តំណាង​សហគមន៍​ភ្នំ​បាណន់​ខេត្ត​កំពង់ឆ្នាំង​ចូល​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​អាជ្ញាធរ​ស្រុក

ដោយ ជិន ជេដ្ឋា
2015.03.05
ជម្លោះ​ដីធ្លី កំពង់ឆ្នាំង ៦២០ ក្រុម​ប្រជា​សហគមន៍​ភ្នំ​បាណន់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ជិះ​រទេះ​គោយន្ត​ទៅ​សាលា​ស្រុក​ទឹកផុស ដើម្បី​ពិភាក្សា​រក​វិធានការ​ដោះស្រាយ​ចំពោះ​ពលរដ្ឋ ១១​គ្រួសារ ដែល​បាន​រំលោភ​កាន់​កាប់​ដី​ព្រៃ​សហគមន៍ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Chin Chetha

តំណាង និង​ប្រជា​សហគមន៍​ភ្នំ​បាណន់ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៣០​នាក់​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា បាន​អម​ដំណើរ​តំណាង​របស់​ខ្លួន​ចូល​ពិភាក្សា​ជាមួយ​អភិបាល​ស្រុក មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​រក​វិធានការ​ដោះស្រាយ​ចំពោះ​ពលរដ្ឋ ១១​គ្រួសារ ដែល​បាន​រំលោភ​កាន់​កាប់​ដី​ព្រៃ​សហគមន៍។

ក្រុម​ពលរដ្ឋ ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ទាំង ១១​គ្រួសារ​នោះ ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​សម្របសម្រួល ដោយ​ប្រគល់​ដី​ខ្លះ​ដល់​ពួក​គេ​ទៅ​តាម​ការ​កាន់​កាប់ និង​រស់នៅ​ជាក់ស្ដែង។

ជម្លោះ​ដីធ្លី​រវាង​ប្រជា​សហគមន៍ និង​អ្នក​ចូល​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​បាណន់ ឋិត​នៅ​ភូមិ​ត្រពាំងម្លូ ឃុំ​ក្រាំងស្គារ ដែល​អូស​បន្លាយ​ជាង ៥​ឆ្នាំង​ហើយ បាន​លើក​មក​ជជែក​ជាមួយ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ។ តំណាង​សហគមន៍ ឯកភាព​គោលការណ៍​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​ស្នើ​អាជ្ញាធរ​ស្រុក ជួយ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ហើយ​មាន​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃ​បន្ថែម។

ប្រធាន​សហគមន៍​ភ្នំ​បាណន់ លោក ស៊ីវ សែត មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ដែល​ចូល​ទៅ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ខ្លះ មាន​បង្កាន់ដៃ​កាន់​កាប់​ដី​បណ្ដោះអាសន្ន និង​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ។ ប៉ុន្តែ​លោក​បដិសេធ​ថា ចំពោះ​រូប​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​រឿង​ពុក​រលួយ​យក​លុយ​ពី​ពលរដ្ឋ​ទាំង ១១​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ចូល​កាន់​កាប់​ដី​ក្នុង​ព្រៃ​សហគមន៍ ដែល​មាន​លោក​ជា​ប្រធាន​នោះ​ទេ៖ «ចំពោះ​អាជ្ញាធរ​ភូមិ​ធ្វើ​ជា​បង្កាន់ដៃ សរសេរ​ជា​លាយលក្ខណ៍​អក្សរ ហើយ​ទទួល​បាន​ទទួល​ថវិកា​ពី​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​នៅ​ក្នុង​មិន​បាន​ដល់​ច្រើន​ដុល្លារ គឺ​ថា ១​ម៉ឺន​ពីរ​ម៉ឺន​ជា​សគុណ​របស់​គាត់ ជា​អ្នក​សរសេរ។ វិធានការ​របស់​ខ្ញុំ​ចង់​ឲ្យ​សម្រប​សម្រួល​ឲ្យ​បាន​ដាច់​ស្រេច​ក្នុង​រឿង ១១​គ្រួសារ​ហ្នឹង»

