ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចិន​នៅ​បាត់ដំបង

ក្រុម​អាជ្ញាធរ​ខេត្ត​បាត់ដំបង ពុំ​បាន​បង្ហាញ​ឆន្ទៈ​ច្បាស់​លាស់​នោះ​ឡើយ ក្នុង​ការ​ដោះស្រាយ ឬ​ទូទាត់​សំណង​សមរម្យ​ណា​មួយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ជា​ច្រើន​គ្រួសារ នៅ​ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល នោះ​ឡើយ។
ដោយ សួន សុផលមុន្នី
2014.01.24

ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ជា​ច្រើន​ហិកតារ​របស់​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់ ដោយសារ​តែ​ប៉ះពាល់​ជា​មួយ​គម្រោង​អភិវឌ្ឍន៍​ទំនប់​រណប​មួយ​ផ្សេង​ទៀត ដើម្បី​យក​ទឹក​ទៅ​ផ្គត់ផ្គង់​ប្រឡាយ​កង្ហត ឋិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ការ​ទាមទារ​សំណង​របស់​អ្នក​ភូមិ​ជា​ម្ចាស់​ដី ជាមួយ​នឹង​​ក្រុម​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដែល​ជា​ភាគី​តំណាង​ឲ្យ​រដ្ឋ នៅ​ពុំ​ទាន់​ឃើញ​សញ្ញា​វិជ្ជមាន​ណា​មួយ​លេច​ចេញ​នោះ​ឡើយ បើ​ទោះ​បី​ជម្លោះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទំនប់​រណប​មួយ​នេះ បាន​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ​ក៏ដោយ។ ចំណែក​ឯ​ក្រុមហ៊ុន​ចិន ដោយ​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​បំពាន​លើ​ដី​របស់​អ្នក​ភូមិ។

ជាក់​ស្ដែង នៅ​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​មករា គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ត្រូវ​គេ​ដាក់​ឈូស​រៀប​ចំ​ដី​បើក​ផ្លូវ ដើម្បី​កសាង​ទំនប់​រណប​នោះ ប៉ះពាល់​ចំ​លើ​ដី​របស់​អ្នក​ភូមិ។ បញ្ហា​នេះ បាន​ធ្វើ​អោយ​ក្រុម​អ្នក​ភូមិ​ដែល​បាន​កាន់​កាប់​ដី​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មាន​ប្រតិកម្ម។

លោក កង កាន តំណាង​អ្នក​ភូមិ​ទឹកសាប ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ថ្លែង​ថា អ្នក​ភូមិ​សុំ​ឲ្យ​ភាគី​ក្រុមហ៊ុន​ចិន ផ្អាក​សកម្មភាព​រង់ចាំ​ការ​ជជែក​ដោះស្រាយ​សំណង​ឲ្យ​ត្រូវ​គ្នា​សិន ប៉ុន្តែ​ពួក​គេ​ពុំ​បាន​បញ្ឈប់​សកម្មភាព​នោះ​ឡើយ៖ «ប្រជាជន​មិន​ព្រម​ឲ្យ​ចូល​ធ្វើ​ទេ ប៉ុន្តែ​ដល់​គេ​ធ្វើ​អ៊ីចឹង​មិន​ដឹង​ថា​ម៉េច ឥឡូវ​សូម្បី​តែ​មេ​ឃុំ មេ​ភូមិ ប៉ូលិស​ឃុំ ចុះ​ទៅ​អនុញ្ញាត​ឲ្យ​ធ្វើ​តាម​ផ្លូវ​រទេះ គេ​ថា បើ​មាន​ប៉ះពាល់​ប្រជាពលរដ្ឋ ឲ្យ​ប្ដឹង​ចុះ ហើយ​អ៊ីចឹង​ទៅ​មិន​ដឹង​ធ្វើ​ម៉េច​ដោះស្រាយ​អី​យ៉ាង​ណា​ទេ»

កន្លង​ទៅ​នេះ ក្រុមហ៊ុន​ចិន បាន​ចុះ​ទៅ​វាស់វែង​លើ​ដី​អ្នក​ភូមិ​យក​កសាង​​ទំនប់​រណប​ស្តុក​ទឹក។ ទីតាំង​នោះ គឺ​ឋិត​ចំ​លើ​ដី​លំនៅឋាន ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ចំនួន ៧០​គ្រួសារ លើ​ផ្ទៃ​ដី​ប្រហែល ៣​ពាន់​ហិកតារ ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។ ក្រុម​អាជ្ញាធរ​ធ្លាប់​បាន​កំណត់​តម្លៃ​ដី​ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​សំណង។ ក្នុង​នោះ ដី​លំនៅឋាន ១​ម៉ែត្រ​ការ៉េ ឲ្យ​តម្លៃ ១​ដុល្លារ ៥​កាក់ និង​ដី​ចម្ការ​ក្នុង ១​ហិកតារ ៣​ពាន់​ដុល្លារ។ ប៉ុន្តែ តម្លៃ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​បដិសេធ​មិន​អាច​ទទួល​យក ហើយ​ទាមទារ​ដី​លំនៅឋាន​ក្នុង ១​ម៉ែត្រ​ការ៉េ ថ្លៃ ១០​ដុល្លារ រីឯ​ដី​ចម្ការ យ៉ាង​តិច​ណាស់​បាន​ថ្លៃ ១​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ទើប​ពួក​គាត់​អាច​ទទួល​យក​បាន៖ «ចុះ​មក​ម្ដង​តម្លៃ​ប៉ុណ្ណេះ ម្ដង​ប៉ុណ្ណោះ ចេះ​តែ​ឡើង​បន្តិច អ៊ីចឹង​រដ្ឋាភិបាល ខ្ញុំ​ជឿ​ថា មិន​ក្រដាស​តម្លៃ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​មើល ហើយ​នេះ​មិន​មែន​សោះ អ៊ីចឹង​សុំ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមរម្យ​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ស្រុក​រតនៈមណ្ឌល និង​ភាគី​ក្រុមហ៊ុន​ចិន ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ប៉ុន្តែ លោក ប្រាជ្ញ ចន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង បញ្ជាក់​យ៉ាង​ខ្លី​ថា រដ្ឋាភិបាល​នឹង​មាន​សំណង។ រយៈពេល​កន្លង​ទៅ លោក​ធ្លាប់​​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ សិក្សា​រួម​គ្នា​ដើម្បី​ដោះស្រាយ​ទំនាស់ ដោយ​ផ្ដោត​លើ​ផល​ប្រយោជន៍​ជា​​រួម​ទាំងអស់​គ្នា៖ «យើង​ឃើញ​ថា ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នោះ​ទេ បើ​គាត់​ទាមទារ​ហួសហេតុ​ពេក ក៏​មិន​ទំនង​នោះ​ដែរ។ យើង​ក៏​បាន​ត្រៀម​ដោះស្រាយ​ផល​ប៉ះពាល់​ឲ្យ​គាត់​ដែរ​ហើយ»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា បើ​សិន​អាជ្ញាធរ​ដោះស្រាយ​សំណង​មិន​បាន​សមរម្យ​នោះ ទំនាស់​នៅ​តែ​កើត​មាន និង​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍។ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព ដើម្បី​បង្កើន​ការ​ជឿជាក់​ដល់​ការ​អភិវឌ្ឍ៖ «អ៊ីចឹង ខ្ញុំ​គិត​ថា អាជ្ញាធរ​មិន​មែន​ត្រឹម​តែ​ភូមិ​ឃុំ​ស្រុក​នោះ​ទេ ទាំង​ខេត្ត​ហ្នឹង ត្រូវ​មាន​ការ​ជួប​ប្រជុំ​ទ្រង់ទ្រាយ​ធំ​ណា​មួយ ធ្វើ​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់ ពីព្រោះ​អ្វី​ដែល​ជា​បញ្ហា គឺ​បញ្ហា​រឿង​តម្លៃ​នេះ​ឯង ហើយ​ប្រជាពលរដ្ឋ​គាត់​នៅ​កង្វល់​ពី​បញ្ហា​ឈូស​ឆាយ​នេះ គាត់​ភ័យ​ខ្លាច​គេ​យក​ដី​គាត់​មិន​មាន​សំណង»

កន្លង​ទៅ មាន​ការ​រិះគន់​ថា គណៈកម្មាធិការ​ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ពុំ​បាន​ដោះស្រាយ​ត្រឹមត្រូវ​តាម​ច្បាប់​អស្សាមិករណ៍​នោះ​ទេ។ ច្បាប់​អស្សាមិករណ៍ បាន​តម្រូវ​ឲ្យ​ពួក​គេ​ចុះ​សិក្សា​វាយ​តម្លៃ​ធ្វើ​របាយការណ៍​យ៉ាង​ល្អិតល្អន់ គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់ ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ដាក់​ជូន​រាជ​រដ្ឋាភិបាល​សម្រេច។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា បាន​ធ្វើ​លិខិត​អន្តរាគមន៍​មួយ​ទៅ​ខេត្ត​បាត់ដំបង ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្ដល់​សំណង​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់ នៅ​ភូមិ​សេកសក ភូមិ​ផ្លូវមាស ភូមិ​ទឹកសាប និង​ភូមិ​អូរត្រែង ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។