អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​រិះគន់​ថា​មិន​អើពើ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

ដោយ ជិន ជេដ្ឋា
2015.03.10
ជម្លោះ​ដីធ្លី កំពង់ឆ្នាំង ៦២០ តំណាង​ពលរដ្ឋ​ដែល​មាន​ដី​ប៉ះពាល់​នឹង​ក្រុមហ៊ុន អូ.ជេ.អាយ (OJI) ដាំ​ដើម​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មានក នៅ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង គឺ​អ្នកស្រី ឃុន ចរិយា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Chin Chetha

ជន​រងគ្រោះ​ក្នុង​រឿង​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស រិះគន់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ថា​មិន​អើពើ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាច្រើន​ករណី​នៅ​ក្នុង​ខេត្ត ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ការ​ថ្លែង​រិះគន់​នេះ បន្ទាប់​តំណាង​ពលរដ្ឋ ៥​គ្រួសារ ដែល​មាន​បញ្ហា​ដី​ជាមួយ​ក្រុមហ៊ុន អូ.ជេ.អាយ (OJI) ដាំ​ដើម​ឈើ​ម្សៅ​ក្រដាស​នៅ​ស្រុក​សាមគ្គីមានជ័យ ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។

តំណាង​ពលរដ្ឋ ៥​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ១៥៧​គ្រួសារ ដែល​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​រស់នៅ​ឃុំ​ត្បែងខ្ពស់ និង​ឃុំ​ក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ កំពុង​ខ្វល់​ចិត្ត​ខ្លាច​បាត់​បង់​ដី​ដែល​ខ្លួន​ទិញ ខណៈ​ជីវភាព​របស់​ពួក​គាត់​ខ្លះ​ធ្លាក់​ដុនដាប​ខ្លាំង។ ក្រុម​ពលរដ្ឋ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ករណី​នេះ និង​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​សូវ​គិត​ពី​កង្វល់​ពលរដ្ឋ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី ឃុន ចរិយា ថ្លែង​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ថា អស់​រយៈពេល​ជាង ៤​ឆ្នាំ​ដែល​គ្រួសារ​គាត់ និង​អ្នក​ស្រុក​សាមគ្គីមានជ័យ ជាច្រើន​ទៀត​មាន​បញ្ហា​ដីធ្លី ហើយ​អ្នកស្រី​ខ្នះខ្នែង​រក​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន។ អ្នកស្រី​ថា រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ពន្លឺ​នៃ​ការ​ដោះស្រាយ​អ្វី​សោះ ហើយ​ថ្មីៗ​នេះ​គាត់​សុំ​ជួប​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សួរ​នាំ​រឿង​ដីធ្លី​របស់​ពួក​គាត់ ប៉ុន្តែ​មន្ត្រី​នៅ​ការិយាល័យ​រដ្ឋបាល​សាលា​ខេត្ត មិន​ឲ្យ​ចូល​ជួប៖ «ក្មួយ​ដែល​គេ​ធ្វើ​ការ​រាជការ​ហ្នឹង យើង​ប្រជាជន​អត់​អាច​ចូល​បាន​ទេ។ ដំបូង​គេ​ភរ​ថា​អត់​នៅ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​ថា​ចុះ​ខ្ញុំ​មាន​ក្រដាស​ចេញ​ពី​រដ្ឋសភា​ហើយ ហេតុ​អី​ខ្ញុំ​ចូល​អត់​បាន។ ឥឡូវ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ខាង​ណា ដើម្បី​ឲ្យ​ខ្ញុំ​ជួប​ចៅហ្វាយ​ខេត្ត គេ​ឆ្លើយ​ថា រឿង​ហ្នឹង​គេ​អត់​ដឹង​ទេ យើង​ជា​ប្រជាពលរដ្ឋ​មិន​អាច​មាន​សិទ្ធិ​ជួប​ចៅហ្វាយ​ខេត្ត គេ​ឆ្លើយ​អ៊ីចឹង​ក្មួយ»

ឯកសារ និង​តួលេខ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ពលរដ្ឋ​ក្នុង​ឃុំ​ក្រាំងល្វា និង​ឃុំ​ត្បែងខ្ពស់ នៃ​ស្រុក​សាមគ្គីមានជ័យ ចំនួន ៥៨​គ្រួសារ និង​មាន​ពលរដ្ឋ​មក​ពី​ក្រៅ​ស្រុក​ចំនួន ៩៩​គ្រួសារ​ទៀត មាន​ដី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ដាំ​ដើម​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មានក តាម​រយៈ​ការ​ទិញ​ដូរ​មាន​លិខិត​ស្នាម​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ។ ពួក​គាត់​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​អ្វី​ឡើយ ដោយ​គេ​បញ្ជូន​ពាក្យ​បណ្ដឹង និង​ឯកសារ​ពាក់ព័ន្ធ​មក​គណៈកម្មការ​ថ្នាក់​ខេត្ត ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង​អភិបាល​រង​ខេត្ត លោក ចេញ ញ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដោយ​ម្នាក់​ចុច​ផ្ដាច់​ទូរស័ព្ទ និង​ម្នាក់​ទៀត​ប្រាប់​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

ប៉ុន្តែ អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ថ្លែង​ថា ករណី​នេះ​ហួស​ពី​សមត្ថកិច្ច​ដោះស្រាយ​របស់​ស្រុក ហើយ​អាជ្ញាធរ​ខេត្ត​កំពុង​ប្រមូល​ឯកសារ និង​ព័ត៌មាន​បន្ថែម​ទៀត​បញ្ជូន​ទៅ​ថ្នាក់​ជាតិ ដើម្បី​ដោះស្រាយ៖ «ថ្នាក់​ស្រុក​ដោះ​វា​មិន​ចេញ​ទេ ព្រោះ​សុទ្ធ​តែ​មាន​លិខិត​ថ្នាក់​ជាតិ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ថា ដូច​ថា​យើង​ក្រដាស​មួយ​សន្លឹក​ថា មាន​អាជ្ញាធរ​ឃុំ​បញ្ជាក់ បាន​ហ៊ាន​ទិញ (ដី) មិន​មែន​ទេ ជួល​កាល​ហ្នឹង​គាត់​ផ្ដិត​មេដៃ​ជាមួយ​គ្នា​យក​ទៅ​ឲ្យ​មេ​ឃុំ​ស៊ីញេ អ្នក​ទិញ​មិន​ទាំង​ទៅ​ផង មែន​ទែន! គាត់​ទៅ​ទារ​លុយ​ពី​ហ្នឹង​វិញ​ទៅ (អ្នក​លក់)»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា គណៈកម្មការ​សុរិយោដី​ដែល​រដ្ឋាភិបាល​បាន​បង្កើត​តាម​អនុក្រឹត្យ​តាំង​ពី​ថ្នាក់​ស្រុក​រហូត​ដល់​ថ្នាក់​ជាតិ​នោះ សម្រាប់​ខេត្ត​កំពង់ឆ្នាំង មិន​ទាន់​ឃើញ​មាន​ករណី​ដីធ្លី​ណា​មួយ​ត្រូវ​បាន​ដោះស្រាយ​ដោយ​គណៈកម្មការ​នោះ​ទេ។ ករណី​ដីធ្លី​នេះ លោក​សង្កេត​ឃើញ​ថា រដ្ឋបាល​ស្រុក​មិន​ហ៊ាន​ដោះស្រាយ​អ្វី​ទាំងអស់ ក្រៅ​ពី​រង់ចាំ​បញ្ជា​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​មក​វិញ៖ «ខ្ញុំ​យល់​ថា បើ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​កាន់​អំណាច​នេះ​បើ​លោក​នៅ​តែ​បណ្ដែតបណ្ដោយ​អ៊ីចឹង​ទៀត​ទេ វា​នឹង​កើត​ការ​មិន​គោរព​ច្បាប់»

ក្រុមហ៊ុន​ជប៉ុន អូ.ជេ.អាយ ទទួល​បាន​ដី​វិនិយោគ​ទំហំ ១​ម៉ឺន​ហិកតារ​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាំ​ដើម​អាកាស្យា និង​ប្រភេទ​ឈើ​ម្សៅ​ក្រដាស នៅ​ស្រុក​សាមគ្គីមានជ័យ កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣។

មន្ត្រី​មូលដ្ឋាន​អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អនុវត្ត​ការ​ដាំ​ដុះ​របស់​ខ្លួន​បាន​ទំហំ​ដី​ជាង ៥​ពាន់​ហិកតារ​ហើយ ចំណែក​ផ្ទៃ​ដី ៥​ពាន់​ហិកតារ​ទៀត កំពុង​ឈូស​ឆាយ​ដាំ​បន្ត តែ​ប៉ះពាល់​ដី​ពលរដ្ឋ​មិន​ទាន់​ដោះស្រាយ​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។