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១១​គ្រួសារ លោក ភី ភួង អះអាង​ថា មេ​ភូមិ​ត្រពាំងម្លូ នៃ​ឃុំ​ក្រាំងស្គារ ឈ្មោះ លី សីម បាន​ប្រើ​ឲ្យ​លោក​ទៅ​យក​លុយ​ពី​ពលរដ្ឋ​ដែល​ចូល​កាន់​កាប់​ដី​ព្រៃ​សហគមន៍​ចំនួន​បី​គ្រួសារ ក្នុង​១​គ្រួសារ ៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​បង្កាន់ដៃ​កាន់​កាប់​ដី។ តែ​ការ​ចោទ​នេះ ត្រូវ​បាន​មេ​ភូមិ លោក លី សីម ច្រាន​ចោល ហើយ​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី សួរ​ទៅ​អភិបាល​ស្រុក​ទឹកផុស។

អភិបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង លោក ម៉េង ហាក់ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥។
អភិបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង លោក ម៉េង ហាក់ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Chin Chetha

អភិបាល​ស្រុក​ទឹកផុស លោក ម៉េង ហាក់ ថ្លែង​បញ្ជាក់​ថា ការ​ចោទ​លើ​មេ​ភូមិ​មេ​ឃុំ​រឿង​ពុក​រលួយ​នេះ គឺ​ពុំ​មាន​ឯកសារ ឬ​ភស្តុតាង​អ្វី​ទាំងអស់។ យ៉ាង​ណា អាជ្ញាធរ​ស្រុក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​ទទួល​យក​បាន​ពី​គ្រប់​ភាគី។ លោក​ថា ដើមចម​នៃ​បញ្ហា​នេះ ដោយសារ​មាន​ពលរដ្ឋ​មក​ពី​ស្រុក​ផ្សេង​ចូល​កាន់​កាប់​ដី​ខុស​ច្បាប់ និង​គ្រួសារ​ខ្លះ​ជា​អ្នក​ភូមិ​ផ្ទាល់ តែ​គាត់​ខ្វះខាត​ដី៖ «ជំហាន​ដំបូង​យើង​ក្រុម​អញ្ជើញ​មក​ចូលរួម​នេះ ទៅ​ផ្សព្វផ្សាយ​ជូន​សហគមន៍ ហើយ​សម្រាប់​គណៈ​អភិបាល​ស្រុក នឹង​ធ្វើ​ការ​កោះ​ហៅ​អ្នក​ដែល​រស់នៅ​លើ​ដី​ហ្នឹង (ដី​សហគមន៍) មក​សម្រប​សម្រួល និង​និយាយ​ប្រាប់​ហេតុផល​ដល់​គាត់ ដើម្បី​ឲ្យ​យល់​កុំ​ឲ្យ​ទាមទារ​តាម​តែ​គាត់​នឹក​ឃើញ។ អ៊ីចឹង​អ្វី​ដែល​ថា​សម្រួល​ឲ្យ​ហ្នឹង គឺ​ឲ្យ​ទៅ​តាម​ការ​ព្រមព្រៀង​រវាង​សហគមន៍ និង​ប្រជាពលរដ្ឋ​លើ​ដី​ហ្នឹង ប៉ុន្តែ​គោលការណ៍​បាន​ឯកភាព​គ្នា​រក​ផ្លូវ​កណ្ដាល​មួយ​ដើរ​ហើយ»

ក្រុម​ប្រជា​សហគមន៍ នាំ​គ្នា​ឡើង​រទេះ​គោយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​អង្គុយ​រង់ចាំ​ប្រធាន​សហគមន៍​ភ្នំ​បាណន់ ចូល​ទៅ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​អភិបាល​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ស្ទើរ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា នៅ​ក្នុង​បន្ទប់​ក្មេង​រៀន​មួយ​កន្លែង​ក្បែរ​សាលា​ស្រុក​ទឹកផុស។ ពលរដ្ឋ​ព្រមាន​ថា ពួក​គេ​នៅ​តែ​តវ៉ា ឬ​ប្ដឹង​ទៅ​ស្ថាប័ន​ផ្សេងៗ ប្រសិន​បើ​ព្រៃ​សហគមន៍​នៅ​តែ​រង​ការ​កាប់​បំផ្លាញ។ ផ្ទៃ​ដី​ព្រៃ​សហគមន៍​ភ្នំ​បាណន់ ទំហំ​ជាង ១៥៤​ហិកតារ (១៥៤.៣៩​ហិកតារ) បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​មិន​ទាន់​មាន​លិខិត​ទទួល​ស្គាល់​ផ្លូវ​ការ​ដោយ​ក្រសួង​កសិកម្ម នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។