់ទៅលក់ឲ្យអ្នកផ្សេង ធ្វើឲ្យគាត់បាត់បង់ផលប្រយោជន៍»។
អតីតអភិបាលស្រុកម៉ាឡៃ លោក ទេព ឃុនណាល់ បានធ្វើពាក្យស្នើសុំទៅរដ្ឋាភិបាល កាត់ដីព្រៃបរិស្ថានក្នុងដែនជម្រកសត្វព្រៃរនាមដូនសំ ទំហំ ១.៥០០ហិកតារ។ ក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ដីនោះចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ។ ទីតាំងដីនោះ ស្ថិតនៅភូមិស្រឡៅជ្រំ ១ពាន់ហិកតារ និងនៅចំណុចភ្នំយាយសំ ៥០០ហិកតារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប៉ុន្តែ ក្នុងរយៈពេលកន្លងមក មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកគ្នាឡើងមកតវ៉ាករណីទំនាស់ដីធ្លីនេះជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះដោះស្រាយជូនពួកគាត់។ ក្រុមអ្នកភូមិចោទថា ដីនោះត្រូវបានអាជ្ញាធរមូលដ្ឋានឃុបឃិតយកទៅលក់ឲ្យឈ្មួញ។
ចំណែកឯអាជ្ញាធរខេត្ត ធ្លាប់បានបញ្ជាក់ថា ក្រុមការងាររបស់ខេត្តរួមជាមួយស្ថាប័នជំនាញទាំងអស់ នឹងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ។ ប៉ុន្តែ មន្ត្រីអង្គការបញ្ជាក់ថា រហូតមកដល់ពេលនេះ ការរៀបចំដីធ្លីនៅតំបន់នោះពុំទាន់បានត្រឹមត្រូវនៅឡើយ។ លោកបន្តថា ដើម្បីរក្សាគោលការណ៍ផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ អាជ្ញាធរគួររក្សាទុកដីឲ្យប្រជាពលរដ្ឋរស់នៅកន្លែងណា កាន់កាប់ដីជាក់ស្ដែងនៅកន្លែងនោះសិន។ ចំណែកឯអ្នកចូលទៅឈូសឆាយដីព្រៃនោះ គឺជាការរំលោភច្បាប់។ ហើយបញ្ហានេះ ទាមទារអាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវមានវិធានការហាមឃាត់៕