ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​តំបន់​ពាមប៉ោអូរ៣​ខេត្ត​ក្រចេះ​បន្ត​ស្វែង​រក​អន្តរាគមន៍​នៅ​ភ្នំពេញ

ដោយ អ៊ុក សាវបូរី
2014.05.28
ពលរដ្ឋ​តវ៉ា​ដីធ្លី ៦១០ តំណាង​ប្រជាពលរដ្ឋ​ជម្លោះ​ដីធ្លី​ខេត្ត​ក្រចេះ ជួប​ចរចា​ជាមួយ​គណៈកម្មការ​ជាតិ​ដោះស្រាយ វិវាទ​ដីធ្លី នៅ​ក្នុង​វត្ត​សាមគ្គីរង្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នា​ថ្ងៃ​២៣ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Ouk Savborey

គ្រួសារ​យុវជន​នៅ​ខេត្ត​ក្រចេះ មាន​អាយុ​ក្រោម ៣៥​ឆ្នាំ ដែល​ទើប​បែក​លំនៅ​ពី​ឪពុក​ម្ដាយ ទៅ​កសាង​អនាគត​គ្រួសារ​ថ្មី​នោះ កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ដី​បង្កបង្កើនផល និង​សង់​លំនៅឋាន។

ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ជំរុញ​ឲ្យ​ពួក​គេ​ស្វែង​រក​ដី​ទំនេរ ដើម្បី​បោះ​ទីតាំង​រស់នៅ​កសាង​អនាគត​គ្រួសារ​ថ្មី ប៉ុន្តែ​សកម្មភាព​នោះ​បាន​បង្ក​ជា​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​រដ្ឋ​ជា​អ្នក​គ្រប់គ្រង​ដី​នោះ និង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។ បច្ចុប្បន្ន បញ្ហា​នេះ​បាន​ក្លាយ​ជា​បន្ទុក​មួយ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​ភ្នំពេញ។

មនុស្ស​ជាង ២០០​នាក់ តំណាង ៤០៥​គ្រួសារ ដែល​បាន​កាប់​រាន​ដី​ព្រៃ​តំបន់​ពាមប៉ោអូរ៣ ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ត​ស្នាក់នៅ​វត្ត​សាមគ្គីរង្ស៊ី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ បណ្ដេញ​ឲ្យ​ចេញ​ពី​ដី​កាប់​រាន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដោយសារ​ដី​ពួក​គាត់​កាប់​រាន​នោះ អាជ្ញាធរ​ខេត្ត​អះអាង​ថា ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ។

ជនជាតិ​ស្ទៀង​មក​ពី​ខេត្ត​ក្រចេះ ឈ្មោះ ខឿន ចាន់រឿន អាយុ ២០​ឆ្នាំ ឲ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​មក​ភ្នំពេញ​នេះ បំណង​សុំ​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល រដ្ឋសភា អង្គការ​នានា កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ទទួល​បាន​ដីធ្លី​ដែល​បាន​កាប់​រាន​នៅ​តំបន់​ពាមប៉ោអូរ៣ ក្នុង​ឃុំ​ឃ្សឹម។

យុវតី​បន្ត​ថា វប្បធម៌​របស់​ជនជាតិ គឺ​រស់នៅ​ក្នុង​ព្រៃ​រំពឹង​លើ​ដើម​ឈើ​ធំៗ ដើម្បី​ដង​ជ័រ​លក់។ ប៉ុន្តែ ដើម​ឈើ​ដង​ជ័រ ត្រូវ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​កាប់​បំផ្លាញ​អស់ ទើប​គ្រួសារ​គាត់​ស្វែង​រក​ដី​កសិកម្ម​ដាំ​ដុះ។ យុវតី​ថា គាត់​កាប់​ព្រៃ​តំបន់​ពាមប៉ោអូរ៣ ហើយ​ដាំ​ដំឡូង តាំង​ពី​ឆ្នាំ​២០០៨ មក។ ទើប​តែ​ថ្ងៃ​ទី​៣០ ខែ​មេសា កម្លាំង​អាជ្ញាធរ​ខេត្ត​ក្រចេះ ឈូស​រំលំ​ផ្ទះ បាញ់​ថ្នាំ​ពុល​សម្លាប់​ដើម​ដំឡូងមី​ងាប់​ខ្ទេចខ្ទី ចំណែក​សត្វ​ចិញ្ចឹម មាន់​ទា ក៏​គេ​មួល​ក​សម្លាប់ សូម្បី​តែ​ប៉ោត​ដង​ទឹក គេ​ចាក់​ទម្លុះ​ដែរ ដើម្បី​បង្ខំ​ឲ្យ​ចេញ រួច​ទុក​ដី​នោះ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ប៊ិន ភឿក ២ ដាំ​កៅស៊ូ៖ «ពួក​ខ្ញុំ​ចង់​បាន​ដី។ ក្រ​លំបាក​ដែរ អត់​មាន​ដី អត់​មាន​ធ្លី ហើយ​ឥឡូវ​គេ​ឈូស​ឆាយ​អស់​ហើយ ពួក​យើង​អត់​មាន​ដីធ្លី​រស់នៅ​ទៀត​ទេ»

ប្រជាពលរដ្ឋ​វ័យ​ក្មេងៗ​មក​ពី​តំបន់​ពាមប៉ោអូរ៣ ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ មក​សុំ​ដីធ្លី​នោះ ភាគ​ច្រើន​មាន​ប័ណ្ណ​ក្រីក្រ​ថ្នាក់​លេខ​១។ ពួក​គេ​ជា​អតីត​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ កំពង់ចាម តាកែវ និង​ខេត្ត​ព្រៃវែង។ ពួក​គេ​ទើប​កសាង​គ្រួសារ​ថ្មី គ្មាន​ដី​កសិកម្ម​សម្រាប់​ដាំ​ដុះ ទើប​ចូល​កាប់​ដី​ព្រៃ​តំបន់​ពាមប៉ោអូរ៣ ដើម្បី​ធ្វើ​ចម្ការ​បន្ថយ​ការ​ចំណាក​ស្រុក​ទៅ​ស៊ី​ឈ្នួល​នៅ​បរទេស។

យុវជន អាត បូរី អាយុ ២៥​ឆ្នាំ ឲ្យ​ដឹង​ថា ពី​មុន​រស់នៅ​ក្នុង​ភូមិ​វាលកន្សែង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ នៅ​ទីនោះ គាត់​គ្មាន​ដី​ដាំ​ដំណាំ ឬ​សង់​ផ្ទះ​ទេ។ យុវជន​ដដែល​បន្ត​ថា ដោយ​គ្មាន​ដី​ធ្វើ​កសិកម្ម​ខ្លួន​ឯង គាត់​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ការ​ឲ្យ​គេ ប៉ុន្តែ​ការ​ស្វែង​រក​ប្រាក់ ដោយ​លក់​កម្លាំង​ពលកម្ម។ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ប្រាក់​រក​បាន​មក​បាន​ត្រឹម​បង់​ថ្លៃ​ព្យាបាល​ជំងឺ។ គាត់​គ្មាន​អ្វី​ទីពឹង ក៏​បាន​ចូល​ទៅ​កាប់​ដី​ព្រៃ​នៅ​តំបន់​ពាមប៉ោអូរ៣ ឃុំ​ឃ្សឹម ដើម្បី​ដាំ​ដំឡូង។ ផល​ដំឡូង​លក់​បាន ៤​ឆ្នាំ ស្រាប់​តែ​មាន​ការ​បណ្តេញ​ដោយ​ដុត​ផ្ទះ​គាត់​ចោល​ទៀត៖ «ខ្ញុំ​គ្មាន​ដី​ទេ ខ្ញុំ​ត្រូវ​ការ​រស់នៅ​ដូច​ជា​ប្រជាពលរដ្ឋ​ធម្មតា។ បើ​សិន​ជា​ដី​នោះ​គេ​ព្រម​ប្រគល់​ឲ្យ​ខ្ញុំ​មែន ខ្ញុំ​នឹង​ទៅ​វិញ»

ចំណែក​បុរស​វ័យ​ក្មេង​ឈ្មោះ ស្រ៊ុន ស្រៀក ដែល​កំពុង​មាន​រឿងរ៉ាវ​ដូច​គ្នា​ដែរ​នោះ ថ្លែង​ថា ឪពុក​ម្ដាយ​គាត់​គ្មាន​ទីលំនៅ​ទេ​នៅ​ខេត្ត​កំពង់ចាម។ គាត់​រស់នៅ​ក្នុង​វត្ត​តាំង​ពី​តូច​មក រហូត​ដល់​ឆ្នាំ​២០០៨ គាត់​ចូល​ទៅ​ចាប់​ដី​ព្រៃ​នៅ​តំបន់​ពាមប៉ោអូរ៣ ដើម្បី​សង់​លំនៅ​ផង និង​ដាំ​ដំណាំ​ផង។ ប៉ុន្តែ ការ​បណ្ដេញ​ដោយ​អាជ្ញាធរ​ខេត្ត​ក្រចេះ គាត់​ពិត​ជា​គ្មាន​លំនៅ​ទេ៖ «ខ្ញុំ​បាន​ស្រង់​ឈ្មោះ និង​ផ្ដិត​មេដៃ​ហើយ រួច​គាត់​មាន​ប្រសាសន៍​ថា គាត់​នឹង​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​ពួក​ខ្ញុំ​រស់នៅ ហើយ​គាត់​មាន​ប្រសាសន៍​ថា នឹង​ដេញ​ប្រជាពលរដ្ឋ​ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​តាម​ស្រុក​កំណើត​វិញ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​យ៉ាង​ម៉េច ពួក​ខ្ញុំ​គ្មាន​ដី​គ្មាន​ផ្ទះ សូម្បី​តែ​ចាន​ឆ្នាំង​ក៏​បំផ្លិច​បំផ្លាញ ឲ្យ​ពួក​ខ្ញុំ​ទៅ​រស់នៅ​កន្លែង​ណា? ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​កន្លែង​វត្ត ឲ្យ​ខ្ញុំ​ហូប​បាយ​វត្ត​ទៀត​ឬ? រាជ​រដ្ឋាភិបាល​សុំ​ជួយ​មើល​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ផង តើ​ប្រជាពលរដ្ឋ​ខ្ញុំ​មាន​ការ​លំបាក​យ៉ាង​ម៉េច។ ពួក​ខ្ញុំ ៤០០​គ្រួសារ​នេះ មាន​ការ​លំបាក​ខ្លាំង​ណាស់ សូម្បី​តែ​ខោអាវ​ប្រជាពលរដ្ឋ សប្បុរសជន​ទេ​អ្នក​ឧបត្ថម្ភ ក្រមា​ខោ​នេះ ពួក​ខ្ញុំ​គ្មាន​ទេ បើ​រាជ​រដ្ឋាភិបាល​មិន​ជឿ​ទេ សូម​មក​សួរ​ខ្ញុំ​មក ខ្ញុំ​មាន​ប័ណ្ណ​ក្រីក្រ​លំដាប់​លេខ​១ ដែល​រាជ​រដ្ឋាភិបាល​ចេញ​ដោយ​ផ្ទាល់»

បុរស​ម្នាក់​ទៀត​ឈ្មោះ យ៉ាំង ង៉ុយ ទៅ​ពី​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ ទៅ ៦​ឆ្នាំ ទើប​ពលរដ្ឋ​កាប់​ព្រៃ​បាន ១ ទៅ ២​ហិកតារ ដើម្បី​ដាំ​ដំណាំ ផ្ទុយ​ពី​ក្រុមហ៊ុន​គេ​បំផ្លាញ​ព្រៃ​រាប់​ម៉ឺន​ហិកតារ បែរ​ជា​គេ​ស្រប​ច្បាប់ ឯ​ពលរដ្ឋ​ខ្មែរ​បែរ​ជា​ចាប់​ដាក់​ខ្នោះ​វាយ​បណ្ដេញ ដុត​ផ្ទះ​ទៅ​វិញ។ លោក​បន្ត​ថា ពេល​ណា​គាត់​មាន​ដី​ដាំ​ដុះ ទើប​កូន​ចៅ​គាត់​មាន​អនាគត​យូរ​អង្វែង៖ «ហាម​ឃាត់​ប្រជាពលរដ្ឋ ថា​ប្រជាពលរដ្ឋ​ហ្នឹង​បំផ្លាញ​ព្រៃ បំផ្លាញ​សម្បទាន ចុះ​បើ​ដី​សម្បទាន​ក៏​ហាម​ឃាត់ ចុះ​បើ​ក្រុមហ៊ុន​ក៏​មិន​ថា គេ​យក​ដី​អស់​រាប់​ម៉ឺន​ហិកតារ ម៉េច​ក៏​មិន​ថា​ផង ម៉េច​ក៏​ថា​តែ​ខ្ញុំ អស់​ព្រៃ​ប៉ុន្មាន​ទៅ បើ​ប្រជាពលរដ្ឋ​កាប់​ព្រៃ​អស់​បន្តិចបន្តួច​ហ្នឹង កន្លះ​ហិកតារ ១​ហាត់ ២​ហាត់ វា​អស់​ប៉ុន្មាន បើ​ចុះ​ក្រុមហ៊ុន​អស់​រាប់​ម៉ឺន​ហាត់ ឲ្យ​ខ្ញុំ​ថា​ម៉េច។ ឥឡូវ​ពួក​ខ្ញុំ​នេះ​សុំ​តវ៉ា​មិន​ព្រម​ទេ ទាល់​តែ​តវ៉ា​បាន​កើត ក្រុមហ៊ុន​ឈូស​ឆាយ​រាប់​ម៉ឺន​ហាត់ ចុះ​បើ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កាប់​រំលំ​ហ្នឹង កាំបិត ពូថៅ បាន​តែ ១​ហាត់ ២​ហាត់ ទម្រាំ ១​ហាត់ ២​ហាត់​ហ្នឹង បែក​ញើស​ឡើង​ក្រិ​អស់​ហើយ ម្រាម​ដៃ»

ក្រោយ​ការ​ចូល​មក​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្ស៊ី តាំង​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា មក អាជ្ញាធរ​ខេត្ត​ក្រចេះ ខេត្ត​កំពង់ចាម សាលា​រាជធានី​ភ្នំពេញ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ការងារ ជាដើម ជួប​ចរចា​ជាមួយ​ពលរដ្ឋ​មក​ពី​តំបន់​ពាមប៉ោអូរ៣ ហាម​ត្រឡប់​ទៅ​រស់នៅ​តំបន់​ពាមប៉ោអូរ៣ ព្រោះ​ដី​នៅ​ទីនោះ​ជា​ដី​រដ្ឋ​បម្រុង​ទុក។ ចំណែក​ប្រជាពលរដ្ឋ​បាន​ចោទ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ បណ្ដេញ​ពួក​គាត់​ចេញ​ពី​តំបន់​ពាមប៉ោអូរ៣ ដើម្បី​ឲ្យ​ដី​ទៅ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប៊ិន ភៀក ២ ដាំ​កៅស៊ូ។ ដោយសារ​ការ​ចរចា​នៅ​បន្ត​ចម្រូងចម្រាស​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​សុំ​ឲ្យ​អ្នក​ស្រុក​ទៅ​សុំ​អាជ្ញាធរ​តាម​ភូមិ​ឃុំ​ដែល​រស់នៅ​ពី​មុនៗ បាន​ចូល​កាប់​ព្រៃ​តំបន់​ពាមប៉ោអូរ៣ ឲ្យ​ទទួល​ស្គាល់​ថា ពិត​ជា​គ្មាន​ដី​ដាំ​ដុះ​មែន ចាំ​ដាក់​ពាក្យ​ស្នើសុំ​ដី​ទៅ​អាជ្ញាធរ​ខេត្ត​ក្រចេះ ដែល​មាន​ដី​បម្រុង​ទុក​ជាង ៧.០០០​ហិកតារ នៅ​ក្នុង​ស្រុក​សំបូរ សម្រាប់​ចែក​ជា​ដី​សម្បទាន​សង្គមកិច្ច។

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន ឲ្យ​ដឹង​ថា ដី​រដ្ឋ​បម្រុង​ទុក​នៅ​តំបន់​ពាមប៉ោអូរ៣ មាន​ទំហំ​ជាង ៤.០០០​ហិកតារ។ លោក​ថា ប្រជាពលរដ្ឋ ៤០៥​គ្រួសារ​ទៅ​ពី​តំបន់​ផ្សេងៗ​ចូល​កាប់​ព្រៃ​អស់​ជាង ៧០០​ហិកតារ ក្នុង​ចំណោម​ដី​ប្រជាពលរដ្ឋ​ព័ទ្ធ​ទុក​ជា​កម្មសិទ្ធិ​ជាង ២.០០០​ហិកតារ៖ «ទោះ​បី​ពេល​ផ្សព្វផ្សាយ​ពេល​ណា​ក៏ដោយ គឺ​យើង​បាន​ជម្រាប​ពួក​គាត់​ថា បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះខាត​ដី ត្រូវ​ការ​ដី​ពិត​ប្រាកដ គឺ​ដាក់​ពាក្យ​សុំ​ដី​សម្បទាន​សង្គមកិច្ច។ នៅ​ខេត្ត​ក្រចេះ សព្វថ្ងៃ​នេះ គឺ​កំពុង​តែ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​បន្ថែម​ប្រមាណ​ជាង ៧​ពាន់​ហិកតារ​ទៀត នៅ​ស្រុក​សំបូរ។ ពាក្យ​នេះ គឺ​យើង​បាន​ជម្រាប​គាត់​តាំង​ពី​ចុង​ឆ្នាំ​២០១២ មក​ម្ល៉េះ​ថា រឿង​ដី​ខេត្ត​ក្រចេះ គឺ​មិន​ខ្វះ​ទេ ប៉ុន្តែ​មិន​អាច​ទៅ​រៀបចំ​តាម​ការ​ចង្អុល​បង្ហាញ​របស់​គាត់​ទេ រដ្ឋ​គឺ​មាន​ផែនការ​ច្បាស់​លាស់​រដ្ឋ ដី​សម្បទាន​សង្គមកិច្ច​ដែល​យើង​ត្រៀម​រៀបចំ​នេះ ឬ​យើង​កំពុង​រៀបចំ​នេះ គឺ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជ​រដ្ឋាភិបាល​បាន​លុប​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច នៅ​ស្រុក​សំបូរ»

យោង​ការ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ​មក​ពី​តំបន់​ពាមប៉ោអូរ៣ ឡើង​មក​ភ្នំពេញ សុំ​អន្តរាគមន៍​ដី​នោះ​មាន​អតីត​ពលរដ្ឋ​ខេត្ត​ក្រចេះ ១០៤​នាក់ ខេត្ត​កំពង់ចាម ៩៥​នាក់ ខេត្ត​តាកែវ ២​នាក់ និង​ខេត្ត​ព្រៃវែង ៤​នាក់។ មក​ដល់​បច្ចុប្បន្ន អ្នក​ទាំង​នោះ​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្ស៊ី បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​រាជធានី​ភ្នំពេញ មិន​បន្ត​ការ​ចរចា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